ដំរីចុងក្រោយនៅខេត្តរតនគិរី ស្ថិតក្រោមការគ្រប់គ្រងរបស់សមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា
NEWS 6 years ago“ប្រហែល២០ឆ្នាំមុនដែលខ្ញុំមកនៅដំបូងមានដំរីរហូតដល់ ៧០ក្បាល តែពីមួយឆ្នាំទៅមួយឆ្នាំដំរីកាន់តែបាត់បង់ ហើយថែមទាំងបាត់បង់ក្នុងចំនួនច្រើនទៀត រហូតដល់ខ្ញុំមានការព្រួយបារម្ភជាខ្លាំង”
សត្វដំរី គឺជាសត្វមួយប្រភេទមានមាឌធំ និងមានកម្លាំងខ្លាំងក្លា ដែលអាចជួយមនុស្សជាកម្លាំងក្នុងការអូសទាញដ៏អស្ចារ្យ។ វីរភាពរបស់សត្វដំរីត្រូវបានបុព្វបុរសខ្មែរ ចារឹកជាប់នៅលើជញ្ជាំងប្រាសាទបុរាណ ដោយមានបង្ហាញពីសាច់រឿងក្នុងការប្រើប្រាស់សត្វដំរីជាកម្លាំងដ៏រឹងមាំ ដើម្បីប្រយុទ្ធនៅក្នុងសមរភូមិ។ ក្រៅពីនោះទៀតសោត សត្វដំរីក៏ត្រូវបានប្រើប្រាស់ជាកម្លាំងស្នូលក្នុងការកសាងប្រាសាទរាប់រយ នៅលើទឹកដីអង្គរនៃយើងផងដែរ។ ដំរីស្រុក ជាដំរីដែលចេះស្គាល់មនុស្ស និងការរស់នៅក្នុងភូមិ វាត្រូវបានហ្មដំរីដាក់ឈ្មោះឲ្យ និងបង្ហាត់ឲ្យវាចេះស្តាប់បញ្ជាដូចសត្វចិញ្ចឹមដទៃទៀតដែរ។ នៅក្នុងភូមិភាគឦសាន នៃប្រទេសកម្ពុជា ដំរីស្រុកត្រូវបានគ្រប់គ្រងដោយម្ចាស់ជាច្រើនគ្រួសារបន្តត្រកូលតាំងពីយូរមកហើយ។ ហេតុនៃការលំបាកក្នុងការចិញ្ចឹម គឺដោយសារកង្វះខាតព្រៃ ត្បិតដំរីត្រូវការចំណីយ៉ាងហោច ៣០០គីឡូក្រាមក្នុងមួយថ្ងៃ ការពិបាកថែទាំ និងការចែករំលែកផលនៃការប្រើប្រាស់សត្វដំរីទៅម្ចាស់ជាច្រើនគ្រួសារ។ បើធៀបពីមុន ព្រៃមានទីតាំងនៅជិតផ្ទះអ្នកភូមិ ដែលបង្កការងាយស្រួលដល់អ្នកចិញ្ចឹមដំរីបរសត្វចិញ្ចឹមរបស់ខ្លួន ទៅស៊ីចំណីនៅក្នុងព្រៃ។ ប៉ុន្តែច្រើនឆ្នាំចុងក្រោយនេះ ម្ចាស់ដំរីនៃខេត្តរតនគិរី ត្រូវបរដំរីពី១០ទៅ២០គីឡូម៉ែត្រ ដើម្បីទៅដល់ព្រៃ ដែលជាការចំណាយពេលធ្វើដំណើរយ៉ាងយូរ។ ម្យ៉ាងវិញទៀត សត្វដំរីមិនអាចនៅមួយកន្លែងបានទេ ម្ចាស់ដំរីត្រូវផ្លាស់ប្តូរទីតាំងដំរីច្រើនកន្លែងក្នុងមួយថ្ងៃ ដូចនេះវាជាការចំណាយពេលច្រើនហួស ដែលអាចរំខានដល់ការប្រកបរបរទទួលទានរបស់ម្ចាស់ដំរី។
ដោយមានការសោកស្តាយ និងមានបំណងចង់អភិរក្សសត្វដំរីដែលជាសត្វជិតផុតពូជផងនោះ អ្នកស្រីខៃ ចិន្តា ស្ថាបនិកនៃសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា បានសម្រេចចិត្តទិញសត្វដំរីស្រុកចំនួន ៤ក្បាល តាមសំណើរពីប្រជាពលរដ្ឋក្នុងខេត្តរតនគិរី មកចិញ្ចឹមថែទាំ ដើម្បីបញ្ចៀសការលក់ចេញទៅប្រទេសជិតខាង។ ដំរីស្រុកចំនួន ៤ ក្បាលនេះ ត្រូវបានឲ្យដឹងថាជាដំរីស្រុកចុងក្រោយដែលកំពុងរស់នៅក្នុងខេត្តរតនគិរី។ បច្ចុប្បន្ននេះ ដំរីស្រុកទាំង៤ កំពុងរស់នៅក្នុងព្រៃសហគមន៍កាទៀង ខេត្តរតនគិរី ក្រោមការមើលថែពីហ្មដំរី ទាំង ៥នាក់របស់ សមាគម អៃរាវត្តា។
អ្នកស្រី ខៃ ចិន្តា
អ្នកស្រីចិន្តា ដែលជាស្ថាបនិកនៃសណ្ឋាគារ ទែរូ (Terres Rouges Lodge) ខេត្តរតនគិរីផងនោះ បានឲ្យដឹងថា អ្នកស្រីបានបង្កើតសមាគម អៃរាវត្តា រយៈពេល៣ឆ្នាំមកហើយ។ ស្ថាបនិកវ័យ ៤៥ឆ្នាំរូបនេះរៀបរាប់ថា “ដំរីទាំងនេះខ្ញុំទិញពីអ្នកស្រុកតែម្ដង ដោយសារអ្នកស្រុកដែលចិញ្ចឹមសត្វដំរីពីមួយថ្ងៃទៅមួយថ្ងៃ គាត់ជួបការលំបាកកាន់តែច្រើនឡើងៗ មូលហេតុមកពីកង្វះព្រៃ"។ មានហេតុផលច្រើនដែលជំរុញអ្នកស្រីចិន្តា ឲ្យចិញ្ចឹមសត្វដំរី និងបង្កើតសមាគមនេះឡើង អ្នកស្រីលើកឡើងថា "នៅក្នុងខេត្តរតនគិរីមិនទាន់មានអ្នកណាដែលផ្តើមគំនិតអភិរក្សដំរីទេ ខ្ញុំដឹងច្បាស់ណាស់ព្រោះខ្ញុំជាអ្នករស់នៅក្នុងខេត្តនេះ។ ពេលប្រហែល២០ឆ្នាំមុនដែលខ្ញុំមកនៅដំបូងមានដំរីរហូតដល់ ៧០ក្បាល កន្លែងណាក៏មានដំរីដែរ តែពីមួយឆ្នាំទៅមួយឆ្នាំដំរីកាន់តែបាត់បង់ ហើយថែមទាំងបាត់បង់ក្នុងចំនួនច្រើនទៀត រហូតដល់ខ្ញុំមានការព្រួយបារម្ភជាខ្លាំង"។ ដោយសារកង្វះបទពិសោធន៍និងធនធាន អ្នកស្រី ចិន្តា ធ្លាប់មានគំនិតរួញរាក្នុងការទទួលទិញសត្វដំរីពីសំណើររបស់អ្នកភូមិខ្លះដែរ ប៉ុន្តែក្រោយមានការស្នើសុំ និងការលើកទឹកចិត្តពីក្រុមគ្រួសារ ទើបអ្នកស្រីសម្រេចទទួលទិញដំរីចុងក្រោយទាំងនោះមកចិញ្ចឹមរហូតដល់បច្ចុប្បន្ន។ អ្នកស្រី ចិន្តា រំឭកថា "ពេលដំបូងខ្ញុំថា ខ្ញុំគ្មានបទពិសោធន៍លើដំរីទេ បើទេសចរណ៍ ខាងកសិកម្មទើបខ្ញុំមានបទពិសោធន៍ ប៉ុន្តែម្ចាស់ដំរីនិយាយថា គាត់លក់ដំរីឲ្យមែន ប៉ុន្តែគាត់នៅតែបន្តធ្វើការការពារ ថែទាំសត្វដំរី ដោយខ្ញុំផ្តល់ប្រាក់ខែជូនគាត់"។
ក្រៅពីការចិញ្ចឹមដំរី សមាគម អៃរាវត្តា ក៏បានផ្តល់ឱកាសការងារដល់ម្ចាស់ដំរី និងប្រជាពលរដ្ឋខេត្តរតនគិរីមួយចំនួនដែលធ្វើឲ្យជីវភាពម្ចាស់ស្រុក កាន់តែប្រសើរឡើងមួយកម្រិត។ អ្នកស្រីមានប្រសាសន៍ថា "ដំរីនិងមនុស្សធ្លាប់មានប្រវត្តិជាមួយគ្នា ហើយខ្ញុំក៏ចង់លើកតំកើនវប្បធម៌ប្រពៃណីរបស់យើង ក៏ដូចជាចង់ចូលរួមក្នុងវិស័យទេសចរណ៍ធម្មជាតិផងដែរ ដើម្បីផ្សាភ្ជាប់គ្នារវាង ដំរី វប្បធម៌ និងធម្មជាតិ"។ កម្មវិធីអភិរក្សសត្វដំរីកំពុងដំណើរការបន្តិចម្ដងៗ ដោយមានគោលបំណងធំបំផុត គឺការបង្កាត់ពូជដំរីបន្ថែមទៀត។
Image Courtesy: Airavata
ខេត្តរតនគិរីធ្លាប់ទទួលស្គាល់ពីមុនមក ថាជាខេត្តដែលមានដំរីច្រើន ក្រោយមកក៏មានការលេចឮថា ជាខេត្តដែលមិនមានដំរីដែលអាចផ្តល់សេវាកម្មលើវិស័យទេសចរណ៍ទៀតទេ។ ប៉ុន្តែនៅពេលដែល សមាគម អៃរាវត្តា ចាប់ផ្តើមផ្សព្វផ្សាយឡើង ចំនួនអ្នកទេសចរដែលស្រលាញ់និងចង់ឃើញសត្វដំរីកំពុងងាកមកចាប់អារម្មណ៍ឡើងវិញបន្តិចម្ដងៗជាលំដាប់។ បច្ចុប្បន្ននេះ គម្រោង អៃរាវត្តា កំពុងព្យាយាមបណ្តុះបណ្តាលហ្មដំរីឲ្យ ដឹងពីជំនាញក្នុងការចិញ្ចឹមដំរីនិងបង្ហាត់ដំរី ដើម្បីបំពេញចំណូលចិត្តរបស់ភ្ញៀវទេសចរ។ អ្នកស្រីនិយាយថា “ខ្ញុំសង្ឃឹមថានឹងមានគេដឹងពីដំរីខេត្តរតនគិរីថែមទៀត ពិសេសគឺការបណ្តុះបណ្តាលហ្មដំរីឲ្យមានគំនិតថា ការចិញ្ចឹមដំរីក៏អាចធ្វើការជូនភ្ញៀវទេសចរជាតិនិងអន្តរជាតិបានទទួលបទពិសោធន៍ បានជួបនិងស្គាល់ដំរីផងដែរ"។
គម្រោងរបស់កម្មវិធីអភិរក្សរួមមាន ការបណ្តុះបណ្តាលហ្មដំរីក្នុងសហគមន៍ និងអ្នកដែលមានបំណងចង់ក្លាយជាហ្មដំរី ដោយការអញ្ជើញហ្មដំរីដែលមានជំនាញមកបង្រៀនអ្នកនៅក្នុងសហគមន៍បន្ថែមទៀត ដើម្បីថែទាំដំរីឲ្យបានល្អ និងក្លាយជាអ្នកជំនាញអាជីព។ "ការបង្កើតសមាគមន៍នេះជាការបង្ហាញ ដើម្បីឲ្យប្រជាជនយើងដើរតាមខ្ញុំដែរ កាលណាដែលយើងឃើញរបស់ដែលជិតផុតពូជ ហើយមិនអាចមិនចាប់ផ្តើមធ្វើបានទេ ដូច្នេះយើងត្រូវរកចំណុចចាប់ផ្តើម ហេតុនេះទើបខ្ញុំចាប់ផ្តើមកាលពី៣ឆ្នាំមុន ដើម្បីបង្ខាំងការបាត់ផុតពូជ"។ សកម្មភាពធំៗពីរនៃគម្រោងត្រូវបានចាប់ផ្តើមដោយរលូនដោយរួមមាន ការចិញ្ចឹមថែរក្សា និងផ្តល់សេវាទេសចរណ៍ រីឯជំហានបន្ទាប់គឺការបង្កាត់ពូជវិញម្ដង។ អ្នកស្រីចិន្តា ក៏មានគម្រោងបង្កើតមជ្ឈមណ្ឌលសិប្បកម្មប្រពៃណីជនជាតិដើមភាគតិច ដោយណែនាំឲ្យជនជាតិដើមភាគតិចបង្ហាត់បង្រៀនក្មេងជំនាន់ក្រោយពីស្នាដៃសិប្បកម្មប្រពៃណីរបស់ខ្លួនកុំឲ្យបាត់បង់។ បន្ថែមពីនេះអ្នកស្រី ក៏គ្រោងបង្កើតមជ្ឈមណ្ឌលសិល្បៈ និងកីឡា ដើម្បីទាក់ទាញក្មេងជំនាន់ក្រោយងាកមកសិក្សាជំនាញបន្ថែម ទុកជាចំណេះនិងការកំសាន្តពេលទំនេរ។
ដំរីញីតែមួយក្នុងចំណោមដំរីទាំង៤ មានឈ្មោះ អុីកែវ ជាភាសាឡាវ ហើយមានន័យជាភាសាខ្មែរថា ចរណៃ បច្ចុប្បន្នមានអាយុ ៣៤ឆ្នាំហើយ ចំណែកដំរីឈ្មោលទាំង៣ទៀត មានឈ្មោះ បុកវ៉ា ខាំសែន និងបាក់ម៉ៃ។ ដំរីទាំង ៤សុទ្ធសឹងតែជាដំរីស្រុក ដែលកើតនៅក្នុងស្រុកតែម្ដង ពុំមែនជាដំរីព្រៃដែលយកមកផ្សាំងនោះឡើយ។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ អត្រាសត្វដំរីនៅទូទាំងប្រទេសកម្ពុជាមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដោយសារកត្តាធម្មជាតិនិងកត្តាមនុស្ស។ ក្រៅពីដំរីព្រៃដែលកំពុងស្ថិតក្រោមការយកចិត្តទុកដាក់ពីសំណាក់ក្រុមអភិរក្សដំរីស្រុកនៅក្នុងខេត្តឯទៀត ក៏ត្រូវបានឲ្យដឹងថាមានការធ្លាក់ចុះយ៉ាងគំហុក និងប្រឈមនឹងការបោះបង់ការចិញ្ចឹមពីសំណាក់ប្រជាពលរដ្ឋជាម្ចាស់ដំរី។ បើទោះជាយ៉ាងនេះក្តី សមាគមន៍អភិរក្សសត្វដំរីមួយចំនួននៅតាមតំបន់នានាកំពុងត្រូវបានចងក្រងឡើង ដើម្បីទប់ស្កាត់ការផុតពូជទាំងដំរីស្រុក និងដំរីព្រៃ ដោយមានការគាំទ្រភាគច្រើនពីសប្បុរសជនជនជាតិខ្មែរ៕
Article by VA SONYKA
Image Courtesy: Airavata