ផ្តើមចេញពីអ្នករាំក្លាយជាអ្នកច្នៃម៉ូដ លោក Eric ម្ចាស់ម៉ាកសម្លៀកបំពាក់ COMERCI នាំយកស្ទីលហ្វេហ្សិនប្រកបដោយសិល្បៈមកកាន់ទីផ្សារកម្ពុជា
NEWS 6 months agoផ្តើមចេញពីអ្នករាំ និងមានក្តីស្រលាញ់ទៅលើសិល្បៈ លោក Eric Comerci បានប្រើប្រាស់ទេពកោសល្យបញ្ជ្រាបខ្លួនបន្តិចម្តងទៅក្នុងហ្វេហ្សិន រហូតក្លាយជាអ្នកច្នៃម៉ូដដែលបំផុសគំនិតពី សិល្បៈ ការរាំ ដំណើរកម្សាន្ត ចលនា និង នវានុវត្តន៍ហ្វេហ្សិន ហើយក៏សម្រេចចិត្តបង្កើតម៉ាកសម្លៀកបំពាក់មួយឈ្មោះថា COMERCI។ ម៉ាកសញ្ញាប្រកបដោយមហិច្ឆតានេះ បង្កើតឡើងដើម្បីឆ្លុះបញ្ចាំងអំពីការធ្វើដំណើររបស់លោកនៅជុំវិញពិភពលោក។
Designer : Eric Comerci
កាលពីឆ្នាំ ២០២៣ លោក Eric បានសម្រេចចិត្តសម្ពោធខូឡិកហ្សិនថ្មីរបស់ខ្លួននៅទីក្រុងភ្នំពេញ ដោយបានពាំនាំនូវការឌីហ្សាញយ៉ាងពិសេសមកកាន់ទីផ្សារនៅកម្ពុជា។ តាមការរៀបរាប់មកកាន់ សូវរីន ម៉ាកសម្លៀកបំពាក់របស់លោកបានបង្កើតឡើងតាំងពីឆ្នាំ ២០១៧ នៅឯប្រទេសជប៉ុន។ លោកបានបរិយាយស្ទីលរបស់ COMERCI ជាភាសាអង់គ្លេស ៤ ពាក្យយ៉ាងដូច្នេះថា artistic, fashion forward, futuristic និង innovative design។
លោក Eric បន្ថែមថា COMERCI តំណាងឱ្យយុវវ័យ ជាការឌីហ្សាញបែបសិល្បៈដែលអាចស្លៀកពាក់បានទាំងបុរស និងនារី។ ចំណែករាងរៅនៃការឌីហ្សាញ រមែងតែស៊ីគ្នាជាមួយទំនោរនិយមថ្មី (trend) និងហ្វេហ្សិនលំដាប់ខ្ពស់ ហើយក៏បត់បែនទៅតាមឧស្សាហកម្មហ្វេហ្សិនទំនើប។
បោះជំហានមកកាន់កម្ពុជា ម៉ាក COMERCI បានសម្ពោធខូឡិកហ្សិនចំនួនពីរ ខណៈដែលខូឡិកហ្សិនបន្ទាប់ ក៏នឹងមកដល់ក្នុងពេលឆាប់ៗផងដែរ។ នៅក្នុងឆ្នាំ ២០២៤ នេះ ម៉ាក COMERCI បានកំពុងធ្វើការទៅលើខូឡិកហ្សិនជាច្រើន ដែលខូឡិកហ្សិននីមួយៗមានប្រមាណពី ៣០ ទៅ ៤០ ឈុត។ ការផលិតរួមមាន អាវ រ៉ូប ខោ និងគ្រឿងតាក់តែងកាយដូចជា កាបូប និងស្រោមដៃ...ជាដើម។
ថ្វីបើជាអ្នកច្នៃម៉ូដមានដើមកំណើតមកពីអាហ្សង់ទីន តែស្ថាបនិក លោក Eric បានយកចិត្តទុកដាក់ចម្បងទៅលើតម្រូវការក្នុងស្រុក។ តួយ៉ាង រាល់ខូឡិកហ្សិន លោកបានប្រើពេលយ៉ាងច្រើនក្នុងការឌីហ្សាញ និងផលិត ដើម្បីប្រាកដថាម៉ូដចេញមក ថ្មី ទាន់សម័យ និងមានភាពច្នៃប្រតិដ្ឋខ្ពស់។ ការដែលសំខាន់ បើទោះឈុតនៃខូឡិកហ្សិនមានលក្ខណៈហ៊ានបង្ហាញ និងសិចស៊ី តែលោកតែងតែប្រាកដថា គ្រប់ម៉ូដទាំងអស់គឺមិនខ្ពស់ហួសហេតុពេក ពោលសមស្របទៅតាមភាពស៊ីវិល័យរបស់អតិថិជនកម្ពុជា។
