«Alaya Creations» បណ្តុំគ្រឿងតុបតែងលម្អដោយស្នាដៃសហការរវាងយុវសិល្បករជំនាន់ថ្មី
NEWS 3 years ago«Alaya Creations» ត្រូវបានបង្កើតឡើងកាលពីខែកក្កដា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះដោយយុវជន-យុវនារីមួយក្រុមមានសមាជិកបីរូបដែលមានជីវប្រវត្តិផ្សេងៗគ្នាតែពោរពេញដោយទឹកចិត្តស្រឡាញ់មាតុភូមិកម្ពុជាយ៉ាងខ្លាំងស្របគ្នា។ ឈ្មោះយីហោ «Alaya» ជាភាសាសំស្រ្កឹត ស្មើនឹង «អាល័យ» មានន័យថា លំនៅ ដែលខ្មែរយើងច្រើនសំដៅលើ សេចក្ដីជាប់ចិត្ត, ដំណើរនឹកឆ្ពោះទៅរកដោយសេចក្ដីជាប់ចិត្តស្រឡាញ់។ ការដាក់ឈ្មោះនេះចង់បង្កប់អត្ថន័យផ្សារភ្ជាប់នឹងឧត្តមភាពនៃផលិតផលសម្រាប់អ្នកប្រើប្រាស់ឲ្យជាប់ចិត្តស្និទ្ធអាល័យជានិរន្តន៍។ ផលិតផលស្នូលរបស់យីហោនេះមានបីប្រភេទគឺ គំនូរ សិល្បៈឌីជីថល និងបណ្ណសារនិងរូបថតដែលអតិថិជនអាចស្វែងរកជាវបាន នៅហាង Satu Cambodia, Shack Collective និងនៅពេលឆាប់ៗខាងមុខ នឹងពង្រីកទីតាំងចែកចាយនៅតាមហាង ផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។
Founder: Florian
Founder: Nina
Founder: Nipoan
លក្ខណៈពិសេសនៃផលិតផលរបស់ «Alaya Creations» គឺត្រង់ថា សិល្បករ សិល្បការិនី ដែលជាសមាជិកក្រុមនេះមានទេពកោសល្យដាច់ដោយឡែកពីគ្នា។ នីណា ជនជាតិខ្មែរ-បារាំង និង និព័ន្ធ ជនជាតិខ្មែរ ធំដឹងក្តីនៅស្រុកខ្មែរហើយត្រូវជាមិត្តភក្តិនឹងគ្នាអស់រយៈពេល២០ឆ្នាំមកហើយ។ នីណាមានចំណង់ចំណូលចិត្តចំពោះគំនូរមណ្ឌល (គំនូរក្នុងរង្វង់) និង គំនូរឌីជីថលដែលឆ្លុះបញ្ចាំងពីវប្បធម៌ខ្មែរ ខណៈដែលនិព័ន្ធជក់ចិត្តនឹងការថតរូបប្រជាជនក្នុងស្រុកនិងទេសភាពដ៏ស្រស់ស្អាតនៃប្រទេសកម្ពុជាតាំងពីអាយុ១៨ឆ្នាំម្ល៉េះ។ រីឯ ហ្លូរីយ៉ង់ (Florian) មកពីប្រទេសបារាំងមករស់នៅស្រុកខ្មែរ ជាស្វាមីរបស់និព័ន្ធ បានចំណាយពេលប្រមូលនិងជួសជុលបណ្ណសាររូបថតអតីតកាលឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្តប្រទេសកម្ពុជា។
ផលិតផលនីមួយៗមានតម្លៃប្រែប្រួលអាស្រ័យលើមានស៊ុមឬគ្មានស៊ុម។ តម្លៃចន្លោះពី២៥ដុល្លាររហូតដល់៤៩ដុល្លារសម្រាប់ផលិតផលមួយមុខ។ លើសពីនេះទៅទៀត ក្រុមយុវសិល្បករខាងលើក៏មានទទួលសេវាកម្មធ្វើគម្រោងពាក់ព័ន្ធនឹងវត្ថុសិល្បៈធំៗ និងលក់ជូនក្នុងតម្លៃបោះដុំសម្រាប់គម្រោងទាំងនោះ។ សហស្ថាបនិកបានបញ្ជាក់ថា ពួកគេមិនកំណត់អតិថិជនគោលដៅនោះទេ ពោលគឺពួកគេគ្រាន់តែមានបំណងចង់ចែករំលែកការស្ញប់ស្ញែងចំពោះប្រទេស កម្ពុជាទៅកាន់មនុស្សទូទៅជាច្រើនតាមដែលអាចធ្វើបាន។ មិនថាអតិថិជនជាមនុស្សក្នុងស្រុក ជនបរទេសរស់នៅស្រុកខ្មែរ ឬ ភ្ញៀវទេសចរនោះទេ ក៏គោលដៅរបស់«Alaya Creations» សម្រាប់ពួកគេគឺនាំមកនូវអនុស្សាវរីយ៍ទាក់ទងនឹងវប្បធម៌-ប្រវត្តិសាស្រ្តកម្ពុជា។
“មិនត្រឹមតែផលិតផលរបស់យើងទាក់ទងនឹងវប្បធម៌និងប្រវត្តិសាស្រ្តកម្ពុជានោះទេ តែពួកយើងក៏ធ្វើឲ្យប្រាកដថាសង្វាក់ផលិតកម្មរបស់យើងផលិតនៅកម្ពុជា ហើយពួកយើងគាំទ្រក្រុមហ៊ុនអាជីវកម្មក្នុងស្រុក ” តំណាងក្រុមបាន បន្ថែម។ រូបព្រីនរបស់យើងផ្តិតនៅខេត្តសៀមរាប ហើយការវេចខ្ចប់ក៏នៅសៀមរាបដែរ។ ក្រុមនេះបានគាំទ្រលើកស្ទួយសហគ្រិនស្រ្តីនៅក្នុងភូមិមួយក្នុងខេត្តសៀមរាបដែលធ្វើការងារសិប្បកម្មបម្រើឲ្យការវេចខ្ចប់ផលិតផលខាងលើ។ តាមរយៈនេះ ការជួយគាំទ្រផលិតផលសិល្បៈរបស់ក្រុមនេះក៏ដូចជាបានជួយគាំទ្រដោយប្រយោលចំពោះមុខរបរផ្គត់ផ្គង់ខ្នាតតូចរបស់សហគមន៍ផងដែរ។
គោលបំណងរបស់ក្រុមនេះសម្រាប់ថ្ងៃអនាគត គឺចង់សហការជាមួយអ្នកតុបតែងលម្អស្ថាបត្យកម្មធ្វើគម្រោងផ្សេងៗនៅក្នុងស្រុក។ បច្ចុប្បន្ន ពួកគេកំពុងធ្វើបច្ចុប្បន្នភាពទៅលើកាតាឡុកជាប្រចាំ ប៉ុន្តែគោលដៅរបស់ពួកគេគឺ បង្ហាញផលិតផលថ្មីៗឲ្យបានជារៀងរាល់ខែ។ នៅខែបន្ទាប់ៗខាងមុខ ពួកគេមានគម្រោងបញ្ចេញ កាតផូស្តាល់ រូប ព្រីនខ្នាតធំ និងការចេញផ្សាយពិសេសមានចំនួនកំណត់ (limited editions)។ សម្រាប់ព័ត៌មានបន្ថែម ឬ ទំនាក់ទំនង ជាវ សូមមេត្តាទាក់ទងតាមរយៈទំព័រហ្វេសប៊ុក និង អ៊ីនស្តាក្រោម (Alaya_Creations_kh.) ៕