សំរាមថង់ផ្លាស្ទិកច្នៃរំលេចចេញជាសម្ភារប្រើប្រាស់មានគុណភាពប្រើបានរាប់រយឆ្នាំ
NEWS 6 years agoស្បោងឬថង់ផ្លាស្ទិក ជាទូទៅប្រជាជនកម្ពុជានិយមប្រើប្រាស់យ៉ាងចាស់ដៃសម្រាប់ខ្ចប់អាហារ ច្រកអីវ៉ែអីវ៉ាន់ ច្រកបន្លែផ្លែឈើត្រីសាច់ ខណៈប្រទេសជឿនលឿនដទៃទៀតបានកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិកស្ទើរតែទាំងស្រុងដោយងាកមកជ្រើសរើសប្រភេទថង់ច្រកធ្វើពីក្រដាស ច្នៃពីរុក្ខជាតិធម្មជាតិ និងក្រណាត់ជាដើមដើម្បីជៀសវាងហានិភ័យចំពោះសត្វលោកក៏ដូចជាពិភពលោកទាំងមូល។ ក្នុងចំណោមសម្ភារប្រើប្រាស់សម្រាប់ច្រក ស្បោងឬថង់ផ្លាស្ទិកគឺជាវត្ថុដែលមានអាយុកាលយូរជាងគេ ពោលគឺពី១០០ទៅ៤៥០ឆ្នាំទើបរលាយចូលទៅក្នុងដី។ កន្លងមកយើងតែងឃើញគំនរសំរាមគ្រប់ច្រកល្ហកមិនថានៅរាជធានីភ្នំពេញ នៅតាមបណ្តាខេត្ត ឬទីជនបទនោះទេ ភាគច្រើនសុទ្ធតែផ្តុំទៅដោយសំរាមថង់ផ្លាស្ទិកយ៉ាងច្រើនអនែក ពេលខ្លះថង់សំរាមរាយពពាយប៉ើងទៅជាប់នឹងដើមឈើ ពេលខ្លះរប៉ាត់រប៉ាយពាសពេញផ្លូវ ហើយពេលខ្លះទៀតក៏ចូលទៅក្នុងទឹកបង្កជាតិពុលទីជម្រករបស់ពពួកមច្ឆា នេះបង្ហាញឲ្យឃើញជាក់ស្តែងថាសំណល់ស្បោងផ្លាស្ទិកមិនត្រឹមតែបំពុលជាបឋមបរិស្ថានភ្នែកប៉ុណ្ណោះទេ ថែមទាំងបង្កហានិភ័យធ្ងន់ធ្ងរចំពោះសុខភាពមនុស្សសត្វ និងរុក្ខជាតិទាំងមូលផងដែរ។ ដោយមើលឃើញពីឥទ្ធិពលអាក្រក់នៃស្បោងផ្លាស្ទិក អង្កការ Green Gecko ស្ថិតលើទឹកដីអង្គរខេត្តសៀមរាប បានបង្កើតគម្រោងមួយទាក់ទិននឹងការប្រើប្រាស់សំរាមឡើងវិញ ដោយប្រមែប្រមូលថង់ផ្លាស្ទិកយកមកច្នៃរំលេចចេញជាសម្ភារប្រើប្រាស់យ៉ាងស្រស់ស្អាត លក់បានទាំងចំណូល បានទាំងជួយបរិស្ថាន ព្រមទាំងផ្តល់ការងារដល់ស្ត្រីមានជីវភាពខ្វះខាតទៀតផង។
នៅមិនឆ្ងាយប៉ុន្មានពីប្រជុំជននៃខេត្តសៀមរាប ធ្វើដំណើរតាមយានជំនិះប្រមាណ១៥នាទី ទៅកាន់ផ្លូវសុំបៃ ក្នុងសង្កាត់សាលាកម្រើក យើងនឹងពើបប្រទះខាងស្តាំដៃនូវហាងលក់សម្ភារប្រើប្រាស់មួយដែលមានរៀបចំដេគ័រពណ៌ផ្ទៃមេឃលាយពណ៌សលម្អសោភ័ណភាពដោយដំបូលប្រក់ស្បូវផ្តល់ជាម្លប់ដល់ហាងដែលពុះខណ្ឌចែកជាពីរ ម្ខាងផ្នែកខាងឆ្វេងជាហាងលក់មានដាក់តាំង