សម្ភារចាំបាច់ទាំង១៣យ៉ាងដែលអ្នកដើរព្រៃត្រូវតែត្រៀមយកតាមខ្លួន
TRAVEL & LIVING 3 years agoការដើរព្រៃជាសកម្មភាពទេសចរណ៍ដែលកំពុងពេញនិយមនៅក្នុងប្រទេសយើងបច្ចុប្បន្ន ជាពិសេសសម្រាប់អ្នកដែលនិយមទេសចរណ៍បែបផ្សងព្រេង។ រមណីយដ្ឋានលាក់ខ្លួនក្នុងតំបន់ព្រៃភ្នំក្រំថ្មជាច្រើន ទីតាំងនៃប្រទេសកម្ពុជា តួយ៉ាង ភូមិភាគឦសាន តំបន់ជួរភ្នំក្រវាញកណ្តាល និង ជួរភ្នំក្រវាញខាងត្បូង ត្រូវ បានយុវជនយើងរុករកឃើញហើយចែករំលែករឿងរ៉ាវលើបណ្តាញសង្គមជាហូរហែ។ ដំណើររុករកធនធានទេសចរណ៍នៅតំបន់ទាំងនោះជាបទពិសោធន៍គួរឲ្យចាប់អារម្មណ៍ ប៉ុន្តែការត្រៀមខ្លួនក៏ជារឿងដែលទេសចរមិនអាចមើលរំលងបានដែរដើម្បីបង្ការពីហានិភ័យ ឬ កាត់បន្ថយបញ្ហាដែលអាចកើតមានជាយថាហេតុ។ ខាងក្រោមនេះជាសម្ភារដែលអ្នកជំនាញដើរព្រៃបានណែនាំឲ្យយកជាប់តាមខ្លួន÷
ស្បែកជើងដើរព្រៃ: អ្នកគប្បីប្រើស្បែកជើងឃ្លុបដើរព្រៃដែលអាចការពារជម្រាបទឹកបានដើម្បីកុំឲ្យសើមធ្ងន់ពិបាកដើរ។ ប៉ុន្តែលោកអ្នកអាចប្រើប្រភេទស្បែកជើងកីឡា (ប៉ាត់តា) សម្រាប់ពាក់ធ្វើដំណើរត្រឹមកន្លែងបោះជំរំ (បោះតង់សម្រាក)ប៉ុន្តែនៅពេលអ្នកត្រូវបន្តដំណើរយូរទៅឆ្ងាយចូលព្រៃជ្រៅ អ្នកចាំបាច់ត្រូវប្តូរពាក់ស្លៀកជើងសម្រាប់ដើរព្រៃស្តង់ដារតែម្តង។ អ្នកជំនាញបានណែនាំថា ការចំណាយប្រាក់លើស្បែកជើងកាន់តែមានគុណភាពនោះកាន់តែប្រសើរ។
សាក់កាដូដែលមានគុណភាព: នៅពេលទិញសាក់កាដូដើរព្រៃ អ្នកគប្បីពិនិត្យមើលដៃសាក់កាដូដែលរឹងមាំទ្រទម្ងន់បានល្អមិនងាយដាច់ព្រមទាំងពិនិត្យហោប៉ៅចំហៀង និង ផ្នែកថតខាងក្នុងឲ្យបានល្អិតល្អន់ ជាពិសេស មើលថាតើវាមានទ្រនាប់ការពារខ្នងដែរឬទេ។ សាក់កាដូដែលមានគុណភាពធ្វើឲ្យលោកអ្នកងាយស្រួលទុកដាក់សម្ភារដែលលោកអ្នកត្រូវយកទៅជាមួយ តែវាក៏អាស្រ័យលើរយៈពេលនៃការដើរព្រៃរបស់លោកអ្នកជាក់ស្តែងដែរ។
