«នំមាត់ឆ្នាំងភូមិតាអេង»អាជីវកម្មអាហារសម្រន់លក្ខណៈគ្រួសារល្បីប្រចាំទីរួមខេត្តកំពត
TRAVEL & LIVING 2 years ago ធ្វើដំណើរទៅភ្លក់រសជាតិនំនែកដែលអ្នកស្រុកហៅថា «នំមាត់ឆ្នាំង» និមិត្តរូបអាហារនៃភូមិតាអេង សង្កាត់កំពង់កណ្តាល ក្រុងកំពត មិនឆ្ងាយប៉ុន្មានពីស្តុបគោពីរភូមិតាអេង តាមបណ្តោយផ្លូវលេខ៣៣ ឬ ផ្លូវទៅកែប ពួកយើងបានឃើញមនុស្សម្នាក្មេងចាស់មករង់ចាំទិញអាហារសម្រន់ប្រចាំភូមិដែលលក់ដាច់នេះជាហូរហែបន្តកន្ទុយ។ «នំមាត់ឆ្នាំងភូមិតាអេង» មិនមែនជាភោជនីយដ្ឋាន ឬ ហាងលក់នំធំដុំនោះទេ គឺគ្រាន់តែជាអាជីវកម្មលក្ខណៈគ្រួសារតូចមួយក្រោមសំយាបមុខផ្ទះតៀមបែបកូនចៅចិនមួយល្វែង។ ទោះបីជាមានត្រឹមតែតុសម្រាប់ភ្ញៀវអង្គុយពីរបី អតិថិជននៅតែត្រូវមកទីនេះប្រសិនបើពួកគេចង់ទទួលទាននំមាត់ឆ្នាំង ឬ នំគ័មប៉ាវ រសជាតិកំពតដើម និងអាហារសម្រន់បែបចិន-វៀតណាមមួយចំនួនទៀតរួមមាន ណែមបន្លែ ណែមផ្អែម ចៃយ៉ និង បាញ់ស៊ុងសាច់បង្គា ដែលពិបាករកបាននៅកន្លែងផ្សេង ហើយបើទោះជាមានក៏រសជាតិមិនអាចដូចគ្នាដែរ ព្រោះវាកើតចេញពីរូបមន្តពិសេសប្រចាំគ្រួសារ។
បើតាមការអះអាងរបស់អ្នកនាង ស្រីពេជ្រ អ្នកលក់ផ្ទាល់ អាជីវកម្ម «នំមាត់ឆ្នាំងភូមិតាអេង» មានប្រវត្តិប្រមាណពីរទសវត្សរ៍មកហើយ។ កាលដើមឡើយ ជីដូនរបស់នាងចេះធ្វើនំទាំងនេះលក់ជាយូរយារមកហើយ ប៉ុន្តែគាត់បានផ្អាករបរនេះ។ លុះក្រោយមកទៀត ទើបអ៊ំស្រី ចៀម គៀន ដែលត្រូវជាម្តាយបង្កើតរបស់នាងបានចាប់របរប្រចាំត្រកូលនេះឡើងវិញ ដោយសារតែពេលនោះគាត់មានកូនខ្ចីមិនអាចចេញទៅប្រកបរបរឆ្ងាយពីផ្ទះបាន។ គ្រួសារនេះមានជំនាញធ្វើអាហារជាច្រើនប្រភេទហើយធ្លាប់សាកល្បងលក់នៅផ្ទះនៅពេលកន្លងមក តួយ៉ាង បាញ់ឆែវ គួង លតឆា គុយទាវឆា និង នំគ្រក់ ជាដើម ទម្រាំងាកមកលក់នំមាត់ឆ្នាំងដែលធ្លាប់ជារបរចាស់ប្រចាំគ្រួសារតាំងពីសម័យគាត់នៅក្មេងៗម្ល៉េះ។ នៅពេលដែលគ្រួសារគាត់ចាប់ផ្តើមលក់នំមាត់ឆ្នាំងដែលជានំកម្រឡើងវិញនោះឯងដែលជំរុញឲ្យអាជីវកម្មនេះចេះតែកាក់កបរហូតល្បីទូទាំងខេត្តកំពត។ កេរ្តិ៍ឈ្មោះផលិតផលប្រចាំតំបន់នេះរឹតតែសុសសាយទ្វេដងនៅពេលមានការចែកចាយនៅពេលបណ្តាញសង្គមនានាក្នុងរយៈពេលប្រមាណ៤-៥ឆ្នាំចុងក្រោយនេះ។
