×

បណ្តុំ​រមណីយដ្ឋាន​លាក់ខ្លួន​ក្នុង​ភូមិ​សា​ស្រ្ត​ទឹកដី​ព្រៃ​នប់​

TRAVEL & LIVING 3 years ago
 
 

           ​ខេត្ត​ព្រះ​សី​ហ​នុ​ស្ថិតនៅ​ទិស​និរតី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ខេត្ត​នេះ​ស្ថិតនៅ​ជាប់នឹង​មាត់សមុទ្រ​វែង​ជាងគេ​នៅ​ក្នុង​ចំណោម​​ខេត្ត​ទាំងបួន​(​កែប​, ​កំពត​, ​កោះ​កុង​ ​និង​ព្រះ​សី​ហ​នុ) ​ដោយ​ខេត្ត​នេះ​មាន​ឆ្នេរសមុទ្រ​ប្រវែង​ ​១​៧​៥​គីឡូម៉ែត្រ​ ​ធៀប​ទៅ​នឹង​ឆ្នេរសមុទ្រ​កម្ពុជា​សរុប​ប្រវែង​ជាង​៤​៣​០​គីឡូម៉ែត្រ​។​ ​មហាជន​ភាគច្រើន​បាន​ស្គាល់​យល់​ដឹង​ត្រឹមតែ​ឆ្នេរ​ប៉ុន្មាន​កន្លែង​ ​ដែល​ងាយ​ទៅ​ក​ម្សាន្ត​ដោយសារ​មាន​ឆ្នេរខ្សាច់​ស​ល្អ​ ​មាន​ទឹក​ខៀវស្រងាត់​ងាយស្រួល​ចុះ​ងូត​ក​ម្សាន្ត ​សម្បូរ​អ្នក​លក់​ម្ហូបអាហារ​ហូបចុក​ ​និង​ស្ថិតនៅ​ក្នុង​ក្រុង​ព្រះ​សី​ហ​នុ​តែម្តង​ ​ដូចជា​ ​ឆ្នេរ​អូរ​ឈើទាល​ ​ឆ្នេរ​សុខា​ ​ឆ្នេរ​ហា​វ៉ៃ ​ឆ្នេរ​ឯករាជ្យ​ ​ឬ​ ​ឆ្នេរ​អូតែល​ ​៧​ជាន់​ ​និង​ ​ឆ្នេរ​អូរ​ត្រេះ​ ​ជាដើម​។​ ​តាមពិត​ទៅ​ ​ខេត្ត​ឯនាយ​សមុទ្រ​នេះ​លាក់កំបាំង​នូវ​ឆ្នេរ​ល្អ​ៗ​ដ៏​ស្រស់​ត្រកាល​ពី​ធម្មជាតិ​ដទៃទៀត​ ​រួម​មាន​ជាអាទិ៍​ ​ឆ្នេរ​ថ្ម​ធំ​, ​ឆ្នេរ​ព្រែក​ត្រែង​, ​ឆ្នេរ​ព្រែក​ចាក​ ​និង​មាន​ឆ្នេរ​មួយ​ចំនួន​ទៀត​នៅ​តាម​កោះ​ជាច្រើន​ទៀត​ដែល​មិនសូវ​មាន​អ្នក​ពី​ចម្ងាយ​ទៅលេង​ប៉ុន្មាន​នោះ​ឡើយ​។​

