អាហារ៥ប្រភេទជួយបំប៉នដល់ស្បែកឱ្យមានសុខភាពល្អ ស្រស់ថ្លាពីខាងក្នុង
FASHION & BEAUTY 11 months agoស្បែកស្រស់ស្អាត ភ្លឺថា្ល មានសុខភាពល្អ គឺជាអ្វីដែលនារីគ្រប់រូបប្រាថ្នា ហើយដើម្បីទទួលបានស្បែកបែបនេះ ការប្រើប្រាស់ផលិតផលថែរក្សាស្បែកតែម្យ៉ាងវាមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ជាការពិត វាត្រូវការថែទាំពីខាងក្នុងតាមរយៈការផ្តល់នូវរបបអាហារសម្បូរទៅដោយសារធាតុចិញ្ចឹម ក៏ដូចជាវីតាមីនដែលស្បែកត្រូវការប្រចាំថ្ងៃ រួមមានបន្លែ ផ្លែឈើ ព្រមទាំងការផឹកទឹកបានគ្រប់គ្រាន់ជាដើម។ ខាងក្រោមនេះ ជាអាហារ៥ប្រភេទដែលជួយបំប៉នស្បែកឱ្យមានសុខភាពល្អ ស្រស់ថ្លាចេញពីខាងក្នុង។
1. ផ្លែឈើរី (Cherry) និងប្រភេទផ្លែប៊ឺរី(Berries)៖ ផ្លែឈើរី និងផ្លែប៊ឺរី ដូចជា ស្ត្រប៊ឺរី រ៉ាបប៊ឺរី និងប៊្លូប៊ឺរី ស្ថិតក្នុងចំណោមផ្លែឈើដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់បំផុត។ សារធាតុប្រឆាំងអុកស៊ីតកម្មជួយទប់ស្កាត់ភាពចាស់នៃស្បែកមុនអាយុដោយកាត់បន្ថយឥទ្ធិពលបំផ្លាញនៃរ៉ាឌីកាល់សេរី។ រ៉ាឌីកាល់សេរី គឺជាជាតិពុលដែលផលិតដោយរាងកាយ ឬត្រូវបានរកឃើញនៅក្នុងបរិស្ថាន។ បរិមាណរ៉ាឌីកាល់សេរីច្រើនពេកនាំឱ្យខូចកោសិកា ហើយយូរៗទៅវានឹងពន្លឿនធ្វើឱ្យស្បែកចាស់មុនអាយុ។ ដូច្នេះ ការទទួលទានពពួកផ្លែឈើទាំងនេះនឹងជួយភាពចាស់នៃស្បែក។
2. ត្រីដែលមានផ្ទុកខ្លាញ់ល្អ៖ ខ្លាញ់ដែលមានក្នុងត្រីមួយចំនួនដូចជា ត្រីធូណា ត្រីសាម៉ុន និងត្រីសាឌីន សម្បូរទៅដោយអាស៊ីតខ្លាញ់សំខាន់ៗ ជាពិសេសអូមេហ្គា៣(Omega3)។ អាស៊ីតខ្លាញ់សំខាន់ៗទាំងនេះជួយជួសជុលភ្នាសកោសិកា ជួយដល់ការបត់បែនរបស់ស្បែក ជាពិសេសវាក៏ជួយដល់ការផលិតកូឡាជែនផងដែរ។ វាជាសមាសធាតុសំខាន់នៃជាលិកាភ្ជាប់កូឡាជែនជួយឱ្យស្បែកមានសុខភាពល្អ និងធន់មានសំណើម។
3. ផ្លែបឺរ៖ ផ្លែបឺរគឺជាផ្លែឈើដែលសម្បូរទៅដោយវីតាមីន C និងវីតាមីន E។ វីតាមីនទាំងពីរនេះត្រូវបានគេស្គាល់ថាមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មខ្ពស់។ មិនតែប៉ុណ្ណោះ វីតាមីន C ជួយកាត់បន្ថយការរលាកនៃស្បែក និងបង្កើនប្រសិទ្ធភាពការផលិតកូឡាជែន ជួយកាត់បន្ថយស្នាមជ្រួញ និងស្នាមអុចខ្មៅដែលមានលើស្បែក។ ក្រៅពីការទទួលទានផ្លែបឺរដោយផ្ទាល់ អ្នកក៏អាចជ្រើសរើសប្រើប្រាស់ផលិតផលស្បែកដែលមានសារធាតុចម្រាញ់ពីប្រេងផ្លែបឺរ(Avocado Oil) បានផងដែរ។ វាមានសារៈសំខាន់ចំពោះស្បែក ធ្វើឱ្យស្បែកភ្លឺរលោង និងមានជាតិសំណើម។
