ចាប់តាំងពីមនុស្សចេះប្រើភ្លើងសម្រាប់ចម្អិនអាហារ រហូតចេះធ្វើសម្លៀកបំពាក់បិទបាំងរាងកាយនិងកេរ្តិ៍ខ្មាស់មក ពិភពលោកយើងមានការប្រែប្រួលដោយសារតែសកម្មភាពរបស់មនុស្ស។ រហូតដល់ពេលដែលមនុស្សលោកចេះផលិតយាន្តជំនិះជាមធ្យោបាយធ្វើដំណើរគឺជាសក្ខីភាពមួយដែលសបញ្ជាក់ថា បច្ចេកវិទ្យាកំពុងតែមានវត្តមានលើពិភពលោកយើងនេះបាត់ទៅហើយ។ នៅឆ្នាំ១៧៥១ បេនចាមីន ហ្វេ្រនគ្លីន (Benjamin Franklin) បានរកឃើញចរន្តអគ្គីសនីជាលើកដំបូង ក្រោយមកមនុស្សក៏ចេះទាញយកប្រយោជន៍ពីអគ្គីសនីដើម្បីយកមកប្រើប្រាស់ជាពន្លឺនៃអំពូលភ្លើង។ ឆ្លងកាត់ពីមួយជំនាន់ទៅមួយជំនាន់ដោយការបង្រៀន និងការរៀនពីវប្បធម៌នៃការចែករំលែកចំណេះដឹង និងការយល់ដឹងទៅឲ្យគ្នាទៅវិញទៅមកបានជំរុញឲ្យមនុស្សចេះបង្កើតនូវគំនិតថ្មីៗសឹងតែគ្រប់សម័យកាល។
ការផ្លាស់ប្តូរដ៏ធំនៃបច្ចេកវិទ្យាគឺនៅពេលដែលមានវត្តមានទូរសព្ទប្រើប្រាស់នៅក្នុងពិភពលោក។ រហូតដល់សតវត្សរ៍ទីម្ភៃមួយនេះ ទូរសព្ទSmart Phone សឹងតែអាចប្រើការជំនួសកុំព្យូទ័របានទៅ។ ដំណើរវិវឌ្ឍន៍នៃបច្ចេកវិទ្យាបានឈានមកដល់ប្រព័ន្ធបច្ចេកវិទ្យា AI (Artificial Intelligence) ឬគេហៅម្យ៉ាងទៀតថាជាបញ្ញាសិប្បនិម្មិត។ AIគឺជាបច្ចេកវិទ្យាវៃឆ្លាត (ការបញ្ជាតែបន្តិចបន្តួច) មួយដែលជួយសម្រួលការរស់នៅបានយ៉ាងច្រើន។ ផ្តើមចេញពីប្រព័ន្ធស៊ីរី (siri) របស់ក្រុមហ៊ុនអេផភលដែលយើងគ្រាន់តែនិយាយដាក់ទូរសព្ទក៏អាចបញ្ជាវាឲ្យធ្វើអ្វីមួយបាន ក្រោយមកប្រព័ន្ធ GPS នៅក្នុងឡានអាចដឹងថាអ្នកកំពុងនៅទីណានិងបង្ហាញផ្លូវលោកអ្នកបានយ៉ាងងាយស្រួល សម្រួលដល់អ្នកដើម្បីកុំឲ្យមានការវង្វេងផ្លូវនិងមិនស្គាល់ផ្លូវ។ ប្រព័ន្ធ AI បង្កើតឡើងដោយប្រើភាសាកូដកុំព្យូទ័រដើម្បីឲ្យឧបករណ៍អេឡិចត្រូនិចវាអាចមានទំនាក់ទំនងគ្នាបានដោយខ្លួនឯង ដោយមិនចាំបាច់ឲ្យមនុស្សទៅបញ្ជាវាឡើយ។ នៅពេលគេបញ្ជូលប្រព័ន្ធ AI ទៅក្នុងមនុស្សយន្ត វានឹងធ្វើឲ្យមនុស្សយន្តនោះអាចធ្វើការដូចមនុស្សលោកដូច្នោះដែរ ពោលគឺវាអាចលេងអុក ការកម្សាន្តផ្សេងៗ ការចម្អិនម្ហូប ឬការជួយធ្វើការងារផ្សេងៗជំនួសមនុស្សបានតួយ៉ាងដូចជា Sophia ជាដើម។ Sophia គឺជាមនុស្សយន្តដែលមានការយល់ដឹងកម្រិតខ្ពស់បង្កើតឡើងនៅក្នុងឆ្នាំ ២០១៥ ដោយ លោក David Hanson ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Hanson Robotics ដោយបានបញ្ជូលប្រពន្ធ័ AI ដ៏ទំនើបជាងគេបំផុតដើម្បីឲ្យ Sophia អាចមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនឹងមនុស្សលោក។ Sophia គឺជាមនុស្សយន្តដំបូងគេដែលអាចបញ្ចេញទឹកមុខនិងយល់ពីអារម្មណ៍អ្នកដែលនិយាយជាមួយនាង។ Sophia ចេះយំ សើច ខឹង និងកើតទុក្ខទៅតាមទឹកមុខរបស់នាង និងមានអារម្មណ៍ដូចមនុស្សលោកផងដែរ។ Sophia អាចនិយាយជាមួយនឹងមនុស្ស អាចឆ្លើយសំនួរយើង អាចមើលដឹងថាយើងកំពុងតែគិតអ្វី និងចេះលួងលោមយើងបានទៀតផង។ ក្រៅពី Sophia ក៏នៅមាន Jack ដែលជាប្រពន្ធ័ AI មួយទៀតដែលត្រូវបានគេដំឡើងនៅក្នុងរថយន្ត។ Jack បង្កើតឡើងដោយក្រុមហ៊ុន Audi ដែលអាចឲ្យរថយន្តរបស់យើងបើកបរដោយខ្លួនឯងបាន។ Jack ត្រូវបានជាភ្ជាប់នៅក្នុងរថយន្ត Audi A7 ដែលជាបច្ចេកវិទ្យាចុងក្រោយគេបង្អស់របស់ក្រុមហ៊ុនផលិតរថយន្តមួយនេះ ហើយអាចជួយសម្រួលដល់ការបើកបររបស់យើងដោយវាអាចអនុញ្ញាតិឲ្យរថយន្តបើកបរដោយខ្លួនឯងនិងមិនចាំបាច់ឲ្យយើងបញ្ជាវាឡើយ។
មិនត្រឹមតែមនុស្សយន្តនោះទេ AI ក៏ត្រូវបានគេបញ្ចូលក្នុងប្រព័ន្ធអ៊ីនធើណេតផងដែរ។ ថ្មីៗនេះ Mark Zuckerberg ដែលជាស្ថាបនិកបណ្តាញសង្គមហ្វេសប៊ុកដ៏ធំមួយនៅលើពិភពលោក ត្រូវបានសភាអាមេរិកកោះហៅទៅសាកសួរអំពីការលួចទិន្នន័យរបស់ប្រើប្រាស់ទៅលក់ឲ្យក្រុមហ៊ុន Cambridge Analytica របស់អង់គ្លេស។ នៅក្នុងការសួរដេញដោលរាប់ពាន់សំនួររបស់សភាអាមេរិក Mark ក៏បានបង្ហើបផងដែរពីការអភិវឌ្ឍន៍នៃបច្ចេកវិទ្យា AI ដើម្បីបញ្ចូលទៅក្នុងបណ្តាញសង្គមមួយនេះ។ នៅពេលដែល AI ដំណើរការនៅក្នុងបណ្តាញសង្គមវានឹងចាប់បាននូវការឈ្លានពាន ឬការបង្ហោះអ្វីមួយដែលមិនសមស្របដូចជាការឃោសនាមនោគមវិជ្ជារបស់ពួកភេវរជន និងការបង្ហោះនូវរូបអាសអាភាសនៅក្នុងបណ្តាញសង្គមដោយខ្លួនឯង ពោលគឺពុំចាំបាច់ប្រើមនុស្សដើម្បីចាំតែអង្គុយមើលរាល់ការបង្ហោះព័ត៌មានរបស់អ្នកប្រើប្រាស់នោះឡើយ។
