យុវជនមួយក្រុមនេះគឺជាអ្នកបើកផ្លូវឲ្យសិស្សប្អូនដែលទើបតែបញ្ចប់ការសិក្សាថ្នាក់ទុតិយភូមិ និងឧត្ដមសិក្សាឲ្យបានជួបគ្នានឹងសិស្សច្បងដែលមានបទពិសោធន៍ដើម្បីចែករំលែកពីរបៀបស្វែងរកអាហារូបករណ៍ បទពិសោធន៍នៃការសិក្សា និងចំណេះដឹងជាច្រើនទៀតផង។ យុវជនមួយក្រុមនេះបានបង្កើតកម្មវិធីទូរសព្ទដៃថ្មីមួយដែលមានឈ្មោះថា « sers chborng » (សិស្សច្បង) ហើយកម្មវិធីទូរសព្ទថ្មីនេះនឹងដាក់ឲ្យទាញយកមកប្រើប្រាស់ នៅដើមឆ្នាំ២០២០ ខាងមុខនេះផងដែរ។
តាមរយៈកម្មវិធីទូរសព្ទដៃថ្មី « sers chborng » អាចអនុញ្ញាតឲ្យប្អូនៗដែលមានបំណងចង់បន្តការសិក្សា អាចស្វែងរកអ្នកដែលមានបទពិសោធន៍ ឬសិស្សច្បងណាមួយដែលខ្លួនពេញចិត្តរួចធ្វើការណាត់ជួប ដើម្បីសួរនិងពិភាក្សាគ្នាអំពីប្រធានបទណាមួយ។ ក្រុមការងាររបស់សិស្សច្បងបានប្រាប់សូវរីនឲ្យដឹងថាឥឡូវនេះ កម្មវិធីទូរសព្ទដៃនេះមានសិស្សច្បងដែលធ្លាប់ឆ្លងកាត់ការសិក្សានិងទទួលអាហារូបករណ៍ពីក្រៅប្រទេសដូចជានៅប្រទេសថៃ សឹង្ហបុរី កូរ៉េ ប្រមាណជា ១០នាក់ហើយ ដែលនៅរង់ចាំស្វាគមន៍ចែករំលែកបទពិសោធន៍របស់ខ្លួនទៅកាន់សិស្សប្អូនគ្រប់រូប។ «sers chborng» ផ្តោតទៅលើព័ត៌មានអាហារូបករណ៍ ការចែករំលែកនិងការប្រកួតប្រជែងសមត្ថភាពជាមួយនឹងកម្មវិធីជាច្រើន។ សិស្សប្អូនឬអ្នកប្រើប្រាស់ «sers chborng » កាន់តែមានឳកាសក្នុងការក្រេបយកចំណេះដឹងដោយគ្រាន់តែបើកកម្មវិធី រួចជ្រើសរើសយកឳកាសណាមួយដែលខ្លួនចង់បាន (Opportunity) បន្ទាប់មកគេអាចស្វែងរកព័ត៌មានដែលពាក់ព័ន្ធជាមួយនឹងសិស្សច្បង ហើយធ្វើការសម្រេចចិត្តណាត់ជួបសិស្សច្បងណាមួយដោយគ្រាន់តែប្រើប្រាស់ទូរសព្ទដៃតែប៉ុណ្ណោះ។
គំនិតនវានុវត្តន៍ថ្មីនេះ បង្កើតឡើងដោយក្រុមយុវជន ៤នាក់ដែលក្នុងនោះមានដូចជា៖ ជុំ សុភារឹទ្ធិបុត្រ រៀនជំនាញ វិទ្យាសាស្ត្រកុំព្យូទ័រ, ឡុង មុយខេង និស្សិតឯកទេស ធនាគារ និងហិរញ្ញវត្ថុ, រ៉ានីពណ្ណរុង ជាសិស្សជំនាញ វិទ្យាសាស្រ្តកុំព្យូទ័រ និង សៀក បូរមី ជំនាញ ធនាគារ និងហិរញ្ញវត្ថុ៕
Article by KEO SONG