×

កត្តា​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក​គ្រាប់​ឈាម​

TRAVEL & LIVING 3 years ago
 
 

            ជំងឺ​មហារីក​គ្រាប់​ឈាម​គឺ​ជំងឺ​មហារីក​មួយ​ប្រភេទ​នៃ​ឈាម​ ​ឬ​​ខួរឆ្អឹង​មនុស្ស​។​ ​ខួរឆ្អឹង​មាន​តួនាទី​បង្កើត​កោសិកា​ឈាម​។​ ​ជំងឺ​មហារីក​គ្រាប់​ឈាម​អាច​កើតឡើង​ដោយសារ​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ការ​ផលិត​កោសិកា​ឈាម​នេះឯង​។​ ​ជាទូទៅ​ ​វា​ប៉ះពាល់​ទៅដល់​កោសិកា​ឈាម​ស​ ​ឬ​ហៅថា​ ​L​e​ukoc​y​t​e​s​។​ ​វា​ច្រើនតែ​កើតឡើង​ចំពោះ​មនុស្ស​ដែល​មាន​អាយុ​លើស​ពី​៥​៥​ឆ្នាំ​ឡើង​ទៅ​និង​មនុស្ស​ដែល​មាន​វ័យ​ក្រោម​១​៥​ឆ្នាំ​។​យោង​តាម​ស្ថិតិ​ចេញផ្សាយ​ដោយ​វិទ្យាស្ថាន​ជាតិ​ជំងឺ​មហារីក​នៃ​សហរដ្ឋអាមេរិក​ ​គេ​បាន​ប៉ាន់ស្មាន​ថា​ ​ប្រជាពលរដ្ឋ​ចំនួន​ ​៦​១​,​៧​៨​០​ ​នាក់​ ​នឹង​ទទួល​បាន​រោគវិនិច្ឆ័យ​ជំងឺ​នេះ​សម្រាប់​ឆ្នាំ​២​០​១​៩​ ​ហើយក៏​រំពឹង​ទុក​ថា​ ​ជំងឺ​នេះ​នឹង​បណ្តាលឲ្យមាន​មនុស្ស​ស្លាប់​ចំនួន​រហូតដល់​ ​២​២​,​៨​៤​០​ ​ក្នុង​ឆ្នាំ​ដដែល​នេះ​។​

            ជំងឺ​មហារីក​គ្រាប់​ឈាម​ដំណាក់កាល​ធ្ងន់​កើតមាន​ និង​វិវឌ្ឍ​ខ្លួន​ឆាប់រហ័ស​ ​ប៉ុន្តែ​ជំងឺ​មហារីក​គ្រាប់​ឈាម​លក្ខណៈ​រ៉ាំរ៉ៃ​នឹង​ធ្វើឲ្យ​អ្នកជំងឺ​មាន​ស្ថានភាព​កាន់តែ​អាក្រក់​ទៅ​ៗ​ក្នុងរយៈពេល​យូរ​។​ ​ជំងឺ​នេះ​កើតឡើង​នៅពេលដែល​ ​D​N​A​ ​នៃ​កោសិកា​ឈាម​ ​ជាពិសេស​ ​កោសិកា​ឈាម​ស​ ​ត្រូវ​រង​ការខូចខាត​។​ ​វា​បណ្តាលឲ្យ​កោសិកា​ឈាម​លូតលាស់​កើន​ឡើង​ និង​បំបែក​ខ្លួន​ដោយ​មិន​អាច​គ្រប់គ្រង​បាន​។​ ​ក​សិកា​ឈាម​ដែល​មាន​សុខភាព​ល្អ​នឹង​ងាប់​ ​ហើយ​កោសិកា​ថ្មី​នឹង​ចូល​មក​ជំនួស​វា​ហើយ​វិវឌ្ឍ​ខ្លួន​នៅ​ក្នុង​ខួរឆ្អឹង​។​ ​រីឯ​កោសិកា​ឈាម​ដែល​ពុំ​ប្រក្រតី​នេះ​មិន​ងាប់​តាម​លក្ខណៈ​ធម្មជាតិ​ដូច​នៅ​ក្នុង​វដ្ត​ជីវិត​របស់​វា​ទេ​។​ ​ផ្ទុយទៅវិញ​ ​ពួកវា​នឹង​កាន់​តែ​កើន​ឡើង​ពាសពេញ​ក្នុង​ខួរឆ្អឹង​។​ ​នៅពេលដែល​ខួរឆ្អឹង​បង្ក​កោសិកា​មហារីក​កាន់តែ​ច្រើន​នោះ​ ​ពួកវា​នឹង​ចាប់ផ្តើម​ប្រជ្រៀត​ចូល​ពេញ​ឈាម​ ​រាំង​ស្ទះ​ដល់​កោសិកា​ឈាម​ស​មិន​ឲ្យ​លូតលាស់​ និង​បំពេញ​តួនាទី​របស់​ខ្លួន​បាន​ជាប្រក្រតី​។​ ​ជា​លទ្ធផល​ ​កោសិកា​មហារីក​បង្កើន​ចំនួន​លើស​កោសិកា​ល្អ​នៅ​ក្នុង​ឈាម​។​