«អ្វីដែលសំខាន់បំផុត អតិថិជនពាក់សម្លៀកបំពាក់ COMERCI មានអារម្មណ៍អេឡេហ្គង់ និងទំនុកចិត្ត»។ លោក Eric បញ្ជាក់។
ជាការពិត តាំងពីសម្ពោធមក ម៉ាក COMERCI មានការទទួលស្គាល់ពីសំណាក់ភ្ញៀវមកពីគ្រប់វិស័យ រាប់តាំងពីតារាល្បីៗក្នុងស្រុក Influencer តារាបង្ហាញម៉ូដ និងអ្នកច្នៃម៉ូដដទៃផងដែរ។ លោក Eric ថាអតិថិជនរបស់លោក ជាប្រភេទមនុស្សដែលហ៊ានស្លៀកពាក់នូវភាពខុសប្លែក មានភាព unique រួមជាមួយទំនុកចិត្តផ្ទាល់ខ្លួនរបស់ពួកគេ។ ដូចឃើញជាក់ស្តែង ភ្ញៀវដែលទិញឈុតខូវប៊យម៉ូដត្រួតគ្នាលាយជាមួយ hoodie គ្រាន់តែពាក់ភ្លាម ពួកគេមើលទៅឡូយឆាយបែបយុវវ័យមួយរំពេច។ នេះហើយជារសជាតិរបស់ COMERCI ដែលជាស្ទីលប្លែករួមបញ្ចូលគ្នារវាងទំនើបកម្ម និងហ្វេហ្សិនថ្មីបំផុត។
មកដឹងអំពីយុទ្ធសាស្ត្រទីផ្សារ លោក Eric ប្រាប់ថា ក្នុងមួយឆ្នាំលោកបញ្ចេញខូឡិកហ្សិនចំនួន ៤ ដង។ លោកនឹងបង្កើតជាវីដេអូផ្សព្វផ្សាយ ដោយមានអ្នករាំពាក់សម្លៀកបំពាក់របស់ COMERCI។ វីដេអូនេះនឹងបង្ហាញអំពីភាពបត់បែននៃក្រណាត់ ព្រមទាំងភ្ជាប់មកជាមួយសាច់រឿងនៃខូឡិកហ្សិនផងដែរ។
ចំពោះផលលំបាកវិញ លោកថាវាតែងតែពិបាកក្នុងការបើកប្រ៊េនមួយនៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងខ្លាំង។ តែជាសំណាងល្អ លោក និងក្រុមការងារតែងតែរិះរកវិធីខុសប្លែកដើម្បីបង្ហាញនូវផលិតផលរបស់ខ្លួន។ ដូចជាពេលសម្ពោធខូឡិកហ្សិនកន្លងមក លោកបានរួមបញ្ចូលតារាបង្ហាញម៉ូដអន្តរជាតិ និងសិល្បករមកពីជំនាញផ្សេងៗគ្នាដូចជា ឌីជេ អ្នករាំ និងអ្នកសម្តែងជាដើម។ មួយវិញទៀត លោកក៏ជ្រើសរើសទីតាំងដើរបង្ហាញម៉ូដដែលមានលក្ខណៈប្លែក និងទ្រង់ទ្រាយធំផងដែរ។
សម្រាប់គោលដៅរបស់ COMERCI នឹងឆ្ពោះទៅកាន់ការបើកហាងសម្លៀកបំពាក់នៅឆ្នាំក្រោយ ខណៈដែលបច្ចុប្បន្ន ស្ថាបនិក លោក Eric បានកំពុងផ្តោតជំរុញម៉ាកយីហោនៅលើបណ្តាញសង្គម ដើម្បីកសាងប្រ៊េនឱ្យកាន់តែទូលំទូលាយ និងមានការទទួលស្គាល់កាន់តែច្រើន៕
Article by HEM SOKKHIM (ZM)