«Satcha-សច្ចៈ» មជ្ឈមណ្ឌលបណ្ដុះបណ្ដាលសិប្បកម្មកម្ពុជា លើកស្ទួយសិប្បករក្នុងស្រុក
NEWS one year agoប្រទេសកម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍ និងរីកចម្រើនជាបន្តបន្ទាប់ស្ទើរតែគ្រប់វិស័យ។ ជាពិសេស វិស័យសិប្បកម្ម និងឧស្សាហកម្មតែម្ដង ព្រោះវិស័យទាំងអស់នេះសុទ្ធសឹងតែជាសរសៃឈាមមួយដែលដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនទៅមុខឥតឈប់ឈរ ហើយវាក៏ជំរុញវិនិយោគិនបរទេសនៅកម្ពុជាឱ្យកើនឡើងផងដែរ។ ជាក់ស្ដែង បច្ចុប្បន្នមានសិប្បកម្មជាច្រើនកំពុងតែមមាញឹកក្នុងការលើកស្ទួយវិស័យសិប្បកម្ម ក្នុងនោះ Satcha-សច្ចៈ ក៏ជាមជ្ឈមណ្ឌលមួយកន្លែងដែលកំពុងបណ្ដុះបណ្ដាល ឬជាកន្លែងភ្ញាស់អាជីវកម្មមួយ ដែលផ្ដល់ឱកាសដល់ប្រជាពលរដ្ឋខ្មែរដែលមានទេពកោសល្យទៅលើជំនាញហត្ថកម្មដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយទៅជាសិប្បករឯករាជ្យនាថ្ងៃអនាគត។
មែនទែនទៅ សច្ចៈ គឺជាឈ្មោះមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសិប្បកម្ម ហើយក៏ជានិម្មិត្តសញ្ញាតំណាងឱ្យផលិតផលប្រណីតមួយបង្កើតឡើងដោយក្រុមហ៊ុន Beyond Retail Business។ អ្នកស្រី ហេង បុប្ផា ដែលជាប្រធានផ្នែកទីផ្សារបានឱ្យដឹងថា “មុននឹងបានឈ្មោះនេះគឺយើងបានជួប និងពិភាក្សាជាមួយអ្នកជំនាញជាច្រើន ហើយក៏សម្រិតសម្រាំងជ្រើសរើសយកឈ្មោះ «សច្ចៈ» តែម្ដង ព្រោះពាក្យនេះមានន័យថា ភាពស្មោះត្រង់ និងពិតប្រាកដ ហើយវាអាចបញ្ចាក់ទៅកាន់ភ្ញៀវដែលបានជាវគ្រប់ផលិតផលនៅទីនេះដោយភាពជឿជាក់ថា ពិតជាផលិតផលរបស់ខ្មែរ១០០ភាគរយ ផលិតដោយសិប្បករខ្មែរ និងដោយដៃផ្ទាល់។” ដោយការស្រលាញ់ និងចង់ចូលរួមចំណែកក្នុងការជួយលើកកម្ពស់ ផ្សព្វផ្សាយ ថែរក្សាសិល្បៈ សិប្បកម្មដែលជាជំនាញដូនតាយើង ហើយក៏ជាចំណែកមួយក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិតាមរយៈការផ្ដល់ការងារបែបនិរន្តរភាពដល់សិប្បករឱ្យមានប្រាក់ចំណូលសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាព និងកាត់បន្ថយការចំណាកស្រុកមួយកម្រិតផងដែរ។ សច្ចៈ មានរោងជាងចំនួន៦ធ្វើពីឫស្សី ដោយមានសិប្បករប្រមាណជាង៤០នាក់ក្នុងនោះមាន១១ជំនាញផ្សេងៗគ្នា រួមមានតម្បាញសូត្រ កាត់ដេរ ចម្លាក់ឈើ ចម្លាក់ថ្ម កុលាលភាជន៍ គំនូរទឹក និងប្រេង ម្រ័ក្សណ៍ខ្មុក ការតម្បាញប្រភេទវល្លិធម្មជាតិ(រពាក់ ផ្តៅ កំប្លោក) ចម្លាក់ស្បែក គ្រឿងប្រាក់ និងគ្រឿងឈើជាដើម។
អ្នកស្រីបានរំឮកអំពីដំណើរដើមទងនៃការបង្កើតមជ្ឈមណ្ឌលនេះថា “កាលដំបូងឡើយយើងគឺជាក្រុមហ៊ុនប្រឹក្សាយោបល់មួយដែលផ្ដោតលើការលើកកម្ពស់ផលិតផលសិប្បកម្មដោយដៃរបស់កម្ពុជា ក្រោមការដឹកនាំរបស់លោក Pierre Andre ROMANO និងលោកស្រី Anne Laure BARTENAY ដែលជាជនជាតិបារាំង រួមសហការជាមួយនឹងអ្នកវិនិយោគកម្ពុជាដទៃទៀតផងដែរ។” ដោយឃើញអំពីផលពិបាកផ្សេងៗរបស់អ្នកភូមិ ក្នុងការស្វែងរកទីផ្សារ និងការរកវត្ថុធាតុដើម ស្ថាបនិកទាំងអស់មានគំនិតចង់លើកកម្ពស់សិប្បករដែលមានជំនាញឱ្យមានការទទួលស្គាល់ពីសំណាក់ប្រជាជនយើងក៏ដូចជាពិភពលោកទាំងមូល ប្រសើរជាងការដែលពួកគាត់សំងំលាក់ចំណេះជំនាញនៅតែមួយកន្លែង ដោយនាំពួកគាត់ទាំងអស់មកជ្រកក្រោមដំបូលតែមួយដែលជាមធ្យោបាយក្នុងការជួយពួកគាត់នាពេលអនាគត។ ជាការពិតណាស់ការងារអ្វីមួយក៏រមែងជួបនូវឧបសគ្គចៀសមិនផុត។ ជាក់ស្ដែង សម្រាប់ផលពិបាកចម្បងដែលមជ្ឈមណ្ឌលកំពុងជួបប្រទះនោះគឺពុំសូវមានការចាប់អារម្មណ៍ និងគាំទ្រពីអតិថិជនក្នុងស្រុកនោះទេ ដោយសារលំហូរចូលនៃផលិតផលក្រៅប្រទេសជាច្រើនដែលនាំឱ្យមានការប្រៀបធៀបអំពីផលិតផលដែលនាំចូលជាមួយនឹងសម្ភារៈក្នុងស្រុកជាបន្តបន្ទាប់។
ជាចុងក្រោយអ្នកស្រី ហេង បុប្ផា សូមសំណូមពរដល់ប្រជាជនកម្ពុជាទាំងអស់ឱ្យងាកមកជួយគាំទ្រ ដោយការប្រើប្រាស់ផលិតផលសិប្បកម្មខ្មែរយើងឱ្យបានច្រើនឡើងវិញ ក៏ដូចជាម្ចាស់អាជីវកម្មដែលមានបំណងក្នុងការរៀបចំតាំងលម្អតាមបណ្ដាហាង ភោជនីយដ្ឋាន សណ្ឋាគារ ឬកន្លែងផ្សេងៗ ដោយងាកមកគិតអំពីការតុបតែងលម្អតាមបែបហត្ថកម្ម ដែលជាស្នាដៃរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងផ្ទាល់តែម្ដង។ គួរបញ្ជាក់ថា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលសិប្បកម្មកម្ពុជាសច្ចៈ បើកឱ្យភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាដោយសេរីជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៨ព្រឹករហូតដល់ម៉ោង ៧ល្ងាច ដែលមានទីតាំងស្ថិតនៅលើផ្លូវសាសា BBU ទល់មុខហាងសមភាពថ្មី នៅក្នុងភូមិថ្មី សង្កាត់ស្វាយដង្គំ ខេត្តសៀមរាប។ នៅទីនោះក៏មានការប្រឹក្សាយោបល់ និងពិភាក្សាព្រាងម៉ូតនៃការតុបតែងជូនដោយឥតគិតថ្លៃផងដែរ៕
Article by NI CHANNIKA