អ្នកច្នៃម៉ូដវ័យក្មេង៦រូបកំពុងក្លាយជាធនធានសំខាន់ក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មហ្វេហ្សិននៅកម្ពុជា
NEWS 4 years agoប៉ុន្មានឆ្នាំចុងក្រោយសង្កេតឃើញថាឧស្សាហកម្មហ្វេហ្សិននៅកម្ពុជាមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់។ សមិទ្ធផលថ្មីៗហើយប្លែករមែងបង្ហាញក្នុងផ្នត់គំនិតខុសគ្នាដែលស្តែងឲ្យឃើញពីសក្តានុពលធនធានប្រកបដោយគំនិតច្នៃប្រតិដ្ឋ។ អ្នកច្នៃម៉ូដជាន់ថ្មីជំនាន់ Generation Z ឬ Zoomers ឬមានវ័យ២៤ឆ្នាំចុះក្រោម បានកំពុងក្លាយជាធនធានដ៏សំខាន់ដែលនឹងរួមចំណែកអភិវឌ្ឍឧស្សាហកម្មហ្វេហ្សិននៅកម្ពុជាទាំងពេលបច្ចុប្បន្ន និងនាពេលអនាគត។ ជាភស្តុតាង សូវរីន នឹងលើកយកអ្នកច្នៃម៉ូដវ័យក្មេងចំនួន៦រូបមកបង្ហាញអំពីចំណេះជំនាញ ទេពកោសល្យ បទពិសោធន៍ ក៏ដូចជាមហិច្ឆតារបស់ពួកគេនៅក្នុងវិស័យម៉ូដ។
Kenny
Kenny៖ និយាយដល់ឈ្មោះ Kenny ឬមានឈ្មោះពិត ពៅ ស៊ីថាន ប្រិយមិត្តប្រាកដជាស្គាល់ច្បាស់ ដោយហេតុលោកគឺជាម្ចាស់ជ័យលាភីជើងឯកផ្នែកច្នៃម៉ូដនៅក្នុងកម្មវិធីប្រកួតដ៏ធំប្រចាំឆ្នាំ២០១៩ ABC Lions of Fashion ។ បន្ទាប់ពីឈ្នះជ័យលាភី លោកបានធ្វើដំណើរទៅចូលរួមកម្មវិធីដើរបង្ហាញម៉ូដលំដាប់អន្តរជាតិ Fashion Week នៅឯប្រទេសបារាំង។ មុនចូលប្រកួតកម្មវិធីនេះ លោកធ្លាប់ដណ្តើមបានជ័យលាភីលេខ១ក្នុងកម្មវិធីហ្វេហ្សិនឌីហ្សាញនៅ Future Factory និងធ្លាប់ជាប់ក្នុងការប្រកួតជ្រើសរើសអ្នកច្នៃម៉ូដ៥នាក់ដើម្បីយកខូឡិកហ្សិនទៅដាក់លក់នៅឯទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង។ វ័យទើបតែ២៣ឆ្នាំ ធ្លាប់សិក្សាផ្នែកហ្វេហ្សិនឌីហ្សាញនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល MEDC បច្ចុប្បន្ន Kenny បានកំពុងមមាញឹកការងារច្នៃម៉ូដជាមួយបណ្តាក្រុមហ៊ុនសម្លៀកបំពាក់នានា ព្រមទាំងជាអ្នកគ្រប់គ្រងទូទៅនិងជាគ្រូបង្រៀននៅសាលាច្នៃម៉ូដ MaPa Fashionផងដែរ។ Kenny មានស្ទីលច្នៃម៉ូដដោយឡែកពីគេ ពោលភាគច្រើនជាស្ទាយ៌បែបយុវវ័យក្លឹបរាត្រី ហើយលោកចូលចិត្តដកស្រង់គំនិតច្នៃម៉ូដពីពេលវេលាណាមួយ ដូចជាទសវត្សរ៍ទី៧០-៨០ជាដើម។ Kenny ក៏មានម៉ាកយីហោផ្ទាល់ខ្លួនឈ្មោះថា KENSTDIOS។
