សម្លេងតុងតាំងៗចេញពីសិប្បកម្មធ្វើគ្រឿងអលង្ការមួយកន្លែង ក្រឡេកមើលម្នាក់ៗកំពុងតែមានភាពមមាញឹកជាមួយនឹងកិច្ចការរៀងៗខ្លួនដោយអ្នកខ្លះកំពុងតែដុសខាត់គ្រឿងអលង្ការ អ្នកខ្លះកំពុងតែរចនានូវម៉ូដគ្រឿងអលង្ការ ទៅតាមជំនាញរៀងៗខ្លួន។ ជំនួបជាមួយលោក ធឿន ចន្ថា ម្ចាស់សិប្បកម្ម Angkor Bullet Jewelry បានមានប្រសាសន៍ឱ្យដឹងពីដំណើរការនៃសង្វាក់ការងាររបស់លោកដែលយកសម្បកគ្រាប់កាំភ្លើងច្នៃជាគ្រឿងអលង្ការប្រកប ដោយម៉ូដយ៉ាងមានប្រណីតភាព និងកំពុងទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិទៅលើការច្នៃប្រឌិតថ្មីនេះ។ សូមបញ្ជាក់ផងដែរថា Angkor Bullet Jewelry ជាសិប្បកម្មធ្វើគ្រឿងអលង្ការច្នៃពីសម្បកគ្រាប់កាំភ្លើងបោះដុំទៅកាន់ដៃគូរសហការនៅតាមបណ្ដាហាងមួយចំនួន ហេតុដូច្នេះប្រសិនបើមិត្តអ្នកអានចង់ជាវដោយផ្ទាល់អាចតាមដានជាមួយនឹង facebook page ផ្ទាល់របស់អង្គរប៊ូលែត ហើយក្នុងនោះផងដែរខាងសិប្បកម្មក៏នឹងធ្វើការលក់ជូនក្នុងតម្លៃធូរថ្លៃប្រសិនបើពួកគាត់បានចូលរួមក្នុងការតាំងពិព័រណ៍ថ្នាក់ជាតិណាមួយ។
លោក ធឿន ចន្ថា
ក្នុងទឹកមុខញញឹមរួសរាយរាក់ទាក់ លោក ធឿន ចន្ថា បានបង្ហាញពីមូលហេតុដែលនាំឱ្យលោកបង្កើតគ្រឿងអលង្ការដែលច្នៃចេញពីសម្បកគ្រាប់កាំភ្លើងថា «ពីដំបូងឡើយដោយសារតែខ្ញុំជាក្មេងកំព្រាម្ដាយតាំងពីអាយុ៤ឆ្នាំ ចំណែកឯឪពុកបានស្លាប់ដោយសារសង្រ្គាមក្នុងសម័យរដ្ឋកម្ពុជាក្នុងពេលដែលខ្ញុំមានអាយុ៨ឆ្នាំ នៅពេលដែលអ្នកមានគុណទាំងពីរបានទទួលមរណៈភាពទៅជីតារបស់ខ្ញុំបានយក ខ្ញុំទៅចិញ្ចឹមមួយរយៈហើយដោយសារគាត់មានវ័យជរាមិនអាចមើលថែនិងផ្គត់ផ្គង់ខ្ញុំលើផ្នែកចំណីអាហារ និងការសិក្សា ហេតុដូច្នេះគាត់បានយកខ្ញុំទៅរស់នៅក្នុងមណ្ឌលកុមារកំព្រាដែលមានឈ្មោះថា អង្គការ Skip ក្នុងខេត្តពោធិសាត់»។ បន្ថែមពីលើនោះអង្គការក៏មានបង្រៀននូវជំនាញផ្សេងៗផងដែរ ក្នុងនោះលោក ចន្ថា បានជ្រើសយកជំនាញធ្វើគ្រឿងអលង្ការ។ នៅពេលបញ្ចប់ការសិក្សាខាងអង្គការក៏បានស្វែងរកការងារមួយកន្លែងសម្រាប់លោកធ្វើការគឺនៅក្នុងអង្គការមួយដែលមានលក្ខណៈជាសិប្បកម្មធ្វើគ្រឿងអលង្ការពីប្រាក់ លោកបម្រើការងារនៅទីនោះបានប្រមាណជា២ឆ្នាំជាង។ លោក ចន្ថា បានរំលឹកថា ខណៈដែលលោកបំពេញការងារនៅសិប្បកម្ម ថ្ងៃមួយជនបរទេសដែលមកធ្វើការស្ម័គ្រចិត្តបានយកសម្បកគ្រាប់កាំភ្លើងធំដើម្បីតាំងលម្អជាមួយផ្កា(ធ្វើជាថូផ្កា) ហើយគួបចំកាលនោះវត្ថុធាតុដើមនៃការធ្វើគ្រឿងអលង្ការដែលមានដូចជាប្រាក់មានការឡើងថ្លៃទៅៗ គ្រានោះហើយដែលលោក ចន្ថា មានគំនិតមួយគឺយកសម្បកគ្រាប់កាំភ្លើងច្នៃទៅជាគ្រឿងអលង្ការ។ បន្ទាប់ពីរៀបការរួចលោក ចន្ថា ចាប់ផ្ដើមគិតថាបើនៅតែធ្វើការឱ្យគេបែបនេះគឺមិនអាចផ្គត់ផ្គង់ជីវភាពបានទេ ហេតុដូច្នេះលោកក៏បានលាឈប់ហើយចាប់ផ្ដើមបើកអាជីវកម្មដោយខ្លួនឯង។ លោកបានរំលឹកថា «ពេលនោះខ្ញុំចាប់ផ្ដើមធ្វើគ្រឿងអលង្ការជាមួយតុឈើតូចមួយ ម៉ាស៊ីនសម្រាប់កិន និងស្នប់សប់នឹងជើងមួយ។ បន្ទាប់ពីខ្ញុំចាប់ផ្ដើមធ្វើមកក៏មានភ្ញៀវបរទេសចាប់ផ្ដើមជួយគាំទ្រ ដោយមានអ្នកខ្លះជួយរកទីផ្សារ អ្នកខ្លះជួយផ្ដល់ជាសម្ភារ និងមានអ្នកមកទទួលយកទៅលក់បន្តជាច្រើន។» គួររំលឹកផងដែរថាពីដំបូងឡើយលោកមិនបានដាក់ឈ្មោះឬគិតថាបង្កើតជាសិប្បកម្មដូចសព្វថ្ងៃនោះទេ ប៉ុន្តែដោយសារសន្ទុះនៃការគាំទ្រលោកក៏បានពង្រីកការងារហើយបង្កើតជាសិប្បកម្មមួយដែលមានឈ្មោះថា Angkor Bullet Jewelry នេះបន្ទាប់ពីលោកចាប់ផ្ដើមអាជីវកម្មបានរយៈពេល១ឆ្នាំមក គិតមកដល់ពេលនេះលោកបានដំណើរការសិប្បកម្មរយៈពេល៥ឆ្នាំប្រកបដោយផ្លែផ្កា។ បន្តសំនួរអំពីវត្ថុធាតុដើមក្នុងការធ្វើគ្រឿងអលង្ការពីសម្បកគ្រាប់កាំភ្លើង លោក ចន្ថា ញញឹមបន្តិចក៏បន្តផ្ដល់ចម្លើយមកកាន់ក្រុមការងារសូវរីនថា «សម្រាប់ពីមុនដូចជាមិនពិបាករកទេ ដោយសារតែប្រទេសកម្ពុជាយើងបានឆ្លងកាត់នូវសង្គ្រាមពីមួយជំនាន់ទៅមួយជំនាន់កាលពីអតីតកាលហើយសម្បូរនៅក្នុងដី ទន្លេ អីជាដើម ហើយសម្បកគ្រាប់ដែលខ្ញុំទិញមកគឺមានសុវត្ថិភាពហើយបានខ្ញុំទទួលទិញ។»
ដោយសារតែធ្លាប់ឆ្លងកាត់ជីវិតក្នុងសង្រ្គាមបានធ្វើឱ្យលោក ចន្ថា យល់ដឹងពីប្រភេទគ្រាប់ណាមានសុវត្ថិភាពនិងប្រភេទគ្រាប់ណាដែលមិនមានសុវត្ថិភាពមុននឹងយកមករំលាយច្នៃធ្វើជាគ្រឿងអលង្ការ។ ជាទូទៅលោក ចន្ថា មានឈ្មូញកណ្ដាលសម្រាប់ប្រមូលទិញសម្បកគ្រាប់កាំភ្លើងមកឱ្យលោក ហើយភាគច្រើនពួកគេដើរប្រមូលទិញពីអ្នកលក់អេតចាយជាដើម។ ដោយឡែកសម្រាប់ការរចនាម៉ូដគ្រឿងអលង្ការនីមួយៗគឺលោក ចន្ថា គឺជាអ្នករចនាចេញម៉ូដដោយផ្ទាល់តែម្ដងដោយក្បាច់មួយចំនួនគឺលោកយកពីក្បាច់របស់ខ្មែរយើងដែលមាននៅតាមចម្លាក់ប្រាសាទឬវត្តអារាម ក្បាច់មួយចំនួនលោកចាប់វាដាក់លៃយ៉ាងណាឱ្យមើលទៅមានសោភ័ណភាពស្រស់ស្អាត នឹងក្បាច់មួយចំនួនទៀតធ្វើជាលក្ខណៈអក្សរបង្កប់អត្ថន័យនៃក្ដីស្រឡាញ់ឬទៅតាមការកុម្ម៉ង់របស់អតិថិជនជាដើម។ «ជាមធ្យមក្នុងមួយខែប្រសិនបើម៉ូដមិនសូវពិបាកខាងអង្គរប៊ូលែតអាចផលិតគ្រឿងអលង្ការបានប្រមាណជា៣០០គ្រឿង ប៉ុន្តែក៏អាស្រ័យទៅតាមម៉ូដផងដែរ» នេះជាការលើកឡើងរបស់ម្ចាស់សិប្បកម្ម។ ជាមួយនឹងពណ៌នៃគ្រឿងអលង្ការដែលធ្វើពីសម្បកគ្រាប់កាំភ្លើងនេះបើតាមប្រសាសន៍ម្ចាស់សិប្បកម្មលោក ចន្ថា បានឱ្យដឹងថា «វាមិនខ្មៅឬប្រែពណ៌ឡើយប្រសិនបើអ្នកទិញទៅប្រើប្រាស់ហើយទុកវាចោលវាគ្រាន់ស្រអាប់បន្តិច ហើយអ្នកអាចយកទឹកជូតសម្អាតវានឹងភ្លឺរលោងវិញហើយ។»
សូមបញ្ជាក់ផងដែរថា សិប្បកម្ម Angkor Bullet Jewelry គឺធ្វើឡើងដោយដៃសុទ្ធសាធហើយក្នុងសិប្បកម្ម មានបុគ្គលិកចំនួន៨នាក់ ដែលបានជួយផ្ដល់ឱកាសការងារដល់ពួកគាត់ដែលជាក្រុមសិប្បករតាមផ្ទះ។ ជាចុងក្រោយលោក ធឿន ចន្ថា បានបញ្ចាក់បន្ថែមថា ការធ្វើគ្រឿងអលង្ការពីសម្បកគ្រាប់កាំភ្លើងមិនមែនជាការគាំទ្រឱ្យមានការផលិតកាំភ្លើងកើនឡើង ឬគាំទ្រឱ្យមានការបាញ់គ្នាឡើយ លោកគ្រាន់តែចង់បង្ហាញថាកាលពីអតីតកាលប្រទេសយើងធ្លាប់ឆ្លងកាត់សង្រ្គាមច្រើនមកហើយដូច្នេះលោកមិនចង់ឱ្យមានសង្រ្គាមកើតឡើងទៀតនោះទេ ម្ចាស់សិប្បកម្មរូបនេះចង់បង្ហាញថាសង្រ្គាមវាអត់មានបង្កើននូវប្រាក់ចំណេញសម្រាប់គ្រួសារឬប្រទេសរបស់យើងនោះទេ ប៉ុន្តែគ្រឿងអលង្ការពីសម្បកគ្រាប់កាំភ្លើងយើងអាចទិញធ្វើកាដូសម្រាប់ជាការចងចាំកុំឱ្យកើតមានរឿងបែបនេះតទៅទៀត៕
Article by HENG CHANMAKARA