ត្រឹមដីឥដ្ឋសោះ ក្រុមសិប្បករខ្មែរច្នៃក្លាយជាក្រវិល ខ្សែក ខ្សែដៃ យ៉ាងប្រណីត
TRAVEL & LIVING 4 years agoអង្កាំរាប់រយគ្រាប់សណ្ឋាន មូល ជ្រុង សំប៉ែត ពណ៌ចម្រុះរំលេចក្បូរក្បាច់ឆ្លាក់ចាក់ដោតក្រងត្របាញ់បង្កើតបានជាអលង្ការ ក្រវិល ខ្សែក ខ្សែដៃ និងគ្រឿងតាក់តែងកាយផ្សេងៗប្រកបដោយសិល្បៈសហសម័យបំផុត។ ពីមួយខ្សែទៅមួយខ្សែហាក់បង្ហាញពីភាពលម្អិតហ្មត់ចត់ផលិតយ៉ាងយកចិត្តទុកដាក់ មានក្បាច់ មានម៉ូដ រចនាល្អបំព្រងគួរឲ្យចង់យកមកបំពាក់ស្រោចស្របលម្អលើដងខ្លួនជាពេកពន់។ ទាំងនេះគឺជាសមិទ្ធផលគ្រឿងលម្អកាយអង្កាំធ្វើពីដីឥដ្ឋផលិតក្រោមថ្វីដៃក្រុមសិប្បករខ្មែរឈ្មោះថា ឃ្លេខាល់ ខេមបូឌា «Claycult Cambodia» ដែលដឹកនាំនិងបានបង្កើតឡើងដោយស្រ្តីជនជាតិអូស្ត្រាលី។
នៅឆ្នាំ២០១១ស្ត្រីជនជាតិអូស្ត្រាលី Lucienne Manzart មានជំនាញខាងធ្វើកុលាលភាជន៍បានប្រមូលសមាជិកបីនាក់មកបង្កើតក្រុមធ្វើគ្រឿងលម្អកាយអង្កាំពីដីឥដ្ឋនៅយានដ្ឋានមួយកន្លែងក្នុងក្រុងព្រះសីហនុទឹកដីប៉ែកនារតីនៃប្រទេសកម្ពុជា។ រយៈពេលពីរឆ្នាំដំបូង ក្រុមផលិតគ្នាបួននាក់ដែលត្រូវបានដាក់ឈ្មោះថា Claycult នេះ បានសិក្សាចម្បងទៅលើវត្ថុធាតុដើម និងសង្វាក់ផលិតកម្មមិនថា ការស្វែងរកប្រភពដីឥដ្ឋ ធ្វើឡដុត សាកល្បងដុតគុណភាពកម្តៅ តេស្តថ្នាំលាបឲ្យរលោង និងបង្វឹកក្រុមការងាររួមទាំងអ្វីៗទាក់ទងជាច្រើនទៀតដើម្បីចាប់ផ្តើមរោងជាង។
មកដល់ឆ្នាំ២០១៣ Claycult បានផ្លាស់ប្តូរទីកន្លែងទៅខេត្តសៀមរាប គ្រានេះហើយដែលជាការចាប់ផ្តើមលេចមុខលេចមាត់មានផ្លែផ្កាទាំងស្រុងនៅលើទីផ្សារ។ តួយ៉ាងរយៈពេលដ៏ខ្លីផលិតផលរបស់ Claycult ទទួលបានការគាំទ្រគួរឲ្យកត់សម្គាល់ដោយបង្កើតហាងលក់ដល់ទៅបីទីតាំងក្នុងខេត្តសៀមរាប មានពីរកន្លែងនៅផ្សារចាស់ និងមួយកន្លែងទៀតជាហាងប៊ូទិកស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប។ កកើតជាសិប្បកម្មទ្រង់ទ្រាយតូច ស្ថាបនិករបស់ Claycult លោកស្រី Lucienne Manzart បានឲ្យដឹងថា “ ពួកយើងមានគោលបំណងចង់ផ្តល់បរិយាកាសការងារមួយដែលរីករាយជាមួយប្រាក់បៀវត្សរ៍គោលសមរម្យ ធ្វើការយូរអង្វែង ផ្តល់ចំណេះដឹង ផ្គត់ផ្គង់សង្គម និងអ្វីៗជាច្រើនទៀតទាក់ទងនឹងជីវិតរស់នៅ។ Claycult ធ្វើការជាក្រុមដូច្នេះគ្មាននរណាសំខាន់ជាងនរណាឡើយ ពួកយើងធ្វើការរួមគ្នាដើម្បីបង្កើតផលិតផលដ៏ស្រស់ស្អាតរបស់យើង”។ លោកស្រីបន្ថែមទៀតថា “ពួកយើងមិនមែនជាអង្គការក្រៅរដ្ឋាភិបាល យើងមិនទទួលបានជំនួយឬមូលនិធិពីខាងក្រៅឡើយ ពួកយើងជឿជាក់ទៅលើតម្រូវការក្លាយជាអាជីវកម្មឯករាជ្យ និងជាអាជីវកម្មដែលមានស្ថេរភាព”។