ឈើច្រត់: ត្រូវប្រើឈើច្រត់ដើម្បីទប់លំនឹងខ្លួន ជាពិសេសនៅពេលឡើងឬចុះចំណោត។ នៅបរទេស អ្នកដើរព្រៃត្រូវទិញប្រភេទ walking pole សម្រាប់ការដើរព្រៃឆ្លងកាត់វាលទឹកកក ប៉ុន្តែនៅស្រុកយើង ភាគច្រើនគេប្រើមែកឈើ ឬ ដងដែលមាំអាចប្រើជំនួស walking pole ក៏បាន។
ពិលពាក់ក្បាល: បំភ្លឺពេលយប់ងងឹតឬពេលមានចុះអ័ព្ទខ្លាំង ងាយស្រួលស្វែងរកផ្លូវធ្វើដំណើរ ឬ ពេលបាត់វង្វេងគ្នា។ បើមានគ្មានពិលពាក់ក្បាល អាចប្រើពិលធម្មតាក៏បាន។
ដបទឹក ឬ បំពង់ទឹកក្តៅ: វាជាសម្ភារមួយដែលលោកអ្នកចាំបាច់យកទៅជាមួយបំផុត។ លោកអ្នកអាចដាច់ស្បៀងបាន តែមិនអាចដាច់ទឹកបានទេ ព្រោះទឹកអាចជួយរាងកាយអ្នកទ្រាំទ្រនឹងស្ថានភាពដែលពិបាក។ បើអាច គប្បីមានបំពង់ទឹកក្តៅ និង ដបទឹកប្រភេទចំណុះមួយលីត្រកន្លះឲ្យបានពីរជាប់ខ្លួន។
អាហារសម្រន់ ឬ ចំណីចំណុក: អ្នកត្រូវត្រៀមអាហារសម្រន់មួយចំនួនដែលមិនត្រូវការទឹកនិងភ្លើងដើម្បីចម្អិន ដូចជា នំកញ្ចប់ ដំឡូងកំប៉ុង ឬ មីកញ្ចប់ ដែលងាយស្រួលទទួលទានភ្លាមៗ និង ងាយស្រួលទុកដាក់ក្នុងសាក់កាដូ។ អ្នកគប្បីប្រើថង់បឺតខ្យល់ (Airtight bag) ដែលអាចប្រើបានច្រើនដងដើម្បីជួយកាត់បន្ថយកាកសំណល់ក្នុងបរិស្ថាន។
ឈុតឧបករណ៍វេជ្ជសាស្រ្តផ្ទាល់ខ្លួន: ឈុតឧបករណ៍វេជ្ជសាស្រ្តផ្ទាល់ខ្លួនសំដៅលើថ្នាំពេទ្យដែលលោកអ្នកត្រូវប្រើតាមវេជ្ជបញ្ជា ឬ ឈុតថ្នាំបំប៉នសុខភាពដែលអ្នកតែងតែប្រើប្រាស់ជាប្រចាំ។ លោកអ្នកមិនអាចភ្លេចវាបានទេ ព្រោះវាអាចប៉ះពាល់ដល់សុខភាពលោកអ្នក្នុងអំឡុងពេលធ្វើដំណើរជាយថាហេតុ។
កាតាបតូច: វាជាកាតាបដែលលោកអ្នកប្រើប្រាស់សម្រាប់ផ្ទេរឥវាន់ពីសាក់កាដូធំដាក់យកទៅតាមខ្លួនក្នុងការដើរមួយថ្ងៃៗនៃដំណើរកម្សាន្តរយៈពេលវែង។ គេប្រើវាសម្រាប់ដាក់តែរបស់ចាំបាច់ដូចជា ដបទឹក ថ្នាំពេទ្យ និង ឈុតសង្រ្គោះបឋម ជាដើម។
ឈុតការពារមុខនិងក្បាល: លោកអ្នកត្រូវតែពាក់មួករោមសត្វ ឬ មួកការពារកម្តៅថ្ងៃ ឬ កន្សែងរុំក អាស្រ័យលើអាកាសធាតុនៃតំបន់ដែលលោកអ្នកធ្វើដំណើរឆ្លងកាត់ ដើម្បីការពារបវិវេណក្បាល និងក ព្រមជាមួយវ៉ែនតាការពារភ្នែកផងដែរ។
