×

បឹង​ឈូក​ ​ផ្ទាំង​គំនូរ​ដ៏​មានន័យ​ពី​វិចិត្រករ​ ​ព្រហ្ម​ ​ពន្លឺ​

NEWS 2 years ago
 
 

           ​ផ្កាឈូក​គឺជា​ផ្កា​មួយ​ប្រភេទ​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ ​បង្ហាញ​ពី​ភាព​ទន់ភ្លន់​ ​បរិសុទ្ធិ​ ​ហើយក៏​ជា​ផ្កា​ដែល​ប្រជាជន​ខ្មែរយើង​ច្រើន​យកមក​គោរព​បូជា​ថ្វាយព្រះ​ ​និង​ប្រើ​ជា​ប្រយោជន៍​ច្រើនយ៉ាង​ ​រាប់​តាំងពី​ ​មើម​ ​ដើម​ ​ស្លឹក​ ​ផ្កា​ ​រហូតដល់​ផ្លែ​។​ ​សម្រស់​របស់​បុប្ផា​សាយ​គន្ធពិដោរ​ប្រហើរ​ស្រទន់​មួយ​នេះ​ ​ត្រូវ​បាន​គេ​យកមក​លាតត្រដាង​ទៅលើ​សិល្បៈ​ចម្លាក់​ ​ស​ម្លៀ​ក​បំពាក់​ ​និង​រូបគំនូរ​ជាដើម​។​ ​ជាក់ស្តែង​ដូចជា​វិចិត្រករ​គំនូរ​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប​នៅ​ខេត្ត​សៀមរាប​ ​លោក​បាន​យក​សម្រស់​របស់​ផ្កាឈូក​មក​បង្កើត​ជា​រូបគំនូរ​ច្រើន​ផ្ទាំង​ដែល​បង្កប់​ទៅ​ដោយ​អត្ថន័យ​យ៉ាង​អាថ៌កំបាំង​ ​ក្រោម​ចំណងជើង​ថា​ ​«​បឹង​ឈូក​»​។​

           ​​«​បឹង​ឈូក​»​ ​គឺជា​កម្រង​គំនូរ​ដែល​ធ្វើឡើង​ប្រមាណ​ជិត​ ​១​០​ផ្ទាំង​ ​ដែល​ផ្ទាំង​នីមួយៗ​មានសាច់​រឿង​ពិសេស​ ​និង​បង្កប់​អត្ថន័យ​ផ្សេងៗ​គ្នា​។​ ​ដូច្នេះ​ ​តើ​ផ្ទាំង​គំនូរ​នីមួយៗ​មាន​បង្កប់​អត្ថន័យ​ ​និង​មាន​ភាព​ស្រស់​ស្អាត​យ៉ាងណា​នោះ​? តោះ! ​យើង​ទៅ​ទស្សនា​ ​និង​ជ្រាប​ការ​បរិយាយ​របស់​វិចិត្រករ​គំនូរ​រូប​នេះ​ដូច​ខាងក្រោម​៖​

1. ​ចំណងជើង​៖​ ​«​ការ​បន់ស្រន់​ព្រះពុទ្ធជាម្ចាស់​»​

           ​​ពិពណ៌នា​គំនូរ​៖​ “​បឹង​ឈូក​មួយ​បាន​បង្កប់​ស្រមោល​រូប​ព្រះ​នៅកណ្តាល​ ​បង្ហាញ​ពី​ជំនឿ​លើ​ព្រះពុទ្ធសាសនា​ ​ដែល​ទម្លាប់​ប្រជាជន​ខ្មែរ​តែង​មានការ​បន់ស្រន់​ ​ការគោរព​បូជា​ ​ការ​បួងសួង​ ​ការ​ឧទ្ទិស​ ​និង​ពេល​មាន​ពិធីបុណ្យ​ទាន​រមែង​ទៅ​វត្តអារាម​ ​មាន​ធូប​ ​មាន​ទៀន​ ​អ្វី​ដែល​មិន​ភ្លេច​នោះ​គឺ​ ​ផ្កាឈូក​ ​ដែល​ជា​ផ្កា​សម្រាប់​ថ្វាយព្រះ​។​ ​បើ​ក្រឡេក​មក​មើល​ផ្កាឈូក​វិញ​គឺ​ប្រៀប​បាន​នឹង​ដៃ​កំពុង​លើក​សំពះ​ ​រីឯ​ស្លឹក​ឈូក​វិញ​គឺ​តំណាង​ឲ្យ​ប្រជាជន​ខ្មែរយើង​ដែល​គោរព​ព្រះពុទ្ធសាសនា​។​”

