×

​ធីតា​ឯក​សង្ក្រាន្ត​ ​គឺ​ ​ស្រី​នុត​ ​បោះជំហាន​ក្លាយ​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី​ព្រះនាម​ ​ម​ហោ​ទ​រា​ទេវី​

NEWS 7 months ago
 
 

           បោះជំហាន​លើ​វិថី​សិល្បៈ​តាមរយៈ​កម្មវិធី​ប្រកួត​សម្រស់​ ​យុវតី​ពោរពេញ​ទៅ​ដោយ​ថាមពល​ ​គឺ​ ​ស្រី​នុត​ ​បាន​ក្លាយ​ជា​ម្ចាស់​ជ័យ​លា​ភី​ធីតា​ឯក​សង្ក្រាន្ត​រដូវ​កាល​ទី​ ​៥​។​ ​មាន​វ័យ​ទើប​តែ​ ​២​១​ ​ឆ្នាំ​ ​យុវតី​ក​ម្ពស់ ​១​,​៦​៣​ ​ម៉ែត្រ​រូប​នេះ​ ​កំពុង​សិក្សា​ឆ្នាំ​ទី​ ​៣​ ​ផ្នែក​ទេសចរណ៍​ ​និង​បដិសណ្ឋារកិច្ច​ ​នៅ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ ​ខេត្ត​សៀមរាប​ទឹកដី​កំណើត​។​ ​ជា​ជ័យ​លា​ភី​ធីតា​ឯក​ ​ជំហាន​បន្ទាប់​ ​គឺ​ ​ស្រី​នុត​ ​ត្រូវ​សម្តែង​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី​ ​ដែល​នឹង​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់ទូរទស្សន៍​ ​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​។​ ​ជំនួប​សំណេះសំណាល​ជាមួយ​ក្រុម​ការងារ​ ​សូវ​រី​ន​ ​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី​រូប​នេះ​ ​បាន​រៀបរាប់​អំពី​បទ​ពិសោធ​ជីវិត​ ​និង​ការ​បោះជំហាន​ឡើង​មក​ត្រដែត​នៅ​លើ​វិថី​សិល្បៈ​។

          •​តើ​អ្វី​ទៅជា​ក្តី​ស្រមៃ​កាល​នៅ​ពីតូច​?

​«​ខ្ញុំ​មាន​ក្តី​ស្រមៃ​ចង់​ប្រឡូក​វិ​ស័យ​សិល្បៈ ​ជាពិសេស​ចង់​ក្លាយ​ជាតា​រា​សម្តែង​។​ ​កាលនៅតូច​ ​ខ្ញុំ​ចូលចិត្ត​តែងខ្លួន​បែប​បុរាណ​ៗ​ ​និង​ចង់​សម្តែង​រឿងបុរាណ​ ​ដែល​វា​ត្រូវនឹង​អត្តចរិត​របស់​ខ្ញុំ​។​ ​សំខាន់​ខ្ញុំ​ជា​ហ្វេ​ន​របស់​បង​ ​ដា​ញ់ ម៉ូ​នី​កា​ ​ដែល​គាត់​ជាតា​រា​សម្តែង​ស្រី​ដ៏​ឆ្នើម​ម្នាក់​នៅ​ក្នុង​វិ​ស័យ​ភាពយន្ត​។​»​

          •​ឃើញ​ថា​រៀន​ជំនាញ​ខាង​ ​ទេសចរណ៍​ ​និង​បដិសណ្ឋារកិច្ច​ ​តែ​បច្ចុប្បន្ន​កំពុង​មមាញឹក​នឹង​សិល្បៈ ​ចុះ​នៅ​ពេលរៀន​ចប់​ ​តើ​កញ្ញា​គិត​យ៉ាងម៉េច​វិញ​?