           ​​ការស្ថាបនា​ផ្លូវ​បេតុង​សម្រាប់​ខេត្ត​ព្រះ​សី​ហ​នុ​ឆ​ភ្ជាប់​ទៅកាន់​តំបន់​រាម​ក្នុងស្រុក​ព្រៃ​នប់​កំពុង​ក្លាយ​ជា​ការ​ចាប់​អារម្មណ៍​​ពី​​មហាជន​ជិត​ឆ្ងាយ​ចង់បើ​ក​ឆ្លងកាត់​ ​ព្រោះតែ​តាមផ្លូវ​មួយ​ចំនួន​សង្ខាង​ផ្លូវ​មាន​លក្ខណៈ​បែប​ធម្មជាតិ​ស្រស់បំព្រង​ ​រួម​ជា​ ​មួយ​នឹង​ទិសដៅ​ស្របតាម​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​ថែមទៀត​។​ក្រៅពី​ឆ្លងកាត់​គយគន់​ធម្មជាតិ​តំបន់​ឆ្នេរ​វែងអន្លាយ​ ​នៅ​មាន​ចំណុច​ដែល​ចាប់អារម្មណ៍​ខ្លាំង​បំផុត​ពីសំណាក់​មហាជន​ ​នោះ​គឺ​ដើមឈើ​ព្រៃ​មួយ​ដើម​ដែល​អជ្ញាធរ​បាន​រក្សាទុក​ធ្វើជា​រង្វង់​មូល​នៅកណ្តាល​ទ្រូងផ្លូវ​ស្ថាបនា​ថ្មី​ជិត​ចុង​ឆ្នេរ​អូរ​ត្រេះ​ ​ដែល​កំពុងតែ​ទាក់ទាញ​ ​ជាពិសេស​នោះ​គឺ​ការចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន​ក្នុង​បណ្តាញ​ក្នុង​សង្គម​ហ្វេសប៊ុក​ ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​ដាក់ឈ្មោះ​ថា​ ​«​ដើម​ឈើ​​ចាំ​ស្នេហ៍​»​ ​។​ ​ផ្លូវ​មួយ​ខ្សែ​ដែល​មាន​ដើមឈើ​នេះ​មានឈ្មោះ​ថា​ “​វិថី​ជំទាវ​ម៉ៅ​” ​គឺជា​ផ្លូវ​មួយ​ក្នុងចំណោម​ផ្លូវ​ក្រុង​ចំនួន​ ​៣​៤​ ​ខ្សែ​នៅ​ខេត្ត​ព្រះ​សី​ហ​នុ ​ប្រវែង​សរុប​ ​៨​២​,​១​៤​៥​ ​គីឡូម៉ែត្រ​ដែល​ត្រូវ​បាន​ស្ថាបនា​ឡើង​ថ្មី​ចុងក្រោយ​គេ​ ​ហើយក៏​កំពុង​ក្លាយ​ជា​ចំណុច​ទាក់ទាញ​ទេសចរ​ប្រុស​ស្រី​ជាតិ​និង​អន្តរជាតិ​ដែល​ឆ្លងកាត់​ខេត្ត​ព្រះ​សី​ហ​នុ​ផង​ដែរ​។​