            រីឯ​កត្តា​ដែល​បង្ក​ហា​និ​ភ័យ​ឲ្យ​មាន​ជំងឺ​នេះ​ឡើង​ ​គឺ​មាន​ច្រើនយ៉ាង​ណាស់​ ​ប៉ុន្តែ​កត្តា​ដែល​សំខាន់​ៗ​ជាងគេ​ក្នុងចំណោម​នោះ​មាន​ដូចជា​ ​ការ​បាញ់​កាំរស្មី​អ៊ី​យ៉ុ​ង​សិប្បនិម្មិត​ (​Artificial​ ​Ion​i​z​in​g​ ​Radiation​) ​ដែល​ជា​ការ​ព្យាបាល​ដោយ​បាញ់​កាំរស្មី​សម្រាប់​ជំងឺ​មហារីក​ប្រភេទ​ផ្សេងៗ​ដែល​អ្នកជំងឺ​ធ្លាប់​ទទួល​ ​និង​​កត្តា​ការ​ឆ្លង​ចូល​នៃ​វី​រុ​ស​មួយ​ចំនួន​ ​តួយ៉ាង​ ​វីរ​រុ​ស​ ​H​T​L​V​-1 (​Human​ ​T​-​L​y​m​p​h​o​tropic​ ​Virus​ ​Type​ 1)។​ ​ដូចគ្នា​នេះ​ដែរ​ ​អ្នកជំងឺ​ដែល​ធ្លាប់​ទទួលការ​ព្យាបាល​ជំងឺ​មហារីក​ដោយ​បច្ចេកទេស​ ​Chem​o​therapy​ (​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​គីមី​) ​ក៏​នឹង​ប្រឈមមុខនឹង​ការ​វិវឌ្ឍ​ទៅជា​ជំងឺ​មហារីក​គ្រាប់​ឈាម​នៅ​ថ្ងៃ​អនាគត​។​ ​ម្យ៉ាង​វិញ​ ​វាក៏​អាច​កើតឡើង​ដោយសារតែ​ការ​ប៉ះពាល់​នឹង​សារធាតុ​បង់​ហ្សែ​ន​ (​Benzene​) ​ដែល​ជា​សារធាតុ​រាវ​ម្យ៉ាង​ដែល​មាន​ប្រើប្រាស់​នៅ​ក្នុង​ប្រភេទ​ទឹក​ថ្នាំ​លាង​ស​ម្អា​ត​មួយ​ចំនួន​ ​និង​ថ្នាំលាប​ពណ៌​សក់​។​ ​ដោយឡែក​ ​វាក៏​អាច​បណ្តាលមកពី​កត្តា​សេ​នេទិ​ក​ ​ឬ​ ហ្សែ​ន​ ​មានន័យ​ថា​ ​កុមារ​ដែល​មាន​រោគសញ្ញា​ប្រភេទ​ ​Down​ ​Sy​n​d​ro​me​ ​មានការ​ចម្លង​តែ​មួយភាគបី​នៃ​ក្រូម៉ូ​សូម​ ​២​១​។​ ​នេះ​បណ្តាលឲ្យមាន​កំណើន​ហា​និ​ភ័យ​នៃ​ជំងឺ​មហារីក​គ្រាប់​ឈាម​ប្រភេទ​ ​Acute​ ​m​y​e​l​o​i​d​ ​l​e​uk​e​m​i​a​ (​AM​L​) ​ឬ​ប្រភេទ​ ​Acute​ ​L​y​m​p​h​oc​y​tic​ ​L​e​uk​e​m​i​a​ (​ALL​) ​ចន្លោះ​២​-​៣​ % ​ដែល​ជា​ ​អត្រា​ខ្ពស់​ជាង​បើ​ធៀប​នឹង​កុមារ​ដែល​គ្មាន​រោគសញ្ញា​នេះ​។​ ​កត្តា​ហ្សែ​ន​មួយទៀត​នោះ​គឺ​ ​រោគសញ្ញា​ឈ្មោះ​ ​L​i​-​F​r​a​u​men​i​ ​ដែល​បណ្តាលឲ្យមាន​ការផ្លាស់ប្តូរ​នៅ​ក្នុង​ហ្សែ​ន​ ​T​P​53 ​នៅ​ក្នុង​ខ្លួនមនុស្ស​។​