Image Courtesy: Kenny
ជាចំណែកមួយអភិវឌ្ឍវិស័យហ្វេហ្សិននៅកម្ពុជា Kenny បានលើកឡើងដែរថា “ ខ្ញុំកំពុងតែព្យាយាមជំរុញវិស័យម៉ូដឲ្យឆ្ពោះទៅកាន់ស្តង់ដារអន្តរជាតិដើម្បីឲ្យយើងបានចូលរួមដើរទន្ទឹមនឹងគេនៅលើពិភពលោក។ ខ្ញុំចង់ឲ្យប្រទេសដទៃឃើញថាយើងក៏មានវិស័យច្នៃម៉ូដដែរ ដើម្បីឲ្យគេបានចូលមកវិនិយោគក្នុងប្រទេសយើង កាលណាប្រ៊េនផ្សេងៗចូលមកប្រជាជនក្នុងស្រុកក៏មានការងារធ្វើច្រើន ព្រោះសិស្សដែលរៀនជំនាញផ្នែកនេះខ្លះមិនទាន់មានលទ្ធភាពបង្កើតម៉ាកខ្លួនឯង គាត់អាចចាប់ផ្តើមពីការធ្វើការឲ្យក្រុមហ៊ុនផ្សេងៗមុនសិន”។ នាពេលខាងមុខអ្នកច្នៃម៉ូដមានស្រុកកំណើតមកពីខេត្តកំពតរូបនេះ មានបំណងចង់ធ្វើការជាមួយក្រុមហ៊ុនបរទេសធំៗដែលជាម៉ាកយីហោល្បីៗនៅលើពិភពលោក។
DA MO
Da Mo៖ មានស្រុកកំណើតមកពីខេត្តកណ្តាល Da Mo គឺជានិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកច្នៃម៉ូដនៅសាកលវិទ្យាល័យលីមកុកវីងក្នុងឆ្នាំ២០១៨។ បន្ទាប់មកលោកបានបន្តរៀនច្នៃម៉ូដវគ្គខ្លីនៅប្រទេសវៀតណាម រួមទាំងវគ្គខ្លីមួយចំនួនទៀតតាមប្រព័ន្ធអនឡាញ។ កាលពីឆ្នាំ ២០១៦ Da Mo បានជាប់ជាអ្នកច្នៃម៉ូដតំណាងឲ្យប្រទេសកម្ពុជាទៅប្រកួតនៅប្រទេសម៉ាឡេស៊ីក្នុងកម្មវិធី Kuala Lumpur Fashion Week ហើយក្រោយមកត្រូវបានអញ្ជើញទៅចូលរួមម្តងទៀតក្នុងនាមជាបេក្ខភាពដែលមានស្នាដៃលេចធ្លោមួយរូប។ មកដល់ឆ្នាំ ២០១៩ លោកបានចូលរួមបង្ហាញខូឡិកហ្សិនរដូវត្រជាក់ «Feel The Fear» នៅក្នុងកម្មវិធី Phnom Penh Designers Week និងបានចូលប្រកួតក្នុងកម្មវិធីច្នៃម៉ូដដ៏ធំប្រចាំឆ្នាំ ABC Lions of Fashion ដោយទទួលបានជ័យលាភីលេខ៣។ Da Mo ជាអ្នកច្នៃម៉ូដឯករាជ្យដែលមានទីផ្សារពីបណ្តាក្រុមហ៊ុនម៉ាកយីហោក្នុងស្រុកជាច្រើន រួមទាំងពេញនិយមពីសំណាក់តារាសិល្បៈ Influencer និង Vlogger ដែលមានប្រជាប្រិយភាពផងដែរ។ ក្រៅពីអាជីពច្នៃម៉ូដ Da Mo ដែលមានឈ្មោះពិតថា គង់ សុធា គឺជាគ្រូបង្រៀនច្នៃម៉ូដផ្នែក Technical នៅសាលាច្នៃម៉ូដ MaPa Fashion និងសាកលវិទ្យាលល័យលីមកុកវីង។
