តើអ្វីទៅជាជំងឺរលាកសន្លាក់? ជំងឺរលាកសន្លាក់គឺជាជំងឺបង្កដោយការសឹករេចរឹលនៃស្រទាប់ឆ្អឹងខ្ចី ឬនៅសន្លាក់ឆ្អឹងណាមួយធ្វើឲ្យមានការឈឺចុកចាប់ ហើម ជួនរឹង អាចប៉ះពាល់លើគ្រប់សន្លាក់ទាំងអស់ ភាគច្រើនគេសង្កេតឃើញកើតនៅម្តុំឆ្អឹងខ្នង ត្រគាក ដៃ និងជង្គង់។ ជំងឺរលាកសន្លាក់មានការរីករាលដាល និងវិវឌ្ឍទៅតាមវ័យ បើយោងតាមវិទ្យាស្ថានជំងឺសន្លាក់និងឆ្អឹងនៅអាមេរិក ជំងឺនេះមិនត្រឹមតែកើតលើមនុស្សវ័យចំណាស់អាយុចាប់ពី៦៥ឆ្នាំឡើងទៅប៉ុណ្ណោះទេ សូម្បីមនុស្សពេញវ័យ វ័យជំទង់ និងកុមារក៏អាចកើតផងដែរ។ ដោយសារតែជំងឺសន្លាក់មានរោគសញ្ញាស្រដៀងទៅនឹងការឈឺចុកចាប់រាងកាយ និងអាការនៃជំងឺផ្សេងៗ វាពិតជាចាំបាច់ណាស់ដែលតម្រូវឲ្យយើងឧស្សាហ៍ទៅត្រួតពិនិត្យវិនិច្ឆ័យជាមួយគ្រូពេទ្យជំនាញ។ អ្នកខ្លះកើតជំងឺនេះមិនបង្ហាញរោគសញ្ញាឈឺចាប់អ្វីសូម្បីបន្តិច លុះទៅថតឆ្លុះទើបដឹងថាឆ្អឹងខ្ចីខូច ខណៈដែលអ្នកខ្លះទៀតឆ្អឹងខ្ចីចាប់ផ្តើមសឹករេចរឹលធ្វើឲ្យមានការឈឺចុងចាប់ភ្លាមៗតែម្តង។ ការដឹងទុកមុនជាផលល្អមួយដែលជួយទប់ស្កាត់ក៏ដូចជាការពារមិនឲ្យយើងទ្រុឌទ្រោមទាំងវ័យក្មេង។ នៅក្នុងអត្ថបទនេះយើងនឹងបរិយាយអំពីជំងឺរលាកសន្លាក់ដែលអាចកើតលើមនុស្សវ័យក្មេង។
ដូចបានជម្រាបខាងដើមរោគសញ្ញាជំងឺរលាកសន្លាក់ស្រដៀងទៅនឹងការឈឺចុកចាប់រាងកាយ និងអាការនៃជំងឺផ្សេងៗ ប៉ុន្តែជាមួយគ្នានេះយើងក៏អាចកត់សម្គាល់ទៅលើរោគសញ្ញាទូទៅមួយចំនួនរបស់វាដូចជា៖សន្លាក់មានការរោយ និងឈឺចុកចាប់ ជាពិសេសនៅពេលធ្វើចលនា, ការឈឺចុកចាប់កើតឡើងបន្ទាប់ពីមិនធ្វើកម្មភាពរយៈពេលយូរ ឬបន្ទាប់ពីធ្វើសកម្មភាពច្រើន, រឹងដៃរឹងជើងបន្ទាប់ពីបានសម្រាក ,មានអារម្មណ៍ឈឺនៅតាមសន្លាក់ឬគន្លាក់ម្រាមដៃ, ហើមតាមសន្លាក់លើសពីមួយកន្លែងដែលជាធម្មតាសម្រាប់ក្មេងកើតនៅត្រង់ជង្គង់ ត្រគាក និងកជើង, មានអារម្មណ៍ឮសំឡេងកកិតឆ្អឹងពេលធ្វើចលនា ជាពិសេសនៅត្រង់ជង្គង់ និងមានអារម្មណ៍ចេះតែច្រឡោតចង់កន្ត្រាក់ដៃកន្ត្រាក់ជើងនៅមិនស្ងៀម។ រោគសញ្ញាប៉ុន្មានចំណុចនេះប្រសិនបើកើតលើកូនរបស់អ្នកច្រើនជាងមួយសប្តាហ៍ វាដល់ពេលដែលអ្នកត្រូវយកកូនទៅជួបគ្រូពេទ្យត្រួតពិនិត្យដើម្បីតាមដានព្យាបាលបន្ថយភាពចុកចាប់ ក៏ដូចធ្វើឲ្យមុខងាររាងកាយប្រសើរឡើង។
មែនទែនទៅជំងឺសន្លាក់មិនមែនមានតែ១ប្រភេទនោះទេ វាមានលើសពី១០០ប្រភេទឯណោះ។ រៀងរាល់ឆ្នាំ មនុស្សវ័យជំទង់ និងមនុស្សពេញវ័យរាប់លាននាក់ រួមនឹងកុមារប្រមាណ៣០ម៉ឺននាក់បានកំពុងធ្វើរោគវិនិច្ឆ័យពាក់ព័ន្ធនឹងរោគសញ្ញាក៏ ដូចជាប្រឹក្សាការព្យាបាលជំងឺសន្លាក់។ ជាក់ស្តែង ជំងឺសន្លាក់ភាគច្រើនដែលកំពុងមានឥទ្ធិពលលើមនុស្សវ័យក្មេងមានដូចជា៖
