តើអង្គរសង្រ្កាន្ត គម្រប់ខួប១០ឆ្នាំ មានអ្វីប្លែកសម្រាប់ពញ្ញាក់អារម្មណ៍អ្នកចូលរួម?
NEWS 2 years agoក្រោមប្រធានបទ «ក្ដីស្រមៃ និងក្ដីសង្ឃឹម» ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះ ដើម្បីអបអរសាទរឱកាសគម្រប់ខួប១០ឆ្នាំនៃការបង្កើតព្រឹត្តិការណ៍នេះផងនោះ នឹងត្រូវប្រារព្ធធ្វើឡើងឡើងវិញដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្រោយព្រឹត្តិការណ៍ថ្នាក់ជាតិដ៏ធំនេះត្រូវបានខកខានដោយសារការរាតត្បាតនៃជំងឺកូវីដ១៩នាពេលកន្លងមក។ នេះជាមហាព្រឹត្តិការណ៍ដែលប្រជាពលរដ្ឋកម្ពុជាកំពុងទន្ទឹងរង់ចាំសម្រាប់អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលកំពុងតខិតជិតចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។
មួយក្នុងចំណោមគម្រោងជាច្រើននៃកម្មវិធីអង្គរសង្រ្កាន្ត ២០២៣ គឺគម្រោង«ភូមិខ្ញុំ» ស្ថិតនៅខាងជើងប្រាសាទបាយ័ន ដែលត្រូវបានធ្វើពិធីក្រុងពាលីបើកការដ្ឋានសាងសង់ជាផ្លូវការតាំងពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ម្ល៉េះ ក្រោមអធិបតីភាពឯកឧត្តម សុខ សង្វារ សមាជិកគណៈកម្មការកណ្តាល ស.ស.យ.ក និងជាប្រធានក្រុមការងារគម្រោងនេះ។ ឆ្នាំនេះ«ភូមិខ្ញុំ»គ្រោងបង្កើតឲ្យមានទស្សនីយភាពសំខាន់ៗចំនួន៨ រួមមាន ផ្ទះមរតកដូនតា, ផ្ទះនំខ្មែរ, សាលាឆទាន, ផ្សារខ្មែរ, ឆាកធំ, រោង DJ, វត្ថុយក្ស និងរោងសិប្បកម្ម។ គិតមកដល់ចុងខែមីនានេះ វត្ថុយក្សជាច្រើនត្រូវបាននាំមកដាក់តាំងតាមកន្លែងបណ្តើរៗហើយ តួយ៉ាង អង្រុតយក្ស បំពង់ទឹកត្នោតយក្ស កន្ត្រងប្រហុកយក្ស គោមយក្ស មួកយក្ស ។ល។ រីឯចាប៉ីដងវែងយក្ស សំបុកមាន់យក្ស និងពងមាន់យក្ស ក៏នឹងត្រូវនាំមកតាំងនាពេលឆាប់ៗខាងមុខនេះដែរ។ កម្មវិធីភូមិនឹងមានការរៀបចំសម្តែងទស្សនីយភាពសិល្បៈបុរាណ និងសិល្បៈប្រជាប្រិយចម្រុះ ដូចជា របាំបុរាណ ល្ខោនខោល ល្ខោនយីកេ ល្ខោនបាសាក់ រាំស្គរដៃ សៀករហស្សកម្ម និងល្បែងប្រជាប្រិយនានា។
ក្រៅពីនេះ ក៏មានការសាងសង់«ភូមិស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម»នៅបរិវេណខាងជើងប្រាសាទបាយ័ន ក្នុងគោលបំណងផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីកម្ពុជាក្នុងភាពជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រោមប្រធានបទ «កីឡារស់ក្នុងសន្តិភាព» ព្រមទាំងចូលរួមចំណែកជំរុញនិងលើកទឹកចិត្តប្រជាជនកម្ពុជាក្នុងការលើកតម្កើនមោទកភាពជាតិ ភាពដ៏សម្បូរបែប និងសក្ដានុពលរបស់កម្ពុជាលើឆាកជាតិ និងអន្តរជាតិ។ កម្មវិធីនេះក៏នឹងបង្ហាញពីមោទកភាពជាតិខ្មែរដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះកីឡាដ៏ធំប្រចាំតំបន់អាស៊ានមួយនេះនៅក្នុងខែឧសភាឆាប់ៗខាងមុខ។ ទីតាំងនេះដែរនឹងរំលេចឡើងនូវផ្ទាំងទស្សនីយភាពជាច្រើនដូចជា ពិព័រណ៍ប្រភេទកីឡា សកម្មភាពលេងកីឡាកម្សាន្តនានាដែលមហាជនអាចចូលរួមទស្សនា ឈ្វេងយល់ និងលេងកម្សាន្ត។ ក្រៅពីនេះ ចំណុចពិសេសមួយទៀតគឺនេះជាឆ្នាំដំបូងដែលមានបង្កើតកម្មវិធី មុនព្រឹត្តិការណ៍អង្គរសង្ក្រាន្តផ្លូវការ គឺ កម្មវិធីរត់ និងជិះកង់ (Angkor Sankranta Fun Run And Cycling) នៅថ្ងៃទី៨ និងទី៩ ខែមេសា។
លើសពីនេះ មានកម្មវិធីភូមិសំខាន់ចំនួនពីរទៀត គឺ ភូមិបេតិកភណ្ឌវប្បធម៌ នៅមាត់កសិណអង្គរខាងជើង បង្កើតឡើងដើម្បីឲ្យទេសចរស្វែងយល់អំពីសម្បត្តិបេតិកភណ្ឌរបស់ខ្មែរដែលបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ការលេងល្បែងប្រជាប្រិយ និងវង់តន្ត្រីសម្រាប់រាំកម្សាន្ត ព្រមទាំងផ្សព្វផ្សាយអំពីការសាងសង់ប្រាសាទបុរាណ និងការងារបច្ចេកទេសជាច្រើនលើការការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌរបស់មន្ត្រីជំនាញ។ មួយទៀត គឺ កម្មវិធីសួនមុនីហទ័យ ជាកម្មវិធីពិព័រណ៌អាហារនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលនឹងប្រព្រឹត្តធ្វើនៅបរិវេណលានជល់ដំរី។
គួរបញ្ជាក់ថា នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ការត្រៀមខ្លួនរៀបចំខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត» នាពេលកន្លងមក ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមប្រតិបត្តិនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានមានប្រសាសន៍ថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ នឹងត្រូវរៀបចំធ្វើឡើងកាន់តែល្អ កាន់តែស្អាត កាន់តែអស្ចារ្យ កាន់តែច្រើនជាងឆ្នាំមុនៗ ដោយមានការប្រមូលផ្តុំនូវកម្មវិធី តួអង្គនិមិត្តរូបសំខាន់ៗតាមឆ្នាំនីមួយៗនៃអង្គរសង្រ្កាន្ត ក៏ដូចជាការតុបតែង បង្ហាញនូវវត្ថុយក្សជាច្រើនគ្រឿង ដែលនឹងរំលេចឡើងតាមរយៈកម្មវិធីចំនួន ៤៤ នៅតាមទីតាំងឬតំបន់ចំនួន៦ផ្សេងគ្នា ។ ទន្ទឹមនឹងនេះ នៅក្នុងព្រឹត្តិការណ៍ខាងលើ ក៏គ្រោងនឹងមានការបំបែកឯកត្តកម្មពិភពលោកចំនួន២បន្ថែមទៀតដែរ៕
Article by SRIN SOKMEAN