សម្លៀកបំពាក់ចាំបាច់: គប្បីយកតាមខ្លួនតែសម្លៀកបំពាក់ប្រភេទណាដែលផ្តល់ផាសុកភាពសម្រាប់ការដើរព្រៃ។ ចៀសវាងសម្លៀកបំពាក់ដែលអ្នកដើរព្រៃមិនដែលឃើញស្លៀក ឬ ម៉ូដសម្លៀកបំពាក់ដែលឆើតឆាយតែមិនផ្តល់ផាសុកភាពសមស្រប។ សម្លៀកបំពាក់ដែលស័ក្តិសមបំផុតនោះមានដូចជា ខោនិងអាវយឺតដើរព្រៃ អាវពាក់ពីក្រៅដែលផ្តល់ភាពកក់ក្តៅ ឬ អាវធំការពារការជ្រាបទឹក ឬ អាវភ្លៀង (អាស្រ័យលើរដូវកាលនិងប្រភេទតំបន់ដែលលោកអ្នកត្រូវទៅ) ជាដើម។
សម្ភារអនាម័យ: សូមយកជាប់ខ្លួននូវសម្ភារសម្អាតខ្លួន ឬ ការពាររាងកាយ ដូចជា ឡេផ្តល់សំណើម ក្រែមការពារកម្តៅថ្ងៃ ហ្វូមលាងមុខ កូនកន្សែងពោះគោ ក្រដាសអនាម័យ ថ្នាំនិងច្រាសដុសធ្មេញ រក្សាទុកក្នុងថង់មួយឲ្យបានស្អាតត្រឹមត្រូវ។ យកល្អគួរតែដាក់វាក្នុងថង់មួយជាន់ទៀតដើម្បីបង្ការកុំឲ្យកំពប់ឬធ្លាយចេញមក្រៅប្រឡាក់ ហើយងាយស្រួលប្រមូលយកសំបកមកវិញ។
ឈុតសម្ភារផ្ទះបាយ: កុំភ្លេចយកកែវកាហ្វេ និងប្រអប់អាហារសម្រាប់ធ្វើដំណើរមួយឈុតដែលមានសមនិងស្លាបព្រា។ វាងាយស្រួលសម្រាប់ពេលលោកអ្នកត្រូវចម្អិនអាហារបរិភោគ ងាយស្រួលលាងសម្អាត និង មិនបង្កើតកាកសំណល់។ ជាពិសេសនៅពេលធ្វើដំណើរជាក្រុម វាជួយបង្កើនអនាម័យជាងការប្រើប្រាស់ចានក្បានលាយ ឡំជាមួយអ្នកដទៃ។
ឈុតសង្រ្គោះបឋម: ឈុតសង្រ្គោះបឋម រួមមានជាអាទិ៍ ថ្នាំខ្យល់ ថ្នាំរាករូស ថ្នាំឈឺក្បាលវិលមុខ ក្តៅខ្លួន ប្រេងរឹតបំបាតើការឈឺចាប់ បង់បិតដំបៅ ភេសជ្ជៈម្សៅឆុងជំនួយកម្លាំង ស្ព្រៃយ៍បន្ថយអាការឈឺចាប់ ប្រេងលាបការពារមូសខាំ -ល-។
ក្រៅពីអ្វីដែលត្រូវយកតាមខ្លួនសម្រាប់ការដើរព្រៃដូចដែលបានរៀបរាប់ខាងលើនេះ លោកអ្នកត្រូវចេះរៀបចំសម្ភារទាំងនោះឲ្យបានត្រឹមត្រូវទើបជាការប្រសើរ។ សូមដាក់សម្ភារចាំបាច់បំផុតនៅផ្នែកខាងលើដើម្បីងាយស្រួលយក ហើយចំពោះសម្ភារដែលមិនសូវប្រើ សូមដាក់នៅខាងក្រោមបង្អស់នៃសាក់កាដូឬកាតាប។ ដោយឡែក នៅផ្នែកកណ្តាល ចូរដាក់របស់ធ្ងន់ៗជិតខ្នង ឯរបស់ស្រាលៗដាក់នៅឆ្ងាយពីខ្នង ដើម្បីរក្សាសម្ពាធទម្ងន់។
Article by SRINSOKMEAN