ក្រួសក្នុងតម្រងនោមគឺជាជាជំងឺមួយប្រភេទដែលមានកំណកនៅក្នុងតម្រងនោមដែលបង្កដោយសារធាតុគីមីក្នុងទឹកនោម។ ភាគច្រើនវាអាចកើតឡើងចំពោះមនុស្សពេញវ័យ វ័យកណ្តាល ជាពិសេសមនុស្សមានវ័យចាប់ពី៤០ឆ្នាំឡើងទៅ។ យើងអាចសម្គាល់បានថា អ្នកកើតជំងឺនេះមានរោគសញ្ញាទូទៅដូចជា មានការឈឺចាប់ធ្ងន់ធ្ងរនៅផ្នែកខាងក្រោមខ្នង ចុកផ្នែកខាងក្រោមពោះ ពិបាកនោម មានឈាមក្នុងទឹកនោម ក្អួតចង្អោរ ក្តៅខ្លួន និងញាក់ ទឹកនោមមានក្លិនមិនល្អឬមានពពុះជាដើម។ លើសពីនេះប្រសិនបើគ្រាប់ក្រួសនោះបង្កជាការករោគ វានឹងបញ្ចេញរោគសញ្ញាមួយចំនួនទៀតរួមមាន នោមញឹកញាប់ ព្រឺរងា និងបែកញើសជាដើម។
•តើជំងឺក្រួសក្នុងតម្រងនោមកើតឡើងមកពីអ្វី? : ជំងឺក្រួសក្នុងតម្រងនោមអាចកើតឡើងមកពីការកកើតសារធាតុគីមី៤ប្រភេទក្នុងទឹកនោមរួមមាន កាល់ស្យូម អាស៊ីតអ៊ុយរិច ស្រ្តវីត និងស៊ីស្ទីន។ កាលណាមានសារធាតុគីមីទាំងនេះនៅក្នុងទឹកនោមច្រើន វានឹងបង្កទៅជាកំណករឹង ហើយប្រមូលផ្តុំកាកសំណល់រឹងផ្សេងទៀតរហូតក្លាយជាគ្រាប់ក្រួស ដែលអាចស្ថិតនៅផ្នែកក្រលៀន ឬធ្លាក់ចុះមកតាមបំពង់ទឹកនោមហូរចុះមកតាមបង្ហូរនោម។ ប្រសិនបើកំណករឹងមានទំហំតូចវាអាចធ្លាក់ចេញមកបានតាមរយៈការបត់ជើងតូច ដែលវាមិនសូវជាបង្កការឈឺចាប់ប៉ុន្មានទេ តែបើវាមានទំហំធំ ហើយមិនអាចធ្លាក់ចេញមកនោះនឹងបង្កជាការឈឺចាប់ធ្ងន់ធ្ងរ។
•តើមានកត្តាប្រឈមអ្វីខ្លះដែលជះឥទ្ធិពលនាំឲ្យកើតជំងឺក្រួសក្នុងតម្រងនោម? : មានកត្តាប្រឈមមួយចំនួនដែលអាចបណ្តាលឲ្យមានហានិភ័យកើតនៃជំងឺនេះ រួមទាំងកត្តាទម្លាប់នៃការរស់នៅប្រចាំថ្ងៃផងដែរ។ កត្តាទាំងនោះមានដូចជា ប្រវត្តិជំងឺក្នុងគ្រួសារ ឬខ្លួនឯង ផឹកទឹកតិចពេក ហាត់ប្រាណច្រើនលើសកម្រិតឬតិចពេក ការលើសទម្ងន់ ការរាគញឹកញាប់ ការករោគតាមបង្ហូរនោម ការបរិភោគអាហារដែលមានរសជាតិប្រៃ និងផ្អែមពេក ព្រមទាំងការទទួលទានសាច់ច្រើនពេកក៏អាចបង្កជាក្រួសក្នុងតម្រងនោមបានដូចគ្នា។ មិនត្រឹមតែប៉ុណ្ណោះការកើតជំងឺទឹកនោមផ្អែម សម្ពាធឈាមឡើងខ្ពស់ លើសជាតិអាស៊ីត ជំងឺធាត់ក៏អាចបង្កើនហានិភ័យឲ្យកើតជំងឺនេះផងដែរ។
•តើមានវិធីបែបណាដើម្បីបង្ការពីជំងឺនេះ?: ថ្វីដ្បិតអាត្រានៃជំងឺនេះកើតមានញឹកញាប់ ប៉ុន្តែយើងនៅតែអាចទប់ស្កាត់មិនឲ្យកើតជំងឺនេះបាន ដោយមានវិធីបង្ការមួយចំនួនដូចជា ផឹកទឹកឲ្យបានគ្រប់គ្រាន់ (២-៣លីត្រក្នុងមួយថ្ងៃ) ហាត់ប្រាណឲ្យបានត្រឹមត្រូវ និងទៀងទាត់ កាត់បន្ថយការទទួលសាច់ច្រើន បរិភោគបន្លែផ្លែឈើ ជៀសវាងអាហារដែលមានជាតិប្រៃ និងផ្អែមពេក។ ជាដំបូន្មានប្រសិនបើអ្នកមានរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ គួរគប្បីទៅពិនិត្យ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលបានទាន់ពេលវេលា៕
Article by SOUNG SOKSAN