ជំនួបជាមួយ សហស្ថាបនិកនៃ Osja Studio និយាយអំពីបច្ចេកវិទ្យារូបភាពសិប្បនិម្មិត
NEWS 6 years agoស្របពេលដែលបច្ចេកវិទ្យាពិភពលោកកំពុងតែដើរយ៉ាងលឿន មានសំនួរមួយដែលគេគ្រប់គ្នាតែងតែសួរគ្នាថា«តើបច្ចេកវិទ្យាដើរដល់ណាហើយ?»។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនតែងតែនាំគ្នាបង្អួតពីផលិតផលរបស់ខ្លួនដែលភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាថ្មីៗបំផុតដែលមិនធ្លាប់មានពីមុន។ នៅក្នុងសតវត្សទី ២១ នៃឆ្នាំ ២០១៩ នេះតើបច្ចេកវិទ្យានៅលើពិភពលោកបានអភិវឌ្ឍដល់ណាហើយ និងតើអ្វីទៅដែលជាបច្ចេកវិទ្យាថ្មីបំផុតសម្រាប់ពិភពលោកនាពេលបច្ចុប្បន្ននេះ?
ជំនួបពិភាក្សាគ្នាជាមួយនឹងសូវរីន អំពីបច្ចេកវិទ្យានាពេលបច្ចុប្បន្ន លោកអៀអ៊ុយ សហស្ថាបនិកនៃ Osja Studio ដែលជាក្រុមហ៊ុនផលិតហ្គេមទូរសព្ទដៃស្មាតហ្វូនដំបូងគេបំផុតនៅកម្ពុជាបានប្រាប់ឲ្យដឹងថា រហូតមកដល់សព្វថ្ងៃនេះ ពិភពលោកកំពុងតែនាំគ្នាអភិវឌ្ឍខ្លាំងលើបច្ចេកវិទ្យា AR (Augmented Reality)។ «ឲ្យតែមានការប្រជុំម្តងៗរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗតួយ៉ាងដូចជា៖ ក្រុមហ៊ុន អេផល (Apple), ក្រុមហ៊ុន ហ្គូហ្គល (Google), ក្រុមហ៊ុនហ្វេសប៊ុក (Facebook) គឺគេតែងតែនាំគ្នាលើកប្រធានបទស្តីអំពីបច្ចេកវិទ្យា AR (រូបភាពសិប្បនិម្មិត) មកនិយាយជាប្រចាំជានិច្ច» នេះបើតាមការលើកឡើងរបស់លោក អៀអ៊ុយ។ AR ឬ រូបភាពសិប្បនិម្មិត គឺជាបច្ចេកវិទ្យាម្យ៉ាងដែលអាចបង្កើតនូវរូបភាពក្នុងទូរសព្ទដៃឬឧបករណ៍អេឡិចត្រូនិចមួយចំនួនទៀតធ្វើអន្តរកាលជាមួយនឹងបរិយាកាសខាងក្រៅដែលមើលទៅហាក់ដូចជារបស់ពិតៗដែលយើងអាចមើលនឹងភ្នែកបានតាមរយៈកម្មវិធីទូរសព្ទរួមបញ្ចូលជាមួយនឹងទិដ្ឋភាពនៃបរិយាកាសខាងក្រៅ។ ឧទាហរណ៍ថា នៅពេលដែលគេបើកកាមេរ៉ាទូរសព្ទដែលមានបច្ចេកវិទ្យា AR នេះរួចគេសម្តៅកាមេរ៉ានោះទៅលើផ្ទៃតុដែលរាបស្មើហើយគេចាប់ផ្តើមជ្រើសរើសយករូបតុក្កតាឬតួអង្គណាមួយនៅក្នុងទូរសព្ទ ដូច្នេះគេនឹងបានឃើញតុក្កតាឬតួអង្គនោះមកឈរឬបញ្ជេញសកម្មភាពនានានៅលើតុនោះតែម្តង។ កាលនេះវាពិតជាបានធ្វើឲ្យយើងមានអារម្មណ៍ថា ហាក់បានឃើញតុក្កតានោះនៅពិភពខាងក្រៅពិតៗដែលគេសឹងតែមិនគួរឲ្យជឿទៀតផង។ AR បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដូចជាផ្តល់នូវព័ត៌មានបន្ថែមតាមរយៈទូរសព្ទឆ្លាតវៃរបស់យើង។ នៅក្នុងវិស័យអប់រំ AR បានជួយសម្រួលនិងពន្យល់នូវមេរៀនបន្ថែមដោយសិស្សគ្រាន់តែបើកកាមេរ៉ាដើម្បីបញ្ចាំងលើមេរៀនណាដែលសិស្សមិនយល់ នោះទូរសព្ទរបស់ពួកគេនឹងពន្យល់មេរៀននោះតាមរយៈវីដេអូ រូបភាពឬមេរៀនលម្អិតបន្ថែមលើមេរៀនដែលមាននៅក្នុងសៀវភៅនោះទៀតផង។ “AR គឺទូលំទូលាយណាស់ គេអាចប្រើវាបានសឹងតែគ្រប់ផ្នែកនៃការងារទាំងអស់ មិនមែនត្រឹមតែជាកំសាន្តធម្មតាតែប៉ុណ្ណោះទេ” លោក អៀអ៊ុយ បានបន្ថែម។ ឧទាហរណ៍នៅពេលគេទៅមើលកុន គេគ្រាន់តែទាញទូរសព្ទ រួចបើកកាមេរ៉ានោះ បញ្ចាំងទៅលើផ្ទាំងពាណិជ្ជកម្មនៃរឿងណាមួយដែលគេចង់មើលនោះ វានឹងលួចវីដេអូពាណិជ្ជកម្មនិងព័ត៌មានលម្អិតនៃភាពយន្តនោះឲ្យម្ចាស់ទូរសព្ទបានឃើញភ្លាមៗតែម្តង។ បច្ចេកវិទ្យារូបភាពសិប្បនិម្មិតនេះក៏បានផ្តល់ព័ត៌មានលើសពីអ្វីដែលយើងបានឃើញថែមទៀត។ ប្រសិនបើគេបញ្ចាំងកាមេរ៉ាទៅលើនាមប័ណ្ណនោះ វានឹងលោតចេញនូវព័ត៌មានជាច្រើនដែលពាក់ព័ន្ធជាមួយនឹងម្ចាស់ នាមប័ណ្ណនោះបន្ថែមទៀតផង។ លើសពីនេះទៅទៀត នៅពេលគេទៅទិញសម្លៀកបំពាក់ គេគ្រាន់តែឈរនៅពីមុខកាមេរ៉ានោះហើយជ្រើសរើសនូវម៉ូដសម្លៀកបំពាក់ដែលគេពេញចិត្ត នោះគេនឹងបានឃើញរូបគេកំពុងតែស្លៀកសម្លៀកបំពាក់នោះដោយមិនចាំបាច់ផ្លាស់សម្លៀកបំពាក់ថ្មីនោះឡើយ។
ដោយឡែក បច្ចេកវិទ្យារូបភាពសិប្បនិម្មិតនៅកម្ពុជាឯណេះវិញត្រូវបានក្រុមការងារ Osjar Studio បាននាំមកឲ្យប្រជាជនកម្ពុជាបានស្គាល់ដំបូងគេបង្អស់នៅឆ្នាំ ២០១៧ ហើយបច្ចុប្បន្ននេះ Osjar Studio របស់លោក អៀអ៊ុយ ក៏កំពុងតែផ្តល់នូវសេវាកម្ម និងផលិតនូវបច្ចេកវិទ្យារូបភាពសិប្បនិម្មិតនេះសម្រាប់ក្រុមហ៊ុនមួយចំនួនទៀតផងដែរ។ ឈ្លៀតក្នុងឱកាសនេះ លោក អៀ អ៊ុយ ក៏បានចែកនូវចំណេះដឹងមួយចំនួនសម្រាប់យុវជនជំនាន់ក្រោយដែលមានចំណាប់អារម្មណ៍ចង់បង្កើតនូវបច្ចេកវិទ្យានេះគួរតែចាប់ជំនាញមួយចំនួនដូចជា ជំនាញផ្នែកសរសរកូដ កុំព្យូទ័រ ជំនាញរចនាក្រាហ្វិកកុំព្យូទ័រនិងជំនាញគំនូរជីវចល (Animation) ជាដើម។
គួរបញ្ជាក់ផងដែរថា លោក អៀ អ៊ុយ ក៏ជាបេក្ខភាពមួយរូបក្នុងចំណោមបេក្ខភាពជាច្រើនរូបទៀតដែលបានជាប់ក្នុងតារាង Founder of the year នៃការប្រកួត ASEAN RICE BOWL STARTUP AWARD 2018 ដែលជាការប្រកួតស្វែងរកអ្នកបង្កើតគំនិតអាជីវកម្មថ្មីក្នុងវិស័យបច្ចេកវិទ្យានៅក្នុងតំបន់អាស៊ីអាគ្នេយ៍កាលពីពេលថ្មីៗនេះផងដែរ។ ចំណែកឯ Osjar Studio គឺជាក្រុមអ្នកផលិតហ្គេមក្នុងទូរសព្ទដៃដំបូងគេបំផុតនៅកម្ពុជា ដែលបង្កើតឡើងតាំងពីចុងឆ្នាំ ២០១១ មកម្ល៉េះ។ រហូតមកដល់បច្ចុប្បន្ន នេះ Osjar Studio ផលិតបានហ្គេមនិងកម្មវិធីទូរសព្ទរហូតដល់ទៅ ៩ ក្នុងនោះមានដូចជា៖ Ey Sey Storytime កម្មវិធីនិទានរឿងកុមារ, You Think You Know Traffic Sign? កម្មវិធីដែលអាចឲ្យយើងស្វែងយល់ពីស្លាកសញ្ញាចរាចរ, Yak Aww Candy ហ្គេមផ្គូរផ្គង់ពណ៌, Asva The Monkey ហ្គេមផ្សងព្រេង, Kravity ហ្គេមផ្គូផ្គង, Haunted Hut ហ្គេមផ្គូរផ្គងខ្មោច, NINJA IMPOSSIBLE ហ្គេមនិនចារ , ហ្គេម SANTA ADVENTURE និង ហ្គេម Super Data Race៕
Article by KEO SONG