តើទម្រង់សិល្បៈល្ខោនខោលនៅកម្ពុជាមានដំណើរវិវឌ្ឍន៏យ៉ាងដូចម្តេចខ្លះ?
TRAVEL & LIVING 6 years ago អបអរសាទរ ល្ខោនខោលវត្តស្វាយអណ្តែត (Lkhon Khol Wat Svay Andet) របស់កម្ពុជាត្រូវបានទទួលស្គាល់និងបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូជាផ្លូវការហើយនៅក្រុង Port Loiuis ប្រទេសម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ។ ឆ្លៀតក្នុងឱកាសនេះ សូវរីនសូមរៀបរាប់អំពីទម្រង់សិល្បៈល្ខោនខោលនេះខ្លះៗដើម្បីជាចំនេះដឹងទូទៅមួយសម្រាប់ប្រិយមិត្តអ្នកអានដូចតទៅ៖
បើយោងតាមទស្សនាវដ្តីកម្ពុជសុរិយាឆ្នាំទី២៨លេខ៦ខែមិថុនាឆ្នាំ១៩៥៦ល្ខោនខោលប្រហែលជាកើតមានដំណាលគ្នានឹងល្ខោនធម្មតាដែរពោលគឺកើតមានតាំងពីរជ្ជកាលព្រះកេតុមាលា (ព្រះបាទជ័យវរ្ម័នទី២) រវាងគ.ស៨០២ដល់៨៦៩។ កាលពីសម័យមុនល្ខោននេះធ្លាប់ត្រូវបានគេចាត់ទុកជាមហោស្រពព្រះរាជទ្រព្យសម្រាប់លេងក្នុងពិធិផ្សេងៗដូចជាព្រះរាជពិធីតាំងតុចម្រើនព្រះជន្មជាដើម។បើតាមបញ្ជីក្នុងព្រះបរមរាជវាំងសម័យនោះល្ខោនខោលជាល្ខោនដែលមានតួរបាំសុទ្ធតែប្រុសសុទ្ធហើយមានចំនួនយ៉ាងច្រើនបំផុត៦៥នាក់។ ល្ខោននេះប្រើសម្រាប់លេងតែឈុតឆាកក្នុងរឿងរាមកេរ្តិ៍មួយតែប៉ុណ្ណោះ។ អ្នកសម្ដែងល្ខោនខោលនីមួយៗត្រូវពាក់មុខទៅតាមតួអង្គលើកលែងតែតួនាង។ប៉ុន្តែបើតាមប្រសាសន៍អះអាងរបស់ព្រឹទ្ធាចារ្យយិតសារិនហៅលោកគ្រូសវ័យ៩១ឆ្នាំ ល្ខោនខោលជាប្រភេទល្ខោនមហាជនដែលមានប្រភពកំណើតចេញពីវត្តស្វាយអណ្តែតស្រុកល្វាឯមខេត្តកណ្តាលតាំងពីរជ្ជកាលព្រះបាទស៊ីសុវត្ថិដោយមានលោកគ្រូស៊ឹមមកពីកៀនស្វាយជាអ្នកបង្ហាត់បង្រៀនតាមរយៈឯកសារសាស្រ្តាស្លឹករឹតហើយក្រោយមកនៅឆ្នាំ១៩៤០ ទើបព្រះមហាក្សត្រីយានីស៊ីសុវត្ថិកុសុមៈនារីរតន៍ទ្រង់សព្វព្រះទ័យអនុញ្ញាតឱ្យក្រុមល្ខោនខោលវត្តស្វាយអណ្តែតមកសម្ដែងថ្វាយនៅព្រះទីនាំងភោជនីយក្នុងព្រះបរមរាជវាំងក្រុងភ្នំពេញ។
ក្រោយរបបខ្មែរក្រហមដួលរលំព្រឹទ្ធាចារ្យល្ខោនខោលដែលមានភ័ព្វវាសនារួចផុតពីការកាប់សម្លាប់ដូចជាលោកគ្រួយិតសារិនអ្នកគ្រូឯមធាយអ្នកគ្រូសុតសំអុនអ្នកគ្រូស៊ិនសាម៉ាដឹកឆូអ្នកគ្រូជាខាន់អ្នកគ្រូជាសាមីអ្នកគ្រូស៊ឹមមន្ថានិងអ្នកគ្រូរស់គង់ជាដើមបានប្រមូលគ្នាចូលរួមចំណែកអភិរក្សសិល្បៈល្ខោនខោលយ៉ាងសស្រាក់សស្រាំតាមរយៈការបណ្តុះបណ្តាលថ្នាលសិល្បៈជំនាន់ក្រោយ។ សព្វថ្ងៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈកំពុងតែយកចិត្កទុកដាក់ក្នុងការអភិរក្ស និងផ្សព្វផ្សាយមត៌កល្ខោនខោលទៅកាន់មជ្ឈដ្ឋានសាធារណៈ និងទៅកាន់ឆាកអន្តរជាតិថែមទៀតផង។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តជ្រើសរើសយកទស្សនីយភាពសិល្បៈល្ខោនខោលទៅចូលរួមសម្ដែងក្នុងកម្មវិធីមហោស្រពរបាំងមុខអាស៊ានបូកបី (ASEAN +3 Mask