រូបថតស្រមោលនៃហ្វូងសត្វស្លាបនាពេលថ្ងៃរៀបអស្ដង្គតដ៏ក្រហមបាននាំឱ្យសិល្បករថតរូប លោក សួង ម៉ារឌី បានឈ្នះរង្វាន់ស្ទួនក្នុងកម្មវិធីប្រកួតថតរូបមួយឈ្មោះថា Eyes on Cambodia ។ក្រោមប្រធានបទស្ដីពី «Beautiful Cambodia» ដែលផ្តល់ឱ្យអ្នកចូលរួមមានសេរីភាពក្នុងការបញ្ចេញគំនិតច្នៃប្រតិដ្ឋ ដើម្បីរំលេចវប្បធម៌ ទេសភាព និងប្រជាជននៅកម្ពុជា។ រូបថតជ័យលាភីនោះមានចំណងជើងថា “Home Sweet Home” បង្ហាញពីទិដ្ឋភាពវិលត្រឡប់ចូលសំបុកវិញនាពេលល្ងាចរបស់ហ្វូងសត្វបក្សី ក្រោមស្រមោលស្បៃថ្ងៃអស្ដង្គតដ៏ទាក់ភ្នែកបំផុត។ រូបថតមួយសន្លឹកនេះ ទទួលបានពានរង្វាន់រូបថតដែលល្អបំផុតប្រចាំឆ្នាំ២០២៤ (Best Picture Award) ជ័យលាភីលេខ៣ និងជ័យលាភីពានរង្វាន់ប្រជាប្រិយភាពនៃជម្រើសគណៈកម្មការ (Judges’ Selection Award)។
រំឭកការផ្ដិតយករូបថត “Home Sweet Home” នេះ លោកបានប្រាប់ថា “វាជាសំណាងផង និងការតស៊ូព្យាយាមផង។ ខ្ញុំត្រូវចាយពេលវេលាច្រើនខែទាក់ទងរដ្ឋបាលក្នុងតំបន់អភិរក្សសត្វព្រៃ ដើម្បីសិក្សាពីទម្លាប់ជីវភាពសត្វស្លាបនោះជាមុន ហើយដល់ថ្ងៃទៅថត ត្រូវចំណាយពេលមួយថ្ងៃមុនទៅរកប្លង់ទីតាំងដើម្បីចាំថតសត្វបក្សីនោះ។ តែថ្ងៃទី១ គឺមិនថតបានសម្រេចដូចការប៉ងទុកនោះឡើយ(អត់មានទិដ្ឋភាពថ្ងៃលិចស្អាតទេ) លុះថ្ងៃទី២ ខ្ញុំថតម្ដងទៀត ព្រោះពេលវេលាដែលត្រូវចាំថតគឺមានកំណត់(ថតពេលថ្ងៃរៀបលិច) ខ្ញុំក៏មិនរំពឹងថាអាចសម្រេចបានដែរ តែចុងក្រោយគឺសំណាងមែនទែន អំណោយផលទាំងអាកាសធាតុ ទាំងវត្តមានហ្វូងសត្វជាច្រើន អមដោយសកម្មភាពយ៉ាងសម្បូរបែប ហើយការព្យាយាមនេះក៏ទទួលបានលទ្ធផលរូបភាពកម្រៗយ៉ាងច្រើន”។
រូបថតជ័យលាភី៖ ចង្កៀលខ្យង (Asian Openbill) និង កុកគ្រោងតូច(Little Egret) នៅក្នុងទីតាំង រមណីយដ្ឋានសត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍ ខេត្តព្រៃវែង
