×

គុក​អំពិល​ទ្វារ​ ​ប្រាសាទបុរាណ​លាក់កំបាំង​ពី​ភ្នែក​ទេសចរ​ ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រមណីយដ្ឋាន​ទឹក​ឆា​

TRAVEL & LIVING 4 years ago
 
 

           ប្រជាប្រិយភាព​របស់​ប្រាសាទបុរាណ​សម័យ​អង្គរ​មួយ​កន្លែង​ស្ថិត​ក្នុង​ទឹកដី​ខេត្ត​កំពង់ចាម​ដែល​មាន​អាយុកាល​រាប់ពាន់​ឆ្នាំ​មក​ហើយ​ហាក់បីដូចជា​ស្ងប់ស្ងាត់​មិនសូវ​មាន​អ្នកទេសចរ​ស្គាល់​ក្រៅពី​អ្នក​ ​ស្រាវជ្រាវ​ពី​ប្រាសាទបុរាណ​និង​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​ឃុំ​ក្បែរ​ៗ​នោះ​ប៉ុណ្ណោះ​។​ ​ប្រា​​សា​ទ​ដែល​យើង​កំពុង​លើកឡើង​នេះ​មានឈ្មោះ​ថា​ ​ប្រាសាទ​គុក​អំពិល​ទ្វារ​ ​បច្ចុប្បន្ន​មាន​ទីតាំង​ស្ថិត​ក្នុង​ ​ភូមិ​សា​ស្រ្ត​ភូមិ​កកោះ​ ​ឃុំ​សំពង​ជ័យ​ ​ស្រុក​ជើងព្រៃ​ ​ខេត្ត​កំពង់ចាម​។​ ​ទីនេះ​គួរតែ​ជាគោល​​ដៅ​​ទេសចរណ៍​​​វប្បធម៌​​ថ្មី​មួយទៀត​របស់​លោកអ្នក​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ស្រុក​ជើងព្រៃ​ ​ឬ​ធ្វើដំណើរ​មកកាន់​តំបន់​រម​ណី​យ​ដ្ឋា​ន​ទឹក​ឆា​ដ៏​ល្បីល្បាញ​​យូរយារ​ណាស់​មក​ហើយ​។​

           បើ​យើង​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧​ឆ្ពោះ​មកកាន់​ទឹកដី​ខេត្ត​កំពង់ចាម​ ​មក​ ​ដល់​ចំណុច​ផ្សារ​ព្រៃ​ទទឹង​ក្នុង​ចម្ងាយ​ប្រមាណ​៩​៦​គីឡូម៉ែត្រ​ ​យើង​ត្រូវ​បត់​តាមផ្លូវ​ខាងឆ្វេង​ជាប់​ផ្សារ​ ​ដែល​ ​គេ​ស្គាល់​ថា​ជា​ផ្លូវបំបែក​មកកាន់​រមណីយដ្ឋាន​ទឹក​ឆា​។​ ​យើង​ត្រូវ​បន្ត​ដំណើរ​តាមផ្លូវ​នោះ​ប្រហែលជា​ង​១​០​ ​គីឡូម៉ែត្រ​ទើប​ឃើញ​ផ្សារ​តូច​មួយ​ឈ្មោះ​ផ្សារ​អ្នកតា​ស្នឹង​។​ ​នៅ​ពេល​មកដល់​ចំណុច​ផ្សារ​អ្នកតា​ស្នឹង​ ​ត្រូវ​ ​បន្ត​ដំណើរ​ទៅត្រង់​ជាង​៣​គីឡូម៉ែត្រ​ ​មានផ្លូវ​បត់ឆ្វេង​ដៃ​ប្រហែល​១​គីឡូម៉ែត្រ​ ​នោះ​លោកអ្នក​នឹង​ឃើញ​ ​វត្ត​មួយ​ស្ថិតនៅ​ខាងស្តាំ​ផ្លូវ​ដែល​មាន​ស្លាក​ខ្លោងទ្វារ​ “​វត្ត​ប្រាសាទ​ជ័យ​មង្គល​” ​។​ ​ទីនោះ​ហើយដែល​ជាទី​តាំង​ប្រាសាទ​គុក​អំពិល​ទ្វារ​។​

