×

គ្រប់យ៉ាង​សុទ្ធតែ​ផលិត​ដោយ​ស្នាដៃ​ខ្មែរ​ ​ក្រោម​ដំបូល​ហាង​វាយនភណ្ឌ​មួយ​ឈ្មោះថា​ ​«Cambodian​ ​Creations»​

TRAVEL & LIVING 5 years ago
 
 

            នៅ​លើ​ផ្លូវ​តូច​លេខ​ ​២៤០​ ​ឬ​គេ​ហៅថា​ផ្លូវ​ ​Alley​ ​Way​ ​គឺជា​ប្លុក​ដែល​មិនសូវ​មាន​មនុស្ស​ម្នា​រ​ឆ្លងកាត់​ច្រើន​ឡើយ​ ​តែ​គេ​បែរជា​ឃើញ​មាន​ហាង​លក់​គ្រឿង​វាយនភណ្ឌ​មួយ​កន្លែង​តាំង​លក់​ផលិតផល​ជាច្រើន​មិនចាញ់​ហាង​ដែលគេ​លក់​នៅក្នុង​ផ្សារ​ទំនើប​ឬ​តាម​ដង​វិ​ថី​ធំៗ​ប៉ុន្មាន​ឡើយ​។​ ​ជា​ហាង​លក់​គ្រឿង​វាយនភណ្ឌ​មួយ​ដែល​លក់​សុទ្ធតែ​ជា​ផលិតផល​ដែល​ធ្វើ​ដោយ​កុមារ​កំព្រា​ ​ស្រ្តី​មេផ្ទះ​ ​និង​ជន​ដែល​ងាយ​រងគ្រោះ​ដែល​កំពុងតែ​ជ្រក​ក្រោម​ដំបូល​អង្គការ​នានា​ ​ក៏ដូចជា​ចលនា​ជួយ​សង្គម​ផ្សេង​ៗ​ជាច្រើន​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​ហាង​លក់​គ្រឿង​វាយនភណ្ឌ​ដ៏​អាថ៌កំបាំង​នេះ​មានឈ្មោះ​ថា​ ​«​ ​Cambodian​ ​Creations​»​ ​គឺជា​ហាង​ដែល​រួម​សហការ​ ​បង្កើត​ឡើង​ដោយ​សហគ្រាស​សង្គម​ចំនួន​បី​គឺ​ ​Cambodia​ ​Knits​,​ ​Khmer​ ​Creation​ ​និង​ ​Fairweave​។​ ​