           ​“​ដើមឈើ​ចាំ​ស្នេហ៍​” ​ជា​ប្រភេទ​ដើម​ជ្រៃត្រាង​មាន​ក​ម្ពស់ ​១​៥​ ​ម៉ែត្រ​ដែល​មាន​អាយុកាល​យូរឆ្នាំ​មក​ហើយ​ ​ហើយ​សិលា​ចាំ​ស្នេហ៍​ជា​ផ្ទាំង​ថ្ម​ធម្មជាតិ​ដ៏​ធំ​ថែមទៀត​ផង​។​ ​មូលហេតុ​ដែល​មិន​សម្រេច​កាប់ដើមឈើ​ ​និង​ ​ទម្លុះ​ផ្ទាំង​ថ្ម​ដែល​ស្ថិតនៅ​ពាក់កណ្តាល​ផ្លូវ​នេះ​ក៏​ដោយសារ​ចង់​រក្សាទុក​របស់​ដែល​មាន​ពី​ធម្មជាតិ​ ​ដើម្បី​ជា​គ្រឿង​លម្អ​សម្រាប់​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរ​ឲ្យទៅ​ក​ម្សាន្ត​លេង​នៅ​ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ​។​ ​ជា​រៀងរាល់ថ្ងៃ​ ​តែងតែ​មាន​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ជិះ​មក​ដល់កន្លែង​នេះ​ ​ហើយ​ពួកគាត់​តែងតែ​ឈប់​ដើម្បី​ថតរូប​ជាមួយនឹង​ដើមឈើ​ ​ដើម្បី​ជា​អនុ​ស្សា​វ​រី​យ៍​គ្រាន់នឹង​បង្អួត​បងប្អូន​សាច់ញាតិ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ចង់​មក​ទីនេះ​ដែរ​។​ ​ដើមឈើ​នេះ​ត្រូវ​បាន​គេ​ចាត់ទុកជា​និមិត្តរូប​សំខាន់​មួយ​នៃ​តំបន់​ឆ្នេរ​ជំទាវ​ម៉ៅ​។​
​គោលដៅ​សំខាន់​របស់​ក្រុម​ការងារ​សម្រាប់​ដំណើរ​ក​ម្សាន្ត​លើក​នេះ​គឺ​ភូមិ​សា​ស្រ្ត​ខណ្ឌ​ព្រៃ​នប់​។​ ​ដូចនេះ​ ​យើង​មិន​អាច​រំលង​ចោល​នូវ​តំបន់​ឧទ្យាន​ជាតិ​រាម​ដែល​ជា​សក្តានុពល​ទេសចរណ៍​ធំបំផុត​ប្រចាំ​តំបន់​នេះ​ឡើយ​។​ ​ប៉ុន្តែ​យើង​ព្យាយាម​រុករក​តំបន់​ក​ម្សាន្ត​ផ្សេងទៀត​ដែល​យើង​មិនធ្លាប់​ទៅដល់​ក្រៅពី​ឆ្នេរសមុទ្រ​រាម​ ​កោះ​រាជបុត្រ​ ​ឬ​កោះ​សំពោច​ ​និង​ ​ឆ្នេរ​មាស​ឆ្នេរ​ប្រាក់​ ​ដែល​អ្នកទេសចរ​ភាគច្រើន​បាន​ស្គាល់​រួចមក​ហើយ​។​ ​នៅ​តំបន់​នេះ​ ​យើង​បាន​ធ្វើដំណើរ​ផ្សងព្រេង​ទៅកាន់​រមណីយដ្ឋាន​ភ្នំ​ធម្មជាតិ​ក្បែរ​ឆ្នេរសមុទ្រ​មួយ​កន្លែង​នោះ​គឺ​ ​ភ្នំ​ព្រែក​ត្របែក​ ​ដែល​សព្វថ្ងៃ​អ្នក​វិនិយោគ​ជនជាតិ​ចិន​បាន​ប្រែក្លាយ​ឈ្មោះ​ទៅជា​ “​ភ្នំ​លិង្គ​” ​ដើម្បីឲ្យ​កាន់តែ​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នកទេសចរ​ពីគ្រប់ទិស​ទី​ ​ដោយសារតែ​នៅ​លើ​ភ្នំ​នេះ​ ​មាន​ថ្ម​ដុះ​ធម្មជាតិ​បី​ផ្ទាំង​ធំ​ៗ​ដែល​មាន​សណ្ឋាន​ខ្ពស់ត្រដែត​ស្ថិតនៅ​ទន្ទឹមគ្នា​ដូច​គេ​តម្រៀប​បញ្ឈរ​ប្រៀបបានទៅ​នឹង​ចម្លាក់​លិង្គព្រះឥសូរ​ដែល​ធម្មជាតិ​ប្រទាន​ជា​និមិត្តរូប​ប្រចាំ​តំបន់​ដ៏​មហស្ចារ្យ​ក​ម្រ​មាន​នៅកន្លែង​ណា​ផ្សេងទៀត​។​
​យើង​ត្រូវធ្វើ​ដំណើរ​ពត់​ពែន​បត់បែន​តាម​កាំជណ្តើរ​ឈើ​ក្នុងរយៈ​ក​ម្ពស់​ប្រមាណ​៥​០​-​៦​០​ម៉ែត្រ​ដែល​ត្រូវ​បាន​សង់​កាត់តាម​ជម្រាល​ផ្ទាំង​ថ្ម​ធំ​ៗ​និង​ព្រៃ​ព្រឹក្សា​ខៀវស្រងាត់​ស្ងប់ស្ងាត់​គ្មាន​ការ​រំខាន​ពី​មនុស្ស​ជំនួស​ដោយ​សំឡេង​បក្សាបក្សី​ ​។​ ​លើស​ពី​នេះ​ ​នៅ​ពេល​យើង​បាន​ទៅដល់​កំពូលភ្នំ​នេះ​ ​យើង​អាច​ឈរ​អែបនឹង​បង្កាន់ដៃ​ឈើ​សម្លឹង​គយគន់​ឃើញ​ផ្ទៃ​សមុទ្រ​លាតសន្ធឹង​ដាច់កន្ទុយភ្នែក​ ​មាន​កោះ​តូច​ធំ​កណ្តាល​ផ្ទៃ​សមុទ្រ​ ​ព្រមទាំង​ទូក​នេសាទ​បែ​ប្រពៃណី​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ជិតខាង​នោះ​បណ្តែត​ខ្លួន​កាត់តាម​ផ្ទៃ​ទឹក​ដ៏​ធំ​ល្វឹងល្វើយ​ជ្រែក​ទឹករលក​គ្រាំៗ​ ​សត្វ​រំពេ​រ​សមុទ្រ​ហិចហើរ​សំកាំង​រក​ចំណី​កៀង​គូរ​កៀកកើយ​ ​បង្កើត​បានជា​ផ្ទាំង​ទស្សនីយភាព​យ៉ាង​រស់រវើក​។​

