ជំងឺមហារីកគ្រាប់ឈាមគឺជំងឺមហារីកមួយប្រភេទនៃឈាម ឬខួរឆ្អឹងមនុស្ស។ ខួរឆ្អឹងមានតួនាទីបង្កើតកោសិកាឈាម។ ជំងឺមហារីកគ្រាប់ឈាមអាចកើតឡើងដោយសារបញ្ហាដែលពាក់ព័ន្ធនឹងការផលិតកោសិកាឈាមនេះឯង។ ជាទូទៅ វាប៉ះពាល់ទៅដល់កោសិកាឈាមស ឬហៅថា Leukocytes។ វាច្រើនតែកើតឡើងចំពោះមនុស្សដែលមានអាយុលើសពី៥៥ឆ្នាំឡើងទៅនិងមនុស្សដែលមានវ័យក្រោម១៥ឆ្នាំ។យោងតាមស្ថិតិចេញផ្សាយដោយវិទ្យាស្ថានជាតិជំងឺមហារីកនៃសហរដ្ឋអាមេរិក គេបានប៉ាន់ស្មានថា ប្រជាពលរដ្ឋចំនួន ៦១,៧៨០ នាក់ នឹងទទួលបានរោគវិនិច្ឆ័យជំងឺនេះសម្រាប់ឆ្នាំ២០១៩ ហើយក៏រំពឹងទុកថា ជំងឺនេះនឹងបណ្តាលឲ្យមានមនុស្សស្លាប់ចំនួនរហូតដល់ ២២,៨៤០ ក្នុងឆ្នាំដដែលនេះ។
ជំងឺមហារីកគ្រាប់ឈាមដំណាក់កាលធ្ងន់កើតមាន និងវិវឌ្ឍខ្លួនឆាប់រហ័ស ប៉ុន្តែជំងឺមហារីកគ្រាប់ឈាមលក្ខណៈរ៉ាំរ៉ៃនឹងធ្វើឲ្យអ្នកជំងឺមានស្ថានភាពកាន់តែអាក្រក់ទៅៗក្នុងរយៈពេលយូរ។ ជំងឺនេះកើតឡើងនៅពេលដែល DNA នៃកោសិកាឈាម ជាពិសេស កោសិកាឈាមស ត្រូវរងការខូចខាត។ វាបណ្តាលឲ្យកោសិកាឈាមលូតលាស់កើនឡើង និងបំបែកខ្លួនដោយមិនអាចគ្រប់គ្រងបាន។ កសិកាឈាមដែលមានសុខភាពល្អនឹងងាប់ ហើយកោសិកាថ្មីនឹងចូលមកជំនួសវាហើយវិវឌ្ឍខ្លួននៅក្នុងខួរឆ្អឹង។ រីឯកោសិកាឈាមដែលពុំប្រក្រតីនេះមិនងាប់តាមលក្ខណៈធម្មជាតិដូចនៅក្នុងវដ្តជីវិតរបស់វាទេ។ ផ្ទុយទៅវិញ ពួកវានឹងកាន់តែកើនឡើងពាសពេញក្នុងខួរឆ្អឹង។ នៅពេលដែលខួរឆ្អឹងបង្កកោសិកាមហារីកកាន់តែច្រើននោះ ពួកវានឹងចាប់ផ្តើមប្រជ្រៀតចូលពេញឈាម រាំងស្ទះដល់កោសិកាឈាមសមិនឲ្យលូតលាស់ និងបំពេញតួនាទីរបស់ខ្លួនបានជាប្រក្រតី។ ជាលទ្ធផល កោសិកាមហារីកបង្កើនចំនួនលើសកោសិកាល្អនៅក្នុងឈាម។
រីឯកត្តាដែលបង្កហានិភ័យឲ្យមានជំងឺនេះឡើង គឺមានច្រើនយ៉ាងណាស់ ប៉ុន្តែកត្តាដែលសំខាន់ៗជាងគេក្នុងចំណោមនោះមានដូចជា ការបាញ់កាំរស្មីអ៊ីយ៉ុងសិប្បនិម្មិត (Artificial Ionizing Radiation) ដែលជាការព្យាបាលដោយបាញ់កាំរស្មីសម្រាប់ជំងឺមហារីកប្រភេទផ្សេងៗដែលអ្នកជំងឺធ្លាប់ទទួល និងកត្តាការឆ្លងចូលនៃវីរុសមួយចំនួន តួយ៉ាង វីររុស HTLV-1 (Human T-Lymphotropic Virus Type 1)។ ដូចគ្នានេះដែរ អ្នកជំងឺដែលធ្លាប់ទទួលការព្យាបាលជំងឺមហារីកដោយបច្ចេកទេស Chemotherapy (ការព្យាបាលដោយប្រើថ្នាំគីមី) ក៏នឹងប្រឈមមុខនឹងការវិវឌ្ឍទៅជាជំងឺមហារីកគ្រាប់ឈាមនៅថ្ងៃអនាគត។ ម្យ៉ាងវិញ វាក៏អាចកើតឡើងដោយសារតែការប៉ះពាល់នឹងសារធាតុបង់ហ្សែន (Benzene) ដែលជាសារធាតុរាវម្យ៉ាងដែលមានប្រើប្រាស់នៅក្នុងប្រភេទទឹកថ្នាំលាងសម្អាតមួយចំនួន និងថ្នាំលាបពណ៌សក់។ ដោយឡែក វាក៏អាចបណ្តាលមកពីកត្តាសេនេទិក ឬ ហ្សែន មានន័យថា កុមារដែលមានរោគសញ្ញាប្រភេទ Down Syndrome មានការចម្លងតែមួយភាគបីនៃក្រូម៉ូសូម ២១។ នេះបណ្តាលឲ្យមានកំណើនហានិភ័យនៃជំងឺមហារីកគ្រាប់ឈាមប្រភេទ Acute myeloid leukemia (AML) ឬប្រភេទ Acute Lymphocytic Leukemia (ALL) ចន្លោះ២-៣ % ដែលជា អត្រាខ្ពស់ជាងបើធៀបនឹងកុមារដែលគ្មានរោគសញ្ញានេះ។ កត្តាហ្សែនមួយទៀតនោះគឺ រោគសញ្ញាឈ្មោះ Li-Fraumeni ដែលបណ្តាលឲ្យមានការផ្លាស់ប្តូរនៅក្នុងហ្សែន TP53 នៅក្នុងខ្លួនមនុស្ស។
លើសពីនេះ វាអាចបណ្តាលមកពីប្រវត្តិជំងឺក្នុងគ្រួសាររបស់អ្នកជំងឺផ្ទាល់។ កាលណាមនុស្សណាម្នាក់មានបងប្អូនបង្កើតដែលមានជំងឺមហារីកគ្រាប់ឈាមហើយនោះ វាអាចចម្លងហានិភ័យនៃជំងឺនេះក្នុងកម្រិតទាបប៉ុន្តែគួរឲ្យកត់សម្គាល់ដែរ ព្រោះប្រសិនបើមនុស្សនោះមានបងប្អូនភ្លោះដែលមានផ្ទុកជំងឺនេះ ពួកគេមានឱកាស ១/៥ ដែលអាចមានជំងឺមហារីកកើតឡើងបានដូចគ្នា។ ទន្ទឹមនឹងនេះ វាក៏ទាក់ទងនឹងបញ្ហាតំណពូជពាក់ព័ន្ធនឹងប្រព័ន្ធភាពស៊ាំ ពោលគឺ ស្ថានភាពតំណពូជនៃប្រព័ន្ធភាពស៊ាំដែលមានបញ្ហាណាមួយក៏នឹងបង្កើនហានិភ័យនៃការឆ្លងជំងឺប្រភេទធ្ងន់ និង ជំងឺមហារីកគ្រាប់ឈាមដូចគ្នា។ ដោយឡែក កុមារដែលមានជំងឺមហារីកគ្រាប់ឈាមតាំងពីក្មេងមកអាចនឹងវិវឌ្ឍមកពីការរារាំងប្រព័ន្ធភាពស៊ាំដោយចេតនា។ នេះអាចកើតឡើងតាមរយៈការវះកាត់ផ្លាស់ប្តូរផ្នែកណាមួយនៃសារពាង្គកាយដែលកុមារលេបថ្នាំដើម្បីបង្ការរាងកាយរបស់ពួកគេមិនឲ្យបដិសេធនឹងសារីរាង្គថ្មី។ មានកត្តាមួយចំនួនទៀតដែលតម្រូវឲ្យមានការសិក្សាស្រាវជ្រាវ បន្ថែមទៀតពីទំនាក់ទំនងរបស់វាជាមួយនឹងជំងឺមហារីកខាងលើ រួមមាន ការប៉ះពាល់ជាមួយនឹងវិស័យ អេឡិចត្រូម៉ាញ៉េទិច ការប៉ះពាល់ជាមួយសារធាតុគីមីនៅកន្លែងការងារ (ឧទា: សាំង, ម៉ាស៊ូត, ថ្នាំសម្លាប់សត្វល្អិត) ការជក់បារី និងការលាបពណ៌សក់ ជាដើម៕
Article by SRIN SOKMEAN