កត្តារសជាតិទឹកត្រី គុណភាពស្នូល សំបកនំធ្វើភ្លាមៗក្តៅៗ អនាម័យអាហារ និង ការវេចខ្ចប់បានល្អបង្កើតទំនុកចិត្តសម្រាប់អតិថិជន ព្រមជាមួយនឹងតម្លៃថោកសមរម្យត្រឹមតែ១០០០រៀលក្នុងមួយនំ និង ៥០០០រៀលសម្រាប់បាញ់ស៊ុងសាច់បង្គាសុទ្ធ (មិនលាយសាច់ជ្រូកចិញ្ច្រាំ) មួយចាន ធ្វើឲ្យម៉ូយចាស់នៅតែបន្តគាំទ្រមកជាវម្តងហើយម្តងទៀត ហើយខ្លះកុម្ម៉ង់យកទៅខេត្តផ្សេងសម្រាប់បរិភោគជុំគ្រួសារនិងរៀបចំកម្មវិធីផ្សេងៗថែមទៀតផង។ រីឯអតិថិជនថ្មីៗដែលជាអ្នកទេសចរពីចម្ងាយក៏តែងតែឆៀងចូលមកសាកល្បងភ្លក់រសជាតិតាមការល្បីតៗគ្នា។ សូម្បីភ្ញៀវនៅរហូតដល់ខេត្តបាត់ដំបង កំពង់សោម និងភ្នំពេញ ក៏សុខចិត្តសុំទិញទឹកត្រីឆ្ងាញ់និងសាច់បង្គាឆារបស់ផ្ទះនេះទៅទុកហូបជាមួយបាញ់ស៊ុង បាញ់ហយ ឬគួងនៅតាមផ្ទះទៀតផង។ ដោយសារកំណើននៃការគាំទ្ររបស់អតិថិជនទាំងចាស់ទាំងថ្មីបែបនេះហើយ ទើបបរិមាណការលក់ប្រចាំថ្ងៃក៏កើនឡើងពីត្រឹម៣០០-៤០០នំក្នុងមួយថ្ងៃរហូតដល់ចូលខ្ទង់១០០០នំក្នុងមួយថ្ងៃក្នុងពេលបច្ចុប្បន្ន។
ចំពោះគ្រឿងផ្សំនិងវិធីធ្វើ អ្នកនាងបានឲ្យដឹងថានំមាត់ឆ្នាំងមាន សំបកណែម ស្នូលប៉ិកួៈ និង ស្លឹកខ្ទឹម។ ដំបូង គេត្រូវយកលាងប៉ិកួៈឲ្យស្អាតហើយសាប់សាច់វាឲ្យចេញជាសរសៃតូចៗយកមកឆាជាមួយគ្រឿងទុកមួយអន្លើ។ បន្ទាប់មក ចាក់សំបកនំដែលធ្វើពីម្សៅអង្ករវាសលើមាត់ឆ្នាំងដែលមានទឹកក្តៅៗពីខាងក្រោមឲ្យចេញជាបន្ទះសំបក។ បន្ទាប់មកទៀត ខ្ចប់ស្នូលជាមួយសំបកណែមនោះដូចការខ្ចប់នំប៉ាវដែរ។ ចុងក្រោយ រោយស្លឹកខ្ទឹមបន្ថែមរសជាតិជាការស្រេច។ ដោយឡែក ចំពោះណែមផ្អែមវិញ ការធ្វើស្នូលមានលក្ខណៈស្មុគស្មាញយូរជាងនំស្នូលប្រៃ ព្រោះត្រូវកោសដូង ដាក់ស្ករ ហើយកូរស្នូលដោយប្រើភ្លើងតិចៗ ទម្រាំឆ្អិនដោយមិនអាចបង្ខំភ្លើងបានសោះឡើយ។ ឯខ្ទិះដូងទៀតសោត ក៏ត្រូវប្រើពេលឈរកូរឡើងយូររហូតដល់វាខាប់រីងទឹកហើយរាវមកវិញដល់ឡើងពពុះ។ សម្រាប់ការទទួលទាន អ្នកកំពតនិយមទទួលទានវាក្តៅៗភ្លាមៗទើបមានឱជារសឆ្ងាញ់ ប៉ុន្តែអ្នកដំណើរច្រើនតែនិយមទុកក្លាស្សេក្នុងទូរទឹកកកហើយពួកគេថាមានជាតិត្រជាក់ឆ្ងាញ់មួយបែបផ្សេង។
ទោះបីជាសព្វថ្ងៃអាជីវកម្ម«នំមាត់ឆ្នាំងភូមិតាអេង»មានសន្ទុះរីកចម្រើនខ្លាំងក៏ពិតមែន តែម្ចាស់អាជីវកម្មបានប្តេជ្ញាចិត្តថានឹងមិនឆ្លៀតឱកាសដំឡើងតម្លៃនៅពេលដែលផលិតផលរបស់ខ្លួនកំពុងល្បីនោះឡើយ។ ដើម្បីសម្រួលសម្រាប់តម្រូវការអតិថិជន ម្ចាស់អាជីវកម្មមានសេវាកម្មដឹកជញ្ជូនសម្រាប់ទីតាំងជិតៗ (ដឹកឥតគិតថ្លៃបើយកច្រើន) ផ្ញើឡានទៅខេត្តឆ្ងាយ និងទទួលធ្វើសម្រាប់ភ្ញៀវដែលប្រញាប់យកពេលព្រឹកដែលកុម្ម៉ង់ចាប់ពី១០០-២០០នំឡើងទៅ។ គួរបញ្ជាក់ថាតូបអាហារនេះបើកលក់ជារៀងរាល់ថ្ងៃចាប់ពីម៉ោង១រសៀលដល់ពេលល្ងាច។
Article by SRIN SOKMEAN