វិចិត្រករ ហម រិទ្ធ បង្កើតស្នាដៃគំនូរបង្កប់អត្ថន័យពីខ្សែជីវិតដ៏កម្សត់
NEWS 3 years agoគំនូរ គឺជារូបភាព ក្បាច់រចនា ដែលកើតចេញពីការគូរ ជាសិល្បៈចេញពីគំនិតច្នៃប្រតិដ្ឋ និងការស្រមើស្រមៃរបស់អ្នកគូរ។ ក្នុងការបង្កើតគំនូរ ជាទូទៅវិចិត្រករតែងរិះរក និងបង្កើតនូវអ្វីដែលជាអត្តសញ្ញាណ ក៏ដូចជាផ្សារភ្ជាប់រឿងរ៉ាវទៅតាមបទពិសោធន៍ជីវិតជាក់ស្តែង។ ដោយឡែកពីវិចិត្រករដទៃ វិចិត្រករមួយរូបមានស្រុកកំណើតមកពីខេត្តកំពតបានបង្កើតសិល្បៈគំនូរមួយបែបប្រកបដោយភាពប្លែកភ្នែក ដោយគូរបញ្ចូលជាមួយរូបសត្វ និងផ្កាផ្សេងៗដូចជា ផ្កាឈូក ខ្យង និងសត្វគោជាដើម។ តាមការជំនួបផ្ទាល់ជាមួយក្រុមការងារ សូវរីន វិចិត្រកររូបនេះបង្ហើបថា គំនូរប្រតិដ្ឋយ៉ាងដូច្នេះគឺវាទាក់ទិននឹងដំណើរដើមទងនៃខ្សែជីវិតរបស់លោក ហើយលោកក៏បានបរិយាយក្បោះក្បាយដូចខាងក្រោម៖
លោក ហម រិទ្ធ មានវ័យ ៣៦ឆ្នាំ គឺជាវិចិត្រករឯករាជ្យ និងជាសិល្បករមានស្នាដៃលេចធ្លោមួយរូបនៅរយៈប៉ុន្មានឆ្នាំចុងក្រោយ។ ទម្រាំបានដូចសព្វថ្ងៃ លោកបានហែលឆ្លងឧបសគ្គ និងការពុះពារជាច្រើនតាំងតែពីវ័យក្មេង។ លោកបានរំឭកថា គ្រាធំធាត់ជាក្មេងស្រុកស្រែចម្ការ រាល់ពេលមានជាងគំនូរមកគូរនៅតាមវត្តអារាម លោកតែងតែឆ្លៀតទៅលបមើលជានិច្ច។ ហាក់មាននិស្ស័យនឹងសិល្បៈគំនូរ រាល់ពេលចេញពីរៀនទៅឃ្វាលគោ កុមារសម្បុរស្រអែមម្នាក់នេះតែងគូររូបលេងនៅលើ ដី និងគូរឆូតដើមឈើជាញឹកញយ។ ដោយមានចិត្តស្រឡាញ់គំនូរកាន់តែខ្លាំងឡើង កុមារា ហម រិទ្ធ បានសម្រេចចិត្តសុំអ្នកម្តាយទៅរៀនជំនាញគំនូរ តែផ្ទុយមកវិញអ្នកម្តាយមិនយល់ស្របនឹងការស្នើសុំនេះឡើយ ដោយហេតុយល់ថាអាជីពគំនូរមិនអាចឈោងចាប់អ្វីច្រើនក្រៅតែពីការងារគូរនៅតាមវត្តដូចដែលឃើញប៉ុណ្ណោះ។
យ៉ាងណាមិញ ការបដិសេធមិនអាចក្លាយជារនាំងរារាំងក្តីស្រមៃរបស់ក្មេងតូចមហិច្ឆតាធំរូបនេះឡើយ។ មកដល់ឆ្នាំ ២០០០ ខណៈថ្ងៃមួយនៅក្នុងភូមិមានគ្រោះទឹកជំនន់ ម្យ៉ាងដោយឃើញថាគ្រួសារមានជីវភាពលំបាកផងនោះ កុមារ ហម រិទ្ធ បានសម្រេចចិត្តចាកចេញពីស្រុកកំណើត ទៅសម្ងំស្នាក់នៅឯមជ្ឈមណ្ឌលកុមារកំព្រាមួយកន្លែងនៅក្នុងខេត្តសៀមរាប។ ជីវិតរសាត់ឆ្ងាយពីគ្រួសារ ទោះជួបការលំបាក និងខ្វះខាតប៉ុន្មាន កុមាររឹងមាំម្នាក់នេះ នៅតែមិនត្អូញត្អែរ សំខាន់មិនបោះបង់នូវអ្វីដែលខ្លួនស្រឡាញ់ឡើយ ពោលរាល់ពេលទំនេរពីការងារ និងការសិក្សា តែងតែឆ្លៀតរៀនគូររូបដោយខ្លួនឯងជានិច្ច។ ជាសំណាងល្អផងនោះ គាប់ជួនមានភ្ញៀវមកលេងឃើញរូបស្អាតៗ ពួកគេក៏បានលើកទឹកចិត្ត និងជួយទិញគ្រាន់បានប្រាក់ខ្លះយកទៅទិញសម្ភារសម្រាប់គូរគំនូរបន្ត។
ចម្រើនវ័យមកដល់ឆ្នាំ២០០៨ ហម រិទ្ធ បានចាប់ផ្តើមអាជីពជាអ្នកគូរគំនូរពេញលេញ តែទន្ទឹមគ្នានោះលោកក៏ជួបផលលំបាកផងដែរ។ “កាលនោះខ្ញុំគូររូបលក់នៅប្រាសាទបាយ័ន គូរបណ្តើរ លក់បណ្តើរ មិនមានជាតូបសម្រាប់ដាក់លក់នោះទេ។ ជួនមានភ្ញៀវទេសចរបរទេសមកទិញ ជួនគ្មាន ថ្ងៃខ្លះលក់មិនដាច់សោះក៏មាន។ ពេលខ្លះលក់មិនបានប៉ុន្មានផង ខាងអាជ្ញាធរក៏ឲ្យរើចេញ ដើម្បីរៀបចំសណ្តាប់ធ្នាប់នៅតាមប្រាសាទ។” លោក ហម រិទ្ធ និយាយ។
ក៏ព្រោះតែដំណើរជីវិតកម្សត់ជូរចត់បែបនេះហើយ ទើបរាល់គំនូររបស់ វិចិត្រករ ហម រិទ្ធ តែងគូរមានរូបផ្កា និងរូបសត្វផ្សេងៗដូចជា ផ្កាឈូក ខ្យង គោ និងថែមដោយពន្លឺ។ “ផ្កាឈូក ជាផ្កាដ៏ស្រស់ស្អាត និងបរិសុទ្ធ ទោះវាដុះចេញពីភក់ តែវាក៏ខំប្រឹងលូតលាស់បាន។ គោ ជាសត្វដែលខិតខំធ្វើការ ដែលនេះគឺជាការរំលឹកអនុស្សាវរីយ៍កាលពីវ័យកុមាររបស់ខ្ញុំ។ ឯសត្វខ្យង ទោះបីវាដើរយឺតបន្តិចពិតមែន ប៉ុន្តែវានៅតែដើរទៅមុខជានិច្ច។ ចំពោះពន្លឺវិញគឺវាប្រៀបបានទៅនឹងក្តីសង្ឃឹម។ ទាំងនេះសុទ្ធសឹងជាការបង្កប់អត្ថន័យនៃរសជាតិជីវិតរបស់ខ្ញុំ ទោះបីខ្ញុំដើរយឺតដូចជាសត្វខ្យង ជួបឧបសគ្គដូចជាផ្កាឈូកលាស់ តែខ្ញុំព្យាយាមធ្វើការដូចជាគោ ហើយខ្ញុំនៅតែមានសង្ឃឹម។” លោក ហម រិទ្ធ ពន្យល់លម្អិត។
ជាសិល្បករដែលរៀនគំនូរចេះដោយខ្លួនឯង តាំងពីឆ្នាំ ២០១៨ មកលោកបានចូលរួមបង្ហាញស្នាដៃជាមួយក្រុមសិល្បករដទៃនៅក្នុងកម្មវិធីពិព័រណ៍ជាច្រើន ក្នុងនោះកម្មវិធីសំខាន់ៗរួមមាន ពិព័រណ៍«Art Will Save the World» និង«International Watercolor Society» នៅឯវិចិត្រសាល LyLy ខេត្តសៀមរាប, ពិព័រណ៍ «Hope on the Horizon» នៅ Ft Gallery រាធានីភ្នំពេញ និង ព្រឹត្តិការណ៍ពិព័រណ៍សិល្បៈគំនូរធំបំផុតនៅកម្ពុជា «Mural for Cambodia Festival»។ លើសពីនេះតាំងពីឆ្នាំ ២០១៩ លោកបានចូលរួមជាមួយស្ទូឌីយ៉ូ Open Studio Cambodia ក្នុងនាមជាសិល្បករសហការផងដែរ។
បច្ចុប្បន្ន លោកបានកំពុងធ្វើគម្រោងផ្ទាល់ខ្លួនមួយ ដើម្បីត្រៀមចេញជាពិព័រណ៍ទោលសម្រាប់ខែឧសភានេះតែម្តង។ ដោយឡែកគោលបំណងទៅថ្ងៃមុខ លោកចង់បើកជាវិចិត្រសាល និងមានជាស្ទូឌីយូផ្ទាល់ខ្លួនផងដែរ។ តាមរយៈបទសម្ភាសន៍ លោកក៏មានពាក្យពេចន៍ផ្តាំផ្ញើដែរថា “ខ្ញុំចង់ឲ្យយុវជនយើងស្រលាញ់សិល្បៈគំនូរឲ្យបានច្រើន ព្រោះគំនូរជាសិល្បៈមួយដែលអាចធ្វើឲ្យអ្នកមើលមានអារម្មណ៍ធូរស្រាលពីភាពតានតឹង”៕
Article by SOUNG SOKSAN