×

សិប្បកម្មឥដ្ឋការ៉ូ​ខ្មែរ​ដែល​បង្កប់​ទៅ​ដោយ​រស​និយម​ដ៏​ស៊ី​វិល័យ​កំពុង​លេច​មុខ​មាត់​ឡើង​វិញ​

TRAVEL & LIVING 7 years ago
 
 

          ​មិត្ត​អ្នក​អាន​ធ្លាប់​ចូល​ទស្សនា​ប្រាសាទ​ទេវា​វិនិច្ឆ័យ​ក្នុង​បរិវេណ​ព្រះ​បរមរាជវាំងចតុម្មុខ​មង្គល​ដែរ​ឬ​ទេ? បើ​ធ្លាប់ តើ​អ្នក​ដឹងទេថា ឥដ្ឋការ៉ូ​ដែល​មាន​ក្បាច់​រចនា​ដ៏​ស្រស់​សោភា​ទាំង​នោះ​គឺជា​ឥដ្ឋការ៉ូ​ខ្មែរ?

          ខណៈ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ អគារ​ធំៗ ខ្ពស់ៗ ជា​ច្រើន​កំពុង​ប្រជែង​សម្រស់​គ្នា​យ៉ាង​ដេរដាស នៅ​ក្នុង​រោងសិប្បកម្ម​ធំ​ល្មម ដែល​ពេញ​ប្រៀប​ទៅ​ដោយ​ឥដ្ឋការ៉ូម៉ូត​ប្លែកៗជា​ច្រើន​គំនរ បុរស​៣​នាក់​ពាក់អាវយឺត​ដៃ​ខ្លី ស្លៀក​ខោ​ជើង​ខ្លី និង​បិទម៉ាស់​កំពុង​ធ្វើ​ចលនា​ដៃ​យ៉ាង​រហ័សរហួន ​ដើម្បី​ផលិត​ឥដ្ឋការ៉ូ​ខ្មែរ។ ដំបូង​​ពួក​គាត់​លាប​ប្រេង​លើទ្រនាប់ការ៉េប្រវែង២០​សង់​ទី​ម៉ែត្រ រួច​យកពុម្ពម៉ូតមក​ចាក់​ពណ៌ ហើយ​រោយ​ស៊ី​ម៉ង់ត៍​ស្ងួត​សុទ្ធ​ពីលើ​បន្តិច​​ដើម្បី​ឱ្យ​ជក់​ពណ៌។ បន្ទាប់​មក​ទៀត​យក​ស៊ី​ម៉ង់ត៍​ដែល​លាយជា​មួយ​ខ្សាច់​​បន្តិច​មក​ដាក់​ឱ្យ​ពេញ រួច​យក​ទៅ​សង្កត់​ក្រោម​ដុំដែក​ទម្ងន់​ជិត​១៥០​គីឡូ​ក្រាម រួច​បកឥដ្ឋការ៉ូ​ចេញ​ពីពុម្ព យកទុក​ចោល​មួយ​ថ្ងៃ ហើយ​ចុង​ក្រោយ​ត្រាំ​ទឹក​ប្រហែល​៥​ម៉ោង​ទៀត នោះ​ឥដ្ឋការ៉ូ​ទាំង​នោះ​នឹង​អាច​ប្រើ​ប្រាស់​តាម​តម្រូវ​ការ​បាន​ហើយ។ លំ​នាំ​របៀប​នេះ​អាច​ឱ្យ​​ពួក​គាត់​​ផលិត​ឥដ្ឋការ៉ូ​បាន​ពី ១៥០ ទៅ ៣០០ ឥដ្ឋ​ក្នុង​មួយ​ថ្ងៃ អាស្រ័យ​ទៅ​លើក្បាច់ និង​ពណ៌​របស់​ម៉ូតឥដ្ឋនី​មួយៗ។ សូម​បញ្ជា​ក់ថា ប្រតិបត្តិ​ការណ៍​ខាង​លើ​នេះ គឺការ​ផលិត​ឥដ្ឋការ៉ូ​ខ្មែរ​របស់​សិប្បកម្ម តាំង ហេងស្រេង។

          សិប្បកម្ម​នេះ​ត្រូវ​បាន​បង្កើត​​ឡើង​វិញ​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​៨០ ដោយ​លោក សៀង ហួរ។ លោក ហួរ រំលឹកថា គាត់​ចេះ​របៀប​ផលិត​ឥដ្ឋការ៉ូ​នេះ​ពី​ឪពុក​របស់​គាត់។ ហើយ​លោក​មិន​ចង់​ឱ្យ​អាជីវកម្ម​ដែល​ឪពុក​លោក​បាន​បង្កើត​​ឡើង​តាំង​ពី​សម័យ​សង្គម​រាស្រ្ត​និយម​នេះ​បាត់​បង់​នោះ​ទេ ទើប​លោក និង​ម្តាយ​សម្រេច​ចិត្ត​ដំណើរ​ការណ៍វា​ឡើង​វិញ​តែ​ម្តង​ទៅ។ លោក​បាន​បន្ត​ទៀត​ថា តាំង​ពី​ដំណើរ​ការណ៍​រហូត​ដល់​សព្វ​ថ្ងៃ ការ​ផលិត​ឥដ្ឋការ៉ូ​ខ្មែរ​បាន​ជួប​ប្រទះ​បញ្ហា​ជា​ច្រើន​ដូចជា ការ​ប្រកួត​ប្រជែង​ទី​ផ្សារ​ជា​មួយ​ឥដ្ឋការ៉ូ​បរទេស កង្វះ​ធនធាន​មនុស្ស (កម្មករ​ផលិត) និង​ការ​ធ្លាក់​ចុះ​នូវ​រស​និយម​ប្រើ​ប្រាស់​ឥដ្ឋការ៉ូ​ខ្មែរ​របស់​ប្រជាជន​ខ្មែរ​ផ្ទាល់តែ​ម្តង។ លោក​ហួរ ពោល​ដោយ​ញញឹម​បន្តិច​ថា ទើប​តែ​ប្រហែល ៤​ទៅ​៥ឆ្នាំ នេះ​ប៉ុណ្ណោះ ដែល​និន្នាការ​ប្រើ​ប្រាស់​ឥដ្ឋការ៉ូ​ខ្មែរ​មាន​ការ​កើន​ឡើង​បន្តិច​​វិញ ហើយ​បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ក៏​អតិថិជន​ភាគ​ច្រើន​គឺជា​ជន​បរទេស និង​ប្រជាជន​ខ្មែរ​ដែល​ត្រូវ​ការ​ប្រើ​ប្រាស់​ឥដ្ឋការ៉ូ​ខ្មែរ ដើម្បី​តែសាង​សង់​វត្ត​អារាម និង​បើក​អាជីវកម្ម​ផ្សេងៗ​ដូចជា សណ្ឋាគារ ឬ​ហាង​លក់​ទំនិញ​ផ្សេងៗ​ប៉ុណ្ណោះ តែការ​ប្រើ​ប្រាស់​ឥដ្ឋការ៉ូ​ខ្មែរ​សាង​សង់​លំ​នៅ​ឋាន នៅ​តែ​មាន​ចំនួន​តិច​តួច​នៅ​ឡើយ បើប្រៀប​ធៀប​ទៅ​នឹង​សម័យ​សង្គម​រាស្ត្រ​និយម​ដែល​មាន​ការ​ពេញ​និយម​ជាទី​បំផុត។ លោក​បាន​ឧទាន​ដោយ​ក្តី​ភ្ញាក់​ផ្អើល អតិថិជន​ខ្មែរ​ម្នាក់​បាន​ពោល​នៅ​មុខ​លោក​ថា តើ​សម័យ​នេះ​ហើយ​នៅ​ផលិត​ឥដ្ឋការ៉ូ​ខ្មែរ​ទៀត? តើ​ផ្ទះ​ប្រជាជន​ខ្មែរ​ណា​ខ្លះ​ដែល​នៅ​ក្រាលឥដ្ឋការ៉ូ​ខ្មែរ​ទាំង​នេះ?

          ឥដ្ឋការ៉ូ​ខ្មែរ​មាន​ទំហំ​ត្រឹម​តែ២តឹក​ប៉ុណ្ណោះ។ ជា​មធ្យម​សិប្បកម្ម តាំង ហេងស្រេង ផលិត​បាន​១០០​ម៉ែត្រ​ការ៉េ​ក្នុង​មួយ​ខែ។ ចំណែក​តម្លៃ​វាគឺ​នៅ​ចន្លោះ​ពី១២ ទៅ​១៧ដុល្លា អាស្រ័យលើម៉ូត​របស់​ឥដ្ឋ​ទាំង​នោះ។ ម៉ូត​ដែល​ពេញ​និយម​បំផុត​មាន​ដូចជា ផ្កាចន្ទន៍ ផ្កា​មួយ​ទង និង​ច័ក្កច័នបញ្ឆិត ជា​ដើម ហើយ​ម៉ូត​ខ្លះ​មាន​អាយុ​កាល​រហូត​ដល់​១៥០ឆ្នាំ​ក៏​មាន​ដែរ។ ក្រៅ​ពីម៉ូតក្បាច់ផ្កា និង​ក្រឡាឆ្នូត​ផ្សេងៗ ឥដ្ឋការ៉ូ​ខ្មែរ​ក៏​នៅ​មាន​ម៉ូតលាត​សុទ្ធ​ជា​ពណ៌​ក្រហម លឿង ខ្មៅ និង​ស អាស្រ័យ​ទៅ​តាម​តម្រូវ​ការ​ប្រើ​ប្រាស់​ក្នុង​គេហដ្ឋាននី​មួយៗ។ ឥដ្ឋ​ខ្មែរ​អាច​មាន​អាយុ​កាល​រហូត​ដល់​ជាង​១០០ឆ្នាំ​អាស្រ័យ​ទៅ​លើ​ទឹក​ថ្នាំ និង​រូបមន្តលាយ​ស៊ី​ម៉ង់ត៍-​ខ្សាច់​​របស់​សិប្បកម្មនី​មួយៗ។ ឥដ្ឋការ៉ូ​ខ្មែរ​មើល​ហ្នឹង​ភ្នែក​ភ្លាម​មិន​រលោង​ស្អាត​ទេ តែ​ពេល​ប្រើ​ប្រាស់​យូរ​ទៅ ភាព​រលោង​របស់​វា​នឹង​អណ្តែត​ឡើង។ សម្រស់​របស់​វា​មិន​ខុស​ពីសុភាសិត​ខ្មែរ​ដែល​តែង​ពោល​ថា ល្អ​គន់ នោះ​ដែរ។ ហើយ​រឿង​ដែល​អ្នក​ត្រូវ​ដឹងពីឥដ្ឋការ៉ូ​ខ្មែរ​ទៀត​នោះ​គឺ វា​មាន​ប្រតិកម្ម​ជា​មួយ​ជាតិ​អាស៊ី​ត ហើយ​គួរ​ទុកវា​ចោល​១៥​ថ្ងៃ​បន្ទាប់​ពី​ផលិត មុន​នឹង​លោក​អ្នក​យក​ទៅ​ប្រើ​ប្រាស់។

          ជា​ចុង​ក្រោយ លោក សៀង ហួរ ជឿ​ជាក់​ថា ប្រជាជន​កម្ពុជា​នឹង​ចាប់​ផ្តើម​មើល​ឃើញ​សម្រស់​របស់​ឥដ្ឋការ៉ូ​ខ្មែរ​ឡើង​វិញ ហើយ​ងាកមក​ប្រើ​ប្រាស់​ផលិត​ផល​នេះ​ឱ្យ​បាន​ទូលំ​ទូលាយ​ជាង​មុន។ លោក​តែង​បារម្ភ​ថា ថ្ងៃ​ណាមួយឥដ្ឋការ៉ូ​ខ្មែរ​នឹង​បាត់​មុខ​ពីទី​ផ្សារ​គ្រឿង​សំណង់​កម្ពុជា ហើយ​ច្បាស់​ណាស់​អគារ​ដែល​សាង​សង់​នៅ​ស្រុក​ខ្មែរ​នឹង​លែង​មាន​ក្រាលឥដ្ឋការ៉ូ​ខ្មែរ​ជាក់​ជា​មិន​ខាន។ លោក​សៀងហួរ ថា ថ្វីត្បិតវាជាឥដ្ឋការ៉ូ តែ​តម្លៃ​របស់​វា​មិន​មែន​គ្រាន់​តែ​ដើម្បី​ក្រាល​ឱ្យ​មនុស្ស​ដើរ​ទេ តែវា​បាន​បង្ហាញ​ពីសិល្បៈ​នៃ​ការ​រស់​នៅ​ដ៏​ស៊ី​វិល័យ​របស់​ម្ចាស់​គេហដ្ឋាននី​មួយៗ។ ហើយ​លោក​ក៏​សូម​អរគុណ​ដល់​អតិថិជន​ទាំង​អស់​ដែល​បាន​ប្រើ​ប្រាស់​ឥដ្ឋការ៉ូ​ខ្មែរ ជា​ពិសេស​ឥដ្ឋការ៉ូពីសិប្បកម្ម តាំង ហេងស្រេង របស់​លោក។

          សិប្បកម្មឥដ្ឋការ៉ូ​ខ្មែរ តាំង ហេងស្រេង មាន​ទី​តាំង​​នៅ​ផ្ទះ​លេខ​១៦៩៣ ផ្លូវ​ជាតិ​លេខ​២ ភូមិ​ព្រែក​តាឡុង ឃុំ​ចាក់​អង្រែ​ក្រោម រាជធានី​ភ្នំពេញ។

Article by Svay Leemeng

 


SUGGESTIONS