វត្តគំរូមេត្រីភាពបរិស្ថានដែលទទួលបានបណ្ណសរសើរពីក្រសួងបរិស្ថាន
TRAVEL & LIVING 3 years agoស្ថិតនៅលាក់ខ្លួនឆ្ងាយពីផ្លូវជាតិលេខ១ ចូលទៅក្នុង១០គីឡូម៉ែត្រ កណ្តាលវាលស្រែនិគមជនបទនៃភូមិស្នាយព្រឹម ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង អារាមពុទ្ធសាសនាដ៏ស្រស់បំព្រងមួយកន្លែងឈ្មោះ «វត្តសិរិសាគរ ដូនស្តើង»ក្រោមកិច្ចដឹកនាំគ្រប់គ្រងដោយព្រះគ្រូសីលវុឌ្ឍាចារ អ៊ឹម ទៀង ព្រះគ្រូចៅអធិការវត្ត បច្ចុប្បន្ន (២០០៨-បច្ចុប្បន្ន)។ អ្វីដែលគួរឲ្យកត់សម្គាល់បំផុតចំពោះវត្តស្រុកស្រែឆ្ងាយពីទីរួមខេត្តព្រៃវែងមួយនេះ គឺបច្ចុប្បន្នភាពនៃពិភពបៃតងល្អឆើតដែលត្រូវបានកែច្នៃបង្កើតឡើងសុទ្ធសាធដោយស្នាព្រះហស្ថរបស់ចៅអធិការសព្វថ្ងៃក្នុងជំនាន់របស់លោក ដែលពីមុនមកវត្តនេះក៏មានទិដ្ឋភាពទូទៅមិនខុសពីវត្តដាច់ស្រយាលចុងកាត់មាត់ ញកនានាឡើយ។ កិច្ចវត្តខាងផ្នែកមេត្រីភាពបរិស្ថានរបស់ព្រះសង្ឃវត្តនេះបានធ្វើឲ្យវត្តទទួលបាននូវចំណាប់ អារម្មណ៍ខ្លាំងពីមហាជនជិតឆ្ងាយរហូតជាលទ្ធផលមានកិត្តិយសទទួលបាន «បណ្ណសរសើរមេត្រីភាពបរិស្ថាន»ពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅទីស្តីការក្រសួងនៅរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០២១ កន្លងទៅនេះគួរឲ្យមានមោទកភាពក្រៃលែង។
តាមរយៈកិច្ចសម្ភាសន៍ជាមួយសូវរីន ព្រះតេជព្រះគុណ អ៊ឹម ទៀង បានមានសង្ឃដីកាឲ្យដឹងថា កាលពី ដើមឡើយ ទីតាំងអារាមនេះជាតំបន់ដីខ្សោះគ្មានជីជាតិ។ តាំងពីព្រះតេជព្រះគុណនិមន្តមកដឹកនាំវត្តនេះចាប់តាំង ពីឆ្នាំ២០០៨មក ព្រះអង្គចេះតែបន្តអភិវឌ្ឍសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធនានា តួយ៉ាង ស្ពាន និងផ្លូវចូលវត្ត ព្រមទាំង សំណង់ផ្សេងៗទៀត រហូត៩០ភាគរយនៃសមិទ្ធផលទាំងអស់នៃវត្តនេះដូចដែលឃើញសព្វថ្ងៃ។ ក្រោយពេលបាន បញ្ចប់ការសិក្សាថ្នាក់សាកលវិទ្យាល័យ នៅរាជធានីភ្នំពេញក្នុងឆ្នាំ ២០១០ ព្រះតេជព្រះគុណមានទឹកព្រះទ័យផ្តោត លើការងារបរិស្ថានដរាបតរៀងមក។ តាមរយៈនេះលោកបានស្វះស្វែងរិះរកវិធីកែប្រែគុណភាពដីទំហំ៣.៥ ហិកតានៃបរិវេណវត្តនេះឲ្យមានជីជាតិឡើងវិញរហូត អាចមានលទ្ធភាពបង្កបង្កើនផលដំណាំឈើហូបផ្លែ បន្លែបង្ការ និងផ្កាជាច្រើនប្រភេទ ញ៉ាំងបរិស្ថានវត្តនេះឲ្យក្លាយជាទីមនោរម្យសម្រាប់ពុទ្ធបរិស័ទទាំងពូង។ ៣ឆ្នាំ ក្រោយមក ដីចាប់ផ្តើមមានជីជាតិ ហើយក្នុងរយៈពេល៥ឆ្នាំ ដំណាំនានាក៏បានហុចផលបណ្តាក់គ្នាគួរជាទីគាប់ចិត្ត ដូចជា ល្ហុង ចេក ពោត ត្រប់ ស្ពៃ ត្រកួន ខ្នុរ ។ល។
