«ផ្ទះស្នាក់ម៉ែរី» ដែលទេសចរនិយមស្នាក់នៅ ម្តុំតំបន់ប្រាសាទបាគង
TRAVEL & LIVING 2 years agoការស្នាក់នៅតាមផ្ទះសំណាក់ និង សណ្ឋាគារ ក្លាយជាទម្លាប់សាមញ្ញទៅហើយសម្រាប់ដំណើរកម្សាន្តទៅតាមខេត្តនានា ជាពិសេស ខេត្តសៀមរាប ដែលយើងនិយមទៅលេងនៅអំឡុងរដូវបុណ្យទានធំៗ។ ការស្នាក់នៅរបៀប Homestay ឬ ផ្ទះស្នាក់បែបខ្មែរ ដែលផ្តល់បរិយាកាសជិតស្និទ្ធល្អបំផុតរវាងអ្នកពីចម្ងាយនិងប្រជាសហគមន៍ដែលរស់នៅផ្ទាល់ក្នុងតំបន់គោលដៅដែលលោកអ្នកទៅដល់ នោះរឹតតែបង្កើនរសនិយមបទពិសោធន៍ប្លែកៗ ជួយញ៉ាំងឲ្យ ទស្សនាចរណ៍របស់លោកអ្នកកាន់តែមានន័យស៊ីជម្រៅពិបាកនឹងបំភ្លេច។ «ផ្ទះស្នាក់ម៉ែរី» ជាមន្តស្នេហ៍ជនបទបែប អ្នកស្រុកសៀមរាបម្ចាស់ដើមពិតៗ ទាំងបរិយាកាសស្នាក់នៅបែបភូមិខ្មែរ ទាំងសេវាកម្មម្ហូបអាហារប្រចាំតំបន់ និងទាំងស្នាមញញឹមរាក់ទាក់នៃគ្រួសារម្ចាស់ផ្ទះស្នាក់ ដែលលោកអ្នកមិនងាយរកបានទេនៅក្នុងក្រុងសៀមរាប។
មុនពេលទៅដល់ទីរួមខេត្តសៀមរាប ជិះបត់តាមផ្លូវខាងឆ្វេងដៃ (ម្តុំតូបលក់មាន់អាំងជាប់ផ្លូវ) ត្រង់ចំណុចផ្លូវទៅកាន់ប្រាសាទបាគង ទៅក្នុងចម្ងាយប្រមាណ៥-៦គីឡូម៉ែត្រ សហគមន៍ទេសចរណ៍មួយដែលមានឈ្មោះថា «សហគមន៍ទេសចរណ៍បឹងទទឹងថ្ងៃ» (Boeng Tortoeng Thngai Community Tourism) ជាទីតាំងដែលលោកអ្នកត្រូវឈប់សំចតដើម្បីចូលទៅទទួលយកសេវាកម្មស្នាក់នៅឯផ្ទះស្នាក់មួយកន្លែងជាប់មាត់បឹងបុរាណរបស់សហគមន៍ គឺ «ផ្ទះ ស្នាក់ម៉ែរី» នោះឯង។ ផ្ទះស្នាក់ម៉ែរី ក្នុងបរិវេណសហគមន៍ទេសចរណ៍ធម្មជាតិនេះ មានទីតាំងស្ថិតនៅក្នុងទឹកដីភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានចម្ងាយត្រឹមតែជាង១០គីឡូម៉ែត្រប៉ុណ្ណោះពីក្រុងសៀមរាប។
លោក ឆាត សំបូរ ម្ចាស់ផ្ទះស្នាក់ខាងលើ បានប្រាប់សូវរីនថា សហគមន៍នេះចាប់បង្កើតឡើងក្នុងអំឡុងឆ្នាំ ២០១៤ ហើយបើកដំណើរការទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិរហូតមកដល់បច្ចុប្បន្ន។ នៅទីនេះ ភ្ញៀវទាំងឡាយដែលអញ្ជើញធ្វើដំណើរមកដល់អាចស្នាក់នៅលម្ហែកាយជាក្រុមឯកជនក្នុងលំនៅស្ថានខ្មែរបែបជនបទស្រុកស្រែក្នុងតម្លៃត្រឹមតែ២០-៣០ ដុល្លារ ក្នុងមួយកញ្ចប់ក្រុមដែលអាចមានគ្នា៥នាក់។ បើគិតទៅ ម្នាក់ៗចំណាយត្រឹមប្រហែល៥ដុល្លារតែប៉ុណ្ណោះ ធូរថ្លៃជាងបើធៀបនឹងសេវាកម្មស្នាក់នៅនៅទីរួមខេត្ត។ ការស្នាក់នៅនៅទីនេះអាចឲ្យភ្ញៀវស្វែងយល់ពីជីវភាពអ្នកភូមិពិតៗ ព្រោះភ្ញៀវស្នាក់នៅក្នុងភូមិគោកស្រុក ដែលមានប្រជាកសិករដាំដំណាំបន្លែ បង្ការបែបធម្មជាតិ ដូចជា ដំណាំជីរ និងដំណាំគូឆាយ ជាដើម។ ទន្ទឹមនឹងនេះ ពួកគាត់អាចទទួលទានអាហារដែលរៀបចំចម្អិនដោយស្នាដៃម្ចាស់ផ្ទះផ្ទាល់ ហើយគ្រឿងផ្សំ បន្លែ ត្រីសាច់ ភាគច្រើនរកបានក្នុងបរិវេណភូមិនិងផ្សាររបស់សហគមន៍។ ម្ហូបដែលភ្ញៀវនិយមកុម្ម៉ង់ឲ្យចម្អិនជូនពួកគាត់ រួមមានជាអាទិ៍ ហហ្មុកត្រី សម្លស្ងោរត្រឡាច ផ្សិតបំពង នំបញ្ចុកទឹកប្រហុកត្រីអណ្តែងអាំង និងបុកមាន់ ព្រមទាំងមុខបង្អែមខ្មែរគ្រប់ប្រភេទតាមតម្រូវការ។
ក្រៅពីសេវាកម្មស្នាក់និងហូបចុក សហគមន៍មានរៀបចំជាសេវាកម្មកម្សាន្តជាច្រើនប្រភេទមិនឲ្យភ្ញៀវអផ្សុកនឿយណាយនោះទេក្នុងអំឡុងពេលស្នាក់នៅនៅទីនេះ។ សេវាកម្មទាំងនោះរួមមាន សេវាកម្មជួលកង់ជិះ សេវាកម្មជួលរទេះគោជិះទស្សនាភូមិអ្នកស្រុក សេវាកម្មជួលទូកជិះកម្សាន្តបឹងទទឹងថ្ងៃ សេវាកម្មមគ្គុទ្ទេសក៍ជូនទៅប្រាសាទ (ប្រាសាទត្រពាំងផុង ប្រាសាទទទឹងថ្ងៃ) និងសេវាកម្មថ្នាក់បង្រៀនធ្វើម្ហូប។ សេវាកម្មទាំងនេះតម្រូវឲ្យភ្ញៀវកក់ទុកមុនដើម្បីសហគមន៍ងាយស្រួលរៀបចំជូនតាមបំណងរបស់ភ្ញៀវឲ្យបានទាន់ពេលវេលា និងកុំឲ្យខ្វះចន្លោះ។ សម្រាប់ការកក់ទុកមុន សូមមេត្តាធ្វើទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០១១ ៣៥៥ ៩៦៦/ ០៩៦ ៥១ ៥៨ ១៩៥។
តាមរយៈគេហទំព័រសូវរីន ម្ចាស់ផ្ទះស្នាក់ខាងលើសង្ឃឹមថានឹងមានភ្ញៀវទេសចរជាតិនិងអន្តរជាតិអញ្ជើញមកទទួលយកបទពិសោធន៍ថ្មីៗពីទីនេះឲ្យកាន់តែច្រើនឡើងវិញក្រោយវិបត្តិកូវីដ១៩ ដើម្បីជួយចូលរួមចំណែកលើកស្ទួយ កិត្យានុភាពកំណប់ទ្រព្យទេសចរណ៍នៃតំបន់នេះឲ្យពិភពលោកស្គាល់កាន់តែច្បាស់។ សម្រាប់គម្រោងអភិវឌ្ឍន៍វិញ លោកមានបំណងចង់រៀបចំបន្ថែមឲ្យមានកន្លែងលក់វត្ថុអនុស្សាវរីយ៍ជូនភ្ញៀវទេសចរដែលមកទីនេះ។
Article by SRIN SOKMEAN