កម្រងរូបភាពបង្ហាញម៉ូដនៃកម្មវិធី PHNOM PENH DESIGNERS WEEK S/S 2024
NEWS 6 months agoក្រោមប្រធានបទ “MECHA-NATURAL” ដែលជាចលនាបំផុសគំនិតច្នៃប្រតិដ្ឋចេញពីដំណើរការមេកានិច និងធម្មជាតិ សម្រាប់ការបង្ហាញម៉ូដប្រចាំរដូវក្ដៅ ២០២៤ នេះ កម្មវិធី Phnom Penh Designers Week បានប្រារព្ធឡើងយ៉ាងជោគជ័យរយៈពេល ០២ ថ្ងៃ កាលពីល្ងាចថ្ងៃទី៣១ ខែឧសភា និងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ នៅសណ្ឋាគារ Rosewood Phnom Penh ដោយមានការចូលរួមដើរបង្ហាញម៉ូដពីអ្នកច្នៃម៉ូដប្រចាំនៅរាជធានីភ្នំពេញ ទាំង ៩ ម៉ាក រួមមាន DON PROTASIO CLOTHING, AMBRE MEN, SEMURIAN, ALFREDO VAEZ COUTURE, KONG LABEL, PHOUNG BY S, NATACHA VAN, DREWE TAYLOR DESIGNS និង A.N.D.។
នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ គឺជាការបង្ហាញប្រជុំម៉ូដសម្លៀកបំពាក់នារី ដោយរួមមានម៉ាក ALFREDO VAEZ COUTURE ច្នៃដោយលោក Alfredo Vaez បានទាញយកសម្រស់នៃសួនច្បារដែលប្រជុំទៅដោយបុប្ផារីកសាយនិងមេអំបៅមកច្នៃប្រតិដ្ឋ អមដោយការប្រើសាច់ក្រណាត់ពណ៌ស្រាលៗ បង្កើតចេញជាទិដ្ឋភាពស្រស់ស្រទន់នានិទាឃរដូវនេះ។
ម៉ាក PHOUNG BY S ច្នៃដោយអ្នកស្រី Yashie Hourt បានបង្ហាញប្រជុំម៉ូដក្រោមចំណងជើងថា “អ្នកអើយ” ដែលឆ្លុះបញ្ចាំងពីទម្រង់ម៉ូដសម័យរុងរឿងមួយនៃព្រះរាជាណាចក្រកម្ពុជា គឺចន្លោះឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៧០ អមទៅដោយការច្នៃសាច់ក្រណាត់ក្រឡារូបផ្កាដ៏ពេញនិយមនាសម័យនោះ។
ម៉ាក A.N.D. ច្នៃដោយលោក Min Yusof និងលោក Alan James Flux បានបំផុសគំនិតច្នៃឈុតចេញពីទីក្រុងចេពួរ (Jaipur) ប្រទេសឥណ្ឌា ដែលល្បីល្បាញខាងផលិតសាច់ក្រណាត់បោះពុម្ពដោយដៃ (Hand-blocked Cotton) រួមជាមួយនឹងចក្ចុវិស័យក្នុងការបង្កើតឈុតសម្រាប់ដំណើរទេសចរ និងលំហែកម្សាន្ដ (Cruise & Resort Collection)។
ម៉ាក SEMURIAN ច្នៃដោយអ្នកស្រី Dim Sereyroth បានបន្តប្រើពណ៌ស ខ្មៅ ជាគោលក្នុងច្នៃម៉ូដ ដោយបានបន្ថែមឈុតពណ៌លឿងរំលេច អមជាមួយនឹងការប្រើគ្រឿងអលង្ការគុជ បានផ្ដល់អារម្មណ៍បែបបារាំងជំនាន់ដើមលាយនឹងទម្រង់សម្លៀកបំពាក់និងរ៉ូបបែបទាន់សម័យយ៉ាងប្រណីត។
ម៉ាក NATACHA VAN ច្នៃដោយអ្នកស្រី Natacha Van បានបំផុសគំនិត “បរិសុទ្ធ” ទៅក្នុងប្រជុំម៉ូដចុងក្រោយរបស់ខ្លួន ដោយជ្រើសយកប្រើពណ៌សជាគោល អមដោយឌិនផ្កា និងស្បៃបែបឈុតកូនក្រមុំ ដែលបង្ហាញពីសម្រស់អមតៈ និងស្រគត់ស្រគំនៃបុប្ផាធម្មជាតិបង្អួតក្នុងរាងបែបសម័យទំនើប។
រីឯថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ វិញគឺជាការបង្ហាញប្រជុំម៉ូដសម្លៀកបំពាក់បុរស ដោយរួមមាន ម៉ាក DON PROTASIO CLOTHING ដោយលោក Don Protasio ច្នៃបង្កើតឈុតបែបរលុងៗ ប្រើក្រណាត់ស្រាលៗ ឆាប់ស្ងួត ងាយបត់បែន ដែលផ្ដល់នូវ “ភាពងាយស្រួល” ជាចម្បងក្នុងការស្លៀកពាក់ ហើយបន្ថែមភាពល្អៀងនៃម៉ូដសាមញ្ញបែបប្រចាំថ្ងៃនិងបែបផ្លូវការសម្រាប់ការប្រើប្រាស់ទូទៅ។
ម៉ាក KONG LABEL ច្នៃដោយលោក Sothea Kong បានផ្សំបញ្ចូលគ្នារវាងការកាត់ដេរផ្គុំសម្លៀកបំពាក់បែបបុរាណលាយសម័យ អមដោយការបោះពុម្ពនិងឌិនអង្កាំជាក្បាច់ “ផ្ការំដួល” និមិត្តសញ្ញាណមួយដែលលោកនិយមប្រើលម្អលើឈុតរបស់លោក ជាមួយនឹងកអាវ និងហោប៉ាវធំៗ បែបហ្វេហ្សិនទាន់សម័យ Street Fashion។
ម៉ាក AMBRE MEN ច្នៃដោយលោក Thomas Jaffre បានសម្ញែងឈុតនិងរាងយ៉ាងសង្ហាបែបឡូយឆាយ ដោយជ្រើសរើសប្រើពណ៌ឌិតៗទាក់ភ្នែកមករំលេចលើពណ៌ខ្មៅ ជាមួយនឹងការប្រើម្ជុលខ្ទាស់លម្អ។ល។ ពិសេសវ៉ែនតាខ្មៅ រឹតធ្វើឲ្យឈុតលោកកាន់តែរស់រវើក។
ម៉ាក DREWE TAYLOR DESIGNS ច្នៃដោយលោក Ryan Drewe Taylor បានបំផុសគំនិតភៀសខ្លួនពីបច្ចុប្បន្នភាព ហើយលន្លង់លន្លោចទៅកាន់រកឆ្នេរខ្សាច់សក្បុសនៅកោះហ្សង់ស៊ីបារ (Zanzibar) ស្រូបថាមពលនៃរដូវក្ដៅនៅកោះបាលី (Bali) និងស្ដាប់ចង្វាក់ភ្លេងនៅអ៊ីប៊ីហ្សា (Ibiza) ដោយលោកច្នៃឈុតភាគច្រើនជាមួយនឹងពណ៌នៃព្រះសូរ្យសែង ផ្ដល់អារម្មណ៍ស្រស់ស្រាយបែបតំបន់ត្រូពិក ជាមួយនឹងតន្រ្តីកន្ត្រាក់ពេញមួយរាត្រី៕
Article by LENG CHANREASEY