«​ចំពោះ​សិល្បៈ​ទោះ​រវល់​ខ្លាំង​ប៉ុនណា​ ​ក៏​ខ្ញុំ​នៅតែ​ព្យាយាម​រៀន​រហូត​ទាល់តែ​ចប់​។​ ​ខ្ញុំ​ស្រលាញ់​សិល្បៈ ​និង​ការងារ​ជា​ ​Cabin​ ​Crew​ (​បា​ហុនិ​កា​) ​បើ​អាច​ថ្ងៃមុខ​ខ្ញុំ​នឹង​ចាប់​យក​អាជីព​ទាំងពីរ​នេះ​ព្រមគ្នា​ ​ព្រោះ​ការងារ​ជា​ ​Cabin​ ​Crew​ ​អាច​ឆ្លៀត​ពេលធ្វើការ​ងារ​សិល្បៈ​បាន​។​»​

          •ដឹង​មក​​​ថា​ ​កញ្ញា​ធ្លាប់​ថត​ម៉ូដ​ ​និង​ថត​ផ្សព្វផ្សាយ​ច្រើន​តាំងពី​មុន​ចូល​ប្រកួត​ ​ចុះ​ហេតុអ្វី​ចាត់​ទុក​កម្មវិធី​ធីតា​ឯក​សង្ក្រាន្ត​ជា​ការ​បោះជំហាន​ចូល​សិល្បៈ​ដំបូង​?

​«​ច៎ាះ​​បង​! ​សម្រាប់​កម្មវិធី​ប្រកួត​សម្រស់​ ​គឺ​ខ្ញុំ​មិនធ្លាប់​ប្រឡូក​ពីមុន​ទាល់តែសោះ​ ​ដូចនេះ​ខ្ញុំ​ចាត់​ទុក​កម្មវិធី​ប្រកួត​ធីតា​ឯក​សង្ក្រាន្ត​ ​ជា​ការ​បោះជំហាន​ចូល​សិល្បៈ​ដំបូង​របស់​ខ្ញុំ​ ​ម្យ៉ាង​គ្រាន់តែ​ចូល​ប្រកួត​លើកដំបូង​ភ្លាម​ ​ខ្ញុំ​ឈ្នះ​បាន​មកុដ​តែម្តង​។​»​

          •ធីតា​ឯក​នឹង​ត្រូវ​សម្តែង​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី​ ​អាច​ដឹង​បានទេ​ថា​ ​តើ​ការ​ថត​ដំណើរការ​ដល់ណា​ហើយ​? ​ចុះ​សកម្មភាព​ថត​វិញ​ ​តើ​មាន​ភាព​មមាញឹក​យ៉ាងណា​?

​«​វីដេអូ​យើង​បាន​ថត​ចប់​រួចរាល់​ ​និង​ត្រៀម​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់ទូរទស្សន៍​នៅ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។​ ​បើ​និយាយ​ពី​សកម្មភាព​ថត​វិញ​ ​គឺ​មមាញឹក​ខ្លាំង​មែនទែន​ ​ព្រោះ​យើង​ថត​សឹងតែ​ ​២​៤​ ​ម៉ោង​ទៅ​ហើយ​។​ ​ដំបូង​ខ្ញុំ​គិតថា​មិន​ដឹង​ទៅរួច​ឬ​អត់ទេ​ ​តែ​ជាក់ស្តែង​ ​ខ្ញុំ​អាច​ធ្វើ​ទៅ​បាន​ដោយ​រលូន​។​ ​មាន​ត្រង់​ចំណុច​មួយ​ដែល​ខ្ញុំ​គិតថា​ងាយស្រួល​ ​តែ​ធាតុ​ពិត​ពិបាក​ ​គឺ​នៅ​ពេល​ជិះ​សត្វ​ក្ងោក​ ​ប៉ុន្តែ​ខ្ញុំ​បែរជា​រំភើប​ខ្លាំង​វិញ​នៅ​ពេល​ឮ​គេ​ស្រែក​ប្រកាស​ថា​៖​ “​ទេវតា​ឆ្នាំ​ថ្មី​ ​ព្រះនាម​ ​ម​ហោ​ទ​រា​ទេវី​ ​បុត្រី​ក​បិ​ល​មហាព្រហ្ម​បាន​យាងចុះ​មក​ហើយ​!”​។​»​

          •ក្រោយពេល​ថត​វីដេអូ​ផ្ទេរតំណែង​ទេវតា​រួចរាល់​ ​តើ​កញ្ញា​ទទួល​បាន​អារម្មណ៍​ដូចម្តេច​?