កាបូបស្ពាយ ត្រកដាក់សម្លៀកបំពាក់ កម្រាលជើង និងរបស់របរប្រើប្រាស់ផ្សេងៗ ចំណែកឯម្ខាងទៀតផ្នែកខាងស្តាំមានបុគ្គលិកកំពុងសកម្មការងារញាប់ដៃញាប់ជើងចាក់ដោត ដែលទាំងនេះជាសកម្មភាពសង្វាក់ផលិតកម្មទាំងស្រុងរបស់ហាងលក់សម្ភារច្នៃឡើងវិញពីសំរាមថង់ផ្លាស្ទិកក្រោយស្លាកយីហោ Rehash Trash។ បោះជំហានមកដល់ក្នុងហាងភ្លាម យើងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីបុគ្គលិកនារីពីរទៅបីនាក់ ដោយមានការលើកបង្ហាញណែនាំសម្ភារប្រើប្រាស់យ៉ាងស្រស់ស្អាតពីមួយទៅមួយគួរឲ្យទាក់ចិត្តបំផុត។ កាបូបពណ៌ខៀវ ពណ៌ក្រហម ពណ៌លឿង ហើយខ្លះទៀតក៏ចម្រុះពណ៌យ៉ាងស្រស់ល្អប្រណីត ក្រឡេកតែមួយភ្លែតបើមិនបានប៉ះមិនបានពិនិត្យលម្អិតនោះទេ យើងសឹងតែមិនជឿទេថាសម្ភារទាំងនេះធ្វើឡើងពីសំរាមថង់ផ្លាស្ទិកដែលយើងតែងប្រើប្រាស់យ៉ាងស្រួលដៃរៀងរាល់ថ្ងៃ។
ជំនួបជាមួយកញ្ញា Kate Allen អ្នកគ្រប់គ្រងទូទៅប្រចាំហាង Rehash Trash បានឲ្យដឹងថា ទីនេះគឺបានបើកដំណើរការតាំងពីឆ្នាំ ២០១៥ ដោយផ្តោតលើបេសកកម្មចំនួនពីរ ទី១ ថែរក្សាបរិស្ថានតាមរយៈការកែច្នៃសំរាមថង់ឡើងវិញ និងទី២ ផ្តល់ការងារ និងចំណេះជំនាញដល់ស្ត្រីមានជីវភាពក្រីក្រ។ ផ្តោតលើផលិតផលច្នៃឡើងវិញ សំរាមថង់ផ្លាស្ទិករាប់ពាន់រាប់ម៉ឺនត្រូវបានយកមកសម្អាតកាត់ចាក់ចេញជាសម្ភារប្រើប្រាស់ប្រចាំថ្ងៃរួមមាន កម្រាលជើង កម្រាលចាន ត្រកផ្លែឈើ ត្រកដាក់សម្លៀកបំពាក់ កាបូបស្ពាយ ស្រោមដបទឹក បន្តោងសោ និងគ្រឿងតាំងលម្អដេគ័រសោភ័ណភាពជាដើម។ ជាសំរាមកែច្នៃពិតតែមានក្លិនក្រអូបមានពណ៌ចម្រុះពិសេសចាក់វេញក្រងក្រឡាស្មើស្អាតទៀតនោះ ចុះតើការផលិតមានលក្ខណៈពិសេសដូចម្តេចទើបចេញជាសមិទ្ធផលយ៉ាងល្អឥតខ្ចោះដូច្នេះ? ញញិមបន្តិច Kate ក៏បានអញ្ជើញក្រុមការងារ សូវរីន ធ្វើដំណើរទៅកាន់កន្លែងធ្វើដែលនៅជាប់ហាងលក់ដើម្បីទស្សនាសកម្មភាពសង្វាក់ផលិតកម្មផងដែរ កញ្ញាបានរៀបរាប់ក្បោះក្បាយថា «ការផលិតគឺមិនមានប្រើប្រាស់គ្រឿងអេឡិចត្រូនិច ឬបំពុលបរិស្ថានអ្វីឡើយពោលគឺយើងធ្វើដោយដៃសុទ្ធសាធ ទម្រំាសម្រេចចេញជាសម្ភារនីមួយៗ ដំបូងយើងត្រូវប្រមូលថង់សំរាមយកមកសម្អាតជាមុនសិនដោយគ្រលែងលាងជាមួយទឹកសាប៊ូពីរទឹក និងត្រាំទឹកក្រអូបមួយទឹក បន្ទាប់មកយកថង់ទៅបោកចំបាប់ឲ្យស្រស់ទឹកនិងដាក់ហាលសម្ងួត បន្ទាប់មកទៀតយកថង់មកតម្រឹមកាត់ដៃកាត់ជើងចេញហើយមូរថង់ទទឹងចូលគ្នានិងកាត់ជាទទឹងៗពី៣ទៅ៦កង់អាស្រ័យទៅតាមសម្ភារចាក់ប្រភេទធំឬតូច ឧទាហរណ៍ប្រសិនបើធ្វើកម្រាលជើងគឺកាត់ជា៣កង់ រីឯធ្វើស្មុគកាត់ជា៦កង់។ ក្រោយកាត់ជាកង់ៗយើងយកវាមកត្របាញ់ជាខ្សែហើយប្រើម្ជុលចាក់ទៅតាមម៉ូដដែលចង់បាន។ ដើម្បីបានត្រកដាក់សម្លៀកបំពាក់មួយគេត្រូវប្រើថង់ចំនួន ១៥០ថង់ ដើម្បីបានកម្រាលជើងមួយគេត្រូវប្រើថង់ក្បែរ ១០០ថង់ ដើម្បីបានកាបូបស្ពាយឬត្រកផ្លែឈើមួយគេត្រូវប្រើថង់ពី ៤០ទៅ ៦០ថង់។ ថង់យកមកចាក់ធ្វើសម្ភារបានទាល់តែជាប្រភេទថង់យួរដៃមានសាច់ក្រាស់ល្មមទំហំផ្ទុកទម្ងន់ពី៥ទៅ ៧គីឡូក្រាម ហើយថង់ទាំងប៉ុន្មានត្រូវបានប្រមែប្រមូលពីទីតាំងដាក់សំរាមផ្សេងៗគ្នានៅក្នុងខេត្តសៀមរាប ជាក់ស្តែងដូចជាពពួកថង់ពណ៌ ក្រហម បៃតង លឿង និងខៀវជាដើមគឺរើសពីគំនរសំរាមនៅឯផ្សារ ចំណែកឯថង់ពណ៌ខ្មៅភាគច្រើនបានមកពីតាមបណ្តាសណ្ឋាគារ និងភោជនីយដ្ឋាននានា។ ក្នុងមួយថ្ងៃៗបុគ្គលិកពី៣ទៅ៤នាក់តែងដើរប្រមូលថង់បានពី ៤០០ទៅ ៦០០ ថង់។
ឈានជើងមកដល់កន្លែងធ្វើផ្ទាល់យើងចាប់អារម្មណ៍ថា ក្រុមការងារទីនេះភាគច្រើនជាស្ត្រីភេទ ពួកគាត់មានគ្នាប្រមាណ ១៥នាក់សុទ្ធសឹងវ័យចំណាស់ខ្ទង់ពី៤០ដល់៦០ឆ្នាំ ខ្លះដៃកំពុងតែកាន់កន្ត្រៃកាត់ថង់ ខ្លះដៃកំពុងត្របាញ់ថង់ជាខ្សែ ហើយខ្លះទៀតដៃកាន់ម្ជុលចាក់ដោតធ្វើសម្ភារទៅតាមចំណេះជំនាញរៀងៗខ្លួន។ លោកយាយម្នាក់ឈ្មោះ ស៊ីម សុខុម អាយុ ៦៩ឆ្នាំ មកពីខេត្តតាកែវ ស្ថិតនៅក្រុមកាត់ថង់ក្នុងចំណោមស្ត្រីចំណាស់រួសរាយប្រមាណ៤នាក់បានរៀបរាប់មកកាន់សូវរីនទាំងស្នាមញញិមពព្រាយថា លោកយាយមករស់នៅខេត្តសៀមរាបរយៈពេល២០ឆ្នាំហើយ ដោយដំបូងឡើយគ្មានការងារធ្វើបានត្រឹមនាំកូនដើររើសសំបកកំប៉ុងលក់រហូតបានជួបនឹងអង្គការ ទើបអង្គការជួយទំនុកបម្រុងកូនៗឲ្យរៀនសូត្ររហូតចប់មានការងារធ្វើ ក៏ដូចជាបណ្តុះបណ្តាលលោកយាយឲ្យមានជំនាញ និងការងារធ្វើមកដល់សព្វថ្ងៃ។ នៅទីនេះលោកយាយធ្វើការជាអ្នកដើររើសថង់ផង លាងសម្អាតថង់ផង និងជាអ្នកកាត់ថង់ផងដែរ ថ្វីដ្បិតការងារនេះបានជួយសម្រួលជីវភាពបានមួយកម្រិត ប៉ុន្តែពេលខ្លះវាក៏ជួបផលវិបាកមួយចំនួនដូចជា ត្រូវដើររើសថង់ក្រោមកម្តៅថ្ងៃ ជាពិសេសប្រឈមមេរោគ ក្លិនស្អុយ ម្យ៉ាងត្រូវប្រើកម្លាំងខ្លាំងក្នុងការបោកគក់ខណៈវ័យលោកយាយកាន់តែចាស់មិនសូវធន់នឹងការប្រើកម្លាំងច្រើន។ ដោយឡែក ងាកមកអ៊ុំស្រី តក់ សារុំា វ័យ ៥០ ឆ្នាំ មកពីខេត្តព្រៃវែងដែលកំពុងមមាញឹកនៅក្នុងក្រុមចាក់ម៉ូដក៏បានបង្ហើបឲ្យដឹងដែរថា ក្រោយពីទឹកលិចខូចខាតផលដំណាំនៅឯស្រុកអស់ជាច្រើន អ៊ុំស្រី និងស្វាមីជាជនពិការ ព្រមទាំងកូនបានវេចបង្វេចមករស់នៅលើទឹកដីខេត្តសៀមរាបក្នុងឆ្នាំ ២០១២ ដោយចិញ្ចឹមកាយចម្អែតក្រពះតាមរយៈការដើររើសសំបកកំប៉ុងលក់ផង និងដើរសុំលុយគេផង លុះបានមកជួបអង្គការ អ៊ុំស្រីហាក់ធូរស្រាលជីវភាពមួយកម្រិតដោយអង្គការបានជំនួយឲ្យកូនៗរៀនសូត្ររហូតចប់គ្រប់ៗគ្នា និងផ្តល់ឱកាសការងារដល់អ៊ុំស្រីចេះជំនាញចាក់ថង់តាំងពីឆ្នាំ ២០១៥មក។ «ការងារនេះដំបូងពិបាកព្រោះចាក់ឡើងក្រិនដៃអស់ទៅហើយ ម្យ៉ាងសម្លឹងយូរបណ្តាលចុកភ្នែក ពិសេសអង្គុយយូររោយចង្កេះចុកស្មា ទោះយ៉ាងណាវាក៏បានជួយសម្រួលជីវភាពអ៊ុំបានហូបចុកគ្រប់គ្រាន់ផងដែរ» អ៊ុំស្រី សារុំា លើកឡើង។ សំណេះសំណាលគ្នាបានបន្តិច ក្រុមម៉ែៗ(បុគ្គលិកវ័យចំណាស់)ក៏បានបង្រៀនក្រុមការងារ សូវរីន យើងអំពីវិធីចាក់ផងដែរ ឃើញថាដំបូងមើលទៅដូចជាងាយស្រួល ប៉ុន្តែពេលចាប់ផ្តើមចាក់ទើបដឹងថាពិបាកក្នុងការកាន់ម្ជុលចាក់ដោតឆ្វាក់រឹតទាញជាក្រឡា សំខាន់ចាយពេលយូរទម្រាំហើយសម្ភារចេញជាម៉ូដមួយៗ។ បើតាមការឲ្យដឹងពីក្រុមម៉ែៗត្រកមួយអាចចាក់ចាយពេលយ៉ាងហោចណាស់ពីរថ្ងៃ ដូចនេះមួយអាទិត្យក្នុងម្នាក់អាចចាក់ត្រកបានពីរឬបីទៅតាមទំហំ។ ជាមួយគ្នានេះ អ្នកគ្រប់គ្រងទូទៅសញ្ជាតិអង់គ្លេស Kate ក៏បានឲ្យដឹងបន្ថែមដូច្នេះទៀត «យើងតែងអញ្ជើញភ្ញៀវមកពីនេះដើម្បីទស្សនាការផលិតផ្ទាល់ និងរៀនពីពួកគេ ជាពិសេសគឺសិស្សនិស្សិតដើម្បីឲ្យពួកគេបានយល់ដឹងអំពីបរិស្ថាន និងចេះស្រឡាញ់បរិស្ថានឡើងវិញ»។
