×

ជួបជាមួយ ឃួន សំអន ម្ចាស់ពានកម្មវិធី MasterChef Cambodia រដូវកាលទី ៣

NEWS 3 weeks ago
 
 

          ក្រោយ​ការ​ប្រកួត​ជា​ច្រើន​សប្តាហ៍ ទីបំផុត​កម្មវិធី MasterChef Cambodia រដូវកាលទី៣ បាន​រក​ឃើញ​ម្ចាស់ពាន ដោយ​បាន​ទៅ​លើ​បេក្ខជន វ័យក្មេង​មក​ពី​ខេត្ត​បន្ទាយមានជ័យ និង​ត្រូវ​បាន​គេ​ស្គាល់​ជាគ្រូបង្រៀន​ភាសាអង់គ្លេស ថ្នាក់​មត្តេយ្យ​នៅ​រាជធានីភ្នំពេញ នោះគឺ ឃួន សំអន។ ជាការពិត​ណាស់ ម្ចាស់​ជ័យលាភីឯក​កំពូល​ចុងភៅ កម្មវិធី​លំដាប់​ថ្នាក់​ពិភពលោក​រូប​នេះ ជា​បេក្ខជន​លេចធ្លោ​មួយ​រូប ដែល​មាន​សមត្ថភាព​ខ្ពស់​លើ​ការ​ចម្អិន ពូកែ​ទាំង​រសជាតិ សោភ័ណភាព​តុបតែង ជាពិសេស មាន​ភាព​រហ័សរហួន គួប​ផ្សំ​គំនិត​ច្នៃប្រតិដ្ឋ។

          កំពុង​កាន់​ពាន​ក្នុង​ដៃ​ថ្មីថ្មោង ម្ចាស់​ជ័យលាភីឯក​វ័យ ២៣ឆ្នាំ ឃួន សំអន បាន​បង្ហើប​ពី​អារម្មណ៍​រំភើប​មិន​ទាន់​បាត់​នៅ​ឡើយ​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ខ្លាំង​មែនទែន ព្រោះ​នេះ​ជា​ក្តីស្រមៃ ដែល​ខ្ញុំ​ស្រមៃ​ទុក​តាំង​ពី​កម្មវិធី MasterChef Cambodia ​ចាប់​ផ្តើម​ចាក់​ផ្សាយ​រដូវកាល​ទី ១ ម្ល៉េះ»។ លោក​បន្ត​ទៀត​ថា៖ «កាល​រដូវ​កាល​ដំបូង ខ្ញុំ​បាន​ត្រឹម​តែ​មើល​ និង​មាន​ក្តីស្រមៃ​ប៉ុណ្ណោះ ដល់​រដូវកាល​ទី២ ខ្ញុំ​ចាប់​ផ្តើម​ពុះកញ្ជ្រោល ហើយ​គ្រាន់​តែ​ឈាន​ដល់​រដូវកាល​ទី៣ ភ្លាម ដោយ​ឃើញ​ថា​ពេលវេលា និង​ឱកាស​មក​ដល់ ខ្ញុំ​មិន​បង្អង់​ក៏​ដាក់​ពាក្យ​ប្រកួត ហើយ​បាន​ឈ្នះ​ជ័យលាភី​ទៀត និយាយ​ទៅ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ជា​ខ្លាំង»។

          ប្រកួត​ដល់​វគ្គ​បេក្ខជន Top 5 ជម្រុះដល់ Top 3  និង​រហូត​ដល់​ពីរ​នាក់​ចុងក្រោយ ឃើញថា បេក្ខជន ឃួន សំអន មាន​ភាពស្វិតស្វាញ និង​ដាក់​ចិត្ត​ដាក់​កាយ​យ៉ាង​ខ្លាំង។ ទាក់ទិន​នឹង​ភាព​ជឿជាក់​លើ​ខ្លួន​ឯង លោក​បាន​និយាយ​ថា៖ «យើង​ត្រូវ​ស្គាល់​ខ្លួន​ឯង​ឱ្យ​ច្បាស់​ថា​យើង​ខ្លាំង​អ្វី ខ្សោយអ្វី សម្រាប់​ខ្ញុំ​ផ្ទាល់ អ្វី​ដែល​ខ្ញុំ​គិត​ថា ខ្ញុំ​អាច​យក​ឈ្នះ​បេក្ខជន​ដទៃ​បាន ទី១ ល្បឿន ទី២ ការ​តុបតែង​ច្នៃប្រតិដ្ឋ និង​ទី៣ រសជាតិ។ ចំពោះ​រសជាតិ ដូច​បងប្អូន​បាន​ដឹង​ស្រាប់ ពេល​ខ្លះ​ខ្ញុំ​ធ្វើ​ឡើង ពេល​ខ្លះ​ចុះ ប៉ុន្តែ​នៅ​វគ្គ​ចុងក្រោយ គឺ​ខ្ញុំ​សង្កត់​ធ្ងន់​ទៅ​លើ​រសជាតិ ដាច់​ខាត​មិន​ត្រូវ​ធ្លាក់»។

