ពីអតីតសាលាក្រុងសម័យបារាំងមកជាសារមន្ទីរព្រះស្រីឦសានវរ្ម័នដ៏ទំនើបទាន់សម័យ
NEWS 4 years agoបើនិយាយពីសារមន្ទីរភ្លាម ម្នាក់ៗច្បាស់ជានឹកនាដល់ “សារមន្ទីរជាតិ” ដែលស្ថិតនៅជាប់ព្រះបរមរាជវាំងដែលជាទីតាំងតម្កល់ទុកនូវបុរាណវត្ថុមានតម្លៃជាច្រើនសម័យកាលនៃប្រវត្តិសាស្រ្តជាក់ជាមិនខាន។ ប៉ុន្តែសព្វថ្ងៃ សារមន្ទីរដ៏ថ្មីសន្លាងមួយដោយឡែកទៀតបានចាប់បដិសន្ធិឡើងប្របតាមបណ្តោយអតីតព្រែកពាមផ្លុង (ផ្លូវលេខ ១០៦) មិនឆ្ងាយប៉ុន្មានពីស្ពាននាគវត្តភ្នំនិងផ្សាររាត្រី។ ថ្វីដ្បិតតែមានឈ្មោះជាសារមន្ទីរក៏ពិតមាន ប៉ុន្តែទីនេះមិនមែនត្រឹមតែជាសារមន្ទីរតម្កល់វត្ថុបុរាណដូចសារមន្ទីរជាតិនោះទេ វាជាទីតាំងប្រើប្រាស់លក្ខណៈពហុបំណងទំនើបប្លែក បំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាសតវត្សរ៍ទី២១ ឬហៅបានម្យ៉ាងទៀតថា “សារមន្ទីររស់” មិនចាញ់សារមន្ទីរនៅស្រុកក្រៅប៉ុន្មាននោះទេ។ សូមអញ្ជើញឈ្វេងយល់អំពីលក្ខណៈពិសេសនៃសារមន្ទីរព្រះស្រីឦសានវរ្ម័ន (សារមន្ទីរ ស.ស.រ) ដូចខាងក្រោម:
កាលពីឆ្នាំ ២០០៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យធនាគារជាតិនៃកម្ពុជារៀបចំកសាងសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុជាតិមួយដែលមានឈ្មោះថា “សារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន” ហៅកាត់ថា “ស.ស.រ” មាននិមិត្តសញ្ញាជា “រូបព្រះអាទិត្យកំពុងរះ” និងត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃច័ន្ទ ទី៨ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី។
សារមន្ទីរ ស.ស.រ ស្ថិតក្នុងអគារបន្សល់ពីសម័យបារាំងដែលជាអតីតសាលារាជធានីភ្នំពេញ។ វាត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីចងក្រងបង្ហាញអំពីប្រវត្តិសាស្រ្ត ទិដ្ឋភាពសេដ្ឋកិច្ច និង រូបិយវត្ថុនៅកម្ពុជា។ សារមន្ទីរត្រូវបានបែងចែកជាពីរផ្នែកសំខាន់ៗរួមមាន ផ្នែកទី១ បែងចែកជា៦អនុផ្នែក ស្ថិតនៅជាន់ទី១ ឆ្លុះបញ្ចាំងពីប្រវត្តិនិងតួនាទីរបស់រូបិយវត្ថុក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មតាំងពីសម័យ ហ្វូណនរហូតដល់សម័យប៉ុលពតដែលបានលុបបំបាត់នូវការចរាចររូបិយវត្ថុនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ផ្នែកទីពីរ ស្ថិតនៅលើជាន់ផ្ទាល់ដី មាន៦អនុផ្នែក ផ្តោតលើការស្តារឡើងវិញនូវការអភិវឌ្ឍសេដ្ឋកិច្ច បញ្ហាប្រឈម និង គោលនយោបាយសេដ្ឋកិច្ចនិងរូបិយវត្ថុដែលបាននាំមកនូវកំណើនដ៏ខ្ពស់។
សារមន្ទីរខាងលើជាសារមន្ទីរដ៏ទំនើបសម្បូរបែបដែលស្តែងឡើងតាមរយៈផ្ទាំងអក្សរ ទូរតាំងពិព័រណ៍ វីដេអូ ល្បែងល្បងប្រាជ្ញា និងអេក្រង់ចុច Touch Screen។ ជាមួយគ្នានេះដែរ ទីនេះក៏មានបណ្ណាល័យនិងកុំព្យូទ័រភ្ជាប់ជាមួយប្រព័ន្ធអុីនធឺណេតដែលសាធារណជនអាចធ្វើការសិក្សាស្រាវជ្រាវដោយឥតគិតថ្លៃ ព្រមទាំងមានហាងលក់វត្ថុអនុស្សាវរីយ៍និងសៀវភៅទាក់ទងនឹងប្រវត្តិសេដ្ឋកិច្ចនិងរូបិយវត្ថុ។ នៅក្នុងបរិវេណសារមន្ទីរនេះ មានហាងកាហ្វេនិងសួនច្បារលម្អទៅដោយដើមជ្រៃក្រឹមអាយុកាល១០០ឆ្នាំ។ ម៉ោងចូលទស្សនា ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៦ល្ងាច ចាប់ពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យ (បិទថ្ងៃបុណ្យជាតិ)៕
Artcle by SRIN SOKMEAN