           ​​បន្ទាប់ពី​សម្រេច​គោលដៅ​ទាំងនេះ​ហើយ​ ​យើង​បាន​បន្ត​ដំណើរ​ឆ្ពោះទៅ​កាន់​តំបន់​រមណីយដ្ឋាន​ថ្មី​ចំនួន​ពីរ​ទៀត​ស្ថិត​នៅចន្លោះ​តំបន់​អភិវឌ្ឍន៍​កែវ​ផុស​និង​វាល​រេញ​ ​គឺ​ ​រមណីយដ្ឋាន​ទឹកធ្លាក់​ព្រៃ​នប់​ ​និង​ ​រមណីយដ្ឋាន​ធម្មជាតិ​-​កែច្នៃ​បន្ទាយ​ទ័ព​។​ ​ទឹកធ្លាក់​ព្រៃ​នប់​ ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​បត់​សិរ​ ​មាន់​ ​ឃុំ​ព្រៃ​នប់​ ​ស្រុក​ព្រៃ​នប់​ ​ខេត្ត​ព្រះ​សី​ហ​នុ ​និង​មាន​ចម្ងាយ​ប្រមាណ​៤​០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​ព្រះ​សី​ហ​នុ​។​ ​បើ​យើង​ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​៤​ ​មកដល់​ទីតាំង​ចំការ​ឧកញ៉ា​ ​លូ​ ​គឹម​ឈុន​ ​តាម​ផ្ផូ​វ​ក្រាល​គ្រោះ​ក្រហម​មួយ​ខ្សែ​ប្រហែលជា​៣​គ​.​ម​ ​ដោយ​ចំណាយ​រយៈពេល​ត្រឹមតែ​១​៥​នាទី​ ​យើង​នឹង​ទៅដល់​រម​យ​ណី​ដ្ឋា​ន​កែច្នៃ​ទឹកធ្លាក់​ព្រៃ​នប់​ជាក់​ជាមិនខាន​។​ ​វា​មាន​ទីតាំង​ជាប់នឹង​ជើងភ្នំ​ដែល​មាន​ខ្សែទឹក​ហូរ​ចុះ​ពីលើ​ភ្នំ​គូរ​ឲ្យ​ចង់​គយគន់​។​ ​នៅ​ទីនោះ​ភ្ញៀវ​អាច​ងូតទឹក​លេង​ ​ដើរ​ក​ម្សាន្ត​គយគន់​ទេសភាព​ក្នុង​តំបន់​ព្រៃ​ភ្នំ​ជិត​ៗ​នោះ​ ​និង​ទទួលទាន​អាហារ​លក្ខណៈ​ពិ​ក​និ​ក​ជួបជុំ​ក្រុម​គ្រួសារ​ឬ​មិត្តភក្តិ​។​ ​សម្រាប់​កន្លែង​អង្គុយ​វិញ​ ​រមណីយដ្ឋាន​ទឹកធ្លាក់​ព្រៃ​នប់​មាន​ក្យុ​ស​អង្គុយលេង​ជាច្រើន​សម្រាប់​ភ្ញៀវ​ទេសចរ​ ​ហើយក៏​មាន​ចំណត​យានយន្ត​ធំ​ទូលាយ​អំណោយផល​ល្អ​សម្រាប់​ការ​ចត​រថយន្ត​តូច​ធំ​គ្រប់​ប្រភេទ​។​