          ចំណោម​វិញ្ញាសា​ជា​ច្រើន តាំង​ពី​ដើម​វគ្គ​រហូត​ដល់​វគ្គបញ្ចប់ សំអន ថា​វិញ្ញាសា​ដែល​ពិបាក​ជាង​គេ គឺ​នៅ​វគ្គ​ជម្រុះ​ពី​បេក្ខជន Top 5 ទៅ Top 3  ដែល​គ្រា​នោះ គឺជា​ការ​ចម្អិន​សាច់​ស្តេក​យក​កម្រិត Medium។ ចំណែក​វិញ្ញាសា​ដែល​ស្រួល​ជាង​គេ គឺ​ការ​ចម្អិន Scallop ដែល​ពេល​នោះ​លោក​ធ្វើ​បាន​ល្អ ការ​តុបតែង​ចាន​ស្អាត និង​ទទួល​បាន​ការ​កោត​សរសើរ​ពីគណៈ​កម្មការ។

          ឆ្លង​កាត់​ការ​ប្រកួត​នេះ សំអន លើក​ឡើង​ទាំង​មោទកភាព​ថា៖ «ខ្ញុំ​ទទួលបាន​បទពិសោធ​ច្រើនមែនទែន​ពី​កម្មវិធី​នេះ តាំង​ពី​ដំបូង​មិន​ទាន់​រកឃើញ​ខ្លួន​ឯង រហូត​ដល់​ដឹង​ថា​ខ្លួន​ឯង​ពិត​ជា​ស្រលាញ់​ខ្លាំង​ខាង​វិស័យ​ម្ហូបអាហារ។ ខ្ញុំ​ថែម​ទាំង​រក​ឃើញ​ចំណុច​លេច​ធ្លោ​របស់​ខ្លួន​ផង​ដែរ គឺ​ការ​តុបតែង​ចាន និង​ការ​ចម្អិន​ម្ហូបខ្មែរ​បានល្អ»។

          បន្ទាប់ពី​ក្លាយ​ជាម្ចាស់​ជ័យលាភី ជំហាន​បន្ទាប់​របស់ សំអន គឺ​នឹង​ក្លាយ​ជា​ចុងភៅ​មួយ​រូប​នៅ​សណ្ឋាគារ​លំដាប់ខ្ពស់​មួយ​នៅ​ទីក្រុងភ្នំពេញ។ ដូច​បាន​ដឹង​ខាង​ដើម មុន​ពេល​ប្រកួត​ លោក​ក៏​មាន​អាជីព​ជា​គ្រូបង្រៀន​ភាសាអង់គ្លេស​ផងដែរ។ លោក​លើក​ឡើង​ថា៖ «រវាង​អាជីព​ជាគ្រូបង្រៀន និង​ចុងភៅ ល្អ​ទាំង​ពីរ​សម្រាប់​ខ្ញុំ តែ​ដោយ​សារ​ឥលូវ​ស្រលាញ់​ខាង​ម្ហូប​អាហារ ខ្ញុំ​ចាប់​ផ្តើម​បោះជំហាន​ជា​មួយ​វា​សិន។ ចំណែក​ការ​បង្រៀន បើ​មាន​ឱកាស​ខ្ញុំ​នឹង​នៅ​តែ​បន្ត ព្រោះ​វា​ជា​ឆន្ទៈ​មួយ​របស់​ខ្ញុំ​ក្នុង​ការ​ចែក​រំលែក។ សូម្បី​ខ្ញុំ​មក​ខាង​ផ្នែក​ម្ហូបអាហារ ក៏​ខ្ញុំ​នៅ​តែ​រក្សា​ផ្នត់គំនិត​ចែក​រំលែក​ផងដែរ»។

          ជា​ចុង​ក្រោយ ក្នុង​នាម​ជា​ម្ចាស់ជ័យលាភី​កំពូល​ចុងភៅ​ឯក កម្មវិធី​លំដាប់​ថ្នាក់​ពិភពលោក MasterChef Cambodia រដូវកាល​ទី៣ លោក ឃួន សំអន ក៏​មាន​សារ​ផ្តាំ​ផ្ញើ​ដល់​អ្នក​ស្រលាញ់​ខាង​វិស័យ​ម្ហូបអាហារ​ដែរ​ថា៖ «បើ​បងប្អូន​ស្រលាញ់​ខាង​វិស័យ​ម្ហូបអាហារ ខ្ញុំ​លើក​ទឹកចិត្ត​ឱ្យ​អ្នក​ទាំង​អស់​គ្នា​សាកល្បង​ជា​មួយ​ខ្លួនឯង ចេញ​មក​ធ្វើ ចេញ​មក​បង្ហាញ​ ឬចូល​ប្រកួត​ក្នុង​កម្មវិធី MasterChef Cambodia អាច​ថា​វា​ជា​កន្លែង​មួយ ដែល​ធ្វើ​ឱ្យ​អ្នក​ទាំង​អស់​គ្នា​រក​ឃើញ​ខ្លួនឯង។ មាន​តែ​ការ​សាកល្បង​ទេ ទើប​ដឹង​ថា​យើង​ជា​នរណា​ឱ្យ​ពិត​ប្រាកដ»៕

Article by HEM SOKKHIM

Image Courtesy : MasterChef Cambodia


SUGGESTIONS