«​រាប់​តាំងពី​ការ​ទ្រង់គ្រឿង​ ​ស​ម្លៀ​ក​បំពាក់​ ​សម្តែង​របៀប​ដើរ​ ​របៀប​កាន់​ព្រះកេស​ ​និង​ជិះ​ក្ងោក​ ​ខ្ញុំ​មាន​អារម្មណ៍​ថា​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ ​គឺជា​កម្មវិធី​បុណ្យ​ប្រពៃណី​ជាតិ​ដ៏​ធំ​ ​និង​សំខាន់​បំផុត​មួយ​របស់​ប្រទេស​យើង​។​ ​ខ្ញុំ​សឹង​មិន​នឹកស្មាន​ថា​ខ្លួនឯង​បាន​ក្លាយ​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី​ ​សំខាន់​ជា​បុត្រី​ពៅ​ជិះ​ក្ងោក​ជា​សត្វ​ដ៏​ស្រស់​ស្អាត​ ​ព្រមទាំង​បាន​បង្ហាញខ្លួន​ទូទាំង​ប្រទេស​នៅ​លើ​កញ្ចក់ទូរទស្សន៍​ ​និយាយទៅ​ ​សូម្បីតែ​ព្រះមហាក្សត្រ​ក៏​ទ្រង់​នឹង​ទត​វីដេអូ​ទេវតា​ចុះ​នេះ​ផង​ដែរ​។​»​

          •​សម្តែង​ជា​តួអង្គ​ទេវតា​ ​អីចឹង​ចង់​ឱ្យ​កញ្ញា​រៀបរាប់​បន្តិច​បានទេ​អំពី​ទេវតា​ឆ្នាំ​ថ្មី​?

​«​ច៎ាះ​​បាន​បង​! ​ទេវតា​ឆ្នាំ​ថ្មី​ព្រះនាម​ ​ម​ហោ​ទ​រា​ទេវី​ ​ជា​បុត្រី​ទី​ ​៧​ ​នៃ​ក​បិ​ល​មហាព្រហ្ម​ ​ទ្រង់​ស្លៀកពាក់​ពណ៌ខៀវ​ ​សៀតផ្កា​ត្រកៀត​ ​ព្រះហស្ត​ស្ដាំ​ទ្រង់​កង​ចក្រ​ ​ព្រះហស្ត​ឆ្វេង​ទ្រង់​ត្រីសូល៍​ ​ទ្រង់​គង់​ផ្ទំ​បើកព្រះនេត្រ​នៅ​លើ​ខ្នង​ស្ដេច​ម​យូ​រា​ឬ​ក្ងោក​ ​ជា​យានពាហនៈ​។​»​

          •​ក្រៅពី​សម្តែង​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី​ ​តើ​តួនាទី​បន្ទាប់​របស់​ធីតា​ឯក​សង្ក្រាន្ត​ជា​អ្វី​?

​«​ក្នុងនាម​ជា​ជ័យ​លា​ភី​ធីតា​ឯក​សង្ក្រាន្ត​ ​តួនាទី​បន្ទាប់​ ​ខ្ញុំ​នឹង​ចូលរួម​ការងារ​ជាច្រើន​ ​ជាពិសេស​ទាក់ទង​នឹង​ការងារ​សង្គម​។​ ​យើង​មាន​សកម្មភាព​ការងារ​សប្បុរស​ធម៌​ ​សុខភាព​ ​បរិស្ថាន​ ​និង​ចូលរួម​កម្មវិធី​វប្បធម៌​នានា​ជាដើម​។​ ​បើ​និយាយ​ពី​ការងារ​ទាំងនេះ​ ​ខ្ញុំ​បាន​ធ្វើ​វា​តាំងពី​មុន​ក្លាយ​ជា​ធីតា​ឯក​សង្ក្រាន្ត​ទៅទៀត​ ​និយាយរួម​ ​ដើមឡើយ​ខ្ញុំ​ជា​យុវជន​ស្ម័គ្រចិត្ត​ម្នាក់​ដែល​តែងតែ​ធ្វើការងារ​ទាំងនេះ​។​ ​ដូច្នេះ​ ​ពេល​ក្លាយ​ជា​ធីតា​ឯក​ ​ខ្ញុំ​នឹង​ធ្វើការងារ​ទាំងនេះ​កាន់តែ​ច្រើនឡើង​ជាង​មុន​ ​ឬ​អាច​ថា​គុណ​នឹង​ពីរ​»​៕​

Article​ by​ ​HEM​ ​SO​KK​HIM​ (​Z​M​)


SUGGESTIONS