Image Courtesy: Da Mo
លោកមានយីហោផ្ទាល់ខ្លួន «KONG LABEL» ដែលផ្តោតលើការធ្វើសម្លៀកបំពាក់ប្រភេទ Ready to wear និងចង់បង្កើតយីហោមួយទៀតផ្តោតលើម៉ូដកុម្មង់ ដែលគម្រោងទាំងពីរនេះអាចនឹងលេចរូបរាងនៅក្នុងឆ្នាំ២០២១តែម្តង។ «អេឡេហ្គិនតែ High Fashion» គឺជាស្ទីលផ្ទាល់ខ្លួនរបស់អ្នកច្នៃម៉ូដវ័យ២៤ឆ្នាំរូបនេះ ដែលរាល់ការធ្វើឈុតនីមួយៗលោកចង់ឲ្យអ្នកស្លៀក មើលទៅមានថាមពល មានភាពអង់អាច ហ៊ានក្នុងការធ្វើខ្លួន មានស្ទីលផ្ទាល់ខ្លួន និងជាហ្វេហ្សិនទាន់សម័យបំផុត។ ក្នុងនាមជាអ្នកច្នៃម៉ូដជាន់ថ្មីមួយរូបលោកលើកឡើងពីឆន្ទៈដូច្នេះ “ ខ្ញុំនឹងនៅតែនាំយកនូវអ្វីដែលថ្មីៗដោយបញ្ចេញខូឡិកហ្សិនជាStory ដើម្បីជាផ្នែកមួយលើកស្ទួយវិស័យម៉ូដ និងធ្វើឲ្យវិស័យម៉ូដក្នុងស្រុកបានចែកចាយទូលំទូលាយទៅដល់អ្នកមើល ហើយក៏ដើម្បីឲ្យអ្នកជំនាន់ក្រោយដែលគាត់ស្រឡាញ់ផ្នែកនេះយល់កាន់តែច្បាស់ថាក្នុងវិស័យនឹងវាទាមទារការទាក់ទងជាមួយគំនិតច្នៃប្រតិដ្ឋច្រើន ការស្រាវជ្រាវច្រើនទម្រាំបណ្តុះចេញខូឡិកហ្សិនមួយៗ”។
Socheata
Socheata៖ ដោយឡែកពីអ្នកច្នៃម៉ូដដទៃ កញ្ញា ហ៊ាង សុជាតា បានប្រើប្រាស់ចំណេះជំនាញក៏ដូចជាបទពិសោធន៍មកបើកអាជីវកម្មផ្ទាល់ខ្លួនដែលជាផ្នែកមួយជួយទៅលើអ្នកច្នៃម៉ូដវិញ។ កញ្ញាបានបើក Workshop ឬយើងហៅថារោងចក្រខា្នតតូចមួយក្រោមស្លាកយីហោ Series Workshop ដែលមានគ្នាប្រមាណ១០នាក់សុទ្ធសឹងអ្នកច្នៃម៉ូដដែលទទួលសេវាផលិតតាមការកុម្មង់ពីអ្នកច្នៃម៉ូដខាងក្រៅ។ គំនិតអាជីវកម្មនេះ ត្រូវបានស្ថាបនិកា សុជាតា ផ្តួចផ្តើមឡើងបន្ទាប់ពីខ្លួនបានធ្វើការស្ម័គ្រចិត្តផ្នែក Technical នៅក្នុងក្រុមហ៊ុនផលិតសម្លៀកបំពាក់នាំចេញទៅក្រៅប្រទេសមួយកំឡុងពេលខ្លួនកំពុងសិក្សាឆ្នាំទី៣ផ្នែក Fashion Design នៅសាកលវិទ្យាល័យលីមកុកវីង។ បើគិតមកទល់ពេលបច្ចុប្បន្ន Workshop នេះដំណើរការរយៈពេលពីរឆ្នាំហើយ។ សុជាតាថា ការបង្កើតក្រុមផលិតឡើងក្នុងគោលបំណងជួយសម្រួលដល់អ្នកច្នៃម៉ូដដែលពួកគាត់ចង់ចេញឌីហ្សាញមានម៉ាកផ្ទាល់ខ្លួននៅលើទីផ្សារ។ Workshop នេះផ្តោតទៅលើគុណភាព និងការច្នៃម៉ូដជាចម្បង ដូច្នេះអ្នកច្នៃម៉ូដអាចកុម្មង់ម៉ូដក៏បានឬគ្រាន់តែមានរូបគំរូក៏អាចធ្វើបានដែរ។
