“ភូមិពាមសាលាមេត្តាខ្ញុំផង ភ្នំផ្សងខ្ញុំផ្សងជួបតែប្រុសស្នេហ៍ ព្រះគោព្រះកែវដែលយើងស្បថស្បែ សច្ចំជួយថែជួយនាំសម្តី…” ជាទំនុកច្រៀងនៃបទចម្រៀងចំណាស់ល្បីមួយបទរបស់លោកស្រី អ៊ុំ សុម៉ាវត្តី កូនស្រីរាជិនីសំឡេងរនាតឯក ហួយ មាស ដែលហាក់លួងលោមបំពេរអារម្មណ៍មិត្តអ្នកស្តាប់ឲ្យនឹករព្ញកដល់ រមណីយដ្ឋានស្អាងភ្នំនៃភូមិពាមសាលា និមិត្តរូបស្រុកស្អាង ដែលមានប្រជាប្រិយភាពតាំងពីសម័យសង្គមរាស្រ្តនិយម។ ស្អាងភ្នំគឺជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ធម្មជាតិ។ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាងដែលមានចំងាយប្រមាណជា២៣គីឡូម៉ែត្រ ពីក្រុងតាខ្មៅទីរួមខេត្តកណ្តាល។
ដើម្បីធ្វើដំណើរទៅទស្សនាកម្សាន្តនៅរមណីយដ្ឋាននោះ ភ្ញៀវទេសចរត្រូវធ្វើដំណើរពីក្រុងតាខ្មៅតាមផ្លូវជាតិលេខ ២១ ថ្មី ដែលជាផ្លូវលើកថ្មីជំនាន់ប៉ុលពត ហើយធ្វើដំណើរតាមនោះកាត់តាមតំបន់វាលទំនាបទួលក្រសាំង។ ពីក្រុងតាខ្មៅតាមផ្លូវជាតិលេខ ២១ ថ្មី និង ជួបលេខ ២១ ចាស់ត្រង់ ចំណុចវត្តឈូងលៀប ក្នុងឃុំរកាខ្ពស់ មានចម្ងាយប្រហែល ១២ គីឡូម៉េត្រ។ ដល់វត្តឈូងលៀប ត្រូវបន្តដំណើរទៅដល់ ផ្សារទីរួមស្រុកស្អាង (ស្អាងព្រែកតូច) ទើបមានផ្លូវបំបែកចូលខាងស្តាំដៃមូយដែលមានស្ថានីយ៍ប្រេងឥន្ធនៈមួយជាសម្គាល់។ ធ្វើដំណើរតាមផ្លូវនោះចម្ងាយ ២.៥ គីឡូម៉ែត្រដល់ក្លោងទ្វារវត្ត រួមមានផ្លូវបំបែកចូលខាងស្តាំបន្តិច ទើបដល់រមណីយដ្ឋាននោះ។
រមណីយដ្ឋានស្អាងភ្នំនេះ មានវត្តមួយសង់នៅលើកំពូលភ្នំខ្ពស់ជាងគេ ដែលគេមើលទៅឃើញទិដ្ឋភាពល្អប្លែកជុំវិញតំបន់នោះ។ រមណីយដ្ឋានស្អាងភ្នំនេះ ពុំសូវសំបូរដើមឈើ ដូចនៅ ភ្នំធនមន្តឡើយ ប៉ុន្តែនៅជុំវិញវត្តគឺមានបឹងយ៉ាងធំមួយដែលមានវារីជាតិ តួយ៉ាង ផ្ការំចង់ ព្រលិត ដុះពីធម្មជាតិរស់រវើកបង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ល្អក្រៃក្នុងរដូវវស្សា។ លើសពីនេះ នៅក្នុងបឹងជុំវិញភ្នំនេះ គឺសំបូរពពួកមច្ឆជាតិតូចធំច្រើនណាស់។ អ្នកទេសចរដែលទៅកម្សាន្តនៅទីនោះ ក្រៅពីជិះទូកលេង គឺពួកគេទៅស្ទូចត្រីផងដែរ។ នៅរដូវវស្សាស្អាងភ្នំប្រៀបបីដូចជាកូនកោះមួយដែលព័ទ្ធជុំវិញទៅដោយផ្ទៃទឹកធំល្វឹងល្វើយ។
