ប្រិយមិត្តដែលនិយមប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមភាគច្រើនប្រាកដជាបានស្គាល់នូវគណនីទំព័រហ្វេសប៊ុក (Facebook Page) ឈ្មោះថា «ZEROW» ដែលតែងតែចែករំលែកនូវវីដេអូអប់រំទាក់ទងនឹងចំណេះដឹងទូទៅទាក់ទងនឹងការប្រើប្រាស់សម្ភារប្រចាំថ្ងៃ ការចែករំលែកនូវបទពិសោធន៍ ក៏ដូចជាការសាកល្បង និងកែច្នៃនូវវត្ថុធាតុដើមទៅជាសម្ភារប្រើប្រាស់បន្ថែមផ្សេងទៀតដូចជា៖ ការធ្វើក្រែមបន្ទន់សក់ដោយប្រើប្រាស់គ្រឿងទេសក្នុងផ្ទះបាយ ការធ្វើភេសជ្ជៈសម្រាប់សុខភាពជាដើមផងដែរ។ ដោយមានការគាំទ្រពីសំណាក់យុវវជនគ្រប់មជ្ឈដ្ឋានបានធ្វើឲ្យគណនីទំព័រហ្វេសប៊ុក «ZEROW» បង្កើតមាតិកាថ្មីបន្ថែមទៀត ដើម្បីជាផ្នែកមួយជំរុញទឹកចិត្តយុវជនបន្តសកម្មភាពកាត់បន្ថយការប្រើប្រាស់សម្ភារដែលមានផលប៉ះពាល់ដល់បរិស្ថានផងដែរ។
ជំនួបជាមួយនឹងស្ថាបនិកា «ZEROW» កញ្ញា ឪក សុចិន្តា មានការសិក្សាបរិញ្ញាប័ត្រលើមុខជំនាញរដ្ឋបាលអាជីវកម្មនៃសាកលវិទ្យាល័យ Pécs ប្រទេសហុងគ្រី បានបង្ហាញបទពិសោធន៍ផ្ទាល់ និងកត្តាសំខាន់ៗមួយចំនួនបណ្តាលចិត្តឲ្យកញ្ញាបង្កើត ZEROW ក៏ព្រោះតែកញ្ញារស់នៅស្ថិតក្នុងបរិបទដែលគ្មានកាកសំណល់ហើយដូច្នេះវាជាចំណុចចាប់ផ្តើមរបស់កញ្ញាក្នុងការចែករំលែកវិធីសាស្ត្រទាំងនោះមកកាន់ប្រជាជនខ្មែរ។ ប្រមាណជាងប៉ុន្មានឆ្នាំកន្លងទៅប្រជាជនខ្មែរពុំទាន់បានជ្រាបច្បាស់ព័ត៌មាន ឬចំណេះដឹងនានាទាក់ទងនឹងការថែរក្សា ឬផលប៉ះពាល់ដែលកើតចេញពីសកម្មភាពប្រចាំថ្ងៃរបស់ពួកគេនោះទេ តួយ៉ាង ការបោះចោលសំរាមឥតសណ្តាប់ធ្នាប់ ឬការប្រើប្រាស់សម្ភារវេចខ្ចប់អាហារដោយប្រើប្លាស្ទិក ហើយនេះជាផលប៉ះពាល់ដល់សោភ័ណភាពបរិស្ថានបំផុត។ ដោយសម្លឹងឃើញថាសកម្មភាពទាំងនេះបានបិទបាំងសម្រស់បរិស្ថាន ហើយផ្គួបផ្សំជាមួយនឹងការស្រឡាញ់ និងការរស់នៅក្នុងបរិបទថ្មីរបស់ កញ្ញា សុចិន្តា ចាប់ផ្តើមចែករំលែកវីដេអូដំបូងដែលស្តីអំពីការរស់នៅដោយគ្មានកាកសំណល់នោះក្នុងលក្ខណៈការកម្សាន្តតែប៉ុណ្ណោះ ប៉ុន្តែសន្ទុះនៃការគាំទ្រវីដេអូនោះដែរពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងដែលជំរុញទឹកចិត្តកញ្ញាបន្ថែមទៀតក្នុងការផលិតមាតិកាវីដេអូបន្ថែមលើសសប់ដង។ សម្រាប់មាតិកាដែលត្រូវបានបង្កើតឡើងលើគណនីទំព័រហ្វេសប៊ុកបែងចែកចេញជា