ផលិតផលធ្វើពីសំរាមថង់ផ្លាសិ្ទកមានគុណភាពខ្ពស់ ដោយហេតុដូចបានជម្រាបជូនខាងលើថង់ផ្លាស្ទិកមានអាយុកាលដល់ទៅជិត ៥០០ឆ្នាំឯណោះ ហើយចំពោះការរក្សាទុក និងសម្អាត យើងអាចលាងជាមួយទឹករួចដាក់សម្ងួតខ្យល់ តែជៀសវាងដាក់ចោលក្រោមកម្ពៅថ្ងៃព្រោះវាអាចស្លេកពណ៌ និងផុយស្រួយ។ កន្លងមក Rehash Trash ប្រមូលថង់តែក្នុងខេត្តសៀមរាបប៉ុណ្ណោះ ប៉ុន្តែនាពេលខាងមុខក៏មានគម្រោងប្រមូលនៅតាមស្រុកភូមិក្នុងខេត្តសៀមរាបផងដែរ ការធ្វើដូចនេះមិនត្រឹមតែផ្តល់ភាពងាយស្រួលក្នុងការស្វែងរកថង់ប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់ការងារដល់ស្ត្រីមានជីវភាពខ្វះខាតនៅតាមស្រុកភូមិ ក៏ដូចជាធ្វើឲ្យបរិស្ថានស្រុកស្រែចម្ការស្អាតផងដែរ។ បច្ចុប្បន្ន ផលិតផលច្នៃពីថង់ផ្លាស្ទិករបស់ Rehash Trash កំពុងស្រូបទាញទេសចរអន្តរជាតិយ៉ាងខ្លាំងនៅលើទឹកដីអង្គរ ដូចនេះសម្រាប់អ្នកចង់ជាវផលិតផលសម្ភារធ្វើពីសំរាមថង់ផ្លាស្ទិកអាចចូលទៅកុម្មង់លើទំព័រហ្វេសប៊ុក Rehash Trash ឬបើអាចពេលទៅទេសចរណ៍ដែនដីអង្គរគួរឆ្លៀតចូលទៅដល់ហាងផ្ទាល់ដែលមានអាសយដ្ឋានដូចបានជម្រាបនៅខាងដើម។
ជាចុងក្រោយមុនចេញពីហាងក្រុមការងារយើងក៏បានជាវបន្តោងសោ និងកាបូបធ្វើពីសំរាមថង់ផ្លាស្ទិក ដើម្បីទុកជាអនុស្សាវរីយ៍ក៏ដូចជាចូលរួមជាចំណែកមួយជួយដល់បរិស្ថាន និងលើកកម្ពស់ស្នាដៃរបស់ស្ត្រីខ្មែរយើង ហើយជាមួយគ្នានេះអ្នកគ្រប់គ្រងប្រចាំហាងក៏មានមតិផ្តាំផ្ញើផងដែរថា យើងគ្រប់គ្នាគួរគប្បីចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក ដោយងាកមកប្រើប្រាស់ថង់ក្រណាត់ ឬបើអាចគួរប្រើម្តងហើយម្តងទៀតឲ្យអស់ពីលទ្ធភាព ព្រោះថាថង់ផ្លាស្ទិកជាសម្ភារប្រើប្រាស់មួយដែលមិនងាយរលាយ ពិសេសវាបង្កផលប៉ះពាល់បំពុលមិនថាបរិស្ថាន ធម្មជាតិ មនុស្ស ឬសត្វឡើយ ឬបើអាចរាល់ពេលប្រើអស់តម្រូវការអាចប្រគល់មកកាន់ Rehash Trash ដើម្បីច្នៃចេញជាសម្ភារប្រើប្រាស់មានប្រយោជន៍ដូចបានឃើញសមិទ្ធផលជាក់ស្តែង៕
Article by HEM SOKKHIM