លើសពីនេះ លោកក៏បានបង្កើតជាវាលស្រែបង្កបង្កើនផលស្រូវ «ផ្ការំដួល» ក្នុងទំហំផ្ទៃដី ៧០ ម៉ែត្រ បួនជ្រុង ដែលអាចផ្តល់ទិន្នផលចែករំលែកជាទានដល់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តថែមទៀតផង។ការចែក កសិផលដល់អ្នកភូមិអាចជួយសម្រាលដោះទ័លស្បៀងអាហាររបស់ពួកគេបានមួយចំណែក ហើយធ្វើឲ្យពួកគេ មានទឹកចិត្តសប្បាយរីករាយអបអរសាទរចំពោះសកម្មភាពមាគ៌ាសប្បុរសដ៏ប្រពៃរបស់វត្ត។ រីឯកត្តាសម្រស់បរិ ស្ថានក៏ជាបច្ច័យល្អញ៉ាំងឲ្យពុទ្ធបរិស័ទទាំងឡាយមានទឹកចិត្តជ្រះថ្លានឹងមកធ្វើបុណ្យទានជួបជុំ ឬ មកលេង កម្សាន្តនៅវត្តនេះជាហូរហែផងដែរ។ ដោយសង្កេតឃើញនូវលក្ខណៈសម្បត្តិលេចធ្លោបែបនេះហើយ ទើបគណៈកម្មការជំនាញបានចុះមកសិក្សាវាយតម្លៃដល់ទីតាំងវត្តផ្ទាល់ប្រកបដោយសុក្រិតភាព ហើយបានសម្រេចប្រគល់ បណ្ណសរសើរក្នុងខែវិច្ឆិកា ឆ្នាំ២០២១។ គួរបញ្ជាក់ថា ការដាក់ពិន្ទុមិនត្រឹមតែទៅលើភាពបៃតងក្នុងបរិវេណវត្ត តែមួយមុខនោះទេ តែគួបផ្សំនឹងការថែរក្សាអនាម័យបរិស្ថានជាប្រចាំ ជាអាទិ៍ ការទុកដាក់និងបែងចែកប្រភេទ កាកសំណល់បានត្រឹមត្រូវ ការកែច្នៃកាកសំណល់សរីរាង្គផលិតជាជីកំប៉ុស្ត និងការកែច្នៃកាកសំណល់ផ្លាស្ទិក ជាដើម។
“នេះជាមោទនភាពសម្រាប់ស្រុកនិគមជនបទ រស់នៅជាមួយភាពបៃតង មហាជនត្រេកអរ។ វិញ្ញាបនបត្រ (មេត្រីភាពបរិស្ថាន) នេះក្លាយជានិមិត្តរូបសម្រាប់វត្តទាំងអស់” ព្រះគ្រូចៅអធិការបានសម្តែងនូវក្តីសោមនស្ស ចំពោះជោគជ័យដ៏ត្រចះត្រចង់នេះ។ ឆ្លៀតក្នុងឱកាសនេះដែរ ព្រះតេជព្រះគុណក៏មានព្រះទ័យចង់ចែករំលែក ជាសារដល់វត្តដទៃទៀតក្នុងអត្ថន័យថា “ជីវិតព្រះសម្មាសម្ពុទ្ធផ្សារភ្ជាប់នឹងធម្មជាតិ។ ព្រះអង្គប្រសូត ត្រាស់ដឹង និង ចូលបរិនិព្វាននៅក្រោមដើមឈើពណ៌បៃតង ដែលតំណាងបរិស្ថានល្អសម្រាប់ភពផែនដី។ ដូចនេះ យើងគប្បីរួមគ្នា ដាំដើមឈើ ”។ លោកបានមានសង្ឃដីកាអំពីអត្ថប្រយោជន៍នៃបរិស្ថានល្អថា ជួយឲ្យមនុស្សមានសុខភាពល្អ មានភាពរីករាយ បំបាត់សេចក្តីអាក្រក់ទុក្ខកង្វល់ និង បង្កើតភាពត្រជាក់ត្រជុំនិងសោភ័ណភាព។ អាស្រ័យហេតុ នេះ ព្រះតេជព្រះគុណមានគម្រោងបង្កើនការរៀបចំវត្តនេះឲ្យកាន់តែស្អាតលើសនេះ និង ត្រៀមដាំស្រូវផ្ការំដួល ក្នុងរដូវវស្សា ពីរខែខាងមុខ ដែលអាចហុចផលក្នុងរយៈពេល៤ខែកន្លះ។ ទន្ទឹមនឹងនេះ លោកក៏ត្រៀមធ្វើពិធីចែក អំណោយដល់ញាតិញោមចំនួន ១៥ គ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះដែរ។
គួររំព្ញកថា វត្តដូនស្តើងនេះកកើតក្នុងគ.ស. ១៨៧៤ ដែលមានលោកតា ដូន និងលោកយាយ ស្តើង ជាអ្នក មានសទ្ធាជ្រះថ្លាប្រគេនដីកសាងវត្តនេះឡើង។ ដោយសារតែទីតាំងវត្តនេះជាដីទួលមិនចេះលិចទឹក ទើបបានជា គេប្រសិទ្ធនាមវត្តនេះជាផ្លូវការថា «វត្តសិរិសាគរដូនស្តើង»។ ក្នុងរបបប្រល័យពូជសាសន៍ សមិទ្ធផលវត្តទាំងអស់ ត្រូវបានបំផ្លាញ។ វត្តត្រូវបានអភិវឌ្ឍជាបណ្តើរៗឡើងវិញសម័យក្រោយថ្ងៃរំដោះ។ សព្វថ្ងៃ វត្តនេះមានព្រះសង្ឃ ចំនួន១០អង្គគង់នៅ៕
Article by SRIN SOKMEAN