Image Courtesy: SOVRIN
ក្រៅពី Workshop ស្ថាបនិកវ័យ២៤ឆ្នាំដែលជាគ្រូបង្រៀនច្នៃម៉ូដនៅសាលាលីមកុកវីងរូបនេះ មានបើកជាកន្លែងលក់គ្រឿងសម្ភារច្នៃម៉ូដ និងហាងលក់សម្លៀកបំពាក់ប្រភេទឈុតអាវធំផងដែរ។ ថ្វីដ្បិតកន្លងមកសុជាតាមិនសូវបានផ្តោតលើអាជីពច្នៃម៉ូដឯករាជ្យ ប៉ុន្តែកញ្ញាធ្លាប់បានបញ្ចេញខូឡិកហ្សិនលេចធ្លោមួយចំនួនដូចជាឈុតក្រដាសប្រាក់២ម៉ឺនរៀល និងឈុតផ្សិតជាដើម។ ជាផ្នែកមួយអភិវឌ្ឍវិស័យច្នៃម៉ូដតាមរយៈការសម្រួលសង្វាក់ផលិតដល់អ្នកច្នៃម៉ូដ កញ្ញាសង្ឃឹមថានាពេលខាងមុខនៅឯប្រទេសដទៃក៏មានអ្នកស្លៀកសម្លៀកបំពាក់ដែលជាយីហោរបស់ខ្មែរយើង។ “ឥឡូវយើងទិញប្រ៊េនដទៃពីគេក្នុងតម្លៃខ្ពស់ប៉ុណ្ណា តែខ្ញុំសង្ឃឹមថាថ្ងៃណាមួយខ្មែរនឹងមានប្រ៊េនបែបហ្នឹងហើយលក់ក្នុងតម្លៃដូចដែលគេលក់ឲ្យយើងដែរ”។
DE SI
DE SI៖ មានវ័យទើបតែ២០ឆ្នាំ DE SI ឬមានឈ្មោះពិតថា សេង សុវណ្ណរចនា សព្វថ្ងៃគឺជាអ្នកគ្រប់គ្រងទូទៅ និងជានាយកផ្នែកច្នៃម៉ូដនៅក្នុងក្រុមហ៊ុនផលិតសម្លៀកបំពាក់យីហោក្នុងស្រុកមួយដែលទើបបង្កើតថ្មី។ មែនទែនទៅ DE SI មាននិស្ស័យលើផ្នែកច្នៃម៉ូដតាំងតែកំឡុងពេលសិក្សាថ្នាក់ទី៤ ដោយផ្តើមពីចំណូលចិត្តលើការគូរូបមនុស្សស្រីស្លៀកពាក់សម្លៀកបំពាក់ប្លែកៗ។ ក្រោយបញ្ចប់ថ្នាក់បាក់ឌុបនៅឆ្នាំ ២០១៧ យុវតីមានស្រុកកំណើតមកពីខេត្តត្បូងឃ្មុំរូបនេះបានជាប់អាហាររូបករណ៍សិក្សាផ្នែកច្នៃម៉ូដនៅសាលា MaPa Fashion និងបន្ទាប់មកបានជាប់អាហារូបករណ៍នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល MEDC ក្នុងឆ្នាំ២០១៩។ នៅក្នុងឆ្នាំ ២០១៩នេះដែរ DE SI បានឈ្នះជ័យលាភីលេខ១ក្នុងការប្រកួតច្នៃម៉ូដសម្លៀកបំពាក់ពីសំរាមនៅក្នុងកម្មវិធីសង្ក្រានដែលធ្វើឡើងនៅទីក្រុងភ្នំពេញ ព្រមទាំងបានជាប់ក្នុងការប្រកួតជ្រើសរើសអ្នកច្នៃម៉ូដ៥នាក់ដើម្បីយកខូឡិកហ្សិនទៅដាក់លក់នៅឯទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង។ កញ្ញាក៏ធ្លាប់បានចូលប្រកួតក្នុងកម្មវិធី