ខ្មែរយើងនាំគ្នាអុជធូបទៀនសឹងគ្រប់កម្មវិធីសាសនាមិនថាតូចឬធំនោះទេតាមជំនឿតៗពីដូនតា មក។ ថ្វីដ្បិតពុទ្ធសាសនាជាសាសនារបស់រដ្ឋ ហើយពុទ្ធសាសនាមិនបានលើកឡើងឲ្យពុទ្ធសាសនិក ជនទាំងឡាយអុជធូបបូជាព្រះពុទ្ធនិងទេវតានោះទេ។ ប៉ុន្តែជំនឿអុជធូបទៀននេះជាការប្រតិបត្តិតាម ព្រហ្មញ្ញសាសនា ហើយបានលាយឡំជាមួយពុទ្ធសាសនាក្នុងប្រទេសកម្ពុជាយើងជាយូរយារណាស់ មកហើយមិនអាចកាត់ផ្តាច់បានឡើយ។ ជាមួយគ្នានេះដែរ ជនជាតិចិន ឬ កូនចៅចិននៅស្រុកខ្មែរក៏មាន ប្រពៃណីអុជធូបសែនព្រលឹងកុងម៉ា និង សែនទទួលទេវតាឆ្នាំថ្មីខ្ជាប់ខ្ជួនតរៀងមកដែរ។ ប៉ុន្តែអ្វីដែល សំខាន់នោះគឺមនុស្សជាច្រើនអុជធូបតាមការនិយមរៀងៗខ្លួន ខ្លះអុជ៣សរសៃ ខ្លះអុជរហូតដល់៥សរសៃ ហើយខ្លះបែរជាអុជតែ១សរសៃក៏មាន។ តើចំនួនធូបតំណាងឲ្យអ្វី? ហើយតើពេលណា យើងគួរអុជធូប ប៉ុន្មានសរសៃ?
យោងតាមព្រះគ្រូឧត្តមមុនី តែ គឹមលីន គង់នៅវត្តបទុមវតី លោកស្រីសាស្រ្តាចារ្យ កែវ ណារុំ និង លោក ម៉ៅ ចាន់ថន ចំនួនធូបដែលយើងអុជសុទ្ធតែមានអត្ថន័យតំណាងដូចខាងក្រោម:
ការអុជធូប ១ សរសៃ តំណាងឲ្យការរំលឹកគុណគ្រូ និង តួខ្លួន។
ការអុជធូប ២ សរសៃ តំណាងឲ្យគុណមាតាបិតា។
ការអុជធូប ៣ សរសៃ តំណាងឲ្យព្រះរតនត្រ័យ គឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។
ការអុជធូប ៤ សរសៃ តំណាងឲ្យ ធាតុទាំងបួន ទឹក ដី ភ្លើង ខ្យល់។
ការអុជធូប ៥ សរសៃ តំណាងឲ្យ ព្រះទាំង៥អង្គ គឺ ព្រះកកុសន្ធោ (មាន់) ព្រះកោនាគមនោ (នាគ) ព្រះកស្សបោ (អណ្តើក) ព្រះសមណគោត្តម (គោ) និង ព្រះសិអារ្យមេត្រី (ខ្លា ឬ រាជសីហ៍) ។
ការអុជធូប ៧ សរសៃ តំណាងឲ្យញាតិកាប្រាំពីរសន្តាន។
ការអុជធូប ៩ សរសៃ តំណាងឲ្យទេវតារក្សាទិសទាំងប្រាំបី និង ទិសកណ្តាលមួយ។
ការអុជធូប ១១ សរសៃ តំណាងឲ្យមេត្តាធម៌ទាំង១១។
ការអុជធូប ១២សរសៃ តំណាងឲ្យគុណម្តាយ។
ការអុជធូប ១៩ សរសៃ តំណាងឲ្យព្រលឹងទាំង១៩។
ការអុជធូប ២១ សរសៃ តំណាងឲ្យគុណឪពុក។
ការអុជធូប ៣៣ សរសៃ តំណាងឲ្យគុណឪពុកម្តាយ។
បើតាមការសាកសួរចាស់ព្រឹទ្ធាចារ្យមួយចំនួននៅវត្ត លោកបានបញ្ជាក់ថា បើយើងទៅវត្តធ្វើបុណ្យ ឧទ្ទិសចំពោះបុព្វការីជន យើងត្រូវអុជធូបចំនួន ៥ សរសៃ តែបើយើងទៅវត្តអុជធូបថ្វាយព្រះ អុជតែ៣ សរសៃបានហើយដើម្បីតំណាងគុណព្រះរតនត្រ័យ។ ចំពោះការបែរបន់សុំសេចក្តីសុខសេចក្តីចម្រើន ឬ លាបំណន់ ឬ ស្បថស្បែប្រការផ្សេងៗ ត្រូវអុជតែ១សរសៃប៉ុណ្ណោះសម្រាប់ខ្លួនឯង។ ដោយឡែក តាម ជំនឿជនជាតិចិនវិញ គេអុជចំនួន៨សរសៃសម្រាប់សែនជីនាងផ្ទះដើម្បីឲ្យមានសេចក្តីសុខគ្រប់ទិស ទាំង៨ អុជចំនួន៥សរសៃសម្រាប់ថ្វាយព្រះ អុជចំនួន៣សរសៃសម្រាប់ទេវតាចង្រ្កាន និង ព្រះភូមិ អុជ១សរសៃសម្រាប់ជើងធូបឪពុកម្តាយនិងកុងម៉ានីមួយៗ ព្រមទាំងអ្នកតា ឬ ទេវតាផ្សេងៗ៕
Article by SRIN SOKMEAN