ក្រោយពីការប្រកាសជ័យលាភីរបស់កម្មវីធីប្រកួតថតរូប Eyes on Cambodia ដែលប្រព្រឹត្តឡើងនៅទីតាំង Wild – Phnom Penh កន្លងផុតទៅ ម្ចាស់ជ័យលាភីលេខ ២ យុវជន ថិត ចំរើនដែលបច្ចុប្បន្ន លោកជាអ្នកថតរូប និងវីដេអូអាជីព បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន ក៏ដូចជាការប្រាប់នូវជាច្រើនដែលលោកទទួលបាននៅក្នុងកម្មវិធីនេះ។
ក្រោមប្រធានបទ “Beautiful Cambodia” ដែលតម្រូវឲ្យបេក្ខជនចូលរួមបង្ហាញពីគំនិតច្នៃប្រតិដ្ឋរបស់ខ្លួន ឬក៏ជាប្រធានបទផ្ទាល់ខ្លួនដែលទាក់ទងនឹងសម្រស់ក្នុងប្រទេសកម្ពុជា សម្រាប់រូបថតដែលស្នើមកត្រូវអមជាមួយការពណ៌នាសំខាន់ៗជាដើមផងដែរ។ សម្រាប់ ម្ចាស់ជ័យលាភីលេខ ២ ដែលមានឈ្មោះក្រៅថា “ទី” បានឈ្នះនៅក្នុងការប្រកួតដែលស្នាដៃរបស់ខ្លួនមានចំណងជើងថា “March of the Mighty” ។ ទី បានបង្ហាញលម្អិតយ៉ាងដូច្នេះថា “ការចូលរួមប្រកួតក្នុងកម្មវិធី Eyes on Cambodia នេះគឺជាគោលបំណងរបស់ខ្លួនដែលចង់ចូលរួមផ្សព្វផ្សាយសម្រស់ទេសភាពដែលស្ថិតនៅក្នុងប្រទេសកម្ពុជា ដែលខ្ញុំយល់ឃើញថាទីកន្លែងខ្លះពុំទាន់មានអ្នកទេសចរណស្គាល់ ឬចាប់អារម្មណ៍នៅឡើយ”។ ម្ចាស់ជ័យលាភីរូបនេះបានបន្ត “នៅក្នុងការប្រកួត ខ្ញុំជ្រើសរើសរូបថតចំនួន ២ ដោយទី ១ នោះខ្ញុំបានថតនៅភ្នំទឹកធំមានទីតាំងស្ថិតនៅក្នុង ខេត្តកំពត ជាប់ព្រំប្រទល់ប្រទេសវៀតណាម រីឯរូបទី២ នោះគឺជាការថតរូបនៅខ្លោងទ្វាររបស់ប្រាសាទតាព្រហ្ម។” ប្រសិនបើយើងមើលលម្អិតទៅលើរូបថតទី ១ដែលបានឈ្នះក្នុងការប្រកួតនោះឃើញថា មានសត្វក្របីចំនួន ៩ ក្បាលអមដំណើរសងត្រកងគ្នានៅក្នុងទឹកដ៏រំភើយត្រជាក់ភ្នែក។
អ្នកជំនាញថតរូបភាគច្រើនតែងមានចំណូលចិត្តទៅលើប្រភេទនៃការថតរូបផ្សេងៗគ្នា អ្នកថតរូបខ្លះចូលចិត្តថតរូបបែបទេសភាព ឬការថតរូបឯកសារជាដើម។ មិនខុសពីអ្នកជំនាញថតរូបផ្សេងទៀត បេក្ខជនវ័យ២៧ឆ្នាំរូបនេះបង្ហាញថាចំណង់ចំណូលចិត្តរបស់ខ្លួនគឺជាការថតរូបទេសភាពច្រើនជាងការថតរូបឯកសារ “សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំចូលចិត្តការថតរូបប្រភេទទេសភាព ក៏ព្រោះតែខ្ញុំយល់ឃើញថាការផ្តិតយកសម្រស់ទេសភាពតាមរដូវកាល គឺជាការបង្ហាញពីសម្រស់នៃទីកន្លែងនីមួយៗនៅក្នុងប្រទេសកម្ពុជាក្នុងទម្រង់ផ្សេងៗគ្នា ហើយវាក៏ជាផ្នែកមួយនៃការថតរូបបែបសិល្បៈផងដែរ” នេះបើតាមការលើកឡើងរបស់យុវជនដែលមានបទពិសោធន៍៤ឆ្នាំរូបនេះនៅក្នុងកិច្ចសម្ភាសន៍ជាមួយ សូវីន ផងដែរ៕
Article by Sovrin