លោកសួង ម៉ារឌី ក៏បានសំដែងមោទកភាពក្នុងការចូលរួមការក្រកួតថតរូបនេះផងដែរ ទោះបីលោកជាអ្នកថតរូបជំនាញដែលមានកេរ្តិ៍ឈ្មោះមួយរួប។ ដំបូងឡើយ លោកក៏មិនរំពឹងថាប្រកួតដើម្បីទទួលជ័យលាភីអ្វីនោះទេ ប៉ុន្តែការចូលរួមក្នុងកម្មវិធីនេះគឺដើម្បីចូលរួមចំណែកក្នុងការផ្សព្វផ្សាយភាពស្រស់ស្អាតនៃធនធានធម្មជាតិនិងសម្បត្តិវប្បធម៌នៅកម្ពុជា ឱ្យស្របតាមប្រធានបទក្នុងការប្រកួត។ ហើយអ្វីដែលលោករំភើបបំផុតគឺលោកបានឃើញស្នាដៃរូបថតយ៉ាងល្អវិចិត្រពីសំណាក់អ្នកចូលរួមប្រកួត និងមហាជនចូលរួមទស្សនាពិព័រណ៍ ហើយចូលរួមគាំទ្រដោយការបោះឆ្នោត។ល។ វាពិតជាបានជំរុញឲ្យមហាជនស្គាល់ និងយល់ដឹងច្រើនអំពីការងារអភិរក្សធនធានធម្មជាតិ ពិសេសគឺការងារអភិរក្សសត្វព្រៃ ដែលជាផ្នែកមួយក្នុងការងារបេសកកម្មរបស់លោកផងដែរ។
តាមការបង្ហាញស្នាដៃរូបថតសត្វស្លាបជាប្រចាំនៅលើប្រព័ន្ធសង្គមរបស់លោកផ្ទាល់ បានចូលរួមផ្សព្វផ្សាយគោលគំនិតអភិរក្សសម្បត្ដិធនធានធម្មជាតិ និងជីវៈចម្រុះនៅកម្ពុជា ដោយការងារប្រមាញ់ថតរូបសត្វស្លាបដែលមានវត្តមាននៅកម្ពុជា ឬសត្វស្លាបកម្រមួយចំនួនទៀតដែលហើរឆ្លងកាត់ដែនព្រៃនៅកម្ពុជា។ តួយ៉ាង សត្វក្រៀល ដែលជាបក្សីមានកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោក ហើយជាប្រភេទសត្វងាយរងគ្រោះពីការផុតពូជ រមែងហើរផ្លាស់ទីមកតំបន់បឹងអន្លង់ព្រីងខេត្តកំពត ជារៀងរាល់ដើមឆ្នាំ កំឡុងខែកុម្ភៈ មីនា ជាអាទិ៍។ ព្រមជាមួយរូបថតសត្វស្លាបជាច្រើនប្រភេទទៀត ដែលលោកប្រមាញ់ថតរូបបាន ដោយមានបញ្ជាក់ពីឈ្មោះបក្សីនោះ អមដោយទីតាំង និងកាលបរិចេ្ឆទដែលថតបាន ដើម្បីជាចំណេះដឹង និងកំណត់ត្រាអំពីវត្តមានបក្សីទាំងនោះសម្រាប់មហាជនបានស្គាល់និងជ្រាបអំពីធនធានទាំងនេះ។
លោកមានបំណងចង់រៀបចំការតាំងពិព័រណ៍រូបថតជាលក្ខណៈផ្ទាល់ខ្លួន ឬជាក្រុម និងការបោះសៀវភៅរូបថតស្ដីអំពីជីវៈចម្រុះកម្ពុជាផងដែរ ក្នុងគោលបំណងលើកទឹកចិត្តអ្នកស្រឡាញ់វិស័យថតរូបជីវៈចម្រុះនៅកម្ពុជា មិនកំណត់តែរូបថតសត្វស្លាបនោះទេ។ លោកចង់ឃើញវិស័យថតរូបដែលជាជំនាញរបស់លោក ទទួលបានការចាប់អារម្មណ៍ និងបង្កើនអ្នកជំនាញថតរូបឲ្យកាន់តែច្រើនដើម្បីផ្ដិតយករូបភាពធនធានជីវៈចម្រុះនៅកម្ពុជាឱ្យពិភពលោកមើលឃើញពីសក្ដានុពលរបស់យើង ទាំងធនធានធម្មជាតិ និងធនធានមនុស្ស។ សបញ្ជាក់ថាយើងពិតជាមានសមត្ថភាព និងសម្បូរទៅដោយធនធានដ៏គួរឱ្យស្ងប់ស្ងែង។ “ខ្ញុំតែម្នាក់ឯងគឺមិនគ្រប់គ្រាន់ឡើយ ត្រូវការជំនួយពីគ្រប់ផ្នែក គ្រប់វិស័យពាក់ព័ន្ធចូលរួមទាំងអស់គ្នា ដើម្បីទទួលបានសមិទ្ធផលរួមដ៏ជោគជ័យពិតប្រាកដ។ យើងល្បី យើងជោគជ័យទាំងព្រមតែម្ដង” លោកសួង ម៉ារឌី បានបន្ថែម។