ABC Lions of Fashion ផងដែរ ប៉ុន្តែបានជាប់នៅត្រឹមជុំ១០នាក់ចុងក្រោយ។ កន្លងមកថ្វីដៃច្នៃម៉ូដរបស់ DE SI ទទួលបានការចាប់អារម្មណ៍ច្រើនពីបណ្តាក្រុមហ៊ុនម៉ាកសម្លៀកបំពាក់ក្នុងស្រុក ពិសេសពីសំណាក់នារីចូលចិត្តលេងខ្លួនបែបសិចស៊ីឡូយឆាយនិងគួរឲ្យស្រឡាញ់ ក៏ព្រោះការច្នៃម៉ូដរបស់យុវតីរូបនេះមានទំនោរទៅលើ៣ចំណុចគឺ អេឡេហ្គិន Cute លាយឡំភាពសិចស៊ី។
Image Courtesy: SOVRIN
កញ្ញាចូលចិត្តប្រើពណ៌ស ខ្មៅ និងមាស ហើយគំនិតច្នៃម៉ូដភាគច្រើនតែងដកស្រង់ពីអ្វីៗជុំវិញខ្លួនដូចជាផ្កា រុក្ខជាតិ រួមទាំងក្បាច់ខ្មែរមកបង្កើតជាឈុតបែបថ្មីមើលទៅម៉ូដស៊ីវិល័យប្លែកភ្នែក។ DE SI ឲ្យដឹងដែរថា ការធ្វើការរាល់ថ្ងៃគោលដៅចម្បងគឺចង់បង្កើតម៉ាកយីហោក្នុងស្រុកមួយឲ្យប្រជាជនទទួលស្គាល់ដោយមានម៉ូដស្អាត និងគុណភាពល្អ ព្រោះកន្លងមកប្រជាជនភាគច្រើនមិនសូវគាំទ្រម៉ាកក្នុងស្រុក ម្យ៉ាងម៉ាកយីហោក្នុងស្រុកភាគច្រើនធ្វើតែម៉ូដបែបសាមញ្ញៗ។ ក្នុងឆ្នាំ២០២១នេះ DE SI មានគម្រោងយកស្នាដៃថ្មីទៅបង្ហាញនៅក្នុងកម្មវិធីបង្ហាញម៉ូដ Phnom Penh Designers Week និងគម្រោងមួយទៀតជាអាជីវកម្មផ្ទាល់ខ្លួនធ្វើទៅលើសម្លៀកបំពាក់កុមារីវ័យពី២ឆ្នាំដល់៥ឆ្នាំ។ DE SI មានបំណងធ្វើការសន្សំបទពិសោធន៍រយៈពេល៥ទៅ៦ឆ្នាំសិនទើបចាប់ផ្តើមបង្កើតម៉ាកផ្ទាល់ខ្លួន។ យ៉ាងណាមិញ ប្រសិនបើមានកម្មវិធីប្រកួតច្នៃម៉ូដផ្សេងៗកញ្ញានឹងចូលរួមជាបន្តបន្ទាប់មិនថាទាំងលើឆាកជាតិ និងអន្តរជាតិ។
Darya
Darya៖ «Yaka» គឺជាយីហោក្នុងស្រុកមួយដែលទើបបង្កើតថ្មីដោយអ្នកច្នៃម៉ូដវ័យក្មេង ឈុំ ដារីយ៉ា ដែលផ្តោតលើសម្លៀកបំពាក់និងកាបូប។ ដារីយ៉ា មានវ័យ ២០ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ ចាប់កំណើតនៅក្នុងគ្រួសារដែលមានឪពុកជាគ្រូតម្បាញនិងជាអ្នកច្នៃម៉ូដគោមហូល និងម្តាយក៏ជាគ្រូតម្បាញដែលជំនាញផ្នែកជ្រលក់ពណ៌ផងដែរ។ ជាក្មេងសម័យថ្មីធំធាត់ក្នុងគ្រួសារតម្បាញ ដារីយ៉ា ស្រឡាញ់ទាំងវិស័យតម្បាញ និងវិស័យច្នៃម៉ូដដោយចង់បញ្ចូលការឌីហ្សាញបែបថ្មីជាមួយអំបោះនិងសូត្ររបស់ខ្មែរ។ ដំបូងឡើយដារីយ៉ាបានចូលរៀនផ្នែកតម្បាញនៅសហគ្រាស