ជួលផ្ទះតាមអនឡាញ! ជាកម្មវិធីទូរសព្ទដៃមួយទៀតសម្រួលពេលវេលាសម្រាប់សិស្សមកតាមខេត្ត
NEWS 5 years agoស្របពេលដែលកម្ពុជាកំពុងតែវិវឌ្ឍន៍ខ្លួនជាមួយនឹង ឧស្សាហកម្មជំនាន់ ៤.០ បានធ្វើឲ្យយុវជនខ្មែរជាច្រើនបែរងាកមកចាប់អារម្មណ៍នូវបច្ចេកវិទ្យាយ៉ាងខ្លាំងនិងបានញ៉ាំងឲ្យយុវជនមួយក្រុមមានគំនិតចង់បង្កើតកម្មវិធីទូរសព្ទដៃនិងគេហទំព័រមួយដែលអាចអនុញ្ញាតិឲ្យយើងអាចស្វែងរកផ្ទះជួលតាមអនឡាញបានយ៉ាងងាយស្រួល។ កម្មវិធីទូរសព្ទដៃថ្មីនេះមានឈ្មោះថា «Rentech»។ តាមរយៈ «Rentech»នេះ នឹងជួយសម្រួលដល់ប្រជាជនកម្ពុជាទូទៅក្នុងការស្វែងរកផ្ទះជួលកាន់តែមានភាពស្រួលនិងចំណេញពេលវេលា។ ក្នុងដំណាក់កាលដំបូងនៃការចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ ក្រុមយុវជនដែលបង្កើតកម្មវិធីនេះចង់ផ្តោតសំខាន់ដើម្បីជួយសម្រួលដល់សិស្សនិស្សិតដែលមកពីបណ្តាខេត្តឡើងមកបន្តការសិក្សានៅភ្នំពេញឲ្យគាត់មានភាពងាយស្រួលនិងអាចស្វែងរកទីកន្លែងស្នាក់នៅដ៏ល្អមួយសម្រាប់ខ្លួន។
មូលហេតុដែលបង្កើតនូវគំនិតថ្មីនេះគឺដោយសារតែការសម្លឹងមើលឃើញពីទុកលំបាកនៃការស្វែងរកផ្ទះជួលឬកន្លែងស្នាក់នៅរបស់សិស្សមកពីបណ្តាខេត្ត។ លោក រី សីហរដ្ឋ ជា CEO នៃ Rentech និងជាអ្នកផ្ដួចផ្ដើមគំនិតដំបូងបានប្រាប់ថា៖ «តាមបទពិសោធន៍ជាក់ស្តែងរបស់មិត្តភក្តិខ្ញុំដែលគាត់មកពីខេត្តនិងឡើងមកបន្តការសិក្សានៅភ្នំពេញ គាត់បានប្រាប់ថាគាត់ចំណាយពេលជាច្រើនក្នុងការស្វែងរកផ្ទះជួល អ៊ីចឹងហើយទើបខ្ញុំគិតថាប្រសិនបើមានភ្លេតហ្វមមួយដើម្បីឲ្យគាត់រកតាមអ៊ីនធើណែតយ៉ាងម៉េចដែរ?» ដូច្នេះហើយទើប សីហរដ្ឋ បានប្រមូលគ្នាគ្នីដើម្បីបង្កើតនូវគំនិតនេះឡើង រហូតដល់មានការគាំទ្រនិងឈ្នះរង្វាន់ បីពាន់ដុលា្លក្នុងកម្មវិធីគំនិតអាជីវកម្មបង្កើតថ្មី ក្នុងវគ្គជម្រុះប្រាំក្រុមដំបូងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកប្រើប្រាស់ក៏អាចបង់ប្រាក់ឈ្នួលប្រចាំខែតាមរយៈកម្មវិធីនេះផ្ទាល់ថែមទៀតផង ដែលនេះក៏ជាវិធីមួយជួយសម្រួលដល់ម្ចាស់ផ្ទះជួលបានមួយផ្នែកផងដែរ។ លើសពីនេះទៅទៀត «Rentech»ក៏គ្រោងនឹងសហការជាមួយនឹងក្រុមហ៊ុនផ្តល់សេវាមួយចំនួនដើម្បីដាក់ឲ្យមានសេវាកម្មរបស់ខ្លួនក្នុងកម្មវិធី «Rentech» នេះផងដែរ។ កញ្ញា អ៊ូ វង្សវិទូ សមាជិកក្រុមមួយរូបទៀតបានបន្ថែមថា « Rentech »ក៏គ្រោងនឹងឲ្យអ្នកប្រើប្រាស់អាចសន្សំពិន្ទុដើម្បីប្ដូរយករង្វាន់ជាការប្រើប្រាស់សេវាកម្មណាមួយនៃក្រុមហ៊ុនធំៗមួយចំនួននេះដែរ។
គួរបន្ថែមផងដែរថា «Rentech» ជាកម្មវិធីទូរសព្ទដៃថ្មីមួយដែលបង្កើតឡើងដោយក្រុមយុវនិស្សិត បួនរូបរួមមាន៖ លោក រី សីហរដ្ឋ, កញ្ញា អ៊ូ វង្សវិទូ, លោក សាត់ ប៊ុណ្ណារិទ្ធ, និង លោក ចេង សេងហាក់។ កម្មវិធីទូរសព្ទនេះនឹងគ្រោងដាក់ឲ្យទាញយកមកប្រើប្រាស់នៅឆ្នាំ ២០២០៕
Article by KEO SONG
អ៊ូ វង្សវិទូរី សីហរដ្ឋសាត់ ប៊ុណ្ណារិទ្ធចេង សេងហាក់