Juvenile Idiopathic Arthritis គឺជាជំងឺសន្លាក់កើតលើកុមារ និងមនុស្សវ័យជំទង់ អាយុចាប់ពី៦ខែរហូតដល់១៦ឆ្នាំ។ ពាក្យថា idiopathic ឬមានន័យថាករណីមិនប្រាកដ ដែលនេះជាទម្រង់អាថ៌កំបាំងឬពិបាកសន្មតនៃជំងឺសន្លាក់មួយនេះ។ ឧទាហរណ៍ជាក់ស្តែង ខណៈដែលកុមារមួយចំនួនមានរោគសញ្ញារំខានរយៈពេលត្រឹម២ទៅ៣ខែ ក្មេងមួយចំនួនទៀតអាចមានរោគសញ្ញាធ្វើទុក្ខរយៈពេលវែងពេញមួយជីវិត។ ក្មេងខ្លះអាចមានរោគសញ្ញាគ្រុនក្តៅ ហើមក្រពេញទឹករងៃឬក្រពេញកូនកណ្តុរ ឡើងរមាស់ឬហើមស្បែក និងខ្លះទៀតវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរដូចជាការហើមរលាកភ្នែកជាដើម។
ជំងឺសន្លាក់ Rheumatoid Arthritis ឬហៅកាត់ថា RA គឺជាជំងឺ Autoimmune disease (ប្រព័ន្ធភាពសុំាប្រឆាំងនឹងខ្លួនឯង) ដែលបង្កទៅលើរាងកាយទាំងមូល និងបង្កផលរំខាននៅតាមសន្លាក់ទាំងអស់នៃរាងកាយ ហើយវាកើតឡើងចំពោះមនុស្សវ័យក្មេងនេះតែម្តង។ និយាយរួមទៅទាំងជំងឺសន្លាក់ប្រភេទ Rheumatoid Arthritis និងជំងឺសន្លាក់ Juvenile idiopathic arthritis បង្កឡើងដូចគ្នាដោយប្រព័ន្ធភាពសុំានៃរាងកាយនឹងវាយប្រហារកោសិកា ក៏ដូចជាជាលិកាខ្លួនឯង។ ករណីតំណពូជ និងបរិយាកាសជុំវិញខ្លួនក៏អាចជាផ្នែកមួយនៃការកើតជំងឺនេះផងដែរ។ សូម្បីការផ្លាស់ប្តូរកោសិកាពូជក៏អាចធ្វើឲ្យបុគ្គលងាយប្រឈមការវាយលុកពីបរិយាកាសជុំវិញខ្លួនដូចជាវីរុសធ្វើឲ្យកើតជំងឺផ្សេងៗមួយរំពេច។
Osteoarthritis គឺជាជំងឺសន្លាក់មួយប្រភេទទៀតដែលកម្រកើតលើមនុស្សវ័យក្មេង។ ប្រសិនបើកើតលើមនុស្សវ័យជំទង់ឬមនុស្សពេញវ័យ ជាទូទៅវាអាចកើតឡើងតាមរយៈការលេងកីឡា ឬអារម្មណ៍ស្ត្រេសច្រើនផ្ទួនៗ។ ហេតុផលដែលជំងឺនេះភាគច្រើនកើតឡើងទៅលើមនុស្សចាស់ គឺដោយសារតែការសឹក និងការអស់ទឹកសន្លាក់ទ្រុឌទ្រោមទៅតាមវ័យ។ អ្នកកាន់តែចាស់ប៉ុនណា សន្លាក់វានឹងធ្វើទុក្ខទៅតាមនោះ។ កត្តាដែលអាចធ្វើឲ្យមនុស្សវ័យក្មេងប្រឈមកើតជំងឺសន្លាក់នេះមានដូចជា៖ សន្លាក់មានលក្ខណៈខុសធម្មតាពីធម្មជាតិ (ពិសេសត្រង់ត្រគាក និងឆ្អឹងខ្នង) ការឡើងទម្ងន់ដែលធ្វើឲ្យមានសម្ពាធតាមសន្លាក់ (ពិសេសត្រង់ត្រគាក ឆ្អឹងខ្នង និងជង្គង់) ការធ្វើឲ្យរបួសត្រង់សន្លាក់ ការប្រើសន្លាក់ខ្លាំងនៅអំឡុងលេងកីឡា ធ្វើលំហាត់ប្រាណ ឬការធ្វើការងារប្រើកម្លាំង ហើយមួយទៀតភាពមិនស្មើគ្នានៃការលូតលាស់អ័រម៉ូន ឬជាតិដែកនៅក្នុងឈាមឡើងខ្ពស់។ ករណីជំងឺសន្លាក់ Osteoarthritis កើតលើកូនក្មេង និងមនុស្សវ័យជំទង់ក៏អាចបណ្តាលមកពីការឡើងទម្ងន់ទាំងវ័យក្មេងផងដែរ។ ក្មេងស្រី និងស្ត្រីអាចងាយប្រឈមកើតជំងឺសន្លាក់គ្រប់ប្រភេទជាងមនុស្សប្រុស នេះក៏ព្រោះតែប្រព័ន្ធភាពសុំារបស់មនុស្សស្រីខ្លាំងជាង និងការបម្រែបម្រួលកម្រិតអ័រម៉ូនរបស់ពួកគេ។