2. ​ចំណងជើង​៖​ ​«​ជីវិត​រសាត់អណ្តែត​»​

           ​​ពិពណ៌នា​គំនូរ​៖​ “​បង្ហាញ​អំពី​ខ្សែ​ជីវិត​របស់​ខ្ញុំ​ផ្ទាល់​។​ ​រូប​ទូក​តំណាង​ឲ្យ​ខ្លួនខ្ញុំ​ ​ដែល​ខ្ញុំ​ជា​កូនកំព្រា​ ​មានជីវិត​រសាត់អណ្តែត​ ​រក​មិន​ឃើញ​កោះ​ត្រើយ​ ​តែលតោល​ដូចជា​ទូក​កណ្តាល​បឹង​។​ ​រីឯ​មូលហេតុ​ដែល​ទូក​គ្មាន​ច្រវា​អុំ​ ​ហើយ​មាន​តំណក់​ភ្លៀង​ ​គឺ​ចង់​បង្ហាញ​ពី​ជីវិត​ខ្ញុំ​ដែល​គ្មាន​អ្នក​ជួយជ្រោមជ្រែង​ ​គ្មាន​អ្នកជួយ​ចូក​ជួយ​ចែវ​អ្វី​ឡើយ​ ​ពោល​គឺ​ប្រឹងប្រែង​ដោយខ្លួនឯង​ដែល​ឆ្លងកាត់​ព្យុះភ្លៀង​ ​និង​ទុក្ខ​លំបាក​ជាច្រើន​។​ ​ចំពោះ​ចំណុច​បញ្ចប់​នៃ​រូបគំនូរ​គឺ​ ​គ្រាន់តែ​សង្ឃឹម​ថា​គោលដៅ​ជីវិត​ចុងក្រោយ​របស់​ខ្ញុំ​ដូចជា​ទូក​មួយ​ដែល​អាច​​​រក​ឃើញ​ត្រើយ​ ​ហើយ​អាច​ចត​បាន​យ៉ាង​មាន​លំនឹង​ ​មិន​រសាត់អណ្តែត​ដូច​ពីមុន​ទៀត​។​”

3. ​ចំណងជើង​៖​«​ជីវិត​ខ្ញុំ​»​

           ​ពិពណ៌នា​គំនូរ​៖​ “​អត្ថន័យ​ក៏​មិន​ខុស​ពី​រូប​ខាងលើ​ប៉ុន្មាន​ដែរ​ ​គឺ​នៅពេលដែល​ខ្ញុំ​ចាកចេញ​ពី​បងប្អូន​ ​រស់នៅ​តែម្នាក់ឯង​ ​ជីវិត​មួយ​ដែល​តែលតោល​ជួប​ព្យុះភ្លៀង​។​ ​ហើយ​រូប​ផ្កាឈូក​ដែល​ដុះ​ចេញ​មក​គឺ​ដកស្រង់​ពី​ការលូតលាស់​នៃ​ជីវិត​ខ្ញុំ​ ​ព្រោះ​ទម្រាំ​បាន​ដូច​សព្វថ្ងៃ​មាន​ស្នាដៃ​ដាក់​បង្ហាញ​ ​គឺ​ខ្ញុំ​ត្រូវ​ជួបប្រទះ​ជីវិត​ដែល​មាន​ឧបសគ្គ​ជាច្រើន​ ​ប្រៀប​បាន​នឹង​ដើម​ឈូក​ទម្រាំតែ​លូត​ចេញ​ជា​ផ្កា​ជា​ផ្លែ​មក​គឺ​មិន​ងាយ​នោះ​ទេ​ ​ត្រូវ​ដុះ​កាត់​ភក់​កាត់​ជ្រាំ​ ​ទើប​អាច​លូត​បាន​។​”

