ម៉ាកគ្រឿងអលង្ការថ្មីថ្មោង SAHAT មិនត្រឹមតែនាំមកជាមួយគ្រឿងបំពាក់លម្អកាយប្រកបដោយភាពទាន់សម័យប៉ុណ្ណោះទេ ថែមទាំងបានផ្សារភ្ជាប់នឹងគុណតម្លៃធម្មជាតិតាមរយៈការយកគ្រាប់ធញ្ញជាតិមកបញ្ចូលក្នុងគំនិតប្រតិដ្ឋម៉ូដផងដែរ។ ស្ថិតក្នុងបរិវេណ សួន សូកូឡា ខេត្តសៀមរាប អលង្ការរបស់ SAHAT ដូចជា ចិញ្ចៀន ខ្សែដៃ ខ្សែក ជាដើម បានដាក់បង្ហាញលក់ ហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីមហាជន ពិសេសសម្គាល់ឃើញថាម៉ូដមើលទៅបែបសាមញ្ញនិយម ហើយក៏ទាន់សម័យស័ក្តិសមនឹងស្ទាយ៌យុវវ័យទូទៅតែម្តង។
កញ្ញា ហាន់ អ៊ីណង គឺជាស្ថាបនិកនៃម៉ាកផលិតផលមួយនេះ កញ្ញាបានរៀបគម្រោងប្រមាណ៣ខែមុនពេលដាក់លក់ជាផ្លូវការកាលពីខែមីនាឆ្នាំ២០២២។ មុនពេល SAHAT លេចចេញជារូបរាង ដើមឡើយស្ថាបនិករូបនេះគឺជាបុគ្គលិកត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុនៅសណ្ឋាគារមួយក្នុងខេត្តសៀមរាប តែដោយសារវិបត្តិកូវីដ១៩ក្នុងឆ្នាំ២០២១ដែលធ្វើឲ្យអាជីវកម្មក្នុងវិស័យបដិសណ្ឋារកិច្ចទាំងប៉ុន្មានបិទទ្វារ កញ្ញាក៏ត្រឡប់មកស្រុកកំណើតវិញ។ គំនិតអាជីវកម្មលើគ្រឿងអលង្ការបានចាប់ផ្តើមដុះពន្លកនៅពេលដែលកញ្ញាបានឃើញដើមស្កួយដែលអ្នកម្តាយដាំនៅជុំវិញរបងផ្ទះ និងប្រមូលផលមកបានយ៉ាងល្អ។ វាបានធ្វើឲ្យកញ្ញានឹកឃើញដល់រូបភាពកាលពីកុមារភាពដែលរមែងតែយកគ្រាប់ស្កួយនេះមកចោះ ដោត វេញ ក្រង ធ្វើជាខ្សែក ខ្សែដៃជាដើម រហូតដល់កញ្ញាចោទសួរខ្លួនឯងថា ហេតុអ្វីមិនយកធម្មជាតិជុំវិញខ្លួនយើងមកប្រើប្រាស់ឲ្យមានប្រយោជន៍។ កញ្ញាបានគិតទៀតថាវាជាឱកាសមួយដែលគួរតែយកផ្កែស្កួយមកបញ្ជូលនឹងភាពទាន់សម័យតាមរយៈគ្រឿងអលង្ការដើម្បីធ្វើឲ្យមានភាពស្រស់ស្អាតជាងមុន និងទាន់សម័យជាងមុន។ ជាលទ្ធផលគ្រឿងអលង្ការក៏បានលេចចេញជារូបរាងដូចការរំពឹងទុកក្នុងរយៈពេលដ៏ខ្លី។
អលង្ការមានពណ៌មាស ពណ៌ប្រាក់ ខ្សែល្អិត ខ្សែឆ្មារ ខ្សែច្រវាក់ ខ្លះរចនាមួយជាន់ ខ្លះច្រើនជាន់ ត្រូវបានធ្វើឡើងពីវត្ថុធាតុដើមចម្បងពីរប្រភេទគឺ ទង់ដែងស្រោបមាស 24K និងប្រាក់ 925។ វត្ថុធាតុដើមនេះជាផលិតផលពាក់កណ្តាលសម្រេច និងមានការផ្គត់ផ្គង់ពីប្រទេសសិង្ហបុរី។ ក្រៅពីវត្ថុធាតុទាំងពីរ សាហត្ថ បានប្រើគ្រាប់ស្កួយធម្មជាតិមកបូកបញ្ចូលក្នុងគំនិតច្នៃម៉ូដបង្កើតជាអត្តសញ្ញាណរបស់ខ្លួនផងដែរ។ ស្ថាបនិកនិយាយដែរថា ស្កួយមានភាពល្អឯក(unique) នៅពេលបញ្ចូលជាមួយអលង្ការមាស និងប្រាក់ ពិសេសធ្វើឲ្យអលង្ការប្រភេទនេះមានភាពលេចធ្លោ។ ស្កួយតំណាងឲ្យភាព unique របស់ SAHAT ពេលឃើញស្កួយនឹងនឹកឃើញដល់ SAHAT ភ្លាម។ ម៉ូដគ្រឿងអលង្ការបានបែងចែកចេញជាពីរ ដោយទីមួយម៉ូដបែបប្រចាំ(Permanent) ធ្វើតម្រូវសម្រាប់អតិថិជនសាមញ្ញនិយមទូទៅ ឯមួយទៀតជាម៉ូដពិសេស (Special Edition) មានការដកស្រង់ចេញពីប្រភពផ្សេងៗ ដូចជាខូឡិកហ្សិនធ្វើកន្លងមករួមមាន Apsara ដកស្រង់ពីអប្សរា, Back to 1960 ដងស្រង់ពីសម័យទសវត្សរ៍ទី៦០ និង White in the shadow ដកស្រង់ទាក់ទងនឹងកូវីដ១៩ជាដើម។ យ៉ាងណាមិញ សម្រាប់ការបញ្ចេញខូឡិកហ្សិន ក្នុងមួយរដូវកាល SAHAT បញ្ចេញ៥ខូឡិកហ្សិន ក្នុងនោះសម្រាប់ម៉ូដបែប Permanent ក្នុងមួយខូឡិកហ្សិនបញ្ចេញ ១២៦ម៉ូដ ចំណែក Special Edition ក្នុងមួយខូឡិកហ្សិនចេញតែ៧ខ្សែប៉ុណ្ណោះ។
បើនិយាយពីបេសកកម្មរបស់ SAHAT ស្ថាបនិកវ័យ ២៩ឆ្នាំរូបនេះរៀបរាប់ថា៖ ទី១ ចង់ផ្តល់នូវគ្រឿងអលង្ការដែលមានលក្ខណៈពិសេស ហើយអភិវឌ្ឍគ្រឿងអលង្ការនេះឲ្យមានភាពច្នៃប្រតិដ្ឋសមស្របទៅនឹងលក្ខណៈរបស់អតិថិជន។ ទី២ ចង់នាំយក SAHAT ដែលជាម៉ាកយីហោរបស់ខ្មែរផ្សព្វផ្សាយទៅដល់អតិថិជនទាំងក្នុង និងក្រៅប្រទេស។ ទី៣ នៅដើមឆ្នាំក្រោយ SAHAT មានក្តីស្រមៃចង់បង្កើតជាការិយាល័យ និង Showroom ផ្ទាល់ខ្លួន។ ចំពោះចក្ខុវិស័យ ស្ថាបនិកចង់ឲ្យមនុស្សទូទៅមើលឃើញពីគុណតម្លៃនៃធម្មជាតិ និងចង់ឲ្យម៉ាកគ្រឿងអលង្ការនេះមើលមកមានបញ្ចូលធម្មជាតិច្រើនដែលមិនត្រឹមតែគ្រាប់ស្កួយនោះទេ តែនាពេលអនាគតនឹងបញ្ចូលធម្មជាតិជាច្រើនទៀតដែលគេបោះបង់ចោល និងធ្វើវាឲ្យមានតម្លៃឡើងវិញ។
ទន្ទឹមនឹងការបញ្ចូលធម្មជាតិទៅក្នុងអលង្ការ SAHAT ក៏បានចូលរួមជួយបរិស្ថានតាមរយៈការវេចខ្ចប់ដោយមិនប្រើផ្លាស្ទិក និងព្យាយាមប្រើប្រាស់ធនធានឲ្យអស់ពីលទ្ធភាព។ នៅពេលខាងមុខ SAHAT មានគម្រោងផ្តល់ឱកាសការងារដល់និស្សិតទើបបញ្ចប់ការសិក្សា និងក្មេងៗដែលមានអារម្មណ៍ទៅលើសិល្បៈបង្កើតអ្វីដែលថ្មីផងដែរ។ សម្រាប់មនុស្សជាតិ SAHAT ចង់ជាចំណែកមួយបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់ និងហ៊ានបង្ហាញនូវអ្វីដែលជាខ្លួនឯង ជាពិសេស SAHAT នឹងជាអាជីវកម្មបង្កើតថ្មីគំរូមួយសម្រាប់អ្នកដែលចង់ចាប់ផ្តើមអ្វីពីចំណុចសូន្យ។
បច្ចុប្បន្ន ផលិតផលគ្រឿងអលង្ការរបស់ SAHAT មានដូចជា ចិញ្ចៀន ខ្សែក ខ្សែដៃ និងខ្សែជើង។ យើងអាចរកទិញបាននៅក្នុង សួន សូកូឡា ខេត្តសៀមរាបឬអាចបញ្ជាទិញតាមរយៈទំព័រ Facebook: SAHAT។ រីឯតម្លៃវិញចាប់ពី១០ដុល្លារឡើងទៅ៕
Article by HEM SOKKHIM