            លើស​ពី​នេះ​ ​វា​អាច​បណ្តាលមកពី​ប្រវត្តិ​ជំងឺ​ក្នុង​គ្រួសារ​របស់​អ្នកជំងឺ​ផ្ទាល់​។​ ​កាលណា​មនុស្ស​ណា​ម្នាក់​មាន​បងប្អូនបង្កើត​ដែល​មាន​ជំងឺ​មហារីក​គ្រាប់​ឈាម​ហើយ​នោះ​ ​វា​អាច​ចម្លង​ហា​និ​ភ័យ​នៃ​ជំងឺ​នេះ​ក្នុង​ក​ម្រិ​ត​ទាប​ប៉ុន្តែ​គួរឲ្យ​កត់​សម្គាល់​ដែរ​ ​ព្រោះ​ប្រសិនបើ​មនុស្ស​នោះ​មាន​បងប្អូន​ភ្លោះ​ដែល​មាន​ផ្ទុក​ជំងឺ​នេះ​ ​ពួកគេ​មានឱកាស​ ​១​/​៥​ ​ដែល​អាច​មាន​ជំងឺ​មហារីក​កើតឡើង​បាន​ដូចគ្នា​។​ ​ទន្ទឹម​នឹង​នេះ​ ​វាក៏​ទាក់ទង​នឹង​បញ្ហា​តំណពូជ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ​ពោល​គឺ​ ​ស្ថានភាព​តំណពូជ​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​ដែល​មាន​បញ្ហា​ណាមួយ​ក៏​នឹង​បង្កើន​ហា​និ​ភ័យ​នៃ​ការ​ឆ្លង​ជំងឺ​ប្រភេទ​ធ្ងន់​ ​និង​ ​ជំងឺ​មហារីក​គ្រាប់​ឈាម​ដូចគ្នា​។​ ​ដោយឡែក​ ​កុមារ​ដែល​មាន​ជំងឺ​មហារីក​គ្រាប់​ឈាម​តាំង​ពីក្មេង​មក​អាច​នឹង​វិវឌ្ឍ​មកពី​ការរារាំង​ប្រព័ន្ធ​ភាព​ស៊ាំ​ដោយចេតនា​។​ ​នេះ​អាច​កើតឡើង​តាមរយៈ​ការវះកាត់​ផ្លាស់ប្តូរ​ផ្នែក​ណាមួយ​នៃ​សារពាង្គ​កាយ​ដែល​កុមារ​លេបថ្នាំ​ដើម្បី​បង្ការ​រាងកាយ​របស់​ពួកគេ​មិន​ឲ្យ​បដិសេធ​នឹង​សារី​រា​ង្គ​ថ្មី​។​ ​មាន​កត្តា​មួយ​ចំនួន​ទៀត​ដែល​តម្រូវ​ឲ្យ​មានការ​សិក្សាស្រាវជ្រាវ​ ​បន្ថែម​ទៀត​ពី​ទំនាក់ទំនង​របស់​វា​ជាមួយនឹង​ជំងឺ​មហារីក​ខាងលើ​ ​រួម​មាន​ ​ការ​ប៉ះពាល់​ជាមួយនឹង​វិ​ស័​យ​ អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​ ​ការ​ប៉ះពាល់​ជាមួយ​សារធាតុ​គីមី​នៅកន្លែង​ការងារ​ (​ឧ​ទា​: ​សាំង​, ​ម៉ា​ស៊ូត​, ​ថ្នាំ​សម្លាប់​សត្វល្អិត​) ​ការ​ជក់បារី​ ​និង​កា​រលាប​ពណ៌​សក់​ ​ជាដើម​៕​

Article​ ​by​ ​SRIN SOKMEAN


SUGGESTIONS