​            កូន​តុក្កតា​តូច​ធំ​ជាច្រើន​ត្រូវ​បាន​គេ​រៀប​ត្រៀបត្រា​តាំងពី​មាត់ទ្វារ​រហូតដល់​ខាងក្នុង​ហាង​ ​គឺជា​តុក្កតា​ចាក់​ដោយដៃ​របស់​ស្រ្តី​មេផ្ទះ​នៅ​តាម​តំបន់​នានា​។​ ​នៅ​លើ​ធ្នើរ​នៃ​មាត់​បង្អួច​គេ​នឹង​ប្រទះឃើញ​នូវ​កូន​សៀវភៅ​តូច​ៗ​ធ្វើ​ពី​ក្រដាស​កាត់​ផ្គុំ​ ​បិត​ក្រដាស​កាសែត​និង​កំទេច​ក្រ​ដាស​ផ្សេង​ៗ​ទៀត​ដែល​មើលទៅ​ហាក់​គ្រាន់តែ​ជា​ក្រដាស​គេ​កាត់​លេង​តែប៉ុណ្ណោះ​ ​ក៏ប៉ុន្តែ​កូនសៀវភៅ​ដូច​ក្រដាស​កាត់​លេង​នោះ​ជា​ស្នាដៃ​របស់​ក្មេង​ៗ​កំព្រា​ដែល​កំពុងតែ​រស់នៅ​ក្នុង​អង្គការ​មួយ​នា​ឯ​ខេត្តកំពត​។​ ​កងដៃ​ស្ត្រី​ធ្វើ​ពី​គ្រាប់​ទៀប​ ​ក្រវិល​ធ្វើ​ពី​សរសៃអំបោះ​ ​គ្រឿងអលង្ការ​ជាច្រើន​ច្នៃ​ពី​វត្ថុ​ផ្សេង​ៗ​ដែល​ធ្វើឡើង​ដោយ​ស្រ្តី​ងាយ​រងគ្រោះ​ផលិត​ដោយដៃ​ដែល​កំពុងតែ​បម្រើការ​នៅក្នុង​សហគ្រាស​សង្គម​មួយ​ ​ក៏​ត្រូវ​បាន​គេដាក់​តាំង​យ៉ាង​ព្រោងព្រាត​នៅក្នុង​ហាង​នេះ​ផង​ដែរ​។​ ​កញ្ញា​ ​នាថ​ ​ជា​អ្នកលក់​និង​ជា​អ្នកគ្រប់គ្រង​ហាង​មួយ​រូប​បាន​ឲ្យដឹង​ថា​ ​«​Cambodian​ ​Creations​»​ ​ភ្ញៀវ​ភាគច្រើន​សុទ្ធសឹងតែ​ជា​ជនបរទេស​ ​ឬ​ខ្មែរ​ដែល​មាន​ប្តី​ឬ​ប្រពន្ធ​ជា​បរទេស​ ​ព្រោះ​ពួកគេ​ស្រលាញ់​និង​ឲ្យ​តម្លៃ​ទៅលើ​របស់​ដែល​ធ្វើ​ដោយដៃ​និង​ចង់​ចូលរួម​គាំទ្រ​នូវ​ស្នាដៃ​របស់​ជន​ដែល​ងាយ​រងគ្រោះ​ ​ក៏ដូចជា​ចង់​ឲ្យ​ប្រជាជន​កម្ពុជា​យើង​មានការ​ងារ​សុ​ច្ច​រិត​ផង​ដែរ​។​ ​

​            ភាគច្រើន​នៃ​ផលិតផល​ទាំងឡាយ​ដែល​បាន​ដាក់​លក់​នៅ​ ​«​Cambodian​ ​Creations​»​ ​សុទ្ធសឹងតែ​ធ្វើ​ដោយដៃ​ដោយ​ខ្លះ​ធ្វើ​ដោយ​ស្រ្តី​មេផ្ទះ​នៅ​តាម​សហគមន៍​ ​ហើយ​ប្រមែប្រមូល​មក​លក់​ដោយ​សហគ្រាស​សង្គម​ ​Cambodia​ ​Knits​ ​ខ្លះ​ធ្វើ​ដោយ​ស្ត្រី​ងាយ​រងគ្រោះ​ដែល​បម្រើការ​នៅ​ ​«​Khmer​ ​Creation​»​ ​ហើយ​ខ្លះទៀត​ធ្វើ​ដោយ​កុមារ​កំព្រា​នៃ​អង្គការ​ ​Hope​,​ ​PSE​ ​,​ ​Tonle​ ​អង្គការ​សាលា​ហ្វារ​ ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ ​ក៏ដូចជា​ផលិតផល​របស់​សហគ្រាស​សង្គម​ជាច្រើន​ទៀតផង​។​ ​ការ​ដាក់​លក់​ផលិតផល​នៅកន្លែង​ដែល​មិនសូវ​មាន​មនុស្ស​ឆ្លងកាត់​ច្រើន​នេះ​ ​ហាក់​មិនសូវ​ទទួល​បាន​ប្រា​ក់​ចំ​នេ​ញប៉ុន្មាន​ឡើយ​ ​ក៏ប៉ុន្តែ​ដោយសារតែ​ចង់​លើកកម្ពស់​នូវ​ផលិតផល​ធ្វើ​ដោយដៃ​ ​និង​ចង់​ឲ្យ​កម្ពុជា​មាន​ផលិតផល​ច្នៃប្រឌិត​ផង​នោះ​ ​ទើប​ហាង​ ​«Cambodia​ ​Creations​»​ ​បាន​បើក​ដំណើរការ​អស់​រយៈពេល​ពីរ​ឆ្នាំ​មកនេះ​៕​

​Article​ ​by​ ​KEO​ ​SONG​


SUGGESTIONS