Festivals) នៅប្រទេសថៃយ៉ាងមហោឡារឹកកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅថ្មីនេះ ក្រោមវត្តមានចូលរួមពីសំណាក់គណៈប្រតិភូសិល្បករតំណាងជាតិចំនួន០៥ប្រទេសគឺ ប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឡាវ និង កូរ៉េខាងត្បូង។ នេះជាកិត្តិយសដ៏ថ្មីសន្លាងមួយទៀត សម្រាប់ល្ខោនខោលដែលជាមត៌កដូនតាខ្មែរយើង ហើយសិល្បៈយើងក៏ទទួលបាននូវការចាប់អារម្មណ៍ និងការស្ញើចសរសើរយ៉ាងច្រើនពីសំណាក់គណៈប្រតិភូអន្តរជាតិដែលមានវត្តមានក្នុងឱកាសនោះ។ លើសពីនេះទៅទៀត យោងតាមសេចក្តីជូនដំណឹងជាផ្លូវការរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈចុះថ្ងៃទី០៣ ខែមិថុនាឆ្នាំ២០១៦ ថ្មីៗនេះ ក្រសួងកំពុងតែខិតខំយ៉ាងអស់ពីសមត្ថភាព និងគ្រប់មធ្យោបាយក្នុងការសិក្សាចងក្រងឯកសារស្តីពីល្ខោនខោលព្រមជាមួយក្បាច់គុនល្បុក្កតោ និងភ្លេងអារក្ស ដើម្បីស្នើចុះបេតិកភណ្ឌអរូបីនៃមនុស្សជាតិទាំងនេះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំខាងមុខ។ ស្របជាមួយសកម្មភាពខ្នះខ្នែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សិល្បករខ្មែរផ្នែកដឹកនាំល្ខោនខោលក៏បានខិតខំព្យាយាមពាំនាំទស្សនីយភាពដ៏ចំណាស់នេះទៅសម្ដែងក្នុងកម្មវិធីមហោស្រពសិល្បៈផ្សេងៗជាអាទិ៍នៅសាលាភូមិន្ទវិចិត្រសិល្បៈ សាលសន្និសីទចតុមុខ សមាគមសិល្បៈសុវណ្ណភូមិ និងនៅតាមវត្តអារាមមួយចំនួននៅពេលមានកម្មវិធីសិល្បៈម្ដងម្កាលដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយ និងជនបរទេសទាំងឡាយបានសិក្សាស្វែងយល់កាន់តែទូលំទូលាយ។ ក្រៅពីនោះសិល្បៈនេះត្រូវបានចាក់បញ្ចាំងខ្លះៗនៅលើកញ្ចក់ទូរទស្សន៍ជារៀងរាល់សប្តាហ៍ផងដែរ តួយ៉ាងកម្មវិធី “មន្តស្នេហ៍សំនៀង” របស់ស្ថានីយ៍ទូរទស្សន៍ស៊ីធីអ៊ិន(CTN) ព្រមទាំងមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកជាហូរហែថែមទៀតផង ជាពិសេសទំព័រហ្វេសប៊ុក “ល្ខោនខោលខ្មែរ” និង “ភាណីរូបិនី”។ គួរបញ្ជាក់ផងដែរថា ក្នុងស្មារតីលើកស្ទួយវិស័យនេះយុវសិល្បករឯកទេសជាច្រើនរហូត៣២នាក់ ក្រោមការបង្ហាត់បង្ហាញរបស់សាស្រ្តាចារ្យជំនាញបានប្រមូលផ្តុំកម្លាំងគ្នាបង្កើតកម្មវិធីសម្ដែងទស្សនីយភាពល្ខោនខោលដ៏ធំអស្ចារ្យមួយ ដកស្រង់ចេញពីឈុតមួយក្នុងរឿងរាមកេរ្តិ៍ដែលមានឈ្មោះថា “ថលតយ័ន្ត” នៅទីតាំងសាលាមធ្យមវិចិត្រសិល្បៈនៅថ្ងៃច័ន្ទទី១១ ខែកក្កដា ប្រកបដោយភាពជោគជ័យយ៉ាងសម្បើម។ លោក ខុន ច័ន្ទសិទ្ធិការ្យ អ្នកផ្តួចផ្តើមបង្កើតកម្មវិធីបានលើកឡើងថា “វាជាព្រឹត្តិការណ៍ទ្រង់ទ្រាយធំមួយដែលមានក្រុមការងារសរុបទាំងអស់ជិត៥០នាក់។ ពួកយើងខំធ្វើការខ្លាំងមែនទែន! ខ្ញុំមានទឹកចិត្តចង់ធ្វើវាដើម្បីសិល្បៈខ្មែរយើង! យើងខំប្រឹងខ្លួនឯងសិនទើបមានគេជួយ!”