4. ​ចំណងជើង​៖​ ​«​បណ្តែត​ប្រទីប​នៅ​ពេល​ព្រះចន្ទពេញវង់​»​

           ​​ពិពណ៌នា​គំនូរ​៖​ “​ផ្កាឈូក​ដែល​មាន​ពណ៌​ទឹកក្រូច​ចង់​បង្ហាញ​ពី​សិល្បៈ​នៃ​ការ​គូរ​។​ ​ទោះ​ពណ៌​អ្វី​ក៏​ជា​សិល្បៈ​ដែរ​នៅពេលដែល​តែងលំអ​ទៅលើ​វត្ថុ​អ្វីមួយ​ ​ព្រោះ​វា​ជា​ផ្នត់គំនិត​របស់​សិល្បករ​។​ ​មួយវិញទៀត​ ​នៅ​ពេល​មានបុណ្យ​ទាន​ម្តងៗ​ដូច​ជាពិធី​បុណ្យអុំទូក​ ​រមែង​មានការ​បណ្តែត​ប្រទីប​ ​ហើយ​ភាគច្រើន​ប្រទីប​ទាំងនោះ​គឺ​ធ្វើ​ពី​ដើមចេក​ ​និង​មាន​ផ្កាឈូក​ជាដើម​។​ ​ហេតុ​ដូចនេះ​ ​នៅ​ពេល​ប្រទីប​បណ្តែត​ក្រោម​ពន្លឺ​ព្រះចន្ទ​ ​ជះ​ដោយ​ពន្លឺភ្លើង​ទៀន​ទៀត​នោះ​បាន​ធ្វើឲ្យ​ស្រមោល​ជះ​ទៅលើ​ផ្ទៃ​ទឹកជា​ពណ៌​ទឹកក្រូច​។​”

5. ​ចំណងជើង​៖​ ​«​សម្រស់​នៅ​ពេលថ្ងៃ​លិច​ ​និង​សម្រស់​នៅ​ពេល​រាត្រី​»​

           ​​ពិពណ៌នា​គំនូរ​៖​ ​«​អត្ថន័យ​នៃ​រូប​ខាងលើ​​គឺ​ ​ពន្លឺ​ពណ៌​មាស​នៃ​ថ្ងៃ​រៀប​លិច​ដែល​ក្រាល​ពាសពេញ​បឹង​ឈូក​ ​ធ្វើឲ្យស​ម្រស់​របស់​ផ្កាឈូក​រំ​លេចចេញ​ជា​ពណ៌​មាស​កាន់តែ​ស្រស់​ស្អាត​ទ្វេ​ឡើង​។​ ​ចំណែក​ឯ​រូប​ខាងក្រោម​​ក៏​មិន​ខុស​ពី​រូប​ខាងលើ​ប៉ុន្មាន​ដែរ​ ​គ្រាន់តែ​បង្ហាញ​ពី​ពេលវេលា​ខុសគ្នា​តែប៉ុណ្ណោះ​ ​ដែល​ពណ៌ខៀវ​បញ្ជាក់​ថា​ជា​ពេល​រាត្រី​មាន​សម្រស់​មួយ​បែប​»​។​

           ​​គួរឲ្យ​ដឹង​ដែរ​ថា​ ​រូបគំនូរ​ទាំងអស់​នេះ​ក៏​នឹង​ត្រៀម​ដាក់​បង្ហាញ​ជា​ផ្លូវការ​តាម​វិចិត្រសាល​នានា​នៅ​ពេល​ខាងមុខនេះ​៕​

​Article​ ​by​ ​SOUNG SOKSAN


SUGGESTIONS