កុំលាក់ទុកបញ្ហាក្នុងចិត្តនាំឲ្យបាក់ទឹកចិត្ត សាកបញ្ចេញរឿងរ៉ាវរបស់អ្នកក្នុងកម្មវិធីទូរសព្ទដៃថ្មីមួយ
NEWS 5 years agoមនុស្សមួយចំនួនមិនហ៊ានបញ្ចេញអារម្មណ៍ឬបញ្ហាដ៏គួរឲ្យស្មុគស្មាញនៃជីវិតនៅក្នុងបណ្តាញសង្គមឬ និយាយប្រាប់នរណាម្នាក់ឡើយ ព្រោះខ្លាចគេវាយតម្លៃខ្លួនក្នុងន័យផ្សេងទាំងដែលខ្លួនពិបាកចិត្តខ្លាំងនិងតឹងណែនដើមទ្រូងសឹងតែមិនអាចទ្រាំបានទៅហើយ។ ការលាក់ទុកបញ្ហាជីវិតនេះយូរៗទៅក៏កើតក្លាយជាជម្ងឺបាក់ទឹកចិត្ត អស់សង្ឃឹមក្នុងជីវិត និងមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ។ ម្ល៉ោះហើយទើបយុវជនមួយក្រុមបាននាំគ្នាមូលគំនិត បង្កើតនូវកម្មវិធីទូរសព្ទដៃថ្មីមួយដែលមានឈ្មោះថា «speak out» ដើម្បីដោះស្រាយនូវបញ្ហាទាំងអស់នេះក៏ដូចជាចង់ជួយសង្គមជាតិនិងមនុស្សជាតិផងដែរ។ Speak out ជាកម្មវិធីទូរសព្ទដែលផ្តោតទៅលើអ្នកដែលមានវិបត្តិផ្លូវចិត្ត និងជាបណ្តាញសង្គមថ្មីមួយដែលអ្នកអាចឲ្យអ្នកបញ្ចេញនូវរឿងរ៉ាវទុកលំបាកក្នុងចិត្តដោយមិនចាំបាច់បញ្ចេញអត្តសញ្ញាណនិងមិនបាច់ខ្លាចគេវាយតម្លៃតាមបែបលេងសើចនោះឡើយ។ Speaks out ក៏ជាកន្លែងសម្រាប់អ្នកអាចស្វែងរកវេជ្ជបណ្ឌិតចិត្តសាស្រ្តនិងជាទីបណ្តុំទៅដោយពាក្យសម្តីនិងសារលើកទឹកចិត្តជាច្រើនថែមទៀតផង។
កម្មវិធីទូរសព្ទដៃសម្រាប់ជួយដោះស្រាយបញ្ហាផ្លូវចិត្តនេះចែកជា មាតិកាធំៗចំនួនបួនដែលក្នុងនោះមានដូចជា៖ Forum គឺជាមាតិកាសម្រាប់ឲ្យអ្នកប្រើប្រាស់អាចសរសេរបង្ហោះសារនូវបញ្ហាឬបញ្ចេញនូវទុក្ខកង្វល់របស់ខ្លួនដើម្បីឲ្យបានធូរចិត្ត ។ ខុសប្លែកពីបណ្តាញសង្គមធម្មតា នៅក្នុង Forum របស់ Speak out មិនបង្ហាញនូវអត្តសញ្ញាណរបស់អ្នកសរសេរនោះឡើយ ដែលនេះអាចឲ្យពួកគេមានទំនុកចិត្តក្នុងការបញ្ចេញនូវអារម្មណ៍ពិតរបស់ខ្លួនបានយ៉ាងមានសុវត្ថិភាព។ ក្នុងនោះផងដែរ អ្នកប្រើប្រាស់ដទៃទៀតក៏អាចចូលទៅComment បញ្ចេញមតិនិងលើកទឹកចិត្តអ្នកបង្ហោះសារនោះបានទៀតផង។ មាតិកាទីពីរគឺជាកន្លែងសម្រាប់ផ្តល់ជាសារអប់រំឬគន្លឺះខ្លីៗក៏ដូចជារូបភាពនិងវីដេអូជាច្រើនសម្រាប់លើកទឹកចិត្តអ្នកបាក់ទឹកចិត្តផងដែរ។ ចំណុចពិសេសជាងនេះទៅទៀតនោះនៅក្នុងមាតិកាទីបីជាកន្លែងដែលអ្នកអាចស្វែងរកនូវវេជ្ជបណ្ឌិតជំនាញចិត្តសាស្រ្តជាច្រើនរូបដើម្បីពិគ្រោះយោបល់ថែមទៀតផង។ ចំណែកឯមាតិកាទីបួនគឺជាកន្លែងសម្រាប់ឲ្យអ្នកប្រើប្រាស់អាចធ្វើតេស្តសាកល្បងនូវកម្រិតនៃបញ្ហារបស់ខ្លួនជាមួយតេស្តដែលគេទទួលស្គាល់ពេញពិភពលោកតែម្តង។ លោក លីម ធានហុក ជាសមាជិកមួយរូបរបស់ Speak Out បានប្រាប់ឲ្យដឹងថា៖ តេស្តនេះគឺជាការស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យវ៉ាស៊ីនតោន ហើយតេស្តនេះត្រូវបានគេយកទៅប្រើប្រាស់នៅទូទាំងពិភពលោកផងដែរ។ កញ្ញា តេង គីមស័ង សមាជិកមួយរូបទៀតបានបន្ថែម៖ «តេស្តនេះនឹងសួរអ្នកប្រើប្រាស់នូវសំនួរជាច្រើនដែលពាក់ព័ន្ធជាមួយនឹងផ្លូវចិត្ត ដូចជាមួយថ្ងៃគេងប៉ុន្មានម៉ោង ឬសម្រាន្តលក់ស្រួលឬអត់ជាដើម បន្ទាប់មកវានឹងបង្ហាញលទ្ធផលពីកម្រិតនៃបញ្ហាផ្លូវចិត្តរបស់អ្នកប្រើប្រាស់ ប្រសិនបើនៅកម្រិតទាបវានឹងណែនាំអ្នកប្រើប្រាស់ចូលទៅកន្លែង Tip ប្រសិនបើលទ្ធផលបង្ហាញថាធ្ងន់ធ្ងរវានឹងណែនាំឲ្យទៅជួបវេជ្ជបណ្ឌិតជាដើម»។
គួរជម្រាបផងដែរថា Speak out បង្កើតឡើងដោយយុវនិស្សិតចំនួនបួនរូបរួមមាន៖ លោក លឹម ធានហុក,កញ្ញា ទី នីតា, លឹម ឈីវហ៊ុង ជានិស្សិតឯកទេស ធនាគារ និងហិរញ្ញវត្ថុ និង តេង គីមស័ង រៀនជំនាញគ្រប់គ្រង ធុរៈកិច្ច។ កម្មវិធីទូរសព្ទដៃនេះ នឹងរំពឹងអាចទាញយកមកប្រើប្រាស់នៅចុងឆ្នាំ ២០១៩នេះផងដែរ៕
Article by KEO SONG
តេង គីមស័ងលឹម ឈីវហ៊ុងទី នីតាលឹម ធានហុក