Color Silk បន្ទាប់មកចូលធ្វើការយកបទពិសោធន៍រយៈពេលខ្លីនៅកន្លែងមួយ ទើបក្រោយមកចូលសិក្សាផ្នែក Fashion Design នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល MEDC ដោយចាប់ជំនាញខាងធ្វើកាបូប។ កញ្ញាបានបញ្ចប់ការសិក្សានៅឆ្នាំ២០២០ ក្នុងនោះខូឡិកហ្សិនកាបូប «LAVENDER FEELS» ដែលដកស្រង់ពីផ្កាឡាវែនឌឺរបានធ្វើឲ្យកញ្ញាជាប់ក្នុងការប្រកួតជ្រើសរើសអ្នកច្នៃម៉ូដ៥នាក់ដើម្បីយកខូឡិកហ្សិនទៅដាក់លក់នៅឯទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង។ ជាមួយការបង្កើតយីហោ«YaKa» ដារីយាថានឹងផ្តោតទៅលើការលក់សម្លៀកបំពាក់និងកាបូប ធ្វើអំពីហូល សូត្រ អំបោះ ក្រណាត់ ដែលមានការរចនាម៉ូដបែបសម័យនិងបុរាណ។ ទើបបើកបានកន្លះឆ្នាំកញ្ញាទទួលបានការចាប់អារម្មណ៍ច្រើនទាំងភ្ញៀវខ្មែរនិងបរទេស។
Image Courtesy: Darya
ពាក្យ៣ម៉ាត់ដែលបរិយាយអំពីស្ទាយ៌ច្នៃម៉ូដផ្ទាល់ខ្លួនគឺ «ខ្លាំង ព្យាយាម សុភាព»។ កញ្ញានិយាយដែរថា “គោលការណ៍របស់ខ្ញុំចង់ឲ្យផលិតផលក្នុងស្រុកបានបង្ហាញទៅដល់ជនបរទេស ខ្ញុំនឹងព្យាយាមសិក្សាស្វែងយល់អំពីប្រភេទក្រណាត់ផលិតអំពីអំបោះនិងសរសៃសូត្រធ្វើយ៉ាងម៉េចឲ្យវាប្លែកឲ្យវាថ្មីបែបហ្វេហ្សិនដើម្បីយកក្រណាត់ទាំងអស់នោះទៅលក់នៅក្រៅប្រទេស ហើយនេះក៏ជាការរួមចំណែកមួយក្នុងការស្វែងរកការងារឲ្យស្ត្រីនៅក្នុងសង្គមផងដែរ”។ កញ្ញាបន្ថែមទៀតថា “ខ្ញុំចង់សំណូមពរដល់អ្នកច្នៃម៉ូដទាំងអស់ ពេលដែលឌីហ្សាញគប្បីគិតគូរដល់បរិស្ថានជាចម្បង ព្រមទាំងជួយលើកស្ទួយប្រទេសយើងដូចជាការយកផលិតផលទាក់ទងនឹងវប្បធម៌ចូលទៅប្រទេសក្រៅដើម្បីឲ្យគេបានឃើញពីស្នាដៃកូនខ្មែរផង និងផលិតផលរបស់ខ្មែរផង”។ គួរឲ្យដឹងដែរថាបច្ចុប្បន្ន ដារីយ៉ា គឺជានិស្សិតឆ្នាំទី២ផ្នែកគ្រប់គ្រង និងជាសមាជិកមួយរូបនៃក្រុមច្នៃម៉ូដដ៏មានប្រជាប្រិយភាព «សម័យនិម្មិត»។
Mengpo