ការផលិតវីដេអូ ឬរូបភាពទូទៅ ការបង្ហាញព័ត៌មានដ្យាក្រាម (infographic) និងការផ្សាយផ្ទាល់ តួយ៉ាង សម្រាប់ការបង្ហោះផ្នែកវីដេអូផ្សាយលើបណ្តាញសង្គមជាទូទៅមានចំនួន ១ វីដេអូក្នុងមួយសប្តាហ៍ ការបង្ហាញព័ត៌មានដ្យាក្រាម (infographic) មានចំនួន២ ក្នុងមួយខែ ការផ្សាយផ្ទាល់ចំនួន១ដងក្នុងមួយខែ និងមានរូបភាពព័ត៌មានដទៃផ្សេងៗទៀត (ស្ថិតតាមស្ថានភាពជាក់ស្តែង)។ «ZEROW» ជាពាក្យកាត់របស់ភាសាអង់គ្លេស Zero Waste បកប្រែជាភាសាខ្មែរមានន័យថា កាកសំណល់សូន្យ ឬមួយបែបទៀតថា គ្មានកាកសំណល់ បានបង្ហាញវត្តមានរបស់ខ្លួនប្រមាណជាង២ឆ្នាំមកហើយគិតមកដល់សព្វថ្ងៃនេះ។
ជាក់ស្តែង ថ្មីៗនេះនៅលើបណ្តាញសង្គមរបស់ ZEROW បានចែករំលែកវិធីសាស្ត្រនៃការដាំដំណាំសុវត្ថិភាពដោយខ្លួនឯងពុំចាំបាច់ប្លាស្ទិក វិធីសាស្ត្រក្នុងការកែច្នៃវត្ថុធាតុដើមទៅជាផលិតផលថែរក្សាសម្រស់ដូចជា៖ ការធ្វើម៉ាស់សន្លឹកបិទមុខ ឬការធ្វើសាប៊ូកក់សក់ និងការផ្សាយផ្ទាល់សំណេះសំណាលជាមួយនឹងវាគ្មិនដទៃផ្សេងទៀតក្នុងការពិភាក្សាវែកញែកប្រធានបទ និងចំណេះដឹងទូទៅបន្ថែមផងដែរ។
ថ្វីដ្បិតតែការកាត់បន្ថយប្រើប្រាស់ប្លាស្ទិករបស់ប្រជាជនខ្មែរនៅមានកម្រិតក៏ដោយ ប៉ុន្តែប្រសិនបើយើងប្រៀបធៀបពីអតីតភាពនោះ បច្ចុប្បន្នប្រជាជនខ្មែរបានយល់ច្បាស់ពីអវិជ្ជមានភាពរបស់ការប្រើប្រាស់ប្លាស្ទិកកាន់តែទូលាយ និងមានការអនុវត្តយ៉ាងខ្ជាប់ខ្ជួនជាងមុនទៅទៀត។ ជាពិសេស ការចូលរួមទប់ស្កាត់របស់យុវជនជំនាន់ក្រោយ ការច្នៃប្រតិដ្ឋលើសម្ភារប្រើប្រាស់មិនប៉ះពាល់បរិស្ថានដូចជា៖ ទុយោដែក ដបទឹកដែក ការវេចខ្ចប់បអាហារដោយប្រើប្រាស់ស្លឹកឈូក ការប្រើថង់ក្រណាត់ជំនួសដោយការប្រើថង់ប្លាស្ទិកដូច្នេះដែរ។ ជាចុងក្រោយ កញ្ញា សុចិន្តា បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនយ៉ាងដូចនេះថា «ការចូលរបស់យើងទាំងអស់គ្នាជាចំណែកមួយដែលបានសង្គ្រោះពិភពលោកទាំងមូលផងដែរ ម៉្យាងវិញទៀតនោះ ការកែច្នៃសម្ភារឡើង វិញក៏ជាចំណែកមួយដែលជួយសន្សំសំចៃប្រាក់កាក់យើងផងដែរ ដូច្នេះសង្ឃឹមថាប្រជាជនខ្មែរនៅបន្តអនុវត្តន៍និងបន្តការប្រើប្រាស់សម្ភារដែលមានឲ្យអស់ពីលទ្ធភាពតាមដែលអាចធ្វើទៅបាន»!៕
Article by Pan Sivly