×

ដើម្បី​សង្គ្រោះ​សត្វចិញ្ចឹមនៅកម្ពុជា ​​Madam Loan ស៊ូប្រឈម​នឹង​ការងារ​ដ៏​លំបាកជាច្រើន

NEWS 6 years ago
 
 

          ​​សត្វ​ឆ្កែ​និង​ឆ្មា​ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ទូទាំង​ពិភពលោក​មក​ថា​ ជា​សត្វ​ចិញ្ចឹម​ដែល​ ​មាន​ភាព​ស្មោះត្រង់ និង​មាន​មនោសញ្ជេតនា​ខ្លាំងណាស់​ចំពោះ​ម្ចាស់​របស់​ខ្លួន​។ អ្នក​ស្រលាញ់​សត្វ​ចិញ្ចឹម​ មិន​ត្រឹមតែ​ទុក​វា​ជា​សត្វ​ជា​ទី​ស្រលាញ់​ប៉ុណ្ណោះ​ទេ ហើយ​ថែម​ទាំង​ចាត់​ទុក​វា​ជា​សមាជិក​ដ៏​គួរ​ឲ្យ​ស្រលាញ់​មួយក្នុង​គ្រួសារ​ផងដែរ។ ក៏ប៉ុន្តែ​ជា​អកុសល​សត្វ​ចិញ្ចឹម​ទាំង​២​ប្រភេទ​នេះ​តែង​ត្រូវ​​ម្ចាស់​របស់​ខ្លួន​បោះបង់​ចោល​ជា​រឿយៗ​ នៅ​ពេល​វា​មាន​អាយុ​ច្រើន​ និង​មាន​ជំងឺ​ជា​ដើម។ ពិសេស​គឺ​សត្វ​ឆ្កែ​និង​ឆ្មា​ ដែល​មាន​រូបរាង​មិន​ប្រក្រតី​ ឬ​មាន​​រូបឆោម​មិន​ស្រស់​ស្អាត​។ ក្រោយ​ពេល​ត្រូវ​គេ​បោះបង់​ ជីវិត​សត្វ​ទាំង​នោះ​​ក្លាយ​ជា​សត្វ​អនាថា​ តែលតោល និង​ត្រូវ​ប្រឈម​នឹង​ភាព​ភ័យ​ខ្លាច ជំងឺ​រាត​ត្បាត និង​អំពើ​ប្រល័យ​របស់​អ្នក​ជួញ​ដូរ​សត្វ​ចិញ្ចឹម​ជា​ចំណី​អាហារ​យ៉ាងឃោរឃៅ​ជា​ទីបំផុត។ តើ​អ្វី​​ជា​តម្លៃ​ពិត​ប្រាកដ​នៃ​ការ​ចិញ្ចឹម​សត្វ​ទាំង​នោះ​ នៅ​ពេល​ដែល​ម្ចាស់​​សត្វ​ចិញ្ចឹម​​​ត្រូវ​បាន​បោះបង់​ដោយ​ម្ចាស់​របស់​ខ្លួនបែបនេះ​?

          ទិដ្ឋភាព​លំបាក​វេទនា​នៃ​សត្វ​អនាថា​ទាំង​នោះ​បាន​អន្ទង​ចិត្ត​ឲ្យ​ Madam Loan ​ដែល​ជា​អ្នក​ដែល​ស្រលាញ់​សត្វ​បំផុត ចាប់​ផ្តើម​ការងារ​ដ៏​លំបាក​មួយ​​អស់​រយៈ​ពេល​ប្រមាណ​២០​ឆ្នាំ​មក​ហើយ។ មក​ដល់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​ ១៩៩៦ Madam Loan ដែល​​ជា​ជនជាតិ​​ខ្មែរបារាំង​​ រស់​នៅ​ប្រទេស​បារាំង​ បាន​ត្រលប់​មក​រស់នៅ​ប្រទេស​កម្ពុជា​ជាមួយ​នឹងស្វាមី​ដែល​ជា​ជនជាតិ​ខ្មែរ​។ Madam Loan ​​ដែល​បច្ចុប្បន្ន​ជា​ស្ថាបនិក​នៃ​​​សមាគម​ការពារ​សត្វ​កម្ពុជា ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ដែល​មាន​ទឹក​ចិត្ត​ល្អ​បំផុត​ មិន​ថា​ចំពោះ​មនុស្ស​ឬ​សត្វឡើយ។​

          ត្រលប់ទៅ​២០​ឆ្នាំ​មុន​ដោយ​សារ​ក្តី​អាណិត និង​ស្រលាញ់​សត្វ​សុនខ និងសត្វឆ្មា​ទាំង​នោះ អ្នកស្រី​បាន​រើស​សត្វ​អនាថា ​មក​ចិញ្ចឹម​ត្រឹម​តែ​១០​ទៅ​២០​ក្បាល​ប៉ុណ្ណោះ។ ដំណើរ​ការ​នៃ​ការ​​បើក​ស្ថាប័ន​សង្រ្គោះ​សត្វ​​នេះ កើត​ឡើង​ដោយ​មិន​បាន​ព្រៀង​ទុក​ ខណៈ​​កំណើន​នៃ​សត្វ​អនាថា​កើន​ឡើង​ជា​បន្ត​បន្ទាប់ រហូត​ដល់​​មាន​ការ​លំបាក​ក្នុង​ការ​គ្រប់គ្រង​តែ​ម្នាក់​ឯង។ នៅ​ក្នុង​ឆ្នាំ ២០១២ Madam Loan បាន​សម្រេច​ចិត្ត​ស្នើ​សុំ​បង្កើត​សមាគមន៍​ការពារ​សត្វ​កម្ពុជា ដែល​មាន​ទីតាំង​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ។ នៅ​ទី​នោះ​អ្នក​ស្រី​បាន​ចិញ្ចឹម​សត្វ​សុនខ​​ចំនួន​ជាង​១៥០​ក្បាល​ និង​សត្វ​ឆ្មា​ជាង​៨០​ក្បាល ដែល​​ភាគ​ច្រើន​កំពុង​មាន​ជំងឺ​ត្រូវ​ការ​សង្រ្គោះ។ ស្រប​ពេល​ជាមួយ​គ្នា​ សមាគមន៍​នេះ​ក៏​កំពុង​ផ្តល់​ចំណី​ដល់​សត្វ​អនាថា​ដែល​រស់នៅក្នុង​វត្ត​ចំនួន​៦​ នៅ​ក្នុង​ក្រុង​ភ្នំពេញ​ផង​ដែរ។

          Madam Loan គ្មាន​ពេល​សម្រាក​គ្រប់គ្រាន់​នោះ​ទេ ទោះ​បី​ជា​មាន​អាយុ​ជិត​​ ៦០​ឆ្នាំ​ ហើយ​ក៏​ដោយ​ ប៉ុន្តែ​អ្នក​ស្រី​នៅ​តែ​បន្ត​បេសកកម្ម​របស់​អ្នក​ស្រី​ជានិច្ច​ និងមិន​ដែល​ត្អូញ​ត្អែរឡើយ។ វា​ជា​ការ​លំបាក​ និង​ការ​លះបង់​ដ៏​ធំ​មួយ ខណៈ​ដែល​ម្ចាស់​សត្វ​ចិញ្ចឹម​មួយ​ចំនួន​អាច​ចិញ្ចឹម​សត្វ​ត្រឹម​តែ​ចំនួន​តិច​ប៉ុណ្ណោះ រី​ឯ​ Madam Loan វិញ​បែរ​ជាចំណាយ​ធនធាន​ផ្ទាល់​ខ្លួន​​ចិញ្ចឹម​និង​មើល​ថែ​​សត្វ​រាប់​រយ​ក្បាល​​ ហើយ​ភាគច្រើន​ជា​សត្វ​ដែល​មិន​មាន​រូបរាង​ស្អាត​ និង​ថែម​ទាំង​មាន​ជំងឺ​ទៀតផង។

          សុនខ​តូចៗ​ជា​ច្រើន​ត្រូវ​បាន​ដាក់​ដោយ​ឡែក​ពី​សុនខ​ធំ។ ក្នុង​ចំណោម​សុនខ​ដែល​កំពុង​រត់​លេង​សប្បាយ សុនខ​មួយ​ក្បាល​កំពុង​​ឈរ​ជើង​ពីរ ​លើក​ដៃ​សំពះ​ ដោយ​បិទ​ភ្នែក​ បង្ហាញ​ទឹក​មុខ​ក្រៀមក្រំស្រងូតស្រងាត់​ ត្បិត​តែ​វា​មាន ​ដុះ​ដុំ​គីស​ធំ​ មិន​អាច​វះកាត់​បាន​ ហើយ​ត្រូវ​រស់នៅ​កំដរ​ថ្ងៃ​ស្លាប់​យ៉ាង​គួរ​ឲ្យ​អាណិត​ទីបំផុត។ និយាយ​ផង​យក​​សុនខ​មួយ​ក្បាលនេះ​មក​ឱប​​ផងថើប​ផង​​ ទឹក​ភ្នែក​អ្នក​ស្រីក៏​ស្រក់​ចុះ​មួយ​រំពេច «ខ្ញុំ​អាណិត​វា​ណាស់​ ដែល​មិន​អាច​ព្យាបាល​វា​បាន ខ្ញុំសុំទោស។» សុនខ​មួយ​ក្បាល​នោះ មិន​អាច​រត់លេង​ដូច​សុនខ​ផ្សេង​ទៀត​ទេ វា​ចូលចិត្ត​នៅ​ម្នាក់​ឯង​ ស្ងាត់ៗដើម្បី​សម្រាក​​។ ក្រៅ​ពី​សុនខ​កំសត់​ដែល​ប្រឹង​តស៊ូ​រស់នៅ​​ជាមួយ​អ្នក​ស្រី ក៏​មាន​សុនខ​ជា​ច្រើន​ទៀត​ រត់​មក​រក​ Madam Loan ដែល​ពួក​វា​ចាត់​ទុក​ថា​ជា​ម្ចាស់​របស់​ខ្លួន​​​ទាំង​រីករាយ។

          បច្ចុប្បន្ន​នេះ​ អ្នក​ស្រី​ទទួល​យក​តែ​សត្វ​ណា​ ដែល​ពិត​ជា​មិន​អាច​រក​ម្ចាស់​ឃើញ និង​ត្រូវ​ការ​សង្រ្គោះ​​បន្ទាន់​ប៉ុណ្ណោះ។ ​សត្វ​នៅ​ក្នុង​សមាគមន៍​ដែល​បាន​ស្លាប់​ត្រូវ​បាន​បូជា​​ ​ហើយ​រក្សា​ទុក​ធាតុ​ ដូច​មនុស្សផង​ដែរ។ អ្នក​ស្រី​បាន​បង្ហាញ​បន្ទប់​ដាក់​ធាតុ​ ដែល​អ្នក​ស្រី​បាន​រក្សា​ទុក​រហូត​កំណត់​មួយ​ឆ្នាំ​ទើប​យក​ទៅ​លែង​នៅ​ក្នុង​ទន្លេ ដើម្បី​ឲ្យ​វិញ្ញាណ​របស់​សត្វ​ដែល​អ្នក​ស្រី​ធ្លាប់​បីបាច់​ថែរក្សា​មាន​សេរីភាព។ ​​​

          អ្វី​ដែល​ជា​កង្វល់​ធំ​បំផុតសម្រាប់​អ្នក​ស្រី ​គឺ​ការ​ទាក់ទាញ​ប្រជាជន​ខ្មែរ​ឲ្យ​ចេះ​ស្រលាញ់សត្វ​ និង​​ស្វែង​រក​អ្នក​ដែល​បន្ត​ធ្វើ​ការ​នៅ​ក្នុង​សមាគមន៍​នេះ​​ទៅ​មុខ​ទៀត​ «ខ្ញុំ​បារម្ភ​ណាស់​ ព្រោះ​ខ្ញុំ​​ខ្លាច​អត់​ពី​ខ្ញុំ​ទៅ គ្មាន​អ្នក​ណា​មើល​ពួកវា។» អ្នក​ស្រី​និយាយ​ថា​ បច្ចុប្បន្ន​នេះ​ លទ្ធភាព​​នៃ​ការ​ទទួល​យក​សត្វ​មក​ចិញ្ចឹម​​ត្រូវ​បាន​កម្រិត​ ដោយ​សារ​ការ​ចំណាយ​ខ្ពស់​ពេក​រហូត​ដល់​ទៅ ៣,០០០​ដុល្លារ​ក្នុង​មួយ​ខែ​ ដោយ​សារ​សត្វ​ខ្លះ​ត្រូវ​ការ​ព្យាបាល​​នៅ​មន្ទីរពេទ្យ។ មួយ​វិញ​ទៀត​ អ្នក​ស្រី​និយាយ​ថា​ «ពេល​ដែល​ខ្ញុំ​កាន់​តែ​ទទួល​សត្វ​មក​ចិញ្ចឹម​ ខ្ញុំ​ឃើញ​ថា​គេ​កាន់​តែ​បោះបង់​សត្វ​ចោល​ច្រើន អ្នក​នៅ​ទីនេះ (ស្រុក​ខ្មែរ) គេ​មិន​សូវ​ស្រលាញ់​សត្វ​ទេ​។»

          ជា​រៀងរាល់​ថ្ងៃ ការងារ​របស់​អ្នក​ស្រី គឺ​សម្អាត​​លំនៅដ្ឋាន​​ ​ដើម្បី​ឲ្យ​មាន​អនាម័យ​ក្នុង​ការរស់នៅ​ទាំង​មនុស្ស និង​សត្វ​​ជា​ច្រើន​ពាស​ពេញ​ផ្ទះ។ នៅ​ក្នុង​រដូវ​វស្សា​នេះ ការ​មើល​ថែ​និង​សម្អាត​កន្លែង​ដែល​សត្វ​រស់នៅ​ កាន់​តែ​មាន​ការ​លំបាក​ជាង​មុន​បន្តិច ដោយ​សារ​ទឹក​ភ្លៀង​នៅ​ទីធ្លា​ក្នុង​ផ្ទះ​ធ្វើ​ឲ្យ​ប្រលាក់​ដល់​សុនខ និង​នាំ​ទាំង​ក្លិន​មិន​ល្អ​កាន់​តែ​ខ្លាំង។ រៀងរាល់​ ២​សប្តាហ៍​ម្ដង​ អ្នក​ស្រី​ត្រូវ​ចាត់ចែង​ងូត​ទឹក​សម្អាត​ខ្លួន​ឲ្យ​សុនខ​ទាំង​ ១៥០​ក្បាល​ ដែល​នេះ​ជា​ការងារ​ដ៏​លំបាក។ ការងារ​ប្រចាំ​មួយ​ទៀត ​គឺ​មើល​ថែ​សត្វ​ដែល​មាន​ជំងឺ និង​ត្រូវ​គេ​បោះបង់។ ​សត្វ​ខ្លះ​ កំពុង​មាន​របួស ខ្លះ​អត់​អាហារ​រហូត​ស្គម​រីងរៃ​ត្រូវ​ការ​បំប៉ន ខ្លះ​មាន​អាយុ​ច្រើន​ និង​ខ្លះ​មាន​ជំងឺ​បេះដូង ជំងឺ​រមាស់​ ឬ​ចៃ​ជាដើម។ សត្វ​ទាំងនោះ​ត្រូវ​ការ​ថែ​ទាំ​ជា​ទៀងទាត់ និង​ត្រូវ​ការ​ថ្នាំ​ជា​ប្រចាំ។ អរគុណ​ដល់​​មូលនិធិ Foundation Brigitte Bardot និង Foundation 30 Million D'amis ដែល​បាន​ជួយ​សម្រួល​ដល់​ការ​​គ្រៀវ​សត្វ​និង​ឱសថ​សម្រាប់​សត្វ​មួយ​ចំនួន​ប្រចាំ​ឆ្នាំ។ ក្នុង​នោះ​ក៏​មាន​ ភោជនីយដ្ឋាន​មួយ​ចំនួន​ដូច​ជា​ ភោជនីយដ្ឋាន Pho de Paris, Dimsum Emperor, Lyky Restaurant, 1 2 3 Restaurant ដែល​បាន​ផ្តល់​​ជា​អាហារ​​ខ្លះ​សម្រាប់​សត្វ​សុនខ។ ពិសេស​សប្បុរសជន​មួយ​ចំនួន​ដែល​តែង​ជួយ​ចែក​រំលែក​ក្តី​ស្រលាញ់​ចំពោះ​សត្វ​ចិញ្ចឹម​តាមរយៈ​ជំនួយ​​សប្បុរសធម៌​ដល់​សមាគមន៍។ បើ​ទោះ​យ៉ាង​នេះ​ក្តី កង្វះ​ថ្នាំ​សង្កូវ​ សេវា​ព្យាបាល​ និង​អ្ន​ក​ស្ម័គ្រចិត្ត​ជួយ​ថែរក្សា​សត្វ​នៅ​តែ​ជា​បញ្ហា​ប្រឈម ដោយ​សារ​អ្នក​ស្រី​មិន​មាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​ការ​មើល​ថែ​សត្វ​ទាំងអស់​​នោះ​ឡើយ។ អ្នកស្រី​​អំពាវនាវ​ ឲ្យ​មាន​អ្នក​ស្ម័គ្រចិត្ត​ជួយ​ចូលរួម​ធ្វើ​ការ​ជាមួយ​អ្នក​ស្រី​ទាំង​ជា​កម្លាំង​​ក្នុង​ការ​ជួយ​សម្អាត​​ទីតាំង​សត្វ​រស់នៅ​ ឬ​សម្អាត​សត្វ​ក្តី ឬ​គ្រប់​រូបភាព​ ដើម្បី​ជួយ​ជីវិត​សត្វ​ដែល​​​ត្រូវ​ការ​ជំនួយ​ពី​មនុស្ស។ ​​

          សូម​ចូល​រួម​ចែក​រំលែក​​ក្តី​ស្រលាញ់​របស់​អ្នក​ចំពោះ​ជីវិត​សត្វ​ចិញ្ចឹម​ និង​សត្វ​អនាថា​ ដែល​ត្រូវ​ការ​ភាព​កក់​ក្តៅ​ពី​មនុស្ស​។ សូម​កុំ​បោះបង់​សត្វ​ចិញ្ចឹម​ទាំងនោះ​ ​ទោះ​បី​វា​មាន​រូបរាង​មិន​ស្អាត​ ឬ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។ សត្វ​ចិញ្ចឹម​ក៏​ជា​សមាជិក​តូច​នៃ​គ្រួសារ​ សូម​ចូល​រួម​ទាំង​អស់​គ្នា​ ដើម្បី​ប្រឆាំង​ការ​​ជួញ​ដូរ​សត្វ​ចិញ្ចឹម​ជា​អាហារ៕

Article by VA SONYKA


SUGGESTIONS