តំបន់ស្អាងភ្នំជាទីប្រជុំពុទ្ធសាសនិកជនក្មេងចាស់ប្រុសស្រីមកពីទីឆ្ងាយជិតហូរហែមិនចេះដាច់ដោយហេតុតែទីនេះមានវត្តមួយសម្រាប់ប្រារព្ធពិធីបុណ្យទាននានានៅជើងភ្នំ និង នៅលើកំពូលភ្នំមានអាស្រមព្រះគោព្រះកែវដែលជាទីសក្ការបូជាបួងសួងបែរបន់សុំលាភសុំជ័យយ៉ាងសំខាន់ប្រចាំទីនេះ។ ក្រៅពីនេះ ក៏មានអាស្រមរូបសំណាកបង់បត់បារមីថែរក្សាព្រៃភ្នំជាច្រើនកន្លែងតាំងពីជើងភ្នំរហូតដល់កំពូលភ្នំអមតាមកាំ ជណ្តើរឡើងភ្នំធ្វើពីបេតុងអារមេយ៉ាងស្រស់ស្អាត ក្នុងនោះរួមមាន បារមីភ្នំស្អាង លោកតាមុនីឥសីប្រោសសត្វ លោកសច្ចំរូងពើង លោកតាក្រហមក លោកតាស លោកយាយសក់កណ្តាញ់ និង លោកយាយកញ្ចក់ទិព្វ ឬ លោកយាយក្រពុំឈូក ។ល។
បើនិយាយពីប្រវត្តិសាស្រ្ត កាលពីជំនាន់ដើមចាស់ទុំនិយមហៅតំបន់នេះថាល្អាងភ្នំ ប៉ុន្តែលុះចំណេរកាលក្រោយមក ពាក្យនេះក៏បានក្លាយទៅជា ស្អាងភ្នំ ជាប់រហូតមកដល់សព្វថ្ងៃ។ បានជាមានឈ្មោះថា ល្អាងភ្នំ ព្រោះនៅលើភ្នំស្អាង មានច្រកតូចមួយសម្រាប់ចូលទៅក្នុងរូងល្អាង តែបច្ចុប្បន្នរូងនោះត្រូវបានបិទហើយ។ ក្នុងអំឡុងឆ្នាំ១៩៧៦ នៃសម័យកម្ពុជាប្រជាធិបតេយ្យ រមណីយដ្ឋានស្អាងភ្នំត្រូវបានបំផ្លិចបំផ្លាញ។ លុះមកដល់ឆ្នាំ១៩៨៥ ទើបទីតាំងនេះត្រូវបានអាជ្ញាធរអភិវឌ្ឍរៀបចំហេដ្ឋារចនាសម្ព័ន្ធឡើងវិញដើម្បីបម្រើវិស័យ ទេសចរណ៍វប្បធម៌-ធម្មជាតិក្នុងរដូវបុណ្យទាន ដូចជា ពិធីបុណ្យភ្ជុំបិណ្ឌ ជាដើម។ នៅរមណីយដ្ឋានស្អាងភ្នំ សម្បូរម្ហូបបែបជនបទស្រុកស្រែឈ្ងុយឆ្ងាញ់ជាច្រើនមុខសម្រាប់ផ្គាប់ចិត្តភ្ញៀវទេសចរ ដូចជា មាន់ដុតខ្ចប់ស្លឹកឈូក ឆាត្រកួនស្រែប្រេងខ្យង ខ្យងស្រែអាំង កង្កែបបោប ត្រីអណ្តែងអាំង ខ្លាញ់ក្តាមដុត ។ល។ ចំពោះមុខម្ហូបធ្វើពីសាច់មាន់ អ្នកលក់នៅទីនោះបានប្រាប់សូវរីនថា នៅចំថ្ងៃដែលលក់ដាច់ ពួកគាត់អាចលក់មាន់បានរហូតដល់៣០-៤០ក្បាលឯណោះក្នុងមួយថ្ងៃ។
រលកនៃខ្យល់បោកបក់មកប៉ះជើងភ្នំធ្វើឲ្យភ្ញៀវទេសចរមានអារម្មណ៍ស្រស់ស្រាយបំបាត់នូវការនឿយហត់ ។ នៅទីនោះ មានលក្ខណៈត្រជាក់ស្រេងប្រកបដោយខ្យល់អាកាសបរិសុទ្ធនិងព្រៃរបោះនៅជុំវិញជើងភ្នំ។ បច្ចុប្បន្ននេះមន្ទីរទេសចរណ៍បានសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីដាំកូនឈើ និង រៀបចំសណ្តាប់ធ្នាប់ អនាម័យ និងសន្តិសុខនៅតំបន់នោះបានយ៉ាងល្អប្រសើរជូនភ្ញៀវទេសចរលេងកម្សាន្ត។ ដោយសារតែតំបន់ស្អាងភ្នំមានសម្រស់ស្រស់ត្រកាលគួរជាទីមនោរម្យ ទើបទាក់ចិត្តកវីនិពន្ធឲ្យនិពន្ធបទចម្រៀងជាច្រើនផ្សារភ្ជាប់នឹងភូមិស្រុកជុំវិញស្អាងភ្នំនេះ ជាអាទិ៍រួមមាន បទលាហើយស្អាងភ្នំ (អ៊ុំ សុម៉ាវត្តី) ព្រមទាំងកម្រងចម្រៀងមណ្ឌលអភិវឌ្ឍន៍សម្តេចតេជោ ហ៊ុន សែន ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ដូចជា បទស្រីសស្អាងភ្នំ បទកម្លោះស្អាងភ្នំក្រមុំក្រាំងយ៉ូវ បទវាសនាស្ពានស្អាងភ្នំ បទស្អាងស្រែស្រែស្អាងភ្នំ ជាដើម៕