           ​យោង​តាម​ព័ត៌មាន​ជា​ផ្លូវការ​របស់​​​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ​ប្រាសាទ​គុក​អំពិល​ទ្វារ​មាន​ប៉ម​ចំនួន​បី​ដែល​មាន​រាង​បួនជ្រុងស្មើ​ធ្វើ​ពី​ឥដ្ឋ​សង់​លើ​ខឿន​តែមួយ​បែរមុខ​ទៅ​ទិសខាងកើត​ ​រត់ជួរ​ពី​ជើង​ទៅ​ត្បូង​។​ ​តួប៉ម​ប្រាសាទ​កណ្តាល​​ធំ​​ជាងគេ​ ​មាន​ទ្វារ​ប​ញ្ឆោ​ត​ធ្វើអំពី​ឥដ្ឋ​នៅ​តាម​ទិស​បី​ផ្សេងទៀត​ ​គឺ​ទិស​ខាង​ ​លិច​ ​ខាងជើង​ ​និង​ ​ខាងត្បូង​ ​ហើយ​មាន​ខ្លោងទ្វារ​ចូល​ត្រង់​ទិសខាងកើត​តែមួយ​ប៉ុណ្ណោះ​។​ ​នៅ​ជុំវិញ​ប៉ម​ប្រាសាទ​មាន​កំពែង​ថ្មបាយក្រៀម​ចំនួន​ពីរ​ជាន់​។​ ​សព្វថ្ងៃនេះ​ ​ក្នុងចំណោម​ប៉ម​ប្រាសាទ​ទាំង​បី​ដែល​មាន​ចារិក​ទុក​ក្នុង​ឯក​សារតាំង​ពីសម័យ​បារាំង​មក​នោះ​គឺ​នៅ​សេសសល់​តែ​ប៉ម​មួយ​គត់​តែប៉ុណ្ណោះ​។

           ​ម្យ៉ាង​វិញទៀត​ ​ក្នុង​ពេល​បច្ចុប្បន្ន​ ​យើង​ក៏​មិន​អាច​ឃើញ​រូបរាង​ប្រាសាទ​ច្បាស់លាស់​ពី​ចម្ងាយ​បាន​ដូច​ពី​អតីត​កាល​នោះ​ដែរ​ ​ព្រោះ​គណៈកម្មការ​វត្ត​បាន​រៀបចំ​កសាង​ប្រក់​ដំបូល​និង​របង​ព័ទ្ធជុំវិញ​ថែមទាំង​ចាក់​សាប​រៀប​ជា​ខឿន​មាន​របង​សត្វ​នាគ​តាម​គន្លង​ពុទ្ធសាសនា​ព្រមទាំង​មាន​សង់​រូបសំណាក​ទេវតា​តំណាង​ ​ឆ្នាំ​ទាំង​១​២​នៃ​ចន្ទគតិ​ព័ទ្ធជុំវិញ​តួ​ប្រាសាទ​នោះ​ ​ប្រែក្លាយ​ប្រាសាទ​ដ៏​ចំណាស់​នេះ​ជាទី​គោរព​សក្ការបូជា​សម្រាប់​ពុទ្ធសាសនិកជន​ក្មេង​ចាស់​ប្រុស​ស្រី​ជិត​ឆ្ងាយ​ដែល​ចូល​មក​ធ្វើបុណ្យ​ទាន​នៅ​ទីនេះ​។​ ​ជាពិសេស​ ​ផ្តែរ​ដ៏​ស្រស់​ស្អាត​មួយ​ផ្ទាំង​រំលេច​រូប​ព្រះ​ឥន្ទ្រ​គង់​លើ​ដំរី​ជា​ជំនិះ​នៅ​ស្ថិតស្ថេរ​គង់វង្ស​នៅឡើយ​ស្ថិត​លើ​ទ្វារ​ប្រាសាទ​​ទិសខាងកើត​ដែល​ជា​ចំណាប់​អារម្មណ៍​របស់​បណ្តា​អ្នកស្រាវជ្រាវ​ទាំងឡាយ​៕

Article by SRIN SOKMEAN


SUGGESTIONS