ជាក់ស្តែង ក្រៅពីការប្រមាញ់រូបថតសត្វស្លាប លោកក៏ជាស្ថានិកមួយរូបក្នុងក្រុមថតរូបតាមដងផ្លូវនៅកម្ពុជា (Cambodia Street Photography) ដែលជាទំព័រផេកប្រមូលផ្ដុំស្នាដៃរូបថតដែលកត់ត្រាពីជីវភាពទូទៅនៅកម្ពុជា រូបភាពនៅតាមដងផ្លូវ ទីសាធារណៈនានា ដែលឆ្លុះបញ្ចាំងពីតថភាពសង្គមរបស់យើងតាមសម័យកាលឆ្នាំនីមួយៗ។ តាមរយៈគម្រោងនេះ លោកបានបោះពុម្ពសៀវភៅរូបថតបីឆ្នាំមកហើយ ដែលទុកជាឯកសារកំណត់ត្រានៃសមិទ្ធផលក្រុមរបស់លោក។ សម្រាប់ការបោះសៀវភៅលើកទី៤ សម្រាប់ស្នាដៃឆ្នាំ២០២៤ ក៏គ្រោងអាចចេញក្នុងខែវិច្ឆិកាឆ្នាំ២០២៥ខាងមុខនេះ។ គម្រោងនេះគឺមិនមែនធ្វើឡើងដើម្បីរកចំណូលទេ ផ្ទុយទៅវិញត្រឹមជាសក្ខីភាពក្នុងការកត់ត្រាកំណត់ហេតុ ព្រឹត្តការណ៍ និងទស្សនីយភាពតាមសម័យកាលនីមួយៗតាមរយៈសិល្បៈថតរូប ដែលជាចក្ខុវិស័យរួមគ្នារបស់អ្នកថតរូបនៅកម្ពុជា ហើយនេះក៏ជាការជួយបង្ហាញស្នាដៃថតរូបល្អៗរបស់អ្នកនិយមស្រឡាញ់ការថតរូបតាមផ្លូវ។ លោកគ្រោងនឹងរៀបចំការទទួលមូលនិធីចូលរួមបរិច្ចាកជំនួសដោយការជាវសៀវភៅរូបថតនេះ ដើម្បីទុកជាទុនសម្រាប់បោះពុម្ពនៅឆ្នាំបន្ទាប់ ព្រោះលោកមិនអាចស្វែងរកជំនួយគ្រប់ពេលពីសំណាក់ម្ចាស់ឧបត្ថម្ភឡើយ។
គួរបញ្ជាក់ផងដែរថា លោក សួង ម៉ារឌី គឺជាអ្នកជំនាញថតរូបសត្វស្លាបដ៏មានកេរ្ដិ៍ឈ្មោះក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏ជា BA ឬទូតសុច្ឆន្ទៈ SONY ប្រចាំប្រទេសកម្ពុជាផងដែរ។ លោកនឹងបន្តសកម្មភាពអភិរក្សសត្វព្រៃ និងការងារជំរុញវិស័យថតរូបនៅកម្ពុជាឱ្យរឹតតែរីកចម្រើនទៅមុខដោយមិនរួញរា។ លោកក៏សូមអំពាវនាវដល់គ្រប់គ្នាចូលរួមជាកំលាំងកាយ កំលាំងចិត្ត ឬថវិកាជាដើម ក្នុងការអភិរក្សធនធានធម្មជាតិ សម្បត្តិវប្បធម៌ និងអភិវឌ្ឍសង្គមជាតិ ពិសេសការលើកទឹកចិត្តដល់សកម្មជនទាំងអស់ ជំនួសដោយការរិះគន់ជាន់ពន្លិច ទើបអាចមានការអភិវឌ្ឍទៅមុខ៕
Article by LENG CHANREASEY