ផ្ទះប៉ិត ប្រភេទផ្ទះបុរាណដែលខ្មែរនិយមសង់បំផុតតាំងពីរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស
TRAVEL & LIVING 6 years agoតាមរយៈបទចម្រៀងប្រជាប្រិយខ្មែរមួយបទដែលផ្តើមទំនុក «ផ្ទះប៉ិតវាមានហោណាំង ផ្ទះកន្តាំងវាមានបីខ្នង...» ប្រជាជនខ្មែរច្បាស់ជាស្គាល់ផ្ទះប៉ិតដែលមានវត្តមានស្ទើរតែទូទាំងផ្ទៃប្រទេសតាំងពីសម័យមុនរហូតមកដល់ពេល បច្ចុប្បន្ននេះ។ ប៉ុន្តែដោយសារសម័យកាលចេះតែវិវឌ្ឍទៅមុខ ប្រភេទផ្ទះប៉ិតនេះក៏ប្រែប្រួលទ្រង់ទ្រាយខុសពីសម័យ មុនខ្លះដែរទៅតាមតម្រូវការនិងធនធានរបស់ម្ចាស់ផ្ទះ ក៏ដូចជាឥទ្ធិពលនៃស្ថាបត្យកម្មបរទេសផងដែរ។ តើផ្ទះប៉ិត បុរាណខ្មែរមានប្រវត្តិ និង ក្បួនខ្នាតនៃការសាងសង់យ៉ាងដូចម្តេចខ្លះ? តើតំបន់ណាខ្លះនៃប្រទេសកម្ពុជាសព្វថ្ងៃដែលនៅសេសសល់ប្រភេទផ្ទះនេះ?
ផ្ទះប៉ិត អាចហៅបានម្យ៉ាងទៀតថា ផ្ទះជម ឬ ផ្ទះក្រជម (ភាសាអ្នកស្រុកបាត់ដំបង)។ វាជាផ្ទះដែលមានទ្រង់ ទ្រាយក្លាយមកពីផ្ទះរោងឌឿង ខុសគ្នាត្រង់ផ្ទះប៉ិតខ្លីជាង បណ្តោយត្រឹមជាង១២ ខ្នាត (១២ហត្ថ) មានសសរតែ១២ និង ល្វែង៣ គ្មានហោជាងមុខក្រោយ។ បានជាគេហៅផ្ទះនេះថា “ប៉ិត”ព្រោះថាផ្ទះនេះមានសណ្ឋានមួយបែបទីទៃពីផ្ទះ កន្តាំង ទីទៃពីផ្ទះរោងដោល គឺមានសណ្ឋានដូចគេប៉ិតត្រង់ចុង មេដំបូលទាំងពីរខាង (វចនានុក្រមខ្មែរ ១៩៦៧ ទំ.៤៦១)។ ជាមួយគ្នានេះដែរ ឯកសារខ្លះដាក់ថា ពាក្យ “ប៉ិត” មានន័យ ថា បញ្ឆិត គឺសំដៅទៅលើដំបូលបញ្ឆិតរបស់ ផ្ទះនោះឯង (ហ្វ្រង់ស្វា តាំងទុយរីយ៉េរ៍ ២០០៦)។
យោងតាមសៀវភៅ លំនៅដ្ឋានបុរាណខ្មែរក្នុងការអភិវឌ្ឍន៍ (អួង វន ២០០១ ទំ.២៧) ផ្ទះប៉ិតត្រូវបានចែកជា បីជំនាន់ ឬ បីប្រភេទ។ ផ្ទះប៉ិតទី១ គឺសង់ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧) គ្មានហោជាងមុខក្រោយ ឡើយ។ ចំពោះដំបូលប៉ិតនេះ គេច្រើនសង់ជាសាលាសំណាក់តូចៗនៅតាមភូមិស្រុក។ គេសង់ទ្វារនិងជណ្តើរនៅ ផ្នែកបណ្តោយផ្ទះ(គេហៅថា ប្លង់មើលពីចំហៀង) សសរមានតែពីរជួរតែប៉ុណ្ណោះ។ ផ្ទះប៉ិតទី២ គឺសង់ក្នុងរជ្ជកាល ព្រះបាទស៊ីសុវត្ថិមុនីង្ស (១៩២៧-១៩៤១) ដែលប្រជាជនចាប់ផ្តើមសង់ផ្ទះដំបូលប៉ិតជាលំនៅ តែគេថែមសសរ១ជួរ ទៀតក្នុងសំណង់ឲ្យធំទូលាយ។ ផ្ទះប្រភេទទី២នេះ គ្មានទ្វារ និង ជណ្តើរនៅផ្នែកបណ្តោយផ្ទះដូចប្រភេទទី១ទេ។ គេធ្វើជណ្តើរនៅផ្នែកទទឹងដែលខ្លីជាង សន្មតជាមុខផ្ទះ។ ផ្ទះប៉ិតទី៣ គឺក្នុងរជ្ជកាលព្រះបាទសម្តេចនរោត្តមសីហនុ (១៩៤១-១៩៥៥) គេនិយមសង់ផ្ទះនេះច្រើនខ្នង ក្នុងនោះមានផ្ទះធំមួយខ្នង ផ្ទះបាយមួយខ្នង និង ហោណាំងមុខមួយខ្នង។ គួរកត់ចំណាំដែរថា ផ្ទះប៉ិតជាប្រភេទផ្ទះដែលប្រជាជនខ្មែរនិយមសង់ជាងគេបំផុតត្រឹមរជ្ជកាលព្រះបាទស៊ីសុវត្ថិ មុនីវង្សតរៀងមក ខុសពីរជ្ជកាលព្រះរាជាសម័យមុនៗដែលគេនិយមសង់តែផ្ទះខ្មែរ ផ្ទះរោង ផ្ទះរោងដោល និងរោង ឌឿង។
ប៉ុន្តែយើងសង្កេតឃើញជាក់ស្តែងថា នៅក្នុងសម័យអាណានិគមនិយមបារាំង គ្រួសារអភិជនខ្មែរ ឬ ខ្មែរកាត់ ចិន ក៏និយមសង់ផ្ទះថ្មដំបូលប៉ិត អាចជាផ្ទះតៀមមួយជាន់ ឬ ពីរជាន់ក៏មាន។ ក្រៅពីប្រភេទលំនៅដ្ឋាន គេប្រើដំបូល ប៉ិតសង់ជាកុដិសម្រាប់ព្រះសង្ឃ (ហៅថាកុដិប៉ិត) ជាសាលាបាលី (ឬធម្មសាលា) និង ជាហោត្រៃ (មន្ទីរតម្កល់គម្ពីរព្រះត្រៃបិដក និង គម្ពីរផ្សេងៗ) នៅតាមវត្តអារាមនានា។ ពេលខ្លះ គេបន្ថែមហោណាំងនៅផ្នែកខាងមុខ លម្អដោយ ជើងទៀនតាមបែបរចនាបថស្ថាបត្យកម្មបារាំង ឬ មានជារានហាល (យ៉) អាចប្រើសម្រាប់ហាលរបស់ ឬដាំរុក្ខជាតិផ្សេងៗបាន។ នៅតំបន់ខ្លះក៏មាននៅសេសសល់អគារដំបូលប៉ិតពីរជាន់ និង បីជាន់ គង់វង្សដល់សព្វថ្ងៃ។
សព្វថ្ងៃ យើងឃើញវត្តមានមត៌កស្ថាបត្យកម្មដំបូលប៉ិតនៅតាមតំបន់នានាទូទាំងប្រទេស ជាអាទិ៍រួមមាន ផ្ទះបុរាណលោកឧកញ៉ា ពិនិត្យ ភឹង នៅសង្កាត់វត្តគរ ក្រុងបាត់ដំបង (កសាងឆ្នាំ១៩២០) ផ្ទះលោកតា ហួត ប៉ុងអេង ភូមិជ្រោយថ្មលើ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ផ្ទះដង្ខៅ ស៊ុន ហ៊ី នៅភូមិកណ្តាល ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ផ្ទះអតីតដង្ខៅនៅភូមិព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង និងផ្ទះប្រជាជននានានៅឃុំជប់ ខេត្តត្បូងឃ្មុំ នៅម្តុំគគីរ កៀនស្វាយ ខេត្តកណ្តាល នៅឃុំពង្រ ឃុំមហាលាភ និង ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ជាដើម៕
Article by SRIN SOKMEAN