គុណសម្បត្តិនិងគុណវិបត្តិនៃវ៉ែនតា និង កែវដាក់ភ្នែក (Contact Lens)
TRAVEL & LIVING 3 years agoភ្នែកជាសរីរាង្គដែលសំខាន់បំផុតមួយរបស់មនុស្សគ្រប់រូប។ ចក្ខុវិញ្ញាណជួយមនុស្សយើងក្នុងការរស់នៅប្រចាំថ្ងៃ សិក្សារៀនសូត្រ ធ្វើការ ឬ ប្រកបរបរអាជីវកម្មផ្សេងៗបានយ៉ាងងាយស្រួល ប៉ុន្តែប្រសិនបើចក្ខុវិញ្ញាណរបស់យើងប្រែជាខ្សោយខុសប្រក្រតី នោះយើងចាំបាច់ត្រូវតែស្វែងរកដំណះស្រាយដើម្បីកែខៃស្ថានការណ៍ជាប្រញាប់។ តើដើម្បីជំនួយសមត្ថភាពភ្នែកឲ្យល្អឡើងវិញ យើងគួរប្រើវ៉ែនតា ឬ ប្រើកែវដាក់ភ្នែក (Contact Lens)? មួយណាជាជម្រើសល្អជាងសម្រាប់អ្នក
យោងតាមការស្រាវជ្រាវរបស់គេហទំព័រវេជ្ជសាស្រ្តបរទេសឈ្មោះ www.classicvisioncare.com វ៉ែនតាត្រូវបានបង្កើតឡើងដំបូងក្នុងគោលបំណងជួយមនុស្សដែលកើតជំងឺភ្នែកម្ញ៉ូបជិតឬស្រវាំងជិត (Farsightedness) តាមរយៈការជួយពង្រីកអក្សរពុម្ពដើម្បីឲ្យអ្នកជំងឺអាចអាននិងសរសេរបានច្បាស់។ ក្រោយមកច្រើនឆ្នាំបន្ទាប់ ទើបមានការបង្កើតកញ្ចក់វ៉ែនតាប្រភេទ Concave Lens ដើម្បីជំនួយដល់អ្នកកើតជំងឺភ្នែកម្ញ៉ូបឆ្ងាយ ឬ ស្រវាំងឆ្ងាយ (Shortsightedness/ Myopia) ជាពិសេសសម្រាប់អ្នកដែលមានវ័យជាង៤០ឆ្នាំឡើង។ រីឯកែវដាក់ភ្នែក ឬ Contact Len វិញ ត្រូវបានផលិតឡើងដំបូងនៅចុងស.វ.ទី១៩ ហើយវិវឌ្ឍមកជាប្រភេទធ្វើពីប្លាស្ទិក និងប្រភេទទន់ដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ជាងមុន។ ខាងក្រោមនេះជាគុណសម្បត្តិ និងគុណវិបត្តិនៃផលិតផលទាំងពីរប្រភេទខាងលើដែលលោកអ្នកអាចធ្វើការពិចារណាមុននឹងជ្រើសរើសប្រើប្រាស់ជាក់ស្តែង:
- វ៉ែនតាផ្តល់ភាពងាយស្រួលក្នុងការលាងសម្អាត និង មានហានិភ័យក្នុងការប្រើប្រាស់ទាបជាងកញ្ចក់ len។ ប្រសិនបើលោកអ្នកភ្លេចសម្អាតវ៉ែនតា វាមិនសូវជាមានបញ្ហាចោទធំដុំប៉ុន្មានទេ។ ផ្ទុយ ទៅវិញ បើអ្នកភ្លេចសម្អាតកញ្ចក់ len វិញ នោះអ្នកអាចនឹងប្រឈមមុខនឹងកំហូចកែវភ្នែកទាំងស្រុងជារៀងរហូត។ ការបង្កើតកញ្ចក់ len ដែលប្រើហើយបោះចោលជាប្រចាំថ្ងៃបានជួយកាត់បន្ថយគ្រោះថ្នាក់នេះ ប៉ុន្តែលោកអ្នកនៅតែត្រូវប្រុងប្រយ័ត្នថែទាំវាជាប្រចាំដែរ។
