មើមយេ៉ន ឬភាសាអង់គ្លេសហៅថា Beetroot គឺជារុក្ខជាតិប្រភេទមើម ហើយក៏ងាយស្រួលរកទិញនៅតាមទីផ្សារ។ មើមយេ៉នមិនត្រឹមតែយកទៅចម្អិនម្ហូប តែក៏អាចយកវាទៅធ្វើជាភេសជ្ជៈបានផងដែរ ដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ តែថែមទាំងមានអត្ថប្រយោជន៍ដ៏លើសលប់ចំពោះសុខភាពទៀតផង។ ខាងក្រោមនេះជាអត្ថប្រយោជន៍របស់មើមយេ៉នដែលអ្នកគួរតែឈ្វេងយល់ដើម្បីជាប្រយោជន៍ក្នុងការទទួលទាន។
ជួយទប់ស្កាត់ និងប្រឆាំងជំងឺមហារីក៖ សារធាតុពណ៌ដែលមាននៅក្នុងមើមយេ៉នពណ៌ក្រហមគឺសម្បូរទៅដោយសារធាតុ Betacyanin ដែលវាមានលទ្ធភាពអាចជួយទប់ស្កាត់ការវិវត្តនៃប្រភេទមហារីកមួយចំនួន រួមទាំងជំងឺមហារីកប្លោកនោម។
ជួយបន្ថយសម្ពាធឈាម៖ ការសិក្សាស្រាវជ្រាវបានរកឃើញថាសារធាតុនីត្រាត (Nitrates)ជាច្រើនបានផ្ទុកនៅក្នុងមើមយេ៉ន។ ជាតិនីត្រាតជួយសម្រួលដល់លំហូរឈាមដោយការបន្ធូរសរសៃឈាម កាត់បន្ថយការឡើងរឹងនៃសរសៃឈាម និងជំរុញការពង្រីកដែលអាចធ្វើឲ្យសម្ពាធឈាមថយចុះ។ ការកាត់បន្ថយសម្ពាធឈាមមានអត្ថប្រយោជន៍សម្រាប់ការចៀសវាងពីជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ ការសិក្សាបានណែនាំថា អាហារសម្បូរជាតិនីត្រាតដូចជាមើមយេ៉ន ក៏អាចជួយកាត់បន្ថយពីអាត្រាគាំងបេះដូងបានផងដែរ។
ជួយផ្តល់ថាមពលដល់រាងកាយ៖ មិនថាអ្នកលេងកីឡា ឬបញ្ចេញសកម្មភាពច្រើនដែលនាំឲ្យបាត់បង់ថាមពលក្នុងក្នុងរាងកាយនោះទេ មើមយេ៉នពិតជាផ្តល់ឲ្យអ្នកត្រឡប់មកវិញនូវថាមពលដែលបានបាត់បង់។ នៅពេលដែលសាច់ដុំកំពុងសម្រាក សារធាតុនីត្រាតនៅក្នុងមើមយេ៉នជួយនាំយកអុកស៊ីសែនកាន់តែច្រើនទៅកាន់កោសិកាសាច់ដុំ ជួយឲ្យសាច់ដុំងើបឡើងវិញកាន់តែមានប្រសិទ្ធភាព។ ដូច្នេះ មិនថាអ្នកលេងកីឡាឬបញ្ចេញសកម្មភាពច្រើននោះទេ គួរតែបន្ថែមមើមយេនចូលក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីផ្តល់ថាមពលដល់រាងកាយ។
ជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ៖ នៅក្នុងមើមយេ៉នក៏ជាប្រភពផ្ទុកទៅដោយ glutamine ដែលជាអាស៊ីតអាមីណូដ៏សំខាន់សម្រាប់សុខភាព និងការថែរក្សាសុខភាពពោះវៀន។ វាក៏សម្បូរទៅដោយជាតិសរសៃដែលជួយដល់មុខងារពោះវៀន ជួយដល់ការរំលាយអាហារ និងជួយដល់ប្រភេទបាក់តេរីល្អដែលមានក្នុងពោះវៀនផងដែរ។
ប្រឆាំងនឹងការរលាក៖ ក្នុងចំណោមបន្លែ១០ប្រភេទដែលមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម មើមយេ៉នក៏ជាបន្លែមួយប្រភេទក្នុងចំណោមនោះផងដែរ។ សមាសធាតុ Betalain ត្រូវបានបង្ហាញថាមានសមត្ថភាពប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាកខ្ពស់។ វាជួយការពារកោសិកាពីការខូចខាត ហើយអាចមានប្រយោជន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគាំងបេះដូង ក៏ដូចជាជំងឺមហារីកជាដើម។
ជាការពិត បន្ទាប់ពីអាននូវចំណុចខាងលើរួច យើងបានដឹងថាមើមយេនពិតជាមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព ដែលយើងគួរតែបញ្ចូលបន្លែប្រភេទនេះចូលទៅក្នុងរបបអាហារប្រចាំថ្ងៃ។ ក្រៅពីយកទៅចម្អិន យើងអាចយកមើមយេនស្រស់ទៅកិនឬកៀបជាមួយបន្លែផ្លែឈើដទៃទៀតមកធ្វើជាភេសជ្ជៈទទួលទានផងដែរ។ ថ្វីបើវាមានអត្ថប្រយោជន៍ច្រើន តែយ៉ាងណាគប្បីទទួលទានក្នុងបរិមាណមួយសមរម្យ ដើម្បីបាននូវសុខភាពរាងកាយល្អ និងមិនផ្តល់ផលប៉ះពាល់ត្រឡប់មកវិញ ដោយក្នុងមួយថ្ងៃអាចបរិភោគចំនួន១០០ក្រាម។ ជាមួយគ្នានេះ ក្រោយទទួលទានមើមយេនរួច វាអាចនឹងធ្វើឲ្យទឹកនោមឬលាមកមានពណ៌ក្រហម តែកុំបារម្ភរោគសញ្ញាទាំងនេះវាមិនបានផ្តល់ផលប៉ះពាល់អ្វីឡើយ។ គួរចំណាំដែរថា ចំពោះបុគ្គលដែលមានប្រវត្តិកើតក្រួសក្នុងតំរងនោមដែលមានផ្ទុក oxalate គួរតែចៀសវាងការទទួលទានអាហារដែលមានជាតិ oxalate ខ្ពស់ដូចជាមើមយេននេះជាដើម៕
Article by SOUNG SOKSAN