           ​ទន្ទឹម​នឹង​រមណីយដ្ឋាន​ទឹកធ្លាក់​ខាងលើ​ ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីនោះ​ ​មាន​រមណីយដ្ឋាន​ដែល​ទើបនឹង​ផ្ទុះ​ល្បី​ចុង​ក្រោយគេបង្អស់​ក្នុង​ទឹកដី​ខេត្ត​ព្រះ​សី​ហ​នុ ​ដែល​ជា​រមណីយដ្ឋាន​ឯកជន​ស្ថិតនៅ​ភូមិ​អូរ​តា​ប៉ាង​ ​ឃុំ​អូរ​ឧកញ៉ា​ហេង​ ​ស្រុក​ព្រៃ​នប់​ ​ខេត្ដ​ព្រះ​សី​ហ​នុ ​ដែល​បាន​យកឈ្មោះ​តាម​លំនាំ​ប្រាសាទបុរាណ​ខ្មែរ​មួយ​នៅ​ខេត្ត​បន្ទាយ​មានជ័យ​ ​គឺ​ប្រាសាទ​បន្ទាយ​ទ័ព​។​ ​លក្ខណៈ​ពិសេស​បំផុត​នៃ​ទីតាំង​នេះ​គឺ​រមណីយដ្ឋាន​កែច្នៃ​ថ្មី​នេះ​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ឯកជន​រចនា​ឡើង​ដោយមាន​​​រូប​ចម្លាក់​ថ្មី​ច្រើន​ប្រភេទ​ដែល​ឆ្លាក់​ចេញពី​ផ្ទាំង​ថ្ម​នៅនឹង​កន្លែង​ខ្លះ​ ​និង​នាំ​យកមក​ពី​ខាងក្រៅ​ខ្លះ​បង្កើត​បានជា​ទស្សនីយភាព​បែប​ធម្មជាតិ​និង​សិល្បៈ​ទាក់ទាញ​ការចាប់អារម្មណ៍​ច្រើន​ពី​មហាជន​ដោយសារតែ​ការរៀបចំ​រចនា​មើលទៅ​ស្រដៀង​ទៅ​នឹង​ទីតាំង​ប្រាសាទបុរាណ​បង្កប់​ក្នុង​ល្អាង​ជ្រោះ​ភ្នំ​។​ប៉ុន្តែ​គួរ​កត់ចំណាំ​ថា​ ​រមណីយដ្ឋាន​នេះ​ពុំ​មាន​សំណង់​ប្រាសាទ​ដែល​ជា​បុរាណ​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​ជាតិ​នោះ​ឡើយ​ ​អ្វីៗ​សុទ្ធតែ​ជា​ការ​ច្នៃ​បង្កើត​ថ្មី​ទាំងអស់​។​ ​ក្រោយ​ពី​បាន​អាន​ព័ត៌មាន​អំពី​គោលដៅ​ទេសចរណ៍​ថ្មីៗ​ដែល​កំពុង​រះ​ឡើង​ក្នុង​ទឹកដី​ព្រៃ​នប់​នេះ​ហើយ​ ​តើ​លោកអ្នក​ពេញចិត្ត​និង​ប្រាថ្នា​ចង់​ទៅ​ទស្សនា​រមណីយដ្ឋាន​ណាមួយ​ក្នុងចំណោម​នោះ​ជាងគេ​?

Article by SRIN SOKMEAN


SUGGESTIONS