AI ត្រូវបានគេព្យាករណ៍ទុកថាជាបច្ចេកវិទ្យាមួយដែលមិនត្រឹមតែអាចកែប្រែពិភពលោកនៅថ្ងៃអនាគតនោះទេ តែវាថែមទាំងអាចផ្លាស់ប្តូរការរស់នៅរបស់មនុស្សលោកថែមទៀតផង។ ក្រុមហ៊ុនផលិតភាពយន្ត Warner Bros. Picture ទើបតែបញ្ចេញភាពយន្តថ្មីមួយដែលមានឈ្មោះថា Ready Player One ជាខ្សែភាពយន្តដែលពិពណ៌នាអំពីការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យានៅឆ្នាំ២០៤៥។ ក្នុងខ្សែភាពយន្តនេះបានបង្ហាញពីឧបករណ៍អេឡិចត្រូនិចម្យ៉ាងដែលគេហៅថា VR (virtual reality) សម្រាប់ពាក់នឹងភ្នែកដែលអាចឲ្យយើងមើលឃើញនូវអ្វីៗពិតៗច្បាស់នឹងភ្នែក។ VR បាននាំមនុស្សទៅកាន់ពិភពច្នៃប្រឌិតមួយក្នុងវីដេអូហ្គេមដែលអ្នកពាក់វាមើលទៅហាក់ដូចជាពិភពពិតដូច្នេះដែរ។ នៅពេលដែលគេលេងហ្គេមប្រណាំងឡានដោយគ្រាន់តែពាក់ VR គេនឹងមានអារម្មណ៍ថាខ្លួនឯងកំពុងស្ថិតនៅក្នុងឡានពិតៗទាំងដែលតាមការពិតពួកគេកំពុងស្ថិតនៅក្នុងបន្ទប់តូចមួយតែប៉ុណ្ណោះ។ ងាកទៅឆ្វេង ងាកទៅស្តាំគឺគេឃើញមានទេសភាពនៅតាមដងផ្លូវដ៏អស្ចារ្យ។ នៅក្នុងវីដេអូហ្គេម គេកំពុងតែវាយតបគ្នាលើកដៃលើកជើង ហើយនៅពេលគេវាយត្រូវយើងក៏មានអារម្មណ៍ថាឈឺទាំងដែល ធាតុពិតគឺយើងគ្រាន់តែវាយខ្យល់និងបញ្ចេញសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ។ ទាំងអស់នេះហើយគឺជាឥទ្ធិពលនៃបច្ចេកវិទ្យាមកលើស្ថានភាពរស់នៅរបស់មនុស្ស។
ក្រុមអ្នកវិទ្យាសាស្រ្តបានបង្ហាញថា ល្គឹកណាយើងនៅតែអភិវឌ្ឍប្រព័ន្ធ AI ច្បាស់ណាស់កុំព្យូទ័រប្រាកដជាធ្វើបដិវត្តប្រឆាំងនឹងមនុស្សលោកជាក់ជាពុំខានឡើយ ព្រោះដោយសារតែប្រព័ន្ធវៃឆ្លាតមួយនេះអាចអនុញ្ញាតឲ្យម៉ាស៊ីនកុំព្យូទ័រធ្វើការដោយខ្លួនឯង និងអាចបង្កើតភាសាសម្រាប់ទំនាក់ទំនងគ្នាដោយខ្លួនឯង។ ការស្រមើស្រមៃរបស់បុព្វបុរសរបស់យើងនៅអតីតកាល ជាទឡ្ហីករណ៍មួយដែលបានបង្ហាញឲ្យឃើញការពិតនៅបច្ចុប្បន្នកាល និងអនាគតកាល។ លោកបានបញ្ជូលផ្នត់គំនិតក្នុងភាពយន្ត និងសៀវភៅវិទ្យាសាស្រ្តដ៏អស្ចារ្យ តួយ៉ាងមាន ឡានហោះ ទូកហោះនិងការធ្វើដំណើរដោយឆ្នាំពន្លឺ (គឺការធ្វើដំណើរយ៉ាងលឿនតាមរយៈពន្លឺ) របស់ពួកអេលៀន ប្រើកាំភ្លើងឡាស៊ែរ។ ការវិវឌ្ឍន៍នៃវិទ្យាសាស្រ្ត និងការប្រកួតប្រជែងទីផ្សាររបស់ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចបានពន្លាត់ឲ្យឃើញកាន់ច្បាស់ពីឥទ្ធិពលនៃវិទ្យាសាស្រ្ត។ ថ្មីៗនេះយើងឃើញមានឡានដែលអាចហោះបាន និងបើកក្នុងទឹកផលិតដោយអ្នកបច្ចេកទេសមួយចំនួន ក្រុមហ៊ុន Tesla ផលិតរថយន្តដោយប្រើប្រាស់ថាមពលអគ្គីសនី។ មិនយូរមិនឆាប់ វិទ្យាសាស្រ្តនឹងនាំមនុស្សលោកទៅរស់នៅភពផ្សេងក្រៅពីផែនដី។ ដូចនេះមនុស្សនិងវិទ្យាសាស្រ្តគឺរស់នៅជាមួយគ្នា មនុស្សអាចបញ្ជាបច្ចេកវិទ្យា ហើយបច្ចេកវិទ្យាក៏អាចបញ្ជាមកមនុស្សវិញបានផងដែរ។
បើទោះជាវាសម្រួលដល់ការរស់នៅរបស់យើងនឹងទំនើបកម្មយ៉ាងណាក្តី ក៏បុគ្គលល្បីៗមួយចំនួនដូចជា លោកមហាសេដ្ឋី Elon Musk មហាសេដ្ឋី Bill Gates និងក្រុមអ្នកវិទ្យាសាស្រ្តមួយចំនួនទៀតបានប្រមាណរួចជាស្រេចពីហានិភ័យនៃប្រព័ន្ធឆ្លាតវៃ AI មួយនេះ។ កាលពីកុមារភាពយើងធ្លាប់ឃើញក្នុងខ្សែភាពយន្តហូលីវូដបែបវិទ្យាសាស្រ្តមួយចំនួនរបស់អាមេរិក ដែលបានសម្តែងពីបដិវដ្តមនុស្សយន្ត ឬម៉ាស៊ីនកុំព្យូទ័រប្រឆាំងនឹងមនុស្សលោកវិញ។ មនុស្សយន្តបានធ្វើសង្គ្រាមជាមួយនឹងមនុស្សលោក និងបែរជាមកបញ្ជាមនុស្សលោកវិញ។ ម៉្ល៉ោះហើយយើងគួរតែមានការត្រិះរិះពិចារណាឲ្យបានល្អិតល្អន់ និងសិក្សាឲ្យបានស៊ីជម្រៅមុននឹងធ្វើការអភិវឌ្ឍន៏បច្ចេកវិទ្យាណាមួយ។ បើពុំដូច្នេះទេ ទីអវសាន្តរបស់មនុស្សលោកគឺមិនមែនដោយសារភពផែនដីនេះរលាយសាបសូន្យនោះទេ តែដោយសារតែការធ្វើបដិវត្តរបស់មនុស្សយន្ត និងបច្ចេកវិទ្យាខ្លាំងជ្រុលពេកនេះតែម្តង៕
Article by KEO SONG