Mengpo៖ ជាអតីតនិស្សិតផ្នែកធនាគារនិងហិរញ្ញាវត្ថុ បច្ចុប្បន្ន ទាវ មេងប៉ូ ជាអ្នកច្នៃម៉ូដឯករាជ្យវ័យក្មេងដ៏មានប្រជាប្រិយភាពមួយរូបដែលមានគំនិតច្នៃប្រតិដ្ឋខ្ពស់ទៅលើឈុតហ្វេហ្សិនប្លែកៗ។ មានស្រុកកំណើតនៅខេត្តកំពត ដំបូងឡើយ មេងប៉ូ បានចូលសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកធនាគារនិងហិរញ្ញវត្ថុ ប៉ុន្តែក្រោយសិក្សាបានពីរឆ្នាំលោកក៏បោះបង់ចោលដោយងាកមកស្រាវារៀនផ្នែកច្នៃម៉ូដដែលខ្លួនស្រឡាញ់វិញ។ មេងប៉ូបានចូលរៀននៅសាលាច្នៃម៉ូដ MaPa Fashion បន្ទាប់មកចូលរៀនបន្តនៅសាលា MEDC ជំនាញផ្នែកច្នៃម៉ូដកាបូប។ កំឡុងពេលនៅរៀនគំនិតច្នៃម៉ូដរបស់មេងប៉ូទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដូចជាខូឡិកហ្សិនធ្វើពីថង់ផ្លាស្ទីកដែលដកស្រង់ពីភ្លើងនិងតំណក់ទឹក និងខូឡិកហ្សិន«THE LAVA» ដកស្រង់ពីកម្អែលភ្នំភ្លើងជាដើម។ មេងប៉ូ ធ្លាប់ប្រកួតជាប់ក្នុងការជ្រើសរើសអ្នកច្នៃម៉ូដ៥នាក់ដើម្បីយកខូឡិកហ្សិនទៅដាក់លក់នៅឯទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង និងធ្លាប់ចូលរួមការប្រកួតច្នៃម៉ូដនៅ Future Factory ដោយជាប់តំណែងរងលេខ១។
Image Courtesy: Mengpo
មេងប៉ូមានម៉ាកយីហោផ្ទាល់ខ្លួន «M.PO» ស្ទាយ៌ច្នៃម៉ូដដោយឡែករបស់លោកគឺបែប «Avant Garde Style» មើលទៅហ្វេហ្សិនប្លែកភ្នែកគួរជាទីចាប់អារម្មណ៍ គំនិតច្នៃម៉ូដភាគច្រើនលោកថាពេលខ្លះធ្វើតាមអារម្មណ៍ខ្លួនឯង ពេលខ្លះដកស្រង់ពី វត្ថុ សត្វ ឬរុក្ខជាតិ ដែលមើលទៅប្លែកខុសពីគេ។ មេងប៉ូថាឈុតរបស់លោកស្លៀកពាក់ទៅមិនមែនស្អាតជាបែប Queen ប៉ុន្តែស្អាតបែបខ្លាំងអង់អាចដូចជាមេទ័ពជាដើម។ ភាគច្រើនគេតែងឃើញស្នាដៃរបស់លោកបង្ហាញតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ការថតម៉ូដ ពិសេសទស្សនាវដ្តីហ្វេហ្សិន។ សព្វថ្ងៃមេងប៉ូកំពុងមមាញឹកជាមួយការងារច្នៃម៉ូដសម្រាប់ភ្ញៀវជាលក្ខណៈឈុត Solo និងការធ្វើឈុតសម្រាប់ការថតរូបឲ្យអ្នកសិល្បៈផាត់មុខ ជាងថត និងក្រុមហ៊ុនផ្សេងៗ។ ដើមឆ្នាំនេះមេងប៉ូបានរួមដៃជាមួយអ្នកច្នៃម៉ូដពីរនាក់ទៀតត្រៀមចេញសម្លៀកបំពាក់ប្រភេទ Ready to wear និងខូឡិកហ្សិន Mini សម្រាប់ការថតម៉ូដ។ យ៉ាងណាមិញ នាពេលខាងមុខអ្នកច្នៃម៉ូដវ័យ២១ឆ្នាំរូបនេះនឹងមានគម្រោងចេញទៅសិក្សាបន្ថែមនៅឯក្រៅប្រទេសផងដែរ៕
Article by HEM SOKKHIM