វិចិត្រករ យី កក្កដា គ្រោងផលិតសៀវភៅពីជីវប្រវត្តិផ្ទាល់ខ្លួន និងគន្លឹះគូរគំនូរ
NEWS 6 years agoពីកុមារកំព្រាដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង លោក យី កក្កដា ត្រូវបានគេស្គាល់ថាជាវិចិត្រករវ័យក្មេង ដែលមានបច្ចេកទេសគូររូបចម្លែកពីគេ ពោលគឺការគូររូបដោយប្រើដៃទាំងសងខាងក្នុងពេលតែមួយ។ មានវ័យ ត្រឹមតែ ២២ឆ្នាំ ប៉ុន្តែវិចិត្រកររូបនេះ មានបទពិសោធន៍តស៊ូក្នុងជីវិតជាច្រើន ទាំងការតស៊ូក្នុងសង្គម និងការរៀនសូត្រការងារសិល្បៈ។ បន្ទាប់ពីកសាងស្នាដៃជាច្រើន ទាំងការរកកម្រៃ និងការស្ម័គ្រចិត្ត វិចិត្រករ កក្កដា មានគម្រោងផលិតសៀវភៅរៀបរាប់ពីជីវប្រវត្តិផ្ទាល់ខ្លួន ដើម្បីលើកទឹកចិត្តដល់យុវជនដទៃទៀតឲ្យចេះតស៊ូក្នុងជីវិត បូករួមទាំងគន្លឹះគូរគំនូរផ្ទាល់ខ្លួនរបស់លោក។
លោកកក្កដា និយាយថា «ខ្ញុំចង់ចងក្រងជាសៀវភៅមួយ ដើម្បីទុកឲ្យអ្នកជំនាន់ក្រោយមើល ជាការចែករំលែក ហើយខ្ញុំក៏ចង់យកកម្រៃជួយក្មេងកំព្រាផងដែរ»។ សៀវភៅដែលស្ថិតនៅក្នុងគម្រោងនេះ ត្រូវចំណាយពេលប្រមាណ ២ ឆ្នាំឬច្រើនជាងនេះ ដើម្បីចងក្រងទាំងការសរសេរនិង រូបភាព។ លោកកក្កដា បង្ហើបថា បច្ចុប្បន្ន លោកកំពុងសន្សំរូបភាព និងវីដេអូពីស្នាដៃ និងបច្ចេកទេសគូររូបផ្ទាល់ខ្លួនរបស់លោក ដើម្បីបញ្ចូលគ្នាក្នុងគម្រោងសៀវភៅ។
លោក កក្កដា និយាយពីគម្រោងសៀវភៅថា «ខ្ញុំផ្តោតលើការគូរដៃទាំងពីរ និងបង្កើតវីដេអូឲ្យបានច្រើន។ រូបដែលខ្ញុំគូរគឺខុសគេ ខ្ញុំចេះបង្កើតបច្ចេកទេសគូរខុសគេ លឿន ហើយប្លែក។ សៀវភៅនេះ អាចជាសៀវភៅដែលមានរូបច្រើន ក្រាស់ ហើយភាគច្រើននៃទំព័រគឺប្រើគូល័រ»។ ចោទសួរពីការចំណាយលើការបោះពុម្ពសៀវភៅ លោក កក្កដា រំពឹងថា នឹងមានការចូលរួមពីសប្បុរសជន ឬបណ្តាអ្នកឧបត្ថម្ភនានាចូលរួមជ្រោមជ្រែងស្នាដៃរបស់លោក។
អ្នកគំនូរនីមួយៗត្រូវចេះទាំងបច្ចេកទេស និងបច្ចេកវិទ្យា ដើម្បីដើរឲ្យទាន់ភាពជឿនលឿននៃតម្រូវការទីផ្សារ។ សម្រាប់លោក កក្កដា ការគូររូបដោយប្រើដៃទាំងសងខាង គឺជាបច្ចេកទេសដែលលោកកំពុងហ្វឹកហាត់បន្ថែម។ បន្ថែមពីនេះ លោកក៏ប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រជំនួយបន្ថែមខ្លះៗ ដើម្បីកាត់តរូបដែលលោកបានស្រមើស្រមៃមុននឹងចាប់ផ្តើមគូរ។
ចាប់ផ្តើមគូរគំនូរតាំងពីកុមារភាព ហើយបានទទួលជ័យលាភីក្នុងការប្រកួតគំនូរជាមួយអង្គការ យូណេស្កូ នៅវ័យ ១២ឆ្នាំ លោកកក្កដាលើកឡើងពីចំណង់ចំណូលចិត្តរបស់ខ្លួនថា គំនូរដែលលោកផ្តោតខ្លាំងបំផុតគឺវត្ថុបុរាណ និងសិល្បៈខ្មែរ។ ភាគច្រើនលោកចូលចិត្តគូររូបយក្ស ប្រាសាទអង្គរ ប៉ុន្តែច្នៃជាបែបទំនើប និងបន្ថែមពណ៌ស្រស់។ លោកអះអាងថា រូបទាំងនេះ មានការទាក់ទាញពីសំណាក់ទស្សនិកជនច្រើន ហើយថែមទាំងទាក់ទាញឲ្យពួកគេទៅមើលប្រាសាទដោយផ្ទាល់ទៀតផង។
«ទោះបីខ្ញុំធ្វើការងារនេះ វាមិនបានអ្វី ប៉ុន្តែចង់ឲ្យអ្នកដែលធ្វើការផ្នែកសិល្បៈជួយអភិរក្សអ្វីដែលដូនតាយើងមាន» លោក កក្កដានិយាយ។
ត្បិតតែមានការគាំទ្រច្រើនគួរសម ប៉ុន្តែកត្តាជីវភាពនៅមិនទាន់មានភាពធូរស្រាលនៅឡើយទេ។ ស្នាដៃរបស់អ្នកគំនូរវ័យក្មេងរូបនេះមិនទាន់មានការទទួលស្គាល់ច្រើននៅឡើយ។ បើទោះជាយ៉ាងនេះក្តី លោកនៅតែបន្តការងារសិល្បៈរបស់លោកមិនដែលរួញរា។ គោលបំណងមួយរបស់លោក កក្កដា គឺ ការគូរគំនូរឲ្យបានច្រើន ជាប្រយោជន៍ដល់ចំណីចក្ខុរបស់សាធារណជន។ កាលពីពេលថ្មីៗនេះ លោក កក្កដា បានទទួលការអនុញ្ញាតិចូលរួមវិភាគទានការគូរគំនូររបស់លោក នៅក្នុងផ្សាររាត្រីខេត្តបាត់ដំបង សាងសង់ក្រោមជំនួយឥតសំណងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្តល់ដោយមូលនិធិជប៉ុនសម្រាប់កាត់បន្ថយភាពក្រីក្រ (JFPR) ដែលមានទីតាំងនៅទល់មុខ សួនច្បារនាគបាញ់ទឹក។ គំនូរលើជញ្ជាំងចំនួន ២០ ផ្ទាំង ត្រូវបានគូរបញ្ចប់ជាស្ថាពរហើយ ដោយប្រើរយៈពេលមួយខែ។ គោលបំណងនៃការស្ម័គ្រចិត្តនេះ គឺដើម្បីបង្ហាញស្នាដៃឲ្យសាធារណៈបានឃើញ តាមរយៈការចូលរួមចែករំលែកការគូររូបក្នុងផ្សាររាត្រី។
«ខ្ញុំគូររូបនៅក្នុងផ្សាររាត្រីខេត្តបាត់ដំបង ដោយស្ម័គ្រចិត្ត មិនទទួលកម្រៃនោះទេ។ រយៈពេលជាក់ស្តែងនៃការធ្វើការគឺ ត្រឹមតែប្រមាណ១០ថ្ងៃ ប៉ុន្តែដោយសារភ្លៀងផង ទើបត្រូវពន្យារពេលដល់មួយខែ។ ការដែលគូរបានលឿន ដោយសារខ្ញុំអាចគូរដោយប្រើដៃទាំងសងខាង និងគូរដោយបាញ់ថ្នាំពណ៌» លោកកក្កដា បានបន្ថែម។
មុនពេលចាប់ផ្តើមការគូរ យី កក្កដា បានផ្តល់ជាគម្រោងគំនូរទៅកាន់មន្ទីរវប្បធម៌ និងរដ្ឋបាលផ្សាររាត្រីបាត់ដំបង ដើម្បីសុំការអនុញ្ញាតិក្នុងការគូរបង្ហាញដល់សាធារណជន ក្នុងគោលបំណងធានាថា រូបគំនូរដែលបានបង្ហាញនោះពិតជាបាន ឆ្លុះបញ្ចាំងពីសិល្បៈ វប្បធម៌ ជីវភាពសាមញ្ញរបស់ប្រជាជនខ្មែរ។ ក្រៅពីអាជីពដែលគេស្គាល់ថា ជាអ្នកគំនូរ លោក យី កក្កដា ក៏មានជំនាញក្នុងការងារសិល្បៈផ្សេងៗទៀត ដូចជា ឌីហ្សាញហាង ដេគ័រផ្ទះ ឬហាងកាហ្វេ និងលេងតន្រ្តីទៀតផង៕
Article by VA SONYKA