តើវាពិតជាមានសារៈសំខាន់ដែរទេដែលត្រូវធ្វើការព្យាបាលនៅវ័យក្មេង? ការពិតណាស់ការជួបជាមួយអ្នកជំនាញផ្នែកសន្លាក់មិនត្រឹមតែធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងអាចការពារស្ថានភាពជំងឺមិនឲ្យវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរផងដែរ។ មានហេតុផលមួយចំនួនដែលមនុស្សវ័យក្មេងគួរតែប្រញាប់ទៅជួបអ្នកជំនាញនៅពេលសង្ស័យថាខ្លួនកើតជំងឺសន្លាក់។ ១. ធ្វើការព្យាបាលទាន់ពេលដើម្បីការពារកុំឲ្យស្ថានភាពកាន់តែអាក្រក់ឡើងដូចជាការកើនឡើងអាការឈឺចុកចាប់ ហើយអាចកំណត់ការធ្វើចលនា និងកែសម្រួលរាងរៅរាងកាយដូចជាជើងកោងពីធម្មជាតិជាដើម។ ២.ឆាប់បានរៀនអំពីវិធីធ្វើលំហាត់ប្រាណដែលជួយពង្រឹងដល់សាច់ដុំដែលមិនបង្កើនស្ត្រេសឬសម្ពាធដល់សន្លាក់។ ៣. បានរៀនគ្រប់គ្រងទម្ងន់ដើម្បីទទួលបានសុខភាពល្អដោយជ្រើសរើសរបបអាហារត្រឹមត្រូវ និងធ្វើលំហាត់ប្រាណជាប្រចាំ។ ៤. បានយល់ដឹងពីការប្រើប្រាស់ឧបករណ៍ និងសម្ភារផ្សេងៗដើម្បីជួយសម្រួលដល់ការដើរកុំឲ្យឈឺចុកចាប់។ ៥. ទទួលបានបទពិសោធន៍ក្នុងការកាត់ហ្វឹកហាត់ធ្វើចលនាដើម្បីបន្ថយភាពឈឺចាប់។
សរុបទៅជំងឺសន្លាក់មិនត្រឹមតែកើតលើមនុស្សចាស់ប៉ុណ្ណោះទេ ជាមួយគ្នានេះវាក៏អាចកើតលើមនុស្សវ័យក្មេងរាប់តាំងពីកុមារភាពរហូតដល់វ័យជំទង់ និងមនុស្សពេញវ័យផងដែរ។ តាមការស្រាវជ្រាវមកទល់ពេលនេះនៅមិនទាន់មានក្រុមគ្រូពេទ្យណាមួយបញ្ជាក់ថាមានថ្នាំព្យាបាលជំងឺសន្លាក់ឲ្យជាសះស្បើយទាំងស្រុងនោះទេ ហេតុដូច្នេះ វាពិតជាចាំបាច់ដែលយើងគ្រប់គ្នាគួរគប្បីត្រួតពិនិត្យ និងថែទាំតាំងពីវ័យក្មេងដើម្បីការពារក៏ដូចជាកុំឲ្យវាទ្រុឌទ្រោមទៅតាមវ័យ។ ក្នុងនោះមានវិធីមួយចំនួនដែលជួយកាត់បន្ថយការប្រឈមកើតជំងឺសន្លាក់ដូចជា តែងតែរក្សាទម្ងន់ឲ្យសមស្រប គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ធ្វើលំហាត់ប្រាណស្រាលៗដូចជា ដើរ ជិះកង់ ឬហែលទឹក រយៈពេល៣០នាទី និង៥ដងក្នុងមួយសប្តាហ៍ ជៀសវាងបង្ករបួសនៅតាមសន្លាក់ពេលលេងកីឡាដោយពាក់សម្ភារការពារ ជៀសវាងជក់បារី ញុំាត្រី៣ដងក្នុងមួយសប្តាហ៍ ជាពិសេសត្រីសម្បូរជាតិអូមេហ្គា៣ និងឧស្សាហ៍ទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបានការណែនាំពីវិធីរស់នៅឲ្យកាន់តែប្រសើរ៕
Article by SRINSOKMEAN