4. ផ្លែប៉េងប៉ោះ៖ ផ្លែប៉េងប៉ោះមានផ្ទុកទៅដោយសារធាតុ Lycopene ហើយសារធាតុ Lycopene អាចការពារស្បែកពីកាំរស្មី UV ដែលបង្កដោយកម្តៅព្រះអាទិត្យ ដែលជាមូលហេតុចម្បងធ្វើឱ្យស្បែកមានស្នាមជ្រីវជ្រួញ និងខ្មៅស្រអាប់។ គួរចំណាំថា គប្បីទទួលទានផ្លែប៉េងប៉ោះដែលបានចម្អិនរួច ព្រោះនៅពេលវាត្រូវបានចម្អិនប៉ះនឹងកម្តៅ សាធាតុចិញ្ចឹម និងឥទ្ធិពលប្រឆាំងអុកស៊ីតកម្មក្នុងប៉េងប៉ោះកាន់តែមានខ្ពស់ ដែលវាផ្តល់អត្ថប្រយោជន៍បានច្រើនជាងការទទួលទានប៉េងប៉ោះឆៅ។ លើសពីនេះ ប៉េងប៉ោះក៏មានផ្ទុកសារធាតុ បេតាការ៉ូទីន (Beta-carotene) ខ្ពស់ផងដែរ។ នៅសាធាតុបេតាការ៉ូទីនចូលទៅក្នុងរាងកាយ វាត្រូវបានបំប្លែងទៅជាវីតាមីន A ដែលដើរតួយ៉ាងសំខាន់ក្នុងការគ្រប់គ្រងស្បែក។
5. តែបៃតង៖ សារធាតុរាវមានសារៈសំខាន់ណាស់ក្នុងការរក្សាកោសិកាឱ្យមានសំណើមល្អ។ ទឹកធម្មតាមានកាឡូរីទាប និងមិនមានជាតិស្ករដែលជួយទប់ស្កាត់មិនឱ្យឡើងទម្ងន់ វាក៏ជួយឱ្យសារធាតុចិញ្ចឹម និងវីតាមីនជ្រាបចូលទៅក្នុងកោសិកា ហើយបញ្ចេញជាតិពុលចេញពីរាងកាយ។ ជាដំបូន្មានគប្បីផឹកទឹកធម្មតាយ៉ាងហោចណាស់ឱ្យបាន៨កែវក្នុងមួយថ្ងៃ។ ក្រៅពីទឹក ការទទួលទានតែបៃតងក៏ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ស្បែកដែលជាជម្រើសល្អដែលអ្នកមិនគួរមើលរំលងផងដែរ។ ការសិក្សាបានបង្ហាញថា តែបៃតងមានសមត្ថភាពជួយប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងការរលាកបានយ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែ គួរទទួលទានតែបៃតងដែលមិនបន្ថែមជាតិស្ករ ប្រសិនបើអ្នកចង់រក្សាទម្ងន់។
ជាការពិត របបអាហារប្រចាំថ្ងៃពិតជាជះឥទ្ធិលដល់ស្បែក និងសុខភាពរាងកាយ ការទទួលទានអាហារដែលល្អសម្បូរដោយសារធាតុចិញ្ចឹមល្អ មានតុល្យភាពល្អ វានឹងធ្វើឱ្យស្បែក និងសុខភាពរាងកាយល្អដូចគ្នា។ បន្ថែមលើសពីនេះ ការធ្វើលំហាត់ប្រាណបានទៀងទាត់ ការគេងឱ្យបានគ្រប់គ្រាន់ និងការគ្រប់គ្រងភាពតានតឹងបានល្អ វាក៏ជាគន្លឹះមួយដ៏សំខាន់នៃសុខភាព ហើយវាក៏ជួយឱ្យស្បែកភ្លឺថ្លា៕
Article by SOUNG SOKSAN