Claycult បានពង្រីកក្រុមការងារកាន់តែធំជាងមុនដោយមានសិប្បករជាជនជាតិខ្មែរវ័យក្មេងដល់ទៅ៣៣នាក់។ នៅក្នុងក្រុមផលិតម្នាក់ៗសុទ្ធសឹងមានគំនិតច្នៃប្រតិដ្ឋខ្ពស់ រួមទាំងមានតិចនិចក្នុងការបញ្ចេញម៉ូដដោយខ្លួនឯងប្រកបដោយភាពជឿជាក់។ តាមការមើលឃើញផលិតផលជាក់ស្តែង ក្រុមសិប្បករខ្មែរពិតជាបានផលិតអង្កាំពីដីឥដ្ឋចេញមកមានគុណភាពខ្ពស់ ម៉ូដមានតែមួយគ្មានពីរ និងជាម៉ូដស្រស់ស្អាតពាក់មិនចេះហួសសម័យ។ ផលិតផលផលិតដោយមិនពឹងផ្អែកលើម៉ាស៊ីន អង្កាំសេរ៉ាមិចសូនចេញជាសណ្ឋាន មូល ជ្រុង សំប៉ែត ទ្រវែង ត្រូវបានតប់លញ់ដោយដៃទាំងស្រុង ចំណែកឯដីឥដ្ឋទាំងប៉ុន្មានត្រូវបានជីកប្រមែប្រមូលដោយខ្លួនឯងពីដំបូកនានាតាមតំបន់មួយចំនួននៅជុំវិញក្រុងព្រះសីហនុ។
ជជីកសួរអំពីជំហានធ្វើអង្កាំសេរ៉ាមិចលោកស្រី Lucienne Manzart រៀបរាប់ក្បោះក្បាយយ៉ាងដូច្នេះ “ ដំបូងពេលដីឥដ្ឋប្រមូលមកស្ងួតរឹង យើងត្រូវយកដីមកបេះឬកាត់ជាដុំតូចៗលាយជាមួយទឹកនិងគ្រឿងផ្សំមួយចំនួន។ ពេលដីឥដ្ឋចាប់ផ្តើមសើមខ្លាំងយើងយកវាមកសម្រស់ទឹកហើយដាក់លើផ្ទៃរាបទូលាយចូកប៉ែនរហូតហួតទឹករាងស្ទើររឹងល្មមអាចចាប់បេះសូនបាន។ សម្រាប់ការសូនវិញ យើងប្រើវិធីសូនតាមប្រពៃណីបុរាណគឺប្រើដៃ តែដើម្បីឲ្យបានអង្កាំទំហំប៉ុនគ្នាយើងប្រើតិចនិចលញ់ដោយដៃ ធ្វើពុម្ព និងចំណុចពិបាកបំផុតនោះគឺការប្រើតែមនិងប្រដាប់ប្រដាដើម្បីសង្កត់យកគំនូសម៉ូដនៅជុំវិញអង្កាំតូចៗ។ នៅពេលដីអង្កាំចាប់ផ្តើមស្ងួតនិងរឹងយើងយកវាទៅដុតក្នុងឡរយៈពេល៨ម៉ោង បន្ទាប់មកដកចេញទុកឲ្យត្រជាក់រយៈពេល២៤ម៉ោង។ យកអង្កាំដុតរួចម្តងមួយគ្រាប់ៗដោតបញ្ឈរលើចង្កាក់ឫស្សីដើម្បីលាបថ្នាំរលោង។ អង្កាំនីមួយៗត្រូវលាបថ្នាំរលោងម្តងហើយម្តងទៀត៥ជាន់រួចទើបចាប់ផ្តើមលាបពណ៌និងគូរម៉ូដទៅតាមគំនិតច្នៃប្រតិដ្ឋ។ នៅពេលទឹកថ្នាំស្ងួតយើងយកវាទៅដុតក្នុងឡម្តងទៀតជាមួយកម្តៅខ្លាំងដោយអង្កាំទាំងអស់ត្រូវដាក់ដោតចន្លោះឃ្លាតៗពីគ្នា។ ការមិនឲ្យអង្កាំប៉ះគ្នានេះដោយសារតែពេលកម្តៅឡើងខ្លាំងទឹកថ្នាំនឹងរលាយស្អិត ហើយបើដាក់ជាប់គ្នាអាចបណ្តាលឲ្យស្អិតឬប្រឡាក់ប្រតាកជាប់គ្នាខូចពណ៌ទាំងស្រុង។ ពេលដុតរួចអង្កាំដែលលាបពណ៌ឃើញស្ងួតនឹងប្រែមកជាពណ៌ភ្លឺរលោងយ៉ាងស្រស់ស្អាត ហើយយើងក៏អាចយកមកចាក់ដោតធ្វើជាក្រវិល ខ្សែក ខ្សែដៃ ទៅតាមម៉ូដដែលព្រាងទុក”។
បច្ចុប្បន្នដោយសារវិបត្តិកូវីដ-១៩ជាសកល Claycult បានបង្ខំចិត្តបិទហាងលក់ទាំង៣ទីតាំងខាងលើជាបណ្តោះអាសន្ន ចំណែករោងជាងក៏បើកដំណើរការតែពីរថ្ងៃក្នុងមួយសប្តាហ៍ ព្រមទាំងកាត់បន្ថយក្រុមការងារនិងម៉ោងធ្វើការផងដែរ។ តែយ៉ាងណាដោយសារការគាំទ្រនៅតែមាន Claycult សង្ឃឹមថាអ្វីៗនឹងត្រឡប់មកដូចដើមវិញនៅចុងឆ្នាំនេះ។ បើទោះហាងកំពុងបិទ ប៉ុន្តែ Claycult បានផ្តោតទៅលើការលក់តាមអនឡាញទាំងលក់ដុំនិងលក់រាយ ដូច្នេះសម្រាប់អ្នកមានបំណងទិញអាចចូលទៅកាន់គេហទំព័រតាមរយៈតំណ www.claycult.com។ «ការទិញផលិតផលរបស់ Claycult Cambodia អ្នកកំពុងរួមចំណែកជួយផ្គត់ផ្គង់ទៅកាន់សិប្បករក្នុងស្រុក ជាពិសេសស្ត្រីដែលកំពុងរស់នៅក្នុងសហគមន៍របស់ពួកយើង»៕
Article by HEM SOKKHIM