ដោយឡែក នៅខាងសមាគមសិល្បៈល្ខោនខោលវត្តស្វាយអណ្តែតឯណោះវិញ ព្រះគ្រូ ជា ប៊ុនធឿន ចៅអធិការវត្តស្វាយអណ្តែតបានមានសង្ឃដីកាប្រាប់ សូវរីន ថា «នៅវត្តនេះគឺយើងមានទំនៀមទម្លាប់មួយពេលដែលរដូវចូលឆ្នាំបានបញ្ចប់ទៅគឺយើងសម្ដែងល្ខោនខោលបីយប់ជាប់គ្នា។ ថ្នាលចាស់បានបាត់បង់ អ្នកខ្លះចាស់ជរា អ្នកខ្លះស្លាប់ អ្នកខ្លះបានផ្លាស់ប្តូរទីលំនៅ។ដូច្នេះ យើងបានបង្កើតថ្នាលថ្មីគឺ ក្មេងនៅទីនេះចេះលេងភ្លេងពិណពាទ្យផង ចេះសម្ដែងល្ខោនខោលផង។» ព្រះតេជគុណបានបន្តថា ប្រសិនបើប្រមូលទាំងអស់ (ចាស់ៗក្នុងតំបន់មូលដ្ឋាន) គ្រូដែលនៅអាចសម្ដែងបានមានប្រហែល១០នាក់ ប៉ុន្តែគ្រូបង្គោលក្នុងការបង្ហាត់បង្រៀនសិស្សផ្ទាល់តែម្ដងមានត្រឹម៤-៥នាក់ប៉ុណ្ណោះ។ គ្រូនៅទីនោះត្រូវបានបែងចែកបង្ហាត់ទៅតាមប្រភេទតួនីមួយៗ តួយ៉ាងលោកតា អ៊ឹម សារួន ជំនាញតួយក្ស និងលោកតា ហេង សៅ ជំនាញតួស្វា។
ជាមួយគ្នានេះដែរ លោក ប៉ូច ផៃ អតីតនាយកសាលាបឋមសិក្សាស្វាយអណ្តែត បច្ចុប្បន្នជាសមាជិកគណៈកម្មការគ្រប់គ្រងល្ខោនខោលវត្តស្វាយអណ្តែតទទួលបន្ទុកផ្នែករដ្ឋបាល និងទំនាក់ទំនងបានមានប្រសាសន៍ថា សមាជិកក្រុមល្ខោនវត្តស្វាយអណ្តែតនេះមកពីបីមូលដ្ឋានភូមិគឺ ភូមិពាមតាឯក ភូមិតាស្គរ និងភូមិព្រែកតាអុង។ ក្មេងៗដែលមកហាត់រៀនល្ខោនខោលមានសរុបប្រមាណ ៣០-៤០នាក់ ប៉ុន្តែក្នុងចំណោមនោះមានតែ ២០នាក់ទេ ដែលនៅបន្តសម្ដែងដល់សព្វថ្ងៃ។ នៅទីនោះគ្មានរោងសម្រាប់សម្ដែងជាប្រចាំទេ ព្រោះរោងចាស់បាក់បែកអស់ហើយ។ ដូច្នេះពេលសម្ដែងម្ដងៗត្រូវចំណាយប្រាក់សម្រាប់ជួលរោង រីឯសម្លៀកបំពាក់សម្ដែងវិញ គឺត្រូវខ្ចីគេប្រើប្រាស់រហូតទើបតែមកដល់ឆ្នាំ២០០០ ទើបមានការឧបត្ថម្ភសម្លៀកបំពាក់សម្ដែងចំនួន១២សម្រាប់ (អាវតួយក្ស៦ និងអាវតួស្វា៦) ពីអង្គការយូនេស្កូ។ សម្លៀកបំពាក់ និងរបាំងមុខខោលទាំងអស់ត្រូវរក្សាទុកក្នុងបណ្ណាល័យសាលា។
«ចាប់ពីឆ្នាំ២០១២មកយើងបានមូលនិធិហ្គូដហ្វាន់ (Good Fund) របស់ជនជាតិបារាំង។ គាត់បានជួយជាថវិកាដល់គ្រូបង្ហាត់ក្បាច់ និងបង្ហាត់ភ្លេង។ ប៉ុន្តែឥឡូវជំនួយនេះត្រូវបានផ្អាកហើយខាងវត្តផ្ទាល់គឺលោកគ្រូចៅអធិការកំពុងខិតខំរកថវិកាជួយឱ្យបានបន្តទៅទៀត។ ល្ខោនខោល (ល្ខោនមហាជន)សព្វថ្ងៃនៅសល់តែវត្តស្វាយនេះមួយទេ! សូមមេត្តាជួយចូលរួមគាំទ្រទោះបីជាស្មារតីក្តីសម្ភារៈក្តីឬជាថវិកាក្តី […] ប្រសិនបើសប្បុរសជនអាណិតស្រលាញ់សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខ្ញុំផ្ទាល់គឺ០៩២៦១៣៧០៦។» នាយកសាលាចូលនិវត្តន៍រូបនេះបានលើកឡើង។
