ទំព័រហ្វេសប៊ុកមួយដែលមិត្តយុវវ័យកម្ពុជាជាច្រើនធ្លាប់បានស្គាល់រួចមកហើយថាទំព័រ “រៀនថត” នោះ សព្វថ្ងៃមានចំនួនការតាមដានទស្សនាពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុករហូតដល់ទៅជាង៥០ម៉ឺនគណនីដែលជាស្ថិតិមួយដ៏ច្រើនសម្បើមគួរឲ្យកត់សម្គាល់ ជាពិសេសសម្រាប់វិស័យថតរូបក្នុងប្រទេសកម្ពុជាយើងតែម្តង។ ស្ថាបនិកផេក “រៀនថត” ក៏ត្រូវបានមហាជនស្គាល់ ហើយមានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងចំណោមសង្គមអ្នកថតរូបក្នុងស្រុកតាមរយៈការបង្ហោះវីដេអូឬការចែករំលែកចំណេះដឹងជាបន្តបន្ទាប់មិនសូវចេះដាច់រហូតមកដល់បច្ចុប្បន្ន។
លោក ឆេង សុភ័ក្ត្រ ហៅ “ពូជ្រួញ” ស្ថាបនិកផេកដ៏ពេញនិយមខាងលើ កើតនៅឆ្នាំ១៩៨៦ នៅ ទឹកដីជំរំសាយធូ ប្រទេសថៃ។ នៅឆ្នាំ១៩៩១ លោកបានត្រឡប់មករស់នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យជាមួយក្រុមគ្រួសារ។ លោកបានបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សាទុតិយភូមិនៅប្រទេសកម្ពុជាមុននឹងលោកទទួលបានអាហារូបករណ៍ចេញទៅបន្តការសិក្សានៅប្រទេសន័រវេស។ ក្រោយមកទៀត លោកបានបន្តទៅសិក្សានៅឯសហរដ្ឋអាមេរិកចន្លោះឆ្នាំ២០០៧ដល់ឆ្នាំ២០១២។ នៅបរទេស លោកបានចាប់យកជំនាញសិក្សាចំនួនបីមុខគឺ វិទ្យាសាស្រ្តកុំព្យូទ័រ ទស្សនវិជ្ជា និងសិល្បៈស្ទូឌីយ៉ូ (Studio Art) ប៉ុន្តែក្រោយមក លោកក៏បានសម្រេចចិត្តបោះបង់ចោលជំនាញវិទ្យាសាស្រ្តកុំព្យូទ័រមួយចេញដោយសារលោករកឃើញថាវាមិនមែនជាឧបនិស្ស័យនិងទេពកោលសល្យរបស់លោក។
នៅពេលលោកកំពុងរៀនថ្នាក់ទី៥នៅខេត្ត លោកបានរើសបានម៉ាស៊ីនថតរូបចាស់មួយ ហើយលោកក៏បានចាប់ផ្តើមយកវាចេះដើរថតលេង។ ម្យ៉ាងវិញទៀត កាលពីរស់នៅជំរំ មានជាងថតរូបខាងកាសែតម្នាក់នៅថតរូបនៅក្នុងជំរំនោះ ហើយលោកតែងតែចូលចិត្តមើលរូបថតដែលគាត់ថតទាំងនោះ។ លើសពីនេះទៅទៀត នៅពេលកំពុងបន្តការសិក្សានៅប្រទេសន័រវេស លោកយល់ថាទេសភាពនៅទីនោះមានសភាពស្រស់ស្អាតមែនទែនដែលជាកត្តាជំរុញខ្លាំងដល់ការថតរូបរបស់លោក។ នៅអំឡុងឆ្នាំ២០០៦-២០០៧ ដែលកាលនោះលោករៀនជិតចប់នៅប្រទេសន័រវេស លោកបានសុំកាដូប្រាក់ទិញកុំព្យូទ័រយួរដៃពីឪពុកម្តាយរបស់លោកជាថ្នូរនឹងការប្រឡងជាប់អាហារូបករណ៍ទៅអាមេរិក ហើយលោកគាត់ក៏យល់ព្រមផ្ញើប្រាក់ឲ្យលោកទិញ។ លោកបានបញ្ជាក់ថា ការពិតលោកយកប្រាក់នោះហើយទៅទិញកាមេរ៉ាថតរូបទៅវិញ ប៉ុន្តែជាសំណាងល្អដែលពេលនោះ សាលាបានឧបត្ថម្ភកុំព្យូទ័រមួយគ្រឿងឲ្យលោករួមជាមួយអាហារូករណ៍នោះស្រាប់តែម្តងធ្វើឲ្យលោកបានសម្រេចបំណងទាំងពីរដោយគ្មានបញ្ហាជាមួយក្រុមគ្រួសារ។
នៅពេលត្រឡប់មកស្រុកខ្មែរវិញ លោកបានចាប់ផ្តើមអាជីវកម្មដំបូងនោះគឺការបើកជំនួញសេវា កម្មថតរូបសម្រាប់អាពាហ៍ពិពាហ៍ (Pre-Wedding)។ ទោះបីជាយ៉ាងណាក៏អាជីពថតរូបនៅតែជាផ្នត់គំនិត អវិជ្ជមាននៅឡើយនៅក្នុងសង្គមខ្មែរនៅជំនាន់នោះ ពោលគឺជាក់ស្តែងឪពុកម្តាយរបស់លោកផ្ទាល់ធ្លាប់ បានចាត់ទុកការងារនេះប្រដូចទៅនឹងជាងថតរូបនៅមុខវាំងខណៈដែលពួកគាត់មានបំណងប្រាថ្នាចង់ឲ្យ រូបលោកចាប់យកជំនាញផ្នែកច្បាប់ទៅវិញ។ នៅពេលដែលលោកបានស្ទូឌីយ៉ូផ្ទាល់ខ្លួននោះដែរ លោកក៏ បានសង្កេតឃើញថា វិស័យថតរូបត្រៀមអាពាហ៍ពិពាហ៍ក្នុងប្រទេសកំពុងមានដំណើរការទីផ្សារស្រាប់ហើយ ហើយអ្នកថតចាប់ផ្តើមកែប្រែទម្លាប់ពីការថតរូបត្រៀមអាពាហ៍ពិពាហ៍ដែលផ្តោតសំខាន់លើមនុស្ស (Portrait) មកជាការផ្តោតលើទេសភាព (Landscape) អមលម្អជុំវិញមនុស្ស។ ផ្ទុយទៅវិញ លោកបានព្យាយាមកែប្រែពីការកែកុនរូបមនុស្សច្រើនទៅជាការថតឲ្យចេញជាអារម្មណ៍ធម្មជាតិពិតៗមិនមែនជាការរៀបប្លង់បញ្ជាឲ្យថត តែជាការប្រើបច្ចេកទេសលួចថតប្រកបដោយអត្ថន័យគូស្នេហ៍ជ្រាលជ្រៅផុសពីក្រអៅបេះដូង “មិនមែនថតឲ្យតែស្អាតតែមួយមុខ តែបង្ហាញសុខភាពផ្លូវចិត្តនិងអនុស្សាវរីយ៍ដែលត្រូវចងចាំ” ។
បើក្រឡេកមើលមកតថភាពវិស័យថតរូបក្នុងស្រុក លោកយល់ថាវិស័យនេះរីកចម្រើន ក៏ប៉ុន្តែវាក៏កំពុងជួបប្រទះនូវបញ្ហាប្រឈមគួរឲ្យព្រួយបារម្ភមួយចំនួនផងដែរ ជាពិសេសគឺ ការប្រកួតប្រជែងតម្លៃទីផ្សារ ព្រោះនៅក្នុងស្រុកយើងពុំមានការកំណត់តម្លៃស្តង់ដារថតរូបឲ្យបានច្បាស់លាស់នៅឡើយទេ។ ប្រជាជនចង់ឲ្យថ្លៃសេវាកម្មថោកដោយមិនសូវគិតគូរគុណភាពជាធំ ហើយជាងថតខ្លះក៏ហ៊ានប្រថុយទទួលថតក្នុងតម្លៃសេវាកម្មទាបជាងទីផ្សារទូទៅដែលជាកត្តាធ្វើឲ្យអ្នកជំនាញថត រូបមួយចំនួនបាក់ទឹកចិត្តក្នុងអាជីពនេះ។ ទន្ទឹមនឹងនេះ ជាងថតខ្លះហក់លោតថតគ្រប់មុខហួសហេតុពេក មិនត្រូវតាមជំនាញឯកទេសច្បាស់លាស់។ រសជាតិនៃការថតរូបក៏នៅខ្វះចន្លោះពុំទាន់មានអត្តសញ្ញាណថាតើអ្វីទៅជាស្ទីលថតផ្ទាល់ខ្លួនពោលគឺបែបផែននៃការប្រើពណ៌និងពន្លឺភ្លើងនៅទទួលយកឥទ្ធិពលពីប្រទេសជិតខាងច្រើន។ ចំណែកការចែករំលែកចំណេះដឹងក្នុងផ្នែកនេះក៏នៅមានកម្រិតមិនទាន់បើកចិត្តទូលាយឲ្យអស់នៅឡើយទេ។
សព្វថ្ងៃស្ថាបិកផេករូបនេះកំពុងមមាញឹកច្រើនក្នុងការបង្ហោះវីដេអូនៅលើផេកផង ព្រមទាំងបង្ហាញវត្តមានធ្វើជាវាគ្មិនក្នុងកម្មវិធីសិក្ខាសាលាឬវគ្គបណ្តុះបណ្តាលតូធំនានាស្តីពីបច្ចេកទេសពាក់ព័ន្ធនឹងវិស័យថតរូប។ ពាក់ព័ន្ធនឹងការថតរូបនេះដែរ លោកបានអះអាងថាអ្វីៗសុទ្ធតែត្រូវបានចាប់ផ្តើមពីរបស់ដែលមានតម្លៃល្មម។ ដូចនេះ ការដែលមានមតិលើកឡើងថាការថតរូបស្អាតទាល់តែមានកាមេរ៉ាថ្លៃមិនមែនជារឿងត្រឹមត្រូវទាំងស្រុងនោះទេ ព្រោះដើម្បីថតរូបបានស្អាត ទាមទារឲ្យអ្នកថតត្រូវមានទាំងសិល្បៈថតនិងទាំងបច្ចេកវិទ្យាឲ្យដើរទន្ទឹមគ្នា មិនមែនពឹងផ្អែកតែលើបច្ចេកវិទ្យាមួយមុខគត់នោះទេ។
គោលបំណងរបស់លោកទៅថ្ងៃអនាគតគឺលោកចង់បើកហាងលក់សម្ភារថតដោយមានការផ្តល់ ប្រឹក្សាពិស្តារដល់អ្នកប្រើប្រាស់ត្រឹមត្រូវច្បាស់លាស់អាស្រ័យលើគោលបំណងនៃការប្រើប្រាជាក់ស្តែង។ ជាចុងក្រោយ លោកលើកទឹកចិត្តឲ្យអ្នកដែលទើបចាប់ផ្តើមក្នុងជំនាញនេះឲ្យរឹងប៉ឹងកុំបោះបង់ក្តីស្រមៃ ហើយចំពោះអ្នកថតរូបអាជីពត្រូវហ៊ានវិនិយោគដើមទុនដើម្បីជំនាញមួយនេះនិងធ្វើឲ្យស្នាដៃរបស់ខ្លួន និយាយជំនួសពាក្យសម្តីទើបជាការប្រសើរ៕
Article by SRIN SOKMEAN