- កញ្ចក់ len ជួយអ្នកពាក់ឲ្យស្ទើរតែភ្លេចគិតថាខ្លួនឯងមានបញ្ហាភ្នែកដោយសារវាមិនធ្ងន់ដូចវ៉ែនតាដែលមានស៊ុមជុំវិញ។ វាផ្តល់ភាពងាយស្រួលក្នុងការធ្វើចលនាដោយសេរីមិនចាំបាច់ខ្វល់ថាវានឹងជ្រុះធ្លាក់ ឬ ធ្វេសប្រហែសវង្វេងដៃបាត់ដូចពេលអ្នកប្រើវ៉ែនតានោះទេ។
- វ៉ែនតាអាចរំខានដល់ការសម្លឹងមើលរបស់លោកអ្នក នៅពេលដែលលោកអ្នកព្យាយាមសម្លឹងមើលទៅខាងគែមសងខាងនៃភ្នែក។ យើងមិនមានបញ្ហានេះទេ នៅពេលយើងពាក់កញ្ចក់ len។ ម្យ៉ាងទៀត វ៉ែនតាងាយនឹងស្រអាប់នៅពេលត្រូវសំណើមនៅខាងក្រៅឬនៅពេលអ្នកពាក់ចាកចេញពីបរិយាកាសត្រជាក់ទៅកាន់កន្លែងក្តៅ។ប៉ុន្តែទន្ទឹមនឹងនេះវាជួយការពារភ្នែកយើងពីធូលីនិងកំទេចកំទីផ្សេងៗដែរ។
- វ៉ែនតាជាជម្រើសប្រសើរជាងសម្រាប់អ្នកប្រើប្រាស់កុំព្យូទ័ររយៈពេលយូរ ឬ ចំណាយពេល អនឡាញច្រើនក្នុងពេលទំនេរ។ ការចំណាយពេលមុខអេក្រង់យូរម៉ោងពេកបណ្តាលឲ្យភ្នែកចុករោយ និង ស្ងួតខ្លាំង។ ដូចនេះ វ៉ែនតាផ្តល់ផាសុកភាពសម្រាប់អ្នកប្រើកុំព្យូទ័រ និង អ្នកដែលមានភ្នែកងាយរងប្រតិកម្ម ឬ បញ្ហារំខានចំពោះភ្នែកនានា។
- ទាំងវ៉ែនតានិងកញ្ចក់ len សុទ្ធសឹងតែជួយឲ្យលោកអ្នកអាចបញ្ចេញសម្រស់តាមរសនិយមផ្ទាល់ខ្លួន។ ទោះបីជាយ៉ាងនេះក្តី យើងឃើញថា ចំពោះកញ្ចក់ len លោកអ្នកអាចផ្លាស់ប្តូរពណ៌ភ្នែកជាច្រើនពណ៌តាមចំណង់ចំណូលចិត្ត។
- កញ្ចក់ len តម្រូវឲ្យលោកអ្នកចំណាយថវិកាច្រើនជាងការទិញវ៉ែនតា ជាពិសេសចំពោះជម្រើសប្រភេទ len ដែលប្រើហើយបោះចោលជារៀងរាល់ថ្ងៃ។ ដើម្បីសន្សំសំចៃប្រាក់ លោកអ្នកអាចទិញប្រភេទ len ដែលអាចពាក់បានរយៈពេល ៦ខែ ឬ ពេញមួយឆ្នាំ។ ប៉ុន្តែជាមួយគ្នានេះដែរ លោកអ្នកត្រូវសាកសួរតាមដានជាប្រចាំជាមួយពេទ្យជំនាញដើម្បីទទួលបានវេជ្ជបញ្ជាបន្ថែមក្រោយអំឡុងពេលនោះ។
ក្រោយពីបានអានចំណុចប្រៀបធៀបទាំង៦ចំណុចខាងលើ តើអ្នកយល់ថា រវាងវ៉ែនតា និង កែវដាក់ភ្នែក មួយណាស័ក្តិសមចំពោះលោកអ្នកផ្ទាល់? ប្រសិនបើលោកអ្នកនៅតែស្រពេចស្រពិល សូមមេត្តារួសរាន់ធ្វើការទាក់ទងទៅកាន់ចក្ខុពេទ្យដែលនៅជិតលោកអ្នកជាទីបំផុត ព្រោះពួកគាត់ច្បាស់អាចផ្តល់យោបល់ដ៏ត្រឹមត្រូវជូនលោកអ្នកពីបញ្ហាទាំងនេះ!
Article by SRIN SOKMEAN