×

ម្ចាស់​ជ័យ​លាភី គម្រោង "ការ​រៀបចំ​វត្ត​ទេសចរណ៍​គំរូ" ចែក​រំលែកពី​ចំណុច​ជោគ​ជ័យ​​របស់​ខ្លួន​

NEWS 6 years ago
 
 

          កម្មវិធី​ "យុវជនទេសចរណ៍ឆ្នើម​ ឆ្នាំ​២០១៨" ទើប​តែ​បាន​បញ្ចប់​ទៅ​ថ្មីៗ​នេះ​បន្ទាប់​ពី​បាន​រក​ឃើញ​ម្ចាស់​ជ័យលាភី​មួយ​ក្រុម​​ដែល​មាន​គំនិត​ល្អ​ជាង​គេ​ក្នុង​ "ការរៀបចំវត្តទេសចរណ៍គំរូ"​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ។ ប្រធានបទ​នៃ​ការ​រៀបចំ​វត្ត​ទេសចរណ៍​គំរូ​ឆ្នាំ​នេះ​ បាន​លើក​យក​ វត្ត​ហរិរក្សរាជិនី ហៅ​វត្ត​វាំង​ចាស់​ ដើម្បីឲ្យ​បេក្ខជន​​ដែល​បាន​ជ្រើសរើស​រួច​ទាំង​៥​ក្រុម​​បញ្ចេញ​គំនិត​កែ​ច្នៃ។

          ​នៅ​ក្នុង​ការ​វាយតម្លៃ​ចុង​ក្រោយ​​ដោយ​អ្នក​បច្ចេកទេស​និង​មហាជន កម្មវិធី​បាន​រក​ឃើញ​​ក្រុមយុវជន ​ជ័យ​លាភី​មួយ​ក្រុម​ដែល​មាន​សមាជិក​៣​នាក់ ក្នុង​នោះ​រួម​មាន​ យុវជន​ ឡេង​ ដេវីដ ​យុវតី​ ឆាង វ៉ាន់លីកា និស្សិត​មក​ពី​ជំនាញ​ស្ថាបត្យកម្ម និង​យុវជន ​ងួន ពិសិដ្ឋ​ ជា​និស្សិត​មក​ពី​ជំនាញ​ បដិសណ្ឋារកិច្ច​ និង​ទេសចរណ៍​។ ជួប​ជាមួយ​សូវរីន យើង​បាន​សាកសួរ​ចំណុច​សំខាន់ៗ​នៃ​​គម្រោង​រៀបចំ​​វត្ត​វាំងចាស់​ ពី​ក្រុម​ជ័យ​លាភី​ទាំង​៣​នាក់​ ​ដែល​មាន​​​ចំនួន​៧​ចំណុច៖

          ១. ទស្សនា​វត្ត​វាំង​ចាស់៖ វត្ត​វាំង​ចាស់​ មាន​ប្រវត្តិសាស្រ្ត​ និង​ស្នាដៃ​ស្ថាបត្យកម្ម​យូរ​លង់​ណាស់​មក​ហើយ។ លោក​ពិសិដ្ឋ​និយាយ​ថា​ ​នាម​របស់​វត្ត​វាំង​ចាស់​ អាច​ជា​ចំណុច​ប្រវត្តិសាស្រ្ត​ដែល​​ទេសចរ​អាច​​សិក្សា​ពី​ប្រវត្តិសាស្រ្ត​និង​ទស្សនា​ស្ថាបត្យកម្ម​នៅ​ក្នុង​វត្ត​នេះ​​ ក្រោម​ការ​ណែនាំ​របស់​មគ្គទេសក៍​ក្នុង​ស្រុក។

          ២. រោង​ពិព័រណ៍​សាស្រ្តា៖ យោង​តាម​កញ្ញា វ៉ាន់លីកា​ នៅ​ក្នុង​វត្ត​វាំង​ចាស់​មាន​សាលារៀន​មួយ​ខ្នង​ ដែល​នៅ​ទី​ធ្លា​ខាង​មុខ​អាច​រៀបចំ​ជា​រោង​ពិព័រណ៍​សាស្រ្តា ដែល​អាច​ជា​ប្រយោជន៍​ដល់​សិស្ស​ដែល​រៀន​នៅ​ក្នុង​សាលា​ និង​ភ្ញៀវ​ទេសចរ​ដែល​មាន​បំណង​ចង់​ស្វែង​យល់​បន្ថែម​ពី​សាស្រ្តា​​​ នៅ​ពេល​ទៅ​កំសាន្ត​នៅ​វត្ត​វាំង​ចាស់។

          ៣. ទីតាំង​ជួល​សម្លៀកបំពាក់​៖ យើង​ដឹង​ហើយ​ថា​​ វត្ត​វាំង​ចាស់​ ស្ថិត​នៅ​ក្នុងតំបន់​​រមណីយដ្ឋាន​​ភ្នំព្រះរាជទ្រព្យ​ដែល​មាន​ប្រវត្តិ​តាំង​ពី​សម័យ​​ឧដុង្គ​​មក​ម្ល៉េះ ការ​រៀបចំ​តុបតែង​ខ្លួន​តាម​បែប​និយម​របស់​ប្រជាជន​នៅ​សម័យ​ឧដុង្គ​ គឺ​ជា​គំនិត​មួយ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​មាន​អារម្មណ៍​ប្លែក​ និង​បាន​ស្វែង​យល់​ពី​សម្លៀកបំពាក់​ផ្សេងៗ​គ្នា​នា​សម័យ​នោះ​ផង​ដែរ។

          ៤. រោងពិព័រណ៍​ចម្លាក់​ស្ពាន់៖ ចម្លាក់​ស្ពាន់​គឺ​ជា​មុខ​របរ​សំខាន់​មួយ​របស់​ប្រជាជន​រស់​នៅ​​ក្បែរ​វត្ត​វាំង​ចាស់​ ពិសេស​សិប្បករ​ដែល​ធ្វើ​ចម្លាក់​ស្ពាន់​ទៀត​សោត​ គឺ​ជា​ជនពិការ​​។ លោក​ ដេវីដ និយាយ​ថា​ គំនិត​នៃ​ការ​ច្នៃ​វត្ត​វាំង​ចាស់​ជា​វត្ត​ទេសចរណ៍​ បាន​​ផ្សារ​ភ្ជាប់​មុខ​របរ​របស់​​ប្រជាជន ដើម្បី​រក្សា​មុខ​របរ​ប្រពៃណី​ផង​ និង​បង្កើន​ចំណូល​បន្ថែម​សម្រាប់​ប្រជាជន​ផង។ រោង​ពិព័រណ៍​ចម្លាក់​ស្ពាន់​ នឹង​ទាក់ទាញ​ទេសចរ​ឲ្យ​មក​ទស្សនា​ពី​ស្នាដៃ​របស់​សិប្បករ​ក្នុង​ស្រុក​ ​​និង​ណែនាំ​ទេសចរ​កាន់​តែ​ច្រើន​ពី​​​​​មុខរបរ​សំខាន់​ក្នុង​តំបន់​នេះ។ មួយ​វិញ​ទៀត ភ្ញៀវ​ទេសចរ​អាច​ទទួល​យក​សេវាកម្ម​នាំ​ភ្ញៀវ​ ទៅ​ទស្សនា​ការ​ធ្វើ​ចម្លាក់​ស្ពាន់​ដោយ​ផ្ទាល់​ ដោយ​មគ្គទេសក៍​ដែល​ជា​ប្រជាជន​ក្នុង​ភូមិ​​។

          ៥.​ កំពង់​ទឹក៖ ​​​នៅ​ក្នុង​វត្ត​វាំង​ចាស់​ កំពង់​ទឹក​​ ដែល​អាច​រៀបចំ​ជា​ផ្ទះ​ទឹក​​អង្គុយ​កំសាន្ត​បាន​យ៉ាង​ងាយ​ស្រួល​ និង​ចំណាយ​ការ​សាងសង់​តិច។

          ៦. រោងអាហារ៖ ពិត​ណាស់​ ភ្ញៀវ​ទេសចរ​ទាំង​ជាតិ​និង​អន្តរជាតិ​ប្រាកដ​ជា​​មាន​ការ​ហត់នឿយ​បន្ទាប់​ពី​ការ​ទស្សនា​បរិវេណ​វត្ត​ ដូច្នេះ​ការ​រៀបចំ​រោង​អាហារ​​គឺ​ជា​ចំណុច​​សំខាន់​មួយ​ ដែល​បង្ក​ភាព​ងាយ​ស្រួល​ដល់​ទេសចរ​មក​ជាវ​អាហារ​និង​ភេសជ្ជៈ​បន្ទាប់​ពី​នឿយហត់ ថែម​ទាំង​អាច​ផ្តល់​ចំណូល​ដល់​អាជីវករ​ថែម​ទៀត​ផង។

          ​​៧. សក្កានុពល​ជុំវិញ​៖ ភាព​ជោគជ័យ​របស់​ក្រុម​ជ័យ​លាភី​នេះ​ គឺ​ការ​ព្យាយាម​ទាក់ទាញ​ទេសចរ​ឲ្យ​ចាប់​អារម្មណ៍​លើ​វត្ត​វាំង​ចាស់​និង​​ទីតាំង​សំខាន់ៗ​នៃ​អារាម​ជា​ច្រើន​ដែល​ស្ថិត​នៅ​ជុំវិញ​​វត្ត​វាំង​ចាស់។ ការ​រៀបចំ​បែប​នេះ​ អាច​ធ្វើ​ឲ្យ​ទេសចរ​ងាយ​ស្រួល​ក្នុង​ការ​រៀបចំ​ពេល​វេលា​របស់​ខ្លួន​ ក្នុង​ការ​ធ្វើ​ដំណើរម​ក​កំសាន្ត​នៅ​តំបន់​វត្ត​វាំង​ចាស់​​ ដោយ​អាច​ជ្រើស​រើស​ការ​ទស្សនា​វត្ត​វាំង​ចាស់​តែ​មួយ ឬ​ទស្សនា​វត្ត​ក្បែរៗ​ជា​ច្រើន​ទៀត។

          ក្រៅ​ពី​ចំណុច​សំខាន់ៗ​ខាង​លើ ​វត្ត​វាំង​ចាស់​ក៏​មាន​ចំណុច​សំខាន់​គួរ​ឲ្យ​ចាប់អារម្មណ៍​ជា​ច្រើន​ទៀត​ក្រៅ​ពី​ទីតាំង​ភូមិ​សាស្រ្ត​ដ៏​ល្អ រួម​មាន​សំណង់​វត្ត​បុរាណ​ កាំភ្លើង​ធំ ដែល​នឹង​ត្រូវ​អភិរក្ស​ឲ្យ​បាន​យូរ​អង្វែង។ យុវជន​ទាំង​៣​រូប​នេះ​ លើក​ឡើង​ថា​ សក្តានុពល​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​ ត្រូវ​ការ​ការ​គាំទ្រ​​និង​​អភិរក្ស​បន្ថែម​ទៀត​ ពិសេស​សំណង់​អារាម​បុរាណ​មួយ​ចំនួន​ដែល​មាន​អាយុ​កាល​រហូត​ដល់​១០០​ឆ្នាំ​​។ អ្នក​ទាំង​៣​បាន​បន្ថែម​ទៀត​ថា​ អារាម​ចំណាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ ច្រើន​​ដែល​សុទ្ធ​សឹង​តែ​អាច​យក​មក​អភិរក្ស​និង​អភិវឌ្ឍ​ឲ្យ​ក្លាយ​ជា​ចំណុច​គោល​ដៅ​ទាក់ទាញ​ទេសចរ​ បន្ថែម​ពី​ប្រាសាទ​បុរាណ​ដែល​មាន​ពី​យូរ​លង់​ណាស់​មក​ហើយ​។ ក្រុម​ជ័យ​លាភី​នេះ​ ថ្លែង​ថា​ ពួក​គេ​មាន​អារម្មណ៍​សប្បាយរីករាយ​ខ្លាំង​ណាស់​ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​បែប​នេះ​​និង​បាន​ទទួល​ការ​គាំទ្រ​និង​ណែនាំ​ពី​អ្នក​ជំនាញ​នៅ​ក្នុង​កម្មវិធី។​

          គួរ​បញ្ជាក់​ផង​ដែរ​ថា​ កម្មវិធី​យុវជនទេសចរណ៍​ឆ្នើម​​ដែល​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ នឹង​ផ្លាស់​ប្តូរ​ប្រធាន​បទ​ជា​បន្ត​បន្ទាប់​ដើម្បី​ទាក់ទាញ​យុវជន​ឲ្យ​​បញ្ចេញ​គំនិត​លើ​ការ​អភិវឌ្ឍ​ន៍​វិស័យ​ទេសចរណ៍​ឲ្យ​កាន់​តែ​សកម្ម​​។ សូម​តាមដាន​ការ​ផ្សព្វផ្សាយ​របស់​ក្រសួង​​ទេសចរណ៍​ ដើម្បី​ទទួល​បាន​ព៍ត៌មាន​បន្ថែម​ពី​ការ​ប្រកួត​ប្រជែង​​កម្មវិធី "យុវជន​ទេសចរណ៍​ឆ្នើម"​៕​​

Article by VA SONYKA


SUGGESTIONS