សូណា គឺជាវិធីព្យាបាល ឬការបន្ធូរអារម្មណ៍មួយប្រភេទដែលមនុស្សភាពច្រើនតែងតែជ្រើសរើសយកមកធ្វើដើម្បីទទួលបានសុខភាពល្អ។ កម្ដៅចាប់ពី១៥៨ ដល់២១២ អង្សារសេ ដែលមាននៅក្នុងបន្ទប់សូណា មានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះរាងកាយ។ ជាក់ស្ដែង ការធ្វើសូណាអាចជួយពង្រឹងប្រព័ន្ធការពាររាងកាយ ជំនួយដល់សុខភាពបេះដូង និងកាត់បន្ថយភាពតានតឹងបានយ៉ាងមានប្រសិទ្ធភាព។ ជាពិសេស ការធ្វើបែបនេះអាចបញ្ចេញញើសដែលជាបង្ហូរជាតិពុលក្នុងខ្លួនឱ្យចេញមកក្រៅតាមរយៈរន្ធញើស ដែលធ្វើឱ្យស្បែករបស់អ្នកមានសភាពស្រស់ថ្លា ភ្លឺរលោង និងកាន់តែក្មេងជាងមុនមួយកម្រិតទៀតផងដែរ។
ទោះបីជាអ្នកមានភាពមមាញឹកជាមួយនឹងការងារច្រើនយ៉ាងណាក្តី ប៉ុន្តែអ្នកគួរតែវែកញែកពេលវេលាខ្លះៗក្នុងការថែរក្សាខ្លួន ដោយការធ្វើសូណា ដើម្បីរំសាយភាពតានតឹងទាំងឡាយដែលកើតមានចំពោះអ្នក។ នៅពេលដែលអ្នកធ្វើវា ចង្វាក់បេះដូងរបស់អ្នកនឹងកើនឡើង ហើយសរសៃឈាមនឹងរីក ដែលធ្វើឱ្យលំហូរឈាមហូរបានប្រសើរជាងមុន។ ប្រតិកម្មនៃរាងកាយរបស់អ្នកចំពោះកម្ដៅដែលមាននៅក្នុងបន្ទប់សូណា អាចជួយបន្ធូរអារម្មណ៍ ដែលសម្រួលដល់ចលនាដង្ហើម និងសាច់ដុំ។ វាក៏មានសមត្ថភាពខ្ពស់ក្នុងការជួយសំយោគប្រព័ន្ធសរសៃប្រសាទឱ្យកាន់តែសកម្ម ដោយការរក្សាតុល្យភាពស៊ីតុណ្ហភាពនៅក្នុងរាងកាយ ថែមទាំងសម្រួលឱ្យអ្នកគេងលក់ស្រួលជាងមុនទៀតផង។ លើសពីនេះ ការធ្វើសូណាអាចជួយជួសជុល និងបង្កើតថ្មីនៃជាលិការខូលីជេន ដែលដើរតួរនាទីយ៉ាងសំខាន់ក្នុងការបង្ហាប់ស្បែកឱ្យហាប់ណែនល្អ ព្រមទាំងអាចជួយបើករន្ធញើស កម្ចាត់កាកសំណល់ជាតិប្រេង និងកំទិចកោសិការស្បែកចាស់ៗ ថែមទាំងអាចផ្ដល់សំណើមដល់ស្បែកថែមទៀងផង។
សម្រាប់អ្នកដែលចូលចិត្តធ្វើសូណា អ្នកគួរតែយល់ច្បាស់អំពីការកំណត់ពេលវេលា និងការត្រៀមខ្លួនឱ្យបានត្រឹមត្រូវ មុនពេលចូលបន្ទប់សូណា។ អ្នកសិក្សាបានឱ្យដឹងថា យើងអាចធ្វើសូណាយ៉ាងហោចណាស់ ៣ ទៅ៤ដង ក្នុង១សប្ដាហ៍ ឬអាចលើសនេះតាមលទ្ធភាពដែលអ្នកអាចធ្វើបាន។ ប៉ុន្តែអ្នកគួរតែកំណត់រយៈពេលឱ្យបានត្រឹមត្រូវ ពោល ១៥ ទៅ ២០នាទីគឺល្អបំផុតចំពោះសុខភាព។ ត្បិតតែការបែកញើសល្អសម្រាប់សុខភាព ដែលអាចបញ្ចេញជាតិពុលចេញពីក្នុងខ្លួន ប៉ុន្តែវាក៏ធ្វើឱ្យខ្សោះជាតិទឹកហួសកម្រិត ទៅតាមពេលវេលាដែលអ្នកកំណត់។ ទន្ទឹមនឹងនេះ មុខពេលចូលបន្ទប់សូណាអ្នកគួរតែប្រាកដថា អ្នកបានពិនិត្យសុខភាព និងទទួលទានទឹកមួយកែវ ឬច្រើនជាងនេះក៏ប្រសើរដើម្បីរក្សាលំនឹងជាតិទឹកក្នុងរាងកាយ។
តើអ្នកតួរត្រៀមអ្វីខ្លះ មុខពេលធ្វើសូណា? ដើម្បីជាជំនួយក្នុងការធ្វើសូណាឱ្យមានប្រសិទ្ធភាព អ្នកគួរតែទទួលទានទឹកឱ្យបានយ៉ាងតិចមួយកែវមុននឹងធ្វើវា ព្រោះថាកម្ដៅនៅក្នុងបន្ទប់សូណាគឺមានសីតុណ្ហភាពក្តៅ ដែលធ្វើឱ្យខ្លួនប្រាណរបស់អ្នកបែកញើសច្រើន។ ដូច្នេះការទទួលទានទឹកមុនពេលធ្វើសូណានឹងជួយរាងកាយរបស់អ្នកមិនឱ្យខ្វះជាតិទឹកនោះឡើយ។ មួយវិញទៀត ចៀសវាងក្នុងការពាក់គ្រឿងអល័ង្កកា ឬប្រើផលិតផលដែលមានជាតិកាត់ផ្សេងៗមុនពេលចូលបន្ទប់សូណា ព្រោះវាអាចមានប្រតិកម្មជាមួយនឹងកម្ដៅ ដែលបង្កឱ្យមានការក្រហាយ ឬរលាកស្បែកជាដើម។
ជាចុងក្រោយគួររំឭកដែរថា អ្វីដែលមិនអាចខ្វះបានគឺការពិនិត្យសុខភាពមុនពេលចូលធ្វើសូណា ព្រោះប្រសិនជាអ្នកមានការធ្វេសប្រហែសក្នុងចំណុចនេះ វាអាចមានហានិភ័យខ្ពស់ចំពោះអ្នកដែលមានជំងឺលើសឈាម និងជំងឺសួតតែម្ដង។ ការសិក្សាថ្មីៗនេះ បានរកឃើញពីអត្ថប្រយោជន៍របស់សូណា អាចធ្វើឱ្យសុខភាពបេះដូងមានភាពប្រសើរជាងមុន តែសម្រាប់អ្នកដែលមានបញ្ហាជំងឺបេះដូង ឬអ្នកទើបជួបបញ្ហាគាំងបេះដូងគួរចៀងវាងការធ្វើសូណា។
Article by NI CHANNIKA