យុវជនយង់ម៉ាឌីថាវ៉ាត់វ័យ១៨ឆ្នាំនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានសម្ដែងចំណាប់អារម្មណ៍ថា «ខ្ញុំស្រឡាញ់សិល្បៈបុរាណខ្មែរគ្រប់ទម្រង់មិនមែនតែល្ខោនខោលទេ។ចំពោះល្ខោនខោលវិញខ្ញុំមិនអាចចាំអស់ទេថាមើលបានប៉ុន្មានដងគឺច្រើនលើកច្រើនសាណាស់។ខ្ញុំមើលវាលើកដំបូងនៅក្នុងកម្មវិធីមួយនៅសាលចតុមុខ។ខ្ញុំយល់ថា ល្ខោនខោលពិសេសត្រង់សម្ដែងដោយប្រើប្រាស់ការពោលនិងលាយឡំការច្រៀងខ្លះតែតិចតួចបំផុត។តួសម្ដែងភាគច្រើនពាក់មុខខ្មុក។ ខ្ញុំគិតថាយុវជនសព្វថ្ងៃមិនទាន់យល់ជ្រួតជ្រាបអំពីល្ខោនខោលនេះទេ! ខ្មែរយើងឥឡូវបែងចែកមិនដាច់រវាងល្ខោនខោលនិងរបាំបុរាណទេ។និយាយរួមគឺចំណេះដឹងផ្នែកវប្បធម៌នៅមានកម្រិតមែនទែន!»
សរុបសេចក្តីមកសិល្បៈល្ខោនខោលខ្មែរយើងកំពុងមានដំណើរការទៅមុខវិជ្ជមានបណ្តើរៗហើយប៉ុន្តែយើងក៏មិនត្រូវបណ្តែតបណ្តោយទុកត្រឹមនេះឡើយ។ដើម្បីជម្រុញឱ្យសិល្បៈល្ខោនខោលខ្មែរកាន់តែរីកចម្រើនទ្វេដងនោះសិល្បករគប្បីប្រឹងប្រែងបន្តហាត់រៀនអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យកាន់តែពូកែបន្ថែម។អ្នកដឹកនាំរឿងត្រូវមានគំនិតច្នៃប្រឌិតបង្កើតសាច់រឿងឬឈុតឆាកសម្ដែងថ្មីៗឲ្យបានទាំងបរិមាណនិងគុណភាពស្របតាមតម្រូវការជាក់ស្តែងរបស់សង្គមសម័យទំនើប។ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវរួបរួមសហការគ្នាជួយលើកស្ទួយនិងជម្រុញការផ្សព្វផ្សាយសិល្បៈល្ខោនខោលតាមរយៈគ្រប់រូបភាព។ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកគួរងាកមកផ្តោតការយកចិត្តទុកដាក់គិតគូរលើបញ្ហាសិល្បៈវប្បធម៌ជាតិជាធំ។រីឯមហាជនជាពិសេសក្មេងៗជំនាន់ក្រោយគួរបណ្តុះទឹកចិត្តស្រឡាញ់់សិល្បៈវប្បធម៌ឲ្យបានមុតមាំពោលគឺរក្សាភ្ជាប់នូវស្មារតីជាតិនិយមជាដរាបទើបប្រទេសជាតិមានភាពរីកចម្រើនរុងរឿងស្ថិតស្ថេរ៕
Article by SRIN Sokmean