ស្រ្តីគ្រប់រូបនៅពេលឈានដល់វ័យចាប់ពី៤០ឆ្នាំឡើងទៅ សារធាតុចិញ្ចឹម និងប្រព័ន្ធមេតាប៉ូលីសនៅក្នុងខ្លួននឹងធ្លាក់ចុះ ដែលជាហេតុធ្វើឲ្យម៉ាសសាច់ដុំថមថយ រីឯកម្រិតអ័រម៉ូនក៏ចុះខ្សោយធ្វើឲ្យឆាប់ឡើងទម្ងន់ អារម្មណ៍ផ្លាស់ប្តូរ និងជួបបញ្ហាសុខភាពផ្សេងៗ។ យ៉ាងណាមិញ ដើម្បីឲ្យអ្វីៗប្រសើរឡើង ក្រៅពីការធ្វើលំហាត់ប្រាណទៀងទាត់ ដេកឲ្យបានគ្រប់គ្រាន់ និងកាត់បន្ថយស្ត្រេស អ្នកជំនាញបានផ្តល់ដំបូន្មានឲ្យយកចិត្តទុកដាក់ចម្បងទៅលើរបបអាហារប្រចាំថ្ងៃ។ ការពិតណាស់ តាមរយៈការស្រាវជ្រាវ ដើម្បីទទួលបានសុខភាពល្អ និងប្រឆាំងជំងឺប្រឈមនានា ស្ត្រីវ័យចាប់ពី៤០ឆ្នាំឡើងគប្បីបញ្ចូលអាហារ៥យ៉ាងទៅក្នុងរបបអាហារប្រចាំថ្ងៃ។
១. ទឹកដោះគោសម្បូរវីតាមីន D៖
វីតាមីន D គឺជាវីតាមីនខ្លាញ់រលាយដែលមានតួនាទីជំរុញមុខងាររាងកាយឲ្យដំណើរការល្អ រួមទាំងជួយដល់ឆ្អឹង និងប្រព័ន្ធការពារផងដែរ។ វាអាចជួយការពារពីជំងឺមហារីក និងប្រឆាំងស្ថានភាពរុំារ៉ៃរួមមាន ឆ្អឹងស្ពោត ជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺបាក់ទឹកចិត្ត និងជំងឺក្រិនសរីរាង្គ។ ដូចធ្លាប់បានដឹង យើងក៏អាចទទួលយកវីតាមីនD បានតាមរយៈការស្រូបពីពន្លឺព្រះអាទិត្យនៅពេលព្រឹក ប៉ុន្តែនៅពេលអាយុកាន់តែច្រើន មុខងាររបស់ស្បែកក្នុងការស្រូបយកពន្លឺត្រូវបានធ្លាក់ចុះ ហើយកាន់តែអាក្រក់ទៀតនោះ ពោះវៀន និងតម្រងនោម ក៏បាត់បង់លទ្ធភាពក្នុងការស្រូបយក និងបំប្លែងវីតាមីន D ទៅជាទម្រង់សកម្ម ដែលរាងកាយត្រូវស្រូបយកទៅពង្រឹងកាល់ស្យូមឆ្អឹង និងប្រឆាំងនឹងជំងឺស្ពោតឆ្អឹង។ ពិតមែនទៅ ស្ត្រីមានការធ្លាក់ចុះកម្រិតវីតាមីន D នៅក្នុងខ្លួនសឹងតែគ្រប់វ័យ នេះក៏ព្រោះតែទម្លាប់មិនទទួលទានទឹកដោះគោដែលជាប្រភពផ្តល់នូវវីតាមីន D ខ្ពស់។ ដូចដែលឃើញជាក់ស្តែង ស្ត្រីដែលមានជំងឺស្ពោតឆ្អឹងភាគច្រើនបណ្តាលមកពីមិនទម្លាប់ផឹកទឹកដោះគោតាំងពីវ័យក្មេង។ ដូច្នេះ គួរចាប់ផ្តើមទម្លាប់ផឹកទឹកដោះគោឡើងវិញ ជាពិសេសនៅពេលព្រឹក។ ទឹកដោះគោ១ពែងអាចស្មើនឹង១០ភាគរយនៃបរិមាណវីតាមីន D ដែលរាងកាយត្រូវការប្រចាំថ្ងៃ។
២. គ្រាប់ធញ្ញជាតិចម្រុះ៖
វីតាមីន B12 មានសារៈសំខាន់ណាស់សម្រាប់សរសៃប្រសាទ និងកោសិកាឈាមក្រហម។ វាត្រូវបានគេរកឃើញនៅក្នុងពពួកសាច់សត្វដូចជា សាច់បក្សី សាច់គោ និងសាច់ត្រីជាដើម។ ប៉ុន្តែទោះទទួលទានសាច់ច្រើនប៉ុនណា ក៏អ្នកនៅតែខ្វះវីតាមីន B12 ដែរ ដោយសារ៣០ភាគរយនៃស្រ្តីវ័យកាន់តែច្រើន មានការថយចុះនៃការបញ្ចេញអាស៊ីត Hydrochloric នៅក្នុងក្រពះ ដែលជាហេតុនាំឲ្យរាងកាយមិនអាចស្រូបយកវីតាមីន B12 ចេញពីសាច់ទាំងនោះបានគ្រប់គ្រាន់។ ជាដំណឹងល្អ គ្រាប់ធញ្ញជាតិចម្រុះគឺជាប្រភពសម្បូរទៅដោយវីតាមីន B12។ វាអាចសំយោគបានដោយមិនអាស្រ័យអាស៊ីត Hydrochloric នៅក្នុងក្រពះឡើយ ដូច្នេះរាងកាយរបស់យើងអាចស្រូបយកបាន ដោយមិនចាំបាច់ពឹងផ្អែកទាំងស្រុងទៅលើការបរិភោគពពួកសាច់ឡើយ។ សម្រាប់ការទទួលទាន ប្រសិនបើចង់បង្កើនរសជាតិអាចលាយជាមួយទឹកដោះគោដែលវានឹងជួយបង្កើនវីតាមីន D ផងដែរ។
៣. ត្រីសាម៉ុន៖
ជាទូទៅអត្រានៃជំងឺបេះដូងភាគច្រើនតែងកើតមានឡើងទៅលើស្រ្តីឈានដល់វ័យអស់រដូវ។ ការទទួលទានសាច់ត្រីយ៉ាងហោចណាស់២ដងក្នុងមួយសប្តាហ៍ អាចជួយទប់ស្កាត់ហានិភ័យនៃជំងឺបេះដូង ជាពិសេសត្រីដែលមានខ្លាញ់ល្អខ្ពស់ដូចជាត្រីសាម៉ុនជាដើម។ ត្រីសាម៉ុនគឺជាប្រភពនៃអូមេហ្គា៣ (Omega3) ដែលល្អចំពោះសុខភាពបេះដូង។ លើសពីនេះវាជាប្រភពនៃប្រូតេអ៊ីនដែលល្អបំផុតសម្រាប់សុខភាពរាងកាយផងដែរ។
៤. ដំឡូងបារាំង៖
ដំឡូងបារាំងមិនត្រឹមតែមានតម្លៃសមរម្យ និងងាយរកនោះទេ ថែមទាំងសម្បូរទៅដោយប៉ូតាស្យូមដែលជាសារធាតុចិញ្ចឹមដ៏សំខាន់អាចជួយកាត់បន្ថយសម្ពាធឈាមខ្ពស់ ដែលជារោគសញ្ញាទូទៅនៅពេលអាយុច្រើន។ ការទទួលទានដំឡូងបារាំងឬអាហារផ្សេងទៀតដែលមានផ្ទុកប៉ូតាស្យូម អាចជួយជៀសផុតពីជំងឺលើសឈាម និងជំងឺដាច់សរសៃឈាមខួរក្បាល។
៥. ខាត់ណា៖
ស្ត្រីវ័យចំណាស់រមែងប្រឈមជំងឺស្រវាំងភ្នែក និងភ្នែកឡើងបាយ ជាជាងបុរស។ ជំងឺនេះហាក់បង្កផលរំខានក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ នៅក្នុងខាត់ណាមានផ្ទុកសារធាតុសំខាន់ពីរគឺ lutein និង zeaxanthin ដែលវាពិតជាល្អចំពោះភ្នែក ហើយអាចជួយទប់ស្កាត់ពីជំងឺទាំងនេះបាន។ ក្រៅពីខាត់ណា មានស្ពៃពុយឡេង និង សាលាដស្រួយ ក៏ជាបន្លែផ្ទុកនូវសារធាតុសំខាន់នេះផងដែរ។ វាល្អបំផុតសម្រាប់ទទួលទាននៅពេលល្ងាច។
អាហារដែលបានរៀបរាប់ខាងលើសុទ្ធសឹងតែមានអត្ថប្រយោជន៍ចំពោះសុខភាព និងទប់ស្កាត់ពីជំងឺផ្សេងៗ ដែលមិនត្រឹមតែល្អសម្រាប់មនុស្សវ័យចំណាស់ប៉ុណ្ណោះទេ តែវាក៏ល្អសម្រាប់មនុស្សវ័យក្មេងផងដែរ។ ជម្រើសរបបអាហារល្អចំពោះសុខភាព គួរតែចាប់ផ្តើមពីវ័យក្មេងដើម្បីពង្រឹងក៏ដូចជាថែទាំសុខភាពឲ្យមាំមួននៅពេលចាស់ទៅ។ ដូច្នេះ គួរតែបញ្ចូលអាហារទាំងនេះទៅក្នុងរបបអាហារប្រចាំថ្ងៃ ឬបើអាចត្រឹមតែ២ទៅ៣មុខទទួលទានឆ្លាស់គ្នាក៏ជាការប្រសើរ៕
Article by SOUNG SOKSAN