យុវជន «វ៉ាត វ៉ាន់» ម្ចាស់ជ័យលាភីប្រកួតស្នាដៃសិល្បៈពីអង្គការសហប្រជាជាតិ
NEWS one year agoជឿជាក់ថាប្រិយមិត្តបានស្គាល់រួចមកហើយ អំពីយុវជនខ្មែរមួយរូបដែលមានឈ្មោះថា វ៉ាត វ៉ាន់ ដែលត្រូវបានគេស្គាល់ថាជាសិល្បករពហុជំនាញ ចេះទាំងការច្រៀង ការសម្តែង ការគូរគំនូរ ជាពិសេសជាសិល្បករម្នាក់ដែលចេះយ៉ាងស្ទាត់ជំនាញទៅការផាត់មុខ គូរគំនូរលើមុខ ឬតុបតែងមុខជាតួអង្គផ្សេងៗ។ ថ្មីៗនេះ យុវជន វ៉ាត វ៉ាន់ បានទទួលជ័យលាភីលេខ១ក្រោយការចូលរួមប្រកួតប្រជែងស្នាដៃសិល្បៈក្នុងកម្មវិធីមួយដែលមានឈ្មោះថា «ពិព័រណ៍អនាគតយុវជន» ក្រោមប្រធានបទ «សកម្មភាពអ្នក-អនាគតអ្នក» ដែលបានរៀបចំឡើងដោយអង្គការសហប្រជាជាតិនៃប្រទេសកម្ពុជា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។
ការប្រកួតប្រជែងស្នាដៃសិល្បៈនេះ អនុញ្ញាតឱ្យបេក្ខភាពចូលរួមទាំងអស់បញ្ចេញទេពកោសល្យសិល្បៈចម្រុះរបស់ខ្លួនទាក់ទងនឹងប្រធានបទប្រកបដោយភាពច្នៃប្រតិដ្ឋទៅតាមទម្រង់សិល្បៈផ្សេងៗ ដូចជា សិល្បៈអក្សរសាស្ត្រ សិល្បៈទស្សនីយភាព សិល្បៈសម្តែង សិល្បៈពហុព័ត៌មាន ឬមធ្យោបាយផ្សេងទៀតនៃការបញ្ចេញមតិ ដោយភាពច្នៃប្រតិដ្ឋ និងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពនៃប្រធានបទ។ ក្នុងចំណោមបេក្ខភាពចូលរួមប្រកួតទាំង៧២នាក់នឹងត្រូវជ្រើសរើស១០នាក់ជាអ្នកឈ្នះទទួលបានជ័យលាភីលេខ១។ ជាក់ស្តែង សិល្បករ វ៉ាត វ៉ាន់ ជាម្ចាស់ជ័យលាភីមួយក្នុងចំណោម១០នាក់ ដែលលោកបានបញ្ចេញស្នាដៃសិល្បៈរបស់ខ្លួនតាមរយៈ ការគូរគំនូរលើមុខពោរពេញទៅដោយគំនិតច្នៃប្រតិដ្ឋ និងគួរឱ្យកោតសរសើរ។
តាមរយៈស្នាដៃសិល្បៈនេះ រូបលោកបានពន្យល់ថា គឺលោកបានធ្វើឡើងទាក់ទងទៅនឹងប្រទេសកម្ពុជា ដែលលោកបានគូរផ្សារភ្ជាប់អ្វីដែលតំណាងឱ្យជាតិខ្មែរយើងបញ្ចូលរួមគ្នា តួយ៉ាង រូបហហ្មុកជាអាហារតំណាងជាតិ រូបប្រាសាទអង្គរវត្ត ទេសភាពនៃទីក្រុងភ្នំពេញ រូបល្ខោនខោល(តួអង្គហនុមាន) រូបអប្សរាខ្មែរ និងរូបដើមត្នោតជាដើម។ មិនតែប៉ុណ្ណោះ នៅផ្នែកកណ្តាលនៃផ្ទៃមុខលោកបញ្ចូលគំនូរផែនទីប្រទេសកម្ពុជា ផ្នែកកគឺមានសរសេរពាក្យថាកម្ពុជា ជាទម្រង់អក្សរខ្មែរ និងមានគូរទម្រង់បាទដៃមានពណ៌មាសនៅលើដើមទ្រូង ដែលលោកចង់បញ្ជាក់ថា គឺគ្រប់ប្រជាជនយើងទាំងអស់គឺមានតម្លៃដូចមាស ចេះសាមគ្គីគ្នា ចេះជួយ ចេះការពារថែរក្សាវប្បធម៌ជាតិរបស់ខ្មែរយើង។
គួរបញ្ជាក់ដែរថា ក្នុងការប្រកួតប្រជែងលើកនេះ មិនមែនជាលើកទី១ឡើយសម្រាប់សិល្បករដែលមានវ័យ២៥ឆ្នាំរូបនេះ។ ពោល គឺលោកធ្លាប់បានចូលរួមជាច្រើនលើករួចមកហើយជាមួយនឹងលទ្ធផលដ៏ប្រសើរ ហើយបច្ចុប្បន្នលោកក៏កំពុងបានចូលរួមប្រកួតក្នុងកម្មវិធីផ្សេងទៀតនៅក្នុងស្រុកផងដែរ។
តាមរយៈសូវរីន ម្ចាស់ជ័យលាភី លោក វ៉ាត វ៉ាន់ ក៏មានពាក្យពេចន៍ផ្តាំផ្ញើទៅកាន់អ្នកដែលស្រលាញ់ផ្នែកគំនូរនេះដែរថា “ដំបូងឡើយខ្ញុំចាប់ផ្តើមវិស័យនេះគឺខ្ញុំមិនមានធនធានឡើយ។ ដូច្នេះ ប្រសិនបើគាត់យល់ថាគាត់ស្រលាញ់ហើយ តែមិនមានលទ្ធភាពចូលកុំបោះបង់ រកអ្នកជុំវិញខ្លួនឱ្យជួយ ព្រោះយើងមិនអាចរស់នៅតែម្នាក់ឯងបានឡើយ ត្រូវមានអ្នកជួយជ្រោមជ្រែង លើកទឹកចិត្ត។ ប្រឹងរៀនសូត្របន្ថែមដោយខ្លួនឯងឱ្យបានច្រើន ពង្រឹងសមត្ថភាព និងរកអ្វីដែលថ្មីឱ្យបានច្រើន អ្វីដែលសំខាន់ត្រូវហ៊ានបង្ហាញពីទេពកោសល្យខ្លួនឯងជាសាធារណៈ កុំមានភាពអៀនខ